Trending now

ពង្រីកស្មារតីនៃយុទ្ធនាការ Dien Bien Phu ក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេស

20:39 | 07/05/2019 (ប្រភព៖ vovworld.vn)

ជ័យជំនះ នៃការតស៊ូប្រឆាំងអាណានិគមបារាំងដែលកំពូលមហិមារគឺ យុទ្ធនាការ Dien Bien Phu នោះ ជាជ័យជំនះនៃលទ្ធិស្នេហាជាតិនិយម និងជាឆន្ទៈក្លាហានមោះ មុតរបស់ប្រជាជាតិវៀតណាម។

ទង់ជាតិវៀតណាម "ប្តេជ្ញាប្រយុទ្ធ ប្ដេជ្ញាយកឈ្នះ" បក់រវីកៗនៅលើដំបូលលេណដ្ឋាន De Castries ក្នុងជ័យជំនះនៃយុទ្ធនាការ Dien Bien Phu (រូបថត៖ TTXVN)

ថ្ងៃទី៧ខែឧសភានេះបានគម្រប់រយៈ៦៥ឆ្នាំនៃជ័យជំនះ Dien Bien Phu ដែលភ្លុកទឹកភ្លុកដី ល្បីល្បាញនៅទ្វីបទាំង៥ ញ័ររំជួលទូទាំងពិភពលោក។ ទោះបីជារយៈពេល៦៥ឆ្នាំបានកន្លងផុតទៅហើយក្ដី ប៉ុន្តែ សម្លេងរំពង អត្ថន័យនិងមេរៀនប្រវត្តិសាស្ត្រនៃជ័យជំនះនោះនៅតែលាន់លឺរន្ទឺជានិច្ច ហើយក៏ជាកម្លាំងចលករចំពោះបក្សទាំងមុល ប្រជាជនទាំងមូលនិងកងទ័ពវៀតណាមទាំងមូលនៅក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មី សមាហរណកម្មនិងអភិវឌ្ឍ កសាងនិងការពារមាតុប្រទេស វៀតណាមសង្គមនិយម។ ក្នុងឱកាសនេះដែរ អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមសូមដកស្រង់ខ្លឹមសារស្នូលៗនៅក្នុងអត្ថបទសរសេររបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ស្ដីពីការពង្រីកស្មារតីនៃយុទ្ធនាការ Dien Bien Phu ក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេស។

ចាប់ផ្ដើមអត្ថបទសរសេរ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានរំលេចឡើងនូវលក្ខណៈត្រឹមត្រូវនៃការសម្រេចចិត្តបើកយុទ្ធនាការ Dien Bien Phu នាដើមខែធ្នូឆ្នាំ១៩៥៣របស់ការិយាល័យនយោបាយ ព្រមទាំងអះអាងថា អត្ថន័យដ៏ធំធេងនៃជ័យជំនះនោះបានលើកឡើងនូវទិសដៅស្នូលចំនួន៤ ដើម្បីបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំ នាំប្រទេសជាតិអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនិងប្រកបដោយចីរភាពក្នុងប៉ុន្មានឆ្នាំក្រោយៗ ផងដែរ។

ជ័យជំនះនៃលទ្ធិស្នេហាជាតិនិយម

តាមនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានចាត់ទុកថា ជ័យជំនះនៃការតស៊ូប្រឆាំងអាណានិគមបារាំងដែលកំពូលមហិមារគឺ យុទ្ធនាការ Dien Bien Phu នោះ ជាជ័យជំនះនៃលទ្ធិស្នេហាជាតិនិយម និងជាឆន្ទៈក្លាហានមោះមុតរបស់ប្រជាជាតិវៀតណាម។ នេះជាជ័យជំនះនៃគោលមាគ៌ាតស៊ូដ៏ត្រឹមត្រូវនិងឈ្លាសវៃរបស់បក្ស នៃកម្លាំងមហាសាមគ្គីជាតិទាំងមូល ព្រមទាំងជាជ័យជំនះនៃចំណងសាមគ្គីភាពយ៉ាងស្មោះស្ម័គ្រ ការព្រួតដៃគ្នាតស៊ូប្រយុទ្ធរបស់កងទ័ពនិងប្រជាជននៃប្រទេសទាំងបីវៀតណាម កម្ពុជានិងឡាវ ក៏ដូចជាការជួយឧបត្ថម្ភគាំទ្ររបស់មិត្តអន្តរជាតិទៀតផង។

ស្មារតីនៃជ័យជំនះដ៏មហិមារនេះត្រូវបានកងទ័ពនិងប្រជាជនវៀតណាមពង្រីកយ៉ាងខ្លាំងក្លាថែមទៀតក្នុងការតស៊ូប្រឆាំងអាមេរិកសង្គ្រោះជាតិ រំដោះភាគខាងត្បូងទាំងស្រុង ឯកភាពប្រទេសជាតិ ហើយសម្រេចបាននូវសមិទ្ធផលដ៏ធំធេងនិងមានអត្ថន័យប្រវត្តិសាស្ត្រជាច្រើនក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មី សមាហរណកម្ម កសាងនិងការពារមាតុប្រទេស។

ប្រកាន់យ៉ាងខ្ជាប់នឹងគោលដៅឯករាជ្យជាតិនិងលទ្ធិសង្គមនិយម

ដោយឈរលើស្មារតីនៃជ័យជំនះ Dien Bien Phu លោកនាយករដ្ឋមន្រ្តីវៀតណាមបានលើកឡើងនូវទិសដៅស្នូលចំនួន៤ដើម្បីបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំនាំប្រទេសជាតិអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនិងប្រកបដោយចីរភាពនាពេលខាងមុខ។ទិសដៅដើមដំបូងគឺការប្រកាន់យ៉ាងខ្ជាប់ខ្ជួននឹងគោលដៅឯករាជ្យជាតិនិងលទ្ធិសង្គមនិយម។ នេះជាលក្ខខណ្ឌចម្បងដើម្បីអនុវត្តន៍ប្រកបដោយជោគជ័យនូវបុព្វហេតុកសាងនិងការពារមាតុប្រទេសក្នុងស្ថានភាពថ្មី។ តាមលោកនាយករដ្ឋមន្រ្តីបានអោយដឹងថា វៀតណាមចាំបាច់ត្រូវបន្តជ្រួតជ្រាបនិងអនុវត្តន៍យ៉ាងម៉ឺងម៉ាត់និងប្រកបដោយប្រសិទ្ធភាពនូវគោលមាគ៌ាផ្លាស់ប្ដូរថ្មីយ៉ាងពេញលេញនិងព្រមៗគ្នារបស់បក្ស។ ក្នុងនោះ យកការអភិវឌ្ឍសេដ្ឋកិច្ចជាភារកិច្ចស្នូល ការកសាងបក្សជាភារកិច្ចគន្លឹះ និងការអភិវឌ្ឍវប្បធម៌ជាមូលដ្ឋានគ្រឹះខាងស្មារតីរបស់សង្គម ដោយតភ្ជាប់យ៉ាងស្អិតរមួតរវាងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាមួយការពង្រឹងនិងពង្រីកសមត្ថភាពសន្តិសុខការពារជាតិនិងកិច្ចការបរទេស។

ក្នុងដំណើរការអនុវត្ត លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ត្រូវមានភាពបត់បែនក្នុងគោលនយោបាយ ដោយយកកិច្ចការពារយ៉ាងរឹងមាំនូវឯករាជ្យភាព អធិបតេយ្យភាព ឯកភាពនិងបូរណភាពដែនដីក៏ដូចជាផលប្រយោជន៍របស់ប្រជាជាតិ ជាគោលដៅដ៏ខ្ពង់ខ្ពស់ រក្សាបរិយាកាសសន្តិភាព ស្ថិរភាពដើម្បីកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិអោយបានខ្លាំងមាំមួន ប្រជាធិបតេយ្យ សមភាពនិងអរិយ្យធម៌។

តាមលោកនាយករដ្ឋមន្រ្តីបានចាត់ទុកថា ក្នុងសម័យកាលថ្មី ត្រូវអនុវត្តន៍យ៉ាងប្ដូរផ្ដាច់នូវគោលមាគ៌ាកិច្ចការបរទេសរបស់បក្សដោយទិសស្លោក៖ ឯករាជ្យ ប្រជាធិបតេយ្យ សន្តិភាព មិត្តភាព សហប្រតិបតិ្តការនិងអភិវឌ្ឍន៍ ពហុភាគីនិយម ពិពិធភាវូបនីយកម្ម ធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្មនិងម្ចាស់ការ ឆ្ពោះទៅរកការលើកកម្រិតកិច្ចការបរទេសទាំងពហុភាគីនិងទ្វេភាគី ជាមិត្ត ជាដៃគូគួរអោយជឿទុកចិត្តនិងជាសមាជិកមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។ តាមរយៈកិច្ចការនោះ ទាញយកប្រភពធនធាននានានិងការគាំទ្ររបស់សហគមន៍អន្តរជាតិ បង្កើតបរិយាកាសសន្តិភាពនិងលក្ខណៈងាយស្រួលដើម្បីកសាងនិងការពារមាតុប្រទេស។

ទន្ទឹមនឹងនោះគឺការកសាងរដ្ឋាភិបាលនិងប្រព័ន្ធរដ្ឋបាលរដ្ឋប្រកបដោយភាពទៀងត្រង់ ការស្ថាបនា ឆ្លើយតបនឹងតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងដំណើរការសមាហរណកម្មអន្តរជាតិ បង្កគ្រប់លក្ខណៈងាយស្រួលដើម្បីអោយប្រជាជននិងធុរជនផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត ចាប់ផ្ដើមអាជីវកម្ម និងធ្វើផលិតកម្ម អាជីវកម្ម។

ការពាររឹងមាំមាតុប្រទេសអោយបានមុន

ក្នុងកាលៈទេសៈដែលស្ថានភាពពិភពលោកមានការវិវត្តន៍ស្មុគស្មាញជាច្រើន លោកនាយករដ្ឋមន្រ្តីបានចាត់ទុកថា វៀតណាមចាំបាច់ត្រូវផ្ដោតទៅលើការកសាងខឿនការពារជាតិដោយប្រជាជនទាំងមូលអោយបានរឹងមាំគ្រប់ជ្រុងជ្រោយនិងកាន់តែទំនើបពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុងនោះ យកចិត្តទុកដាក់ពិសេសដល់តំបន់យុទ្ធសាស្ត្រសំខាន់ៗ ព្រំដែននិងកោះសមុទ្រ។ នេះជាភារកិច្ចគន្លឹះ អចិន្ត្រៃយ៍ ជាភារកិច្ចនៃប្រព័ន្ធនយោបាយទាំងមូល បក្សទាំងមូល ប្រជាជនទាំងមូលនិងកងទ័ពទាំងមូល។ ទន្ទឹមនឹងនោះ វៀតណាមក៏ចាំបាច់ត្រូវបង្កើនកិច្ចសហប្រតិបតិ្តការអន្តរជាតិនិងកិច្ចការបរទេសខាងការពារជាតិ ក៏ដូចជាបង្កើនការចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិផងដែរ។

បញ្ចប់អត្ថបទសរសេរ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអះអាងថា ក្នុងឱកាសរំលឹកខួបលើកទី៦៥នៃជ័យជំនះ Dien Bien Phu បក្សទាំងមូល ប្រជាជនទាំងមូលនិងកងទ័ពវៀតណាមទាំងមូលប្ដេជ្ញាចិត្តពង្រីកប្រពៃណីស្នេហាជាតិ ស្មារតីមោទនភាពជាតិ រួមដៃរួមកម្លាំងអនុវត្តន៍ប្រកបដោយជោគជ័យនូវបុព្វហេតុផ្លាស់ប្ដូរថ្មី សមាហរណកម្មនិងអភិវឌ្ឍ៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម