Trending now

ជនជាតិ Ha Nhi លេងយោលទោងក្នុងបុណ្យតេតរដូវវស្សា

13:41 | 29/03/2021

បុណ្យតេតរដូវវស្សា ( Je Khu Cha) គឺជាពិធីបុណ្យដ៏ធំមួយ ដែលពោរពេញទៅដោយអត្តសញ្ញាណវប្បធម៍របស់ជនជាតិ Ha Nhi នៅស្រុក Muong Te (ខេត្ត Lai Chau)។ ជាទូទៅ បុណ្យតេតនេះ ត្រូវបានអ្នកភូមិរៀបចំឡើងនៅពេលវេលាពាក់កណ្តាលរដូវវស្សា (ប្រហែលពាក់កណ្តាលខែទី ៦ តាមច័ន្ទគតិ) ខណៈពេលដែលអ្នកភូមិបានប្រមូលផលដំណាំរួចជាស្រេច។

អ្នកភូមិកំពុងនាំគ្នាធ្វើទោង (រូបថតៈ VOV)

យ៉ាងណាមិញ បុណ្យតេតជាថ្ងៃឈប់សម្រាកផងនិងជាពេលវេលាដើម្បីរីករាយជាមួយល្បែងកម្សាន្តផង។ មិនត្រឹមតែប៉ុណ្ណោះ នេះក៏ជាឱកាសសម្រាប់អ្នកភូមិអរព្រះគុណដល់ពពួកទេវតានិងជីដូនជីតា ដែលប្រទានពរឲ្យរដូវអំណោយផល ព្រមទាំងឧទ្ទិសសុំឲ្យដំណាំនឹងការបង្កបង្កើនផលល្អនារដូវខាងមុខ។ ទន្ទឹមនឹងនេះដែរ ល្បែងកម្សាន្តមួយដែលមិនអាចខ្វះបានក្នុងឱកាសបុណ្យតេតរដូវវស្សានោះគឺជាល្បែងយោលទោងផងដែរ។

ជនជាតិ Ha Nhi តែងតែរៀបចំបុណ្យតេតរដូវវស្សាក្នុងរយៈពេល ៤ ថ្ងៃ។ នៅថ្ងៃដំបូងនៃការថ្វាយបង្គំជីដូនជីតា បន្ទាប់ពីទទួលទានបាយរួច ក្រុមគ្រួសារនឹងព្យួរទោងនៅកណ្តាលផ្ទះ។ ទោងមួយនេះ គឺសម្រាប់តែកូនក្មេងក្នុងផ្ទះលេងប៉ុណ្ណោះ ហើយក្នុងភូមិ គ្រួសារណា ក៏ត្រូវធ្វើទោងមួយដោយខានពុំបានផងដែរ។ ប៉ុន្តែ ឥឡូវនេះ នៅខាងមុខភូមិរបស់ជនជាតិ Ha Nhi នៃភូមិវប្បធម៌ទេសចរណ៍បណ្តាជនជាតិវៀតណាម មានទោងធំមួយ ដោយមានកម្ពស់ ៦ ដល់ ៧ម៉ែត្រ ដែលកំពុងបានធ្វើឡើង។ នេះជាទោងមួយសម្រាប់អ្នកភូមិជនជាតិ Ha Nhi លេងកម្សាន្តទាំងអស់គ្នា។

យុវជននិងយុវនារីក្នុងភូមិបានជួបជុំគ្នាដើម្បីជួយធ្វើទោង។ លើសពីនេះទៅទៀត យុវនារីរីករាយច្រៀងដើម្បីលើកទឹកចិត្តលោក Ma Ly Pha ដែលកំពុងចងខ្សែទោង។ ក្នុងអំឡុងពេលដែលមនុស្សម្នាកំពុងធ្វើទោងនោះ​ ប្រពន្ធរបស់លោក Pha បានទៅកាប់មែកធាងនៃដើមឈើមានបន្លា ហើយដាក់វានៅលើជើងទោង។ តាមទស្សនទានរបស់ជនជាតិ Ha Nhi គឺយកស្លឹកពណ៌បៃតងនៃដើមបន្លានោះដើម្បីបណ្តេញខ្មោចព្រាយបីសាច់ និងការពារមនុស្សគ្រប់គ្នាផងដែរ។ ពន្យល់ពីប្រការនេះ អ្នកស្រី Vu Phuong Thao នៅមជ្ឈមណ្ឌលសិល្បៈខេត្ត Lai Chau បានឲ្យដឹងថា៖ “មែកធាងនៃដើមបន្លានេះ គឺបានប្រើប្រាស់សម្រាប់បណ្តេញខ្មោច បីសាច់របស់ទោងនេះ មុនពេលអ្នកភូមិគេលេងយោលទោង។ តាមទស្សនទានរបស់អ្នកភូមិ នៅតែមានខ្មោចព្រាយបីសាចនៅទីនេះ ហេតុដូច្នេះ អ្នកភូមិនឹងបណ្តេញខ្មោចព្រាយបីសាចទៅឆ្ងាយ អោយអស់ ហើយបួងសួងសុំឲ្យដំណើរការលេងកម្សាន្តបានប្រព្រឹត្តទៅយ៉ាងរលូន ដោយគ្មាននរណាម្នាក់នឹងមានគ្រោះថ្នាក់នោះឡើយ”។

ជនជាតិ Ha Nhi គេមានទស្សនទានថា រុញទោងកាន់តែខ្ពស់នឹងកាន់តែជួបសំណាងល្អ (រូបថតៈ VOV)

នៅពេលទោងត្រូវបានធ្វើរួចហើយនោះ មេភូមិជាអ្នកអនុវត្តន៍ពិធីបុណ្យសែនទោង។ ពោលគឺ លោក Ma Ly Pha មេភូមិ នឹងអនុវត្តន៍ពិធីសែនទោង តាមរយៈការចងដើមបន្លាលើទោង ។ លោក Pha បានប្រើដៃរុញទោងទៅមុខផង នឹងបន់ស្រន់ផង ដល់ពេលដែលបន្លាធ្លាក់ មានន័យថា ខ្មោចបីសាច់ត្រូវបណ្តេញចេញហើយ អ្នកភូមិអាចលេងតាមចិត្តដោយគ្មានព្រួយខ្លាចអ្វីឡើយ។ ចូលរួមលេងយោលទោង អ្នកស្រី Go Nhu នៅឃុំ Ka Lang ស្រុក Muong Te ខេត្ត Lai Chau បានឱ្យដឹងថា​ នៅពេលយោលលេង ត្រូវមានគ្នាពីរនាក់ ពោលគឺ ម្នាក់អង្គុយហើយម្នាក់ទៀតឈរ។ ជាពិសេស នៅពេលលេង ត្រូវទទួលបានការអបអររបស់អ្នកចូលរួមនិងអ្នកទស្សនាផងដែរ។ អ្នកស្រី Go Nhu បានសំណេះសំណាលថា៖ “អ្នកឈរត្រូវប្រើកម្លាំងច្រើនដើម្បីរុញឡើងអោយខ្ពស់។ ប្រសិនបើគ្មានកម្លាំងគ្រប់គ្រាន់ទេនោះ គឺមិនអាចរុញឡើងខ្ពស់បានទេ។ ជនជាតិ Ha Nhi គេជឿថា ប្រសិនបើយោលទោងកាន់តែខ្ពស់ កាន់តែឆ្ងាយ ខ្លួននឹងជួបតែសំណាងល្អ រួមទាំងក្រុមគ្រួសារទៀតផង”។

នៅពេលដែលអ្នកលេងយោលទោងកំពុងលេងនោះ អ្នកទស្សនានឹងនាំគ្នាស្រែកហ៊រលើកទឹកចិត្តតាមចង្វាក់យោល។ សម្រាប់ជនជាតិ Ha Nhi វិញ លេងយោលទោង មិនត្រឹមតែជាល្បែងធម្មតានោះទេ។ តាមលោក Ma Ly Pha នៅឃុំ Ka Lang ស្រុក Muong Te ខេត្ត Lai Chau ថា ការលេងកម្បាន្តនេះក៏ជាទម្រង់នៃការសូមអភ័យទោសចំពោះពពួកទេវតានិងរុក្ខជាតិផងដែរ។ លោក Pha បានបន្ថែមថា៖ “យោងតាមចាស់ទុំថា តាមរយៈដំណើរការធ្វើពលកម្ម ធ្វើស្រែចំការ តែងតែប្រមាថនិងបំពានដល់ធម្មជាតិ ហេតុដូច្នេះហើយ អ្នកភូមិគេធ្វើទោងដើម្បីសូមពពួកទេវតា មេឃនិងដី អភ័យទោសចំពោះការប្រមាថក្នុងរយៈពេលមួយឆ្នាំនៃការផលិត។ ពោលគឺ មនុស្សត្រូវបានព្យួរតាមរយៈទោង ដើម្បីសុំទេវតាអភ័យទោស។ យ៉ាងណាមិញ ជនជាតិ Ha Nhi គេគោរពធម្មជាតិនិងព្រះណាស់។”

ចំពោះជនជាតិ Ha Nhi មានតែបុណ្យតេតរដូវវស្សាទេទើបអ្នកភូមិធ្វើទោង។ ក្រោយ ៣ ថ្ងៃនៃបុណ្យតេត អ្នកភូមិគេនឹងដកទោងចេញ ហើយមិនចូលរួមក្នុងល្បែងនេះទៀតឡើយ។ រហូតដល់បុណ្យតេតរដូវវស្សាឆ្នាំក្រោយទៀត ទើបអ្នកភូមិធ្វើទោងនិងលេងទោងជាបន្ត៕

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម