Trending now

រមណីដ្ឋាន ភ្នំឋានសួគ៌បូកគោ មានកន្លែងចំនួន១២ គួរទស្សនា

23:53 | 29/07/2018

យុគសម័យ - ភ្នំបូកគោ ល្បីឈ្មោះដោយសារតែអាកាសធាតុត្រជាក់ពេញមួយថ្ងៃ។ ភ្នំបូកគោ ជាទីកម្សាន្តធម្មជាតិដ៏សម្បូរបែបបំផុតមិនជាធម្មជាតិ អាកាសធាតុ ដំណើរកម្សាន្តរុករកឬលម្ហែកាយនោះទេ សុទ្ធសឹងតែអាចធ្វើឲ្យភ្ញៀវទេចរមានអារម្មណ៍រីករាយស្រស់ថ្លានិងអនុស្សាវរីយ៍ដោយបំភ្លេចមិនបាន។

១. បដិមា​លោក​យាយ​ម៉ៅ

បដិមា​លោក​យាយ​ម៉ៅ មាន​កម្ពស់ 29 ម៉ែត្រ ត្រូវ​បាន​សាងសង់​ឡើង​នៅ​ឆ្នាំ 2010 ស្ថិត​ក្នុង​ឥរិយាបថ​អង្គុយ​សមាធិ​បែរ​ព្រះភក្រ្ត​សម្លឹង​ទៅកាន់​ផ្ទៃ​សមុទ្រ។ បដិមា​លោក​យាយ​ម៉ៅ​ដ៏ធំ​សម្បើម​ដែល​មាន​អាសនៈ​លើ​ភ្នំបូកគោ​នេះ គឺ​ជា​ទីកន្លែង​បូជា​ថ្មី​មួយ​របស់​ប្រជាជន​ខ្មែរ​ដែល​គោរព​ជឿជាក់​លើ​ព្រលឹង​ដែល​ថែរក្សា​អ្នកដំណើរ​ទាំងឡាយ​អោយមាន​សេចក្តីសុខ​និង​សុវត្ថិភាព។

២. ទឹកជ្រោះ​ពពក​វិល


ទឹកជ្រោះ​ពពក​វិល​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​អោយសម​ទៅ​នឹង​ការ​ពិត​នៃ​ទីកន្លែង​មួយ​នេះ ដែល​មាន​ផ្ទាំង​ពពក​នៅ​អណ្ដែត​ត្រសែត​ពី​ខាង​លើ​ជាប់​មិន​លោះ​ពេល។ នៅ​ក្នុង​រដូវវស្សា ទឹកជ្រោះ​ពពក​វិល​មាន​សម្រស់​ស្រស់​ស្អាត​និង​អាច​អោយ​ភ្ញៀវ​ទេសចរ​ហែល​លេង​បាន ។ នៅ​ទីនេះ អ្នក​អាច​អង្គុយ​សម្រាក​លំហែ ដើរ​គយគន់​ព្រៃ​ព្រឹក្សា និង​ទទួល​ទាន​អាហារ​ថ្ងៃត្រង់ ដោយ​ជ្រើស​យក​បរិវេណ​ក្បែរ​ទឹកជ្រោះ ឬ​នៅ​ខាង​ក្នុង​ភោជនីយដ្ឋាន​ទឹកជ្រោះ​ពពក​វិល។

៣.ថ្ម​មុខ​យក្ស​ឬអ្នកថែរក្សាព្រៃ


នៅ​ពេល​​ធ្វើដំណើរ​ឡើង​ភ្នំ​បូកគោ សូម​កុំភ្លេច​ឈប់​សម្រាក​នៅ​គីឡូម៉ែត្រ​លេខ 10 ដើម្បី​ផ្តិត​យក​រូបភាព​ដ៏​ចម្លែក​អស្ចារ្យ​របស់​ផ្ទាំងថ្ម ដែល​មាន​សណ្ឋាន​ជា​មុខ​មនុស្ស ហើយ​ត្រូវបាន​គេដាក់​ឈ្មោះ​អោយ​ថា«ថ្ម​មុខ​យក្ស» ឬ​ហៅ​ម្យ៉ាង​ទៀត​ថា«អ្នក​ថែរក្សា​ព្រៃ»។ កាល​ពី​មុន ថ្មមុខ​យក្សនេះ​គឺ​ជា​ទីកន្លែង​ដែល​អ្នក​ដើរព្រៃ​និង​អ្នកធ្វើដំណើរ​នានា​គោរពបន់​ស្រន់​សុំ​សេចក្តីសុខ។

៤. បឹង​លើ​ភ្នំ


នៅ​ចម្ងាយ​ប្រមាណ 5 គម ពី​រមណីយដ្ឋាន​ឋានសួគ៌​បូកគោ មាន​ទីកន្លែង​សម្រាប់​ការ​កម្សាន្ត​កីឡា​លើ​ទឹក​មួយ​ចំនួន​រង់ចាំ​ភ្ញៀវ​ទៅ​កម្សាន្ត មាន​ដូចជា ការ​ជិះ​ទា ទូក​កានូ ទូក​កាយ៉ាក់ និង​ស្ទូចត្រី​ជាដើម។ បឹង​លើ​ភ្នំ​នេះ​ផ្ទុក​ទឹក​ចំនួន​កន្លះ​លាន​ម៉ែត្រ​គូប។

៥.វត្ត​សំពៅ​ប្រាំ


“វត្ត​សំពៅ​ប្រាំ”ត្រូវ​បាន​ដាក់​ឈ្មោះ​ទៅ​តាម​ថ្ម​ដែល​ដុះ​ឡើង​មក​មាន​រាង​ដូចជា​សំពៅ​ប្រាំ​តម្រៀប​គ្នា ហើយ​ក៏​មាន​រឿង​និទាន​ទាក់ទង​នឹង​ថ្ម​សំពៅ​ប្រាំ​នេះ​។ វត្តសំពៅ​ប្រាំ​មាន​ទីតាំង​នៅលើ​ជ្រោយ​មួយ​ដែល​អាច​មើល​ឃើញ​ទេសភាព​នៃ​ព្រៃ​ព្រឹក្សា​ពណ៌ខៀវ​ស្រងាត់​នៅ​តាម​ជ្រលង​ដង​ភ្នំ និង​ផ្ទៃ​សមុទ្រ​ធំ​ល្វឹងល្វើយ​ឆ្ងាយ​សន្លឹម​នៅ​ខាង​ក្រោម អម​ដោយ​ផ្ទាំង​ពពក​ដេរដាស​គួរ​ជា​ទី​គយគន់​ពេកក្រៃ។

៦.ព្រះវិហារ​កាតូលិក​ចាស់


ព្រះវិហារ​កាតូលិក​ចាស់ ត្រូវ​បាន​សាងសង់​ឡើង​ដោយ​ជនជាតិ​បារាំង​នៅ​ដើម​ឆ្នាំ 1920 ដែល​ជា​ផ្នែក​មួយ​នៃ​ការ​សាងសង់​បុរី​លម្ហែ​លើ​ភ្នំបូកគោ។ ព្រះវិហារ​នេះ​នៅ​រក្សា​បាន​ទ្រង់ទ្រាយ​ដើម និង​មាន​សភាព​រឹងមាំ។ នៅ​ខាងក្រោយ​ព្រះវិហារ មាន​ទួល​មួយ​ដែល​ជា​កន្លែង​គយគន់​ថ្ងៃលិច​ដ៏​លន្លង់លន្លោច និង​ស្រស់​ស្អាត​ជាងគេ​នៅ​លើ​ភ្នំបូកគោ។

៧.ឡឺ បូកគោ ផាលេស (សណ្ឋាគារចាស់)


សំណង់​អគារ​ប្រវតិ្តសាស្រ្ត​មួយ​នេះ ធ្លាប់​ជា​សណ្ឋាគារ​ដ៏​ធំ​ស្កឹមស្កៃ​និង​ស្រស់ស្អាត​មួយ​នា​សម័យ​អាណានិគម​និង​រាស្រ្តនិយម។ ក្រោយ​ពី​ត្រូវ​បោះបង់​ចោល សណ្ឋាគារ​នេះ​បាន​ប្រែ​សម្បុរ​ទៅតាម​កាលវេលា ប៉ុន្តែ​អគារ​ទាំងមូល​នៅ​មាន​សភាព​រឹងមាំ​នៅ​ឡើយ ហើយ​បច្ចុប្បន្ន​កំពុង​ត្រូវ​បាន​ជួលជុល​លាប​ពណ៌​ឡើងវិញ ដោយ​រក្សា​នូវ​ទម្រង់​ដើម​ទាំង​ស្រុង។

៨.ដំណាក់​ស្លា​ខ្មៅ


ដំណាក់​ស្លា​ខ្មៅ គឺ​ជា​អតីត​ព្រះរាជ​ដំណាក់​របស់​ព្រះបាទ​នរោត្តម សីហនុ សម្រាក​លម្ហែ​ព្រះកាយ ដែល​ត្រូវ​បាន​សាងសង់​ឡើង​ពី​ថ្ម​និង​មាន​បិទ​ដោយ​ឈើ​ស្លា​ខ្មៅ​នៅ​ក្នុង​ឆ្នាំ1936។ ថ្វី​បើ​អគារ​ទាំងមូល​នៅមាន​សភាព​រឹងមាំ​យ៉ាងណាក្តី ប៉ុន្តែ​ទ្វារ​និង​បង្អួច​នៃ​ដំណាក់​នេះ​ត្រូវ​បាន​បាត់បង់​អស់​ទៅ​ហើយ។ នៅ​ទីនេះ អ្នក​នឹង​បាន​ឃើញ​ពី​ទេសភាព​ដ៏​ស្រស់ស្អាត​គួរ​អោយ​រំភើប​នៅខាង​ក្រោយ​ដំណាក់ ហើយ​ទីនេះ​ក៏​ជា​ទី​កន្លែង​សម្រាប់​គយគន់​ទេសភាព​ថ្ងៃ​រៀប​លិច​ដ៏​អស្ចារ្យ​ផង​ដែរ។

៩.ដំណាក់​ព្រះបាទ​មុនីវង្ស ឬ​ដំណាក់​ស្តេច


ដំណាក់​ព្រះបាទ​មុនីវង្ស គឺជា​អគារ​មួយ​ក្នុង​ចំណោម​សំណង់​អគារ​ជំនាន់​អាណានិគម​ដ៏​ធំ​ស្កឹមស្កៃ​គួរ​អោយ​កត់​សម្គាល់​នៅ​លើ​ភ្នំបូកគោ។ ដំណាក់​នេះ​ត្រូវ​បាន​សង់​សម្រាប់​ព្រះបាទ​មុនីវង្ស ដើម្បី​ទ្រង់​សម្រាក​កម្សាន្ត​ពី​អាកាសធាតុ​ក្តៅ​។

១០.វាលស្រែ 100


ជា​ដំបូង អ្នក​ប្រហែល​ជា​ចាប់​អារម្មណ៍​នឹង​ឈ្មោះ​ដ៏​ពិរោះ​របស់​ទីកន្លែង​មួយនេះ បន្ទាប់​មក​អ្នក​ក៏​អាច​នឹង​ភ្ញាក់ផ្អើល​ចំពោះ​ទេសភាព​នោះ​ទីនេះ​ផង​ដែរ។ វា​មិនមែន​ជា​វាលស្រែ​ទេ តែ​វា​គឺ​ជា​ផ្ទាំង​ថ្ម​ដែល​ដុះ​រដិបរដុប​ខណ្ឌ​ចែក​វាលស្មៅ​ដ៏​ធំ​ល្វឹងល្វើយ។ វាល​ស្រែ១០០ ជាទី​កន្លែង​មួយ​ដ៏​ស្រស់ស្អាត​សម្រាប់​ការ​ផិ្តត​យក​រូបភាព​អនុស្សាវរីយ៍​នៅ​ក្នុង​ម៉ាស៊ីន​ថត​របស់​អ្នក

១១.វាលស្រែ 500


វាលស្រែ 500 មាន​ចម្ងាយ ១៧គីឡូម៉ែត្រ ពី​រមណីយដ្ឋាន ឋានសួគ៌​បូកគោ ដែល​ចំណាយ​ពេល​ធ្វើដំណើរ​ប្រហែល​ជា ៣០ នាទី​តាម​រថយន្ត។ វាល​ស្រែ500 គឺ​ជា​ឈ្មោះ​នៃ​តំបន់​ព្រៃ​ភ្នំ​ធម្មជាតិ​មួយ​កន្លែង ដែល​លាក់​ខ្លួន​ពួន​អាត្មា​ជា​យូរ​មក​ហើយ​នៅ​លើ​ភ្នំបូកគោ ដែល​រមណីយដ្ឋាន​ទើប​នឹង​បាន ត្រួសត្រាយ​ផ្លូវ​ថ្មី អោយ​ភ្ញៀវ​បាន​ចូល​ទស្សនា។ នៅ​ទីនេះ ក៏​ជា​ជម្រក​របស់​ផ្កា​បំពង់​ក្រឡោម ផ្កាអ័រគីដេ​ព្រៃ និង​សត្វ​មេអំបៅ​ជាច្រើន​ប្រភេទ​ផង​ដែរ។

១២.កន្លែង​សមាធិ


មិនថា​ទីតាំង សម្រស់​ធម្មជាតិ ឬ​បរិយាកាស ឧទ្យាន​ជាតិ​ភ្នំបូកគោ មាន​លក្ខណៈ​ពិសេស​ដាច់​ដោយ​ឡែក​ដែល​កម្រ​រក​គូ​ប្រដូច​បាន​សម្រាប់​ការ​កម្សាន្ត​ទាំង​ផ្នែក​ផ្លូវកាយ​និង​ផ្លូវចិត្ត។ នៅ​មិន​ឆ្ងាយ​ពី​រមណីយដ្ឋាន ឋាន​សួគ៌​បូកគោ មាន​ទីតាំង​សមាធិ​ដ៏​ស្ងប់​សុខ​និង​ស័ក្ដិសិទ្ធិ​ជាច្រើន​ដែល​កំពុង​រង់ចាំ​លោកអ្នក មក​សម្រាក​បន្ធូរ​អារម្មណ៍ ស្វែង​រក​ពេល​វេលា​ស្ងប់​សុខ​សម្រាប់​ផ្លូវចិត្ត កែសម្រួល​អារម្មណ៍​អោយស្រស់ថ្លា និង​រក្សា​រាងកាយ​និង​ទឹកចិត្ត​អោយមាន​ថាមពល​រឹងមាំបានផងដែរ។

(ប្រភពព័ត៌មាន: news.sabay)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស