Trending now

វៀតណាម-កម្ពុជាចុះហត្ថលេខាជាប្រវត្តិសាស្ត្រទទួលស្គាល់បង្គោលព្រំដែននៃប្រទេសពីរ

12:43 | 05/10/2019

យុគសម័យ - នាព្រឹកថ្ងៃទី ៥ ខែតុលានៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេច តេជោ ហ៊ុនសែន បានអញ្ជើញចូលរួមសន្និសីទបូកសរុបការងារខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងវៀតណាម - កម្ពុជាដំណាក់កាល ២០០៦-២០១៩។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងសម្តេចតេជោ ហ៊ុន សែន បានចុះហត្ថលេខាទទួលស្គាល់បង្គោលព្រំដែនប្រទេសទាំងពីរដែលសម្រេចបានចំនួន ៨៤ភាគរយ (រូបថតៈ VGP)

នៅឯសន្និសីទនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងសម្តេចតេជោ ហ៊ុន សែន បានចុះហត្ថលេខាទទួលស្គាល់បង្គោលព្រំដែនប្រទេសទាំងពីរដែលសម្រេចបានចំនួន ៨៤ភាគរយ។ ការចុះហត្ថលេខាទទួលស្គាល់បង្គោលព្រំដែននៃប្រទេសទាំងពីរ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់វៀតណាម និងកម្ពុជា។ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ បានចាត់ទុកលទ្ធផលនេះ ជាលទ្ធផលមួយដ៏រីករាយ និងគួរជាទីមោទនភាព។

ពិធីចុះហត្ថលេខាទទួលស្គាល់បង្គោលព្រំដែន និងព្រំសីមា ដែលបានបោះ និងកំណត់រួចរាល់នេះ ត្រូវបានធ្វើឡើងយ៉ាងអធិកអធមក្រោមអធិបភាពនៃនាយករដ្ឋមន្ត្រីកម្ពុជា និងវៀតណាម ព្រមទាំងមន្ត្រីគណៈកម្មការព្រំដែនចម្រុះប្រទេសទាំងពីរ អភិបាលខេត្តមានព្រំដែនជាប់គ្នានៃប្រទេសទាំងពីរ និងអ្នកពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។

រូបថតៈ VGP

នៅក្នុងពិធីនេះទាំងនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងសម្តេចតេជោ ហ៊ុន សែន បានប្តេជ្ញាចិត្តផងដែរ ក្នុងការដោះស្រាយលើបញ្ហាព្រំដែនប្រមាណ ១៦ភាគរយទៀតដែលនៅសេសល់ ដោយឈរលើមូលដ្ឋានច្បាប់ជាតិ និងច្បាប់អន្តរជាតិ និងការអនុវត្តន៍ជាអន្តរជាតិ ស្តីពីការទទួលស្គាល់គោលការណ៍ខ្សែព្រំដែនមិនកែប្រែដែលអាណានិគមបានបន្សល់ទុកឱ្យសម្រាប់ធ្វើជាមូលដ្ឋានរឹងមាំនាំមុខបន្តទៀត ដើម្បីដោះស្រាយបញ្ចប់បញ្ហាព្រំដែនរវាងប្រទេសទាំងពីរ។

ប្រមុខដឹកនាំទាំងពីររូបបានអំពាវនាវទៅដល់អាជ្ញាធរដែនដី និងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ចូលរួមថែរក្សាបង្គោលព្រំដែនឱ្យបានស្ថិតស្ថេរគង់វង្ស និងរួមគ្នាប្រែក្លាយតំបន់ព្រំដែនឱ្យទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ជានិច្ចនិរន្ត ដើម្បីភាពសុខសាន្តរបស់ប្រជាជន និងប្រទេសទាំងពីរ។

នៅក្នុងពិធីនេះ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ បានចុះហត្ថលេខាទទួលស្គាល់ផែនទីថ្មីខ្នាត ១លើ២៥ពាន់ចំនួន ៩២ផ្ទាំង ដែលផលិតឡើងដោយប្រើបច្ចេកវិទ្យាខ្ពស់ បង្ហាញពីបង្គោលព្រំដែន និងខ្សែខណ្ឌសីមានៃប្រទេសទាំងពីរ។ ផែនទីនេះនឹងត្រូវយកទៅតម្កល់នៅអង្គការសហប្រជាជាតិផងដែរ៕

(សរុបដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់