យុគសម័យ - នាព្រឹកថ្ងៃទី ៦ ខែកក្កដា ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបសវនាការជាមួយនាយករដ្ឋមន្ត្រីអាមេនីលោក Nikol Pashinyan ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀត ណាមលោក Nguyen Xuan Phuc។
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងនាយករដ្ឋមន្ត្រីអាមេនីលោក Nikol Pashinyan (រូបថត: VGP/Nhat Bac)
ក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអបអរសាទរចំពោះសមិទ្ធិផលដ៏ធំធេងដែលអាមេនីសម្រេចបានក្នុងការអភិវឌ្ឍប្រទេសជាតិហើយជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើងដោយឥតឈប់ឈរ ជាពិសេសឋាបៈរបស់ប្រទេសអាមេនីក៏កាន់តែមានការរីកចម្រើនដោយឥតឈប់ឈរលើឆាកអន្តរជាតិ។
អញ្ជើញជម្រាបលោកស្រីប្រធានរដ្ឋសភាអំពីលទ្ធផលនៃកិច្ចពិភាក្សាជាមួយនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc មុននេះ នាយករដ្ឋមន្ត្រីអាមេនី លោក Nikol Pashinyan បានលើកឡើងថា ភាគីទាំងពីរសម្រេចបានកិច្ចព្រមព្រៀងជាច្រើនស្តីពីទិសដៅនិងវិធានការដើម្បីជំរុញនិងពង្រីកកិច្ចសហប្រតិបត្តិការនាពេលអនាគត។ ពោលគឺនៅខែតុលាខាងមុខ នៅរដ្ឋធានី Yerevan របស់អាមេនី សម័យប្រជុំលើកទីពីរនៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម - អាមេនីនិងវេទិកាធុរកិច្ចវៀតណាម - អាមេនីនឹងប្រព្រឹត្តទៅ។
ក្នុងជំនួបនេះ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan និងនាយករដ្ឋមន្ត្រីអាមេនីលោក Nikol Pashinyan បានឱ្យដឹងថា: វៀតណាមនិងអាមេនីមានទំនាក់ទំនងមិត្តភាពប្រពៃណីដ៏ល្អ តែងតែគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាអន្តរជាតិក៏ដូចជានៅអង្គការសហប្រជាជាតិ។ លោកស្រីប្រធានរដ្ឋសភាបានថ្លែងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍ទំនាក់ទំនង កិច្ចសហប្រតិបត្តិការជាមួយដៃគូប្រពៃណី ក្នុងនោះមានអាមេនី ដែលជាប្រទេសតែងតែគាំទ្រនិងផ្តល់ជំនួយដ៏មានតម្លៃ ក្នុងបុព្វហេតុតស៊ូដើម្បីការពារប្រទេសជាតិពីអតីតកាលក៏ដូចជានៅក្នុងបុព្វហេតុអភិវឌ្ឍន៍នាពេលបច្ចុប្បន្ន។
ទិដ្ឋភាពនៃជំនួប (រូបថតៈ TTXVN)
យោងតាមលោកស្រីប្រធានរដ្ឋសភាវៀតណាម កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុបបានចូលជាធរមាន ហើយភាគីទាំងពីរបានបង្កើតយន្តការ គណៈកម្មាធិការអន្តររដ្ឋាភិបាលទទួលបន្ទុកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិទ្យាសាស្ត្រ- បច្ចេកទេសវៀតណាម - អាមេនី។ វៀតណាមនិងសហភាពអឺរ៉ុប (EU) ទើបបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU (EVFTA)។ ឈរលើមូលដ្ឋាននោះ ប្រធានរដ្ឋសភាវៀតណាមបានស្នើឱ្យភាគីទាំងពីរ ប្រើប្រាស់យ៉ាងពេញលេញនូវយន្តការដែលមានស្រាប់ ដើម្បីលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសនិមួយៗ។
ដោយយល់ស្របចំពោះប្រសាសន៍របស់លោកស្រីប្រធានរដ្ឋសភា លោកនាយករដ្ឋមន្រ្តី Nikol Pashinyan បានសម្តែងនូវក្តីសង្ឃឹមថា នៅក្នុងកិច្ចប្រជុំអន្តររដ្ឋាភិបាលវៀតណាម - អាមេនី នាពេលខាងមុខ ភាគីទាំងពីរនឹងសហការគ្នាដើម្បីស្វែងរកនិងក្តាប់ជាប់កាលានុវតន៍ភាព តាមនោះ បង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើគ្រប់រដ្ឋភាព ទាំងរដ្ឋា ភិបាល រដ្ឋសភា សហគ្រាសនិងបណ្តាញមូលដ្ឋានផងដែរ។
ស្តីពីទំនាក់ទំនងសភា នាយករដ្ឋមន្ត្រីអាមេនីបានអះអាងថា ដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះរបស់គណៈប្រតិភូជាន់ខ្ពស់អាមេនី គឺជាឱកាសដើម្បីពង្រឹងទំនាក់ទំនងសភារវាងប្រទេសទាំងពីរ៕
(យោងតាម baochinhphu បកប្រែដោយស្រីពេជ្រ)
មតិពីមិត្តអ្នកអាន