Trending now

វៀតណាមបង្ហាញនូវតួនាទីសកម្មនិងមានការទទួលខុសត្រូវក្នុងនាមជាប្រធានអាស៊ាន

06:55 | 03/07/2020 (ដោយវិច្ឆិកា)

យុគសម័យ - ការរៀបចំប្រកបដោយជោគជ័យនូវកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ ក្នុងបរិបទដែលជំងឺរាតត្បាតសកល COVID-19 មានការវិវត្តន៍ដ៏ស្មុគស្មាញនោះ វៀតណាមបានបញ្ជាក់ជាថ្មីម្តងទៀតនូវតួនាទីជាអ្នកត្រួសត្រាយផ្លូវ សកម្មនិងមានការទទួលខុសត្រូវជាប្រធានអាស៊ាន។

អ្នកជំនាញនិងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមនិងការទទួលខុសត្រូវរបស់វៀតណាមក្នុងការសម្របសម្រួលនិងដឹកនាំអាស៊ានដើម្បីជំនះរាល់បញ្ហាប្រឈមរួម ជាពិសេសការរីករាលដាលនៃជំងឺរាតត្បាតសកល COVID-19 (រូបថតៈ VGP)

ជាមួយនឹងសេចក្តីថ្លែងការណ៍ “ចក្ខុវិស័យស្តីអំពីអាស៊ានមួយមានភាពស្អិតរមួតនិងការឆ្លើយតប៖ ជំនះរាល់បញ្ហាប្រឈមនិងរក្សាកំណើនប្រកបដោយចីរភាព” និងសេចក្តីថ្លែងការណ៍អាស៊ានស្តីពី “ការអភិវឌ្ឍធនធានមនុស្សសម្រាប់ពិភពការងារដែលកំពុងផ្លាស់ប្តូរ” កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ និងកិច្ចប្រជុំពាក់ព័ន្ធនានសុទ្ធតែទទួលបានជោគជ័យយ៉ាងល្អប្រសើរ ខណៈពេលដែល ប្រទេសអាស៊ានទាំង ១០ បានសម្តែងការស្រុះចិត្តគំនិត និងឯកភាពជាឯកច្ឆន្ទក្នុងការឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹងជំងឺរាតត្បាត COVID-19 ទន្ទឹមនឹងការស្តារសេដ្ឋកិច្ច - សង្គមនៅក្នុងតំបន់។

នេះគឺជាកិច្ចប្រជុំកំពូលជាប្រចាំរបស់អាស៊ាន ដែលត្រូវបានប្រារព្ធធ្វើឡើងតាមប្រព័ន្ធវីដេអូជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្តនៃការបង្កើតនិងការអភិវឌ្ឍន៍របស់សមាគម។ ធ្វើការវាយតម្លៃនូវតួនាទីរបស់វៀតណាម ថ្នាក់ដឹកនាំនៃប្រទេសជាច្រើនក៏ដូចជាសាធារណៈមតិអន្តរជាតិបានចែករំលែកថា វៀតណាមបានបំពេញយ៉ាងល្អប្រសើរនូវតួនាទីជាប្រធានអាស៊ានក្នុងរយៈពេល ៦ ខែកន្លងមក។

អគ្គលេខាធិការអាស៊ានលោក Dato Lim Jock Hoi បានមានប្រសាសន៍ថា ប្រធានបទនៃឆ្នាំប្រធានអាស៊ានរបស់វៀតណាមស្តីពីការកសាង “អាស៊ានមួយមានភាពស្អិតរមួតនិងមានការឆ្លើយតប“ គឺសមស្របយ៉ាងខ្លាំងចំពោះស្ថានភាពបច្ចុប្បន្ន ព្រមទាំងអះអាងថា កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ គឺជា “សក្ខីភាពជាក់ស្តែង” សម្រាប់ចំណងសាមគ្គីភាពនិងតួនាទីដឹកនាំរបស់អាស៊ាន ដែលបានសម្តែងតាមរយៈកិច្ចសហប្រតិបត្តិការក្នុងតំបន់។

ទិដ្ឋភាពនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ ផ្សាយចេញពីរដ្ឋធានីហាណូយនៃប្រទេសវៀតណាម (រូបថត៖ Bangkok Post)

ចំណែកឯនាយករដ្ឋមន្រ្តីឡាវ លោក Thongloun Sisoulith បានវាយតម្លៃជាវិជ្ជមានលើជោគជ័យរបស់អាស៊ានក្នុងរយៈពេលកន្លងមក ខណៈដែលអនុរដ្ឋមន្រ្តីការបរទេសនិងជាប្រធាន SOM អាស៊ានឡាវ លោក Thongphane Savanphet បានអះអាងថា វៀតណាមបានបំពេញតួនាទីជាប្រធានអាស៊ានយ៉ាងល្អ ចាប់ពីដើមអាណត្តិមករហូតដល់បច្ចុប្បន្ននេះ។ យោងតាមលោកប្រធាន SOM អាស៊ានឡាវរូបនេះ ទោះបីកំពុងប្រឈមមុខនឹងការលំបាកជាច្រើនក៏ដោយក៏វៀតណាមបានដឹកនាំបណ្តាប្រទេសអាស៊ានសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺរាតត្បាត COVID-19 ក៏ដូចជាសកម្មភាពផ្សេងទៀត។

អញ្ជើញចែករំលែកអំពីបញ្ហានេះ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេច ហ៊ុន សែន បានបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានលើកនេះ បានឆ្លុះបញ្ចាំងពីសមត្ថភាពរបស់វៀតណាមក្នុងការដឹកនាំអាស៊ាន ថ្វីត្បិតតែជួបប្រទះនឹងការលំបាកដែលបណ្តាលមកពីជំងឺរាតត្បាត COVID-19 ក៏ដោយ។

ជាមួយគ្នានេះដែរ លោក Ahmad Ibrahim Almutaqqi នាយកកម្មវិធីស្រាវជ្រាវអាស៊ាននៃមជ្ឈមណ្ឌល Habibie - ឥណ្ឌូណេស៊ី បានចាត់ទុកថា កិច្ចប្រជុំកំពូលលើកនេះ មិនត្រឹមតែឆ្លើយតបទៅនឹងជំងឺ COVID-19 ដែលកំពុងគំរាមកំហែងដល់សុខភាពសកលលោកប៉ុណ្ណោះទេ ថែមទាំងរិះរកដំណោះស្រាយសម្រាប់ដំណាក់កាលក្រោយជំងឺរាតត្បាតទៀតផង។ នេះក៏ជាឱកាសសំខាន់សម្រាប់អាស៊ាន ក្រោមការដឹកនាំរបស់វៀតណាមក្នុងឆ្នាំកាន់តំណែងប្រធានប្តូរវេន។ ដ្បិតតែការរីករាលដាលនៃជំងឺ COVID-19 បានរំខានដល់សកម្មភាពរបស់អាស៊ានក៏ពិតមែន ប៉ុន្តែវៀតណាមបានបំពេញការងាររបស់ខ្លួនយ៉ាងល្អ បន្តដឹកនាំអាស៊ានប្រតិបត្តិរាល់សកម្មភាព ដែលក្នុងនោះ មានការរៀបចំកម្មកិច្ចប្រជុំកំពូលសំខាន់ៗផងដែរ។

អ្នកប្រាជ្ញល្បីឈ្មោះឥណ្ឌូណេស៊ីម្នាក់ទៀត គឺសាស្ត្រាចារ្យ Aleksius Jemadu បានវាយតម្លៃថា វៀតណាមបានដើរតួនាទីល្អក្នុងការដឹកនាំប្រទេសសមាជិក ដើម្បីរក្សាមជ្ឈភាពរបស់អាស៊ាន ក៏ដូចជាធានាប្រទេសសមាជិកទាំងអស់រក្សាសាមគ្គីភាពនិងឯកភាពផ្ទៃក្នុងក្នុងគោលបំណងរក្សាស្ថេរភាពក្នុងតំបន់។

លោកសាស្ត្រាចារ្យ Aleksius បានបង្ហាញនូវជំនឿថា វៀតណាមស្ថិតក្នុងជំហរល្អបំផុតនៃភាពជាអ្នកដឹកនាំអាស៊ាននាពេលនេះ។ លោកបានសង្កត់ធ្ងន់ថា “បណ្តាប្រទេសអាស៊ានដទៃទៀតសុទ្ធតែរំពឹងថា វៀតណាមនឹងដើរតួនាទីដ៏មានប្រសិទ្ធិភាពក្នុងការបង្រួបបង្រួមអាស៊ាននិងផ្តល់អាទិភាពដល់ការលើកកម្ពស់តួនាទីមជ្ឈភាពរបស់អាស៊ាននៅក្នុងអាណត្តិប្រធានអាស៊ាន ២០២០ របស់ខ្លួន”។

លោកបណ្ឌិត Balaz Szanto នៃនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យ Webster Thailand (ថៃ) បានលើកច្បាស់ថា វៀតណាមជាសមាជិកសំខាន់ និងជាប្រទេសមួយដែលមានតួនាទីសំខាន់ក្នុងអាស៊ាន។ តួនាទីជាអ្នកដឹកនាំអាស៊ានរបស់វៀតណាមនឹងមានឥទ្ធិពលវិជ្ជមានទៅលើបញ្ហាក្នុងតំបន់ជាពុំខាន។

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ (រូបថតៈ VGP)

ចំណែកឯគេហរទំព័រ rsis.edu.sg របស់សឹង្ហបុរីចេញផ្សាយនៅថ្ងៃទី ២៤ ខែមិថុនា មានបទអត្ថាធិប្បាយអំពីតួនាទីរបស់វៀតណាមក្នុងការជំរុញភាពស្អិតរមួតនិងការឆ្លើយតបយ៉ាងសកម្មរបស់អាស៊ាន។ យោងតាមអត្ថបទនេះ ប្រធានបទរបស់អាស៊ានក្នុងឆ្នាំនេះ “ភាពស្អិតរមួតនិងការឆ្លើយតប” វៀតណាមកំពុងដោះស្រាយបញ្ហាប្រឈមយ៉ាងមានប្រសិទ្ធិភាពក្នុងការទទួលយកតួនាទីជាប្រធានអាស៊ាន ២០២០ ជាមួយនឹងភារកិច្ចអាទិភាពគឺដឹកនាំអាស៊ានឆ្ពោះទៅរកយុទ្ធសាស្រ្តរួមមួយដើម្បីទប់ទល់នឹងការរីករាលដាលនៃជំងឺរាតត្បាត COVID-19។

ដោយមានការសម្របសម្រួលប្រកបដោយភាពប៉ិនប្រសព ដឹកនាំប្រទេសជាសមាជិកដើម្បីគ្រប់គ្រងរាល់បញ្ហាប្រឈមនោះ ជាថ្មីម្តងទៀត វៀតណាមបានអះអាងនូវការប្តេជ្ញាចិត្ត ដើម្បី ឆ្ពោះទៅរកអាស៊ានមួយ “ភាពស្អិតរមួតនិងការឆ្លើយតប” ដូចអ្វីដែលវៀតណាមធ្លាប់បានធ្វើ។

ធ្វើការវាយតម្លៃអំពីសកម្មភាពរបស់វៀតណាមក្នុងរយៈពេល ៦ ខែដើមឆ្នាំនេះ ជាពិសេសពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មនៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) លោកបណ្ឌិត Chehheang Vannarith ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) មានមូលដ្ឋាននៅភ្នំពេញ (កម្ពុជា) បានវាយតម្លៃថា ក្នុងឆ្នាំកាន់ដំណែងជាប្រធានប្តូរវេនរបស់អាស៊ាន វៀតណាមបានសម្របសម្រួលនិងជំរុញប្រកបដោយប្រសិទ្ធភាពនូវដំណើរការចរចារដើម្បីឈានដល់ការព្រមព្រៀងនិងឆ្ពោះទៅបញ្ចប់ការចរចារ RCEP ទោះបីជាឥណ្ឌាសម្រេចចិត្តដកខ្លួនចេញនៅនាទីចុងក្រោយក៏ដោយ។

យ៉ាងណាមិញ លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ និងមុននោះពីរខែគឺកិច្ចប្រជុំកំពូលពិសេសអាស៊ាននិងកិច្ចប្រជុំកំពូលពិសេសអាស៊ានបូក ៣ ស្តីពីការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺឆ្លង COVID-19 ដែលបានកត់សម្គាល់នូវភាពជាអ្នកដឹកនាំរបស់វៀតណាមក្នុងតួនាទីជាប្រធានអាស៊ាន ដើម្បីទប់ទល់នឹងបញ្ហាប្រឈមដែលមិនធ្លាប់មានពីមុនមក រួមចំណែកក្នុងការលើកកម្ពស់សាមគ្គីភាពនិងឯកភាពក្នុងអាស៊ាន៕


(ដោយវិច្ឆិកា)

(ដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់