Trending now

លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ទទួលជួបឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសឡាវប្រចាំនៅប្រទេសវៀតណាម

01:21 | 22/01/2021 (យោងតាមកាសែតកងទ័ពប្រជាជន)

នាព្រឹកថ្ងៃទី២០ មករា នៅទីក្រុងហាណូយ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich សមាជិកការិយាល័យនយោបាយ លេខារងនៃគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បានទទួលជួបលោក Sengphet Houngboungnuang ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំវៀតណាម។

លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ប្រគល់វត្ថុអនុស្សាវរីយ៍ជូនលោកឯកអគ្គរដ្ឋទូត Sengphet Houngboungnuang

អបអរសាទរលោក Sengphet Houngboungnuang បានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំនៅប្រទេសវៀតណាម លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានបង្ហាញនូវជំនឿថា ក្នុងអាណត្តិបេសកកម្មការងាររបស់ខ្លួន លោកឯកអគ្គរដ្ឋទូតនឹងបំពេញភារកិច្ចរបស់ខ្លួនបានដោយជោគជ័យ ចូលរួមវិភាគទានយ៉ាងសកម្មក្នុងការពង្រឹង និងអភិវឌ្ឍទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងឡាវ ជាពិសេសកិច្ចសហប្រតិបត្តិការការពារជាតិ។ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich អបអរសាទរចំពោះ​ជោគជ័យនៃមហាសន្និបាតលើកទី១១ របស់បក្សប្រជាជនបដិវត្តន៍ឡាវ។

លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានសង្កត់ធ្ងន់ថា ទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងឡាវគឺជាមរតកដ៏មានតម្លៃមិនអាចកាត់ថ្លៃបានដែលត្រូវបានលោកប្រធានហូជីមិញ លោកប្រធាន Kaysone Phomvihane និងលោកប្រធាន Souphanouvong ក៏ដូចជាថ្នាក់ដឹកនាំគ្រប់ជំនាន់ថ្នាក់ និងប្រជាជននៃប្រទេសទាំងពីរបានខិតខំពូនជ្រំ។ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich អរគុណប្រទេសឡាវដែលបានគាំទ្រ និងចូលរួមវិភាគទានយ៉ាងសកម្មក្នុងឆ្នាំដែលប្រទេសវៀតណាមកាន់តួនាទីជាប្រធានអាស៊ាន ២០២០ រួមទាំងសកម្មភាពទាំងឡាយដែលរៀបចំឡើងដោយក្រសួងការពារប្រទេសវៀតណាម ជាពិសេសកិច្ចប្រជុំ ADMM, ADMM+ និងព្រឹត្តិការណ៍ពាក់ព័ន្ធនាពេលកន្លងមក។

លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានអះអាងថា ក្រសួងការពារប្រទេសវៀតណាមនឹងបន្តចែករំលែកបទពិសោធន៍ និងផ្តល់ជំនួយក្នុងការការពារ និងប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់នៃការរីករាលដាល Covid-19 និងរួមចំណែកក្នុងការពង្រឹង និងលើកកំពស់សមត្ថភាពសម្រាប់កងទ័ពប្រជាជនឡាវ; បង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់លោកឯកអគ្គរដ្ឋទូតឲ្យបំពេញល្អភារកិច្ចរបស់ខ្លួន រួមចំណែកលើកកម្ពស់ចំណងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងឡាវ ក៏ដូចជានាំឱ្យទំនាក់ទំនងការពារជាតិទ្វេភាគីឱ្យឈានដល់កម្រិតកំពូលថ្មីមួយទៀត ដែលស័ក្កសមជាសសរស្តម្ភសំខាន់មួយក្នុងទំនាក់ទំនងទ្វេភាគី។

លោក Sengphet Houngboungnuang បានអបអរសាទរវៀតណាមដែលទទួលបានជោគជ័យក្នុងតួនាទីជាប្រធានអាស៊ាន ២០២០។ លោក Sengphet Houngboungnuang ជូនពរលោករដ្ឋមន្រ្តី Ngo Xuan Lich និងនាយទាហាន នាយទាហានរង និងពលទាហាននៃកងទ័ពប្រជាជនវៀតណាមមានសុខភាពល្អ មានសុភមង្គល និងទទួលបានជោគជ័យលើគ្រប់ភារកិច្ចរបស់ខ្លួន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ឆ្នាំ ២០២១។

លោកឯកអគ្គរដ្ឋទូត Sengphet Houngboungnuang បានថ្លែងអំណរគុណ និងសម្តែងនូវការឯកភាពខ្ពស់ចំពោះ​ការវាយតម្លៃ និងការចែករំលែករបស់លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich អំពីទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលកន្លងមក ដោយបានបញ្ជាក់ថា ទំនាក់ទំនងការពារជាតិគឺជាសសរស្តម្ភសំខាន់មួយនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលទទួលបានការយកចិត្តទុកដាក់ និងជម្រុញយ៉ាងខ្លាំងពីថ្នាក់ដឹកនាំជាន់ខ្ពស់ និងថ្នាក់ដឹកនាំកងទ័ពនៃប្រទេសទាំងពីរ។ ភាគីទាំងពីរកំពុងបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវពិធីសារ និងផែនការសហប្រតិបត្តិការប្រចាំឆ្នាំដោយផ្តោតលើវិស័យនានាដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ការបណ្តុះបណ្តាល កិច្ចសហប្រតិបត្តិការររវាងបណ្តាកម្លាំងគ្រប់គ្រងការពារព្រំដែននៃប្រទេសទាំងពីរក្នុងការការពារនិងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការរត់ពន្ធ ការជួញដូរនិងការដឹកជញ្ជូនគ្រឿងញៀន បន្តធ្វើការយាមល្បាត និងត្រួតពិនិត្យយ៉ាងតឹងរឹងនូវច្រកទ្វារព្រំដែន ច្រករបៀង ផ្លូវលំ ទប់ស្កាត់ការឆ្លងដែនខុសច្បាប់ រួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃ Covid-19 នៅក្នុងប្រទេសរៀងៗខ្លួន។

លោកឯកអគ្គរដ្ឋទូត Sengphet Houngboungnuang បានសម្តែងថានៅក្នុងតួនាទីរបស់ខ្លួនលោកនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីរួមចំណែកដល់ការបង្កើននូវទំនាក់ទំនងរវាងបក្ស រដ្ឋ ប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរឡាវ-វៀតណាមឲ្យកាន់តែរីកចម្រើនថែមទៀត។

លោកវរសេនីយ៍ឯក Pham Manh Thang ជូនពរលោកឯកអគ្គរដ្ឋទូត Sengphet Houngboungnuang ក្នុង​ឱកាស​រំលឹក​ខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាបង្កើតកងទ័ពប្រជាជនឡាវ

នៅព្រឹកថ្ងៃដដែល គណៈប្រតិភូនៃក្រសួងការពារប្រទេសវៀតណាមដឹកនាំដោយលោកវរសេនីយ៍ឯក Pham Manh Thang អនុប្រធាននាយកដ្ឋានទាក់ទងការបរទេស ក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញមកស្ថានទូតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំនៅទីក្រុងហាណូយ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ ឆ្នាំនៃទិវាបង្កើតកងទ័ពប្រជាជនឡាវ (២០ មករា ១៩៤៩/២០ មករា ២០២១) និងអបអរសាទរចំពោះ​ជោគជ័យនៃមហាសន្និបាត លើកទី ១១ របស់គណបក្សប្រជាជនបដិវត្តន៍ឡាវ៕

(យោងតាមកាសែតកងទ័ពប្រជាជន)

(យោងតាមកាសែតកងទ័ពប្រជាជន)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន