Trending now

បទយកការណ៍៖ រាជរដ្ឋាភិបាលមិនទុកឱ្យពលរដ្ឋរងគ្រោះដោយសារតែជំងឺកូវីដ១៩ នោះទេ

15:57 | 29/06/2020

បើទោះបីជាកម្ពុជាមិនសំបូរធនធានដូចប្រទេសជិតខាង ប៉ុន្តែរាជរដ្ឋាភិបាលបាន និងកំពុងតែ​ខិតខំយកចិត្តទុកដាក់តាំងពីការការពារ រហូតដល់ការជួយឧបត្ថម្ភប្រជាពលរដ្ឋនៅក្នុងការប្រឈម ដោះស្រាយបញ្ហាដែលបណ្តាលមកពីការរាតត្បាតនៃមេរោគកូវីដ១៩ ។

ក្រៅពីបងប្អូនកម្មករ និងកម្មការនីរោងចក្រកាត់ដេរ បុគ្គលិកដែលបម្រើការនៅក្នុងសេវាកម្មទេសចរណ៍ និងសណ្ឋាគារ ព្រមទាំងភោជនីយដ្ឋាន ក៏ទទួលបានគិតគូរពីរាជរដ្ឋាភិបាលដែរ រហូតដល់មានការបង្កើតកញ្ចប់មូលនិធិ ដែលមានឈ្មោះជាផ្លូវការថា «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលជំងឺ​​កូវីដ-១៩» កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅនេះ ។ កម្មវិធីនេះត្រូវបានប្រកាសដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​ នៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា ប្រជាពលរដ្ឋប្រមាណ ៥៦ ម៉ឺនគ្រួសារ នឹងទទួលផលពីកម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះ ដោយសារផលប៉ះពាល់នៃជំងឺកូវីដ១៩នេះ ដែលថវិកានេះត្រូវបានបែងចែង និងផ្តល់តាមលក្ខខណ្ឌចំនួន០​៣ ដែលរួមមាន៖

ទី១៖ សម្រាប់តំបន់ទីប្រជុំជន ក្នុងរាជធានីភ្នំពេញ «សម្រាប់បណ្ណ ក្រ-១» ក្នុង១គ្រួសារនឹងទទួលបានប្រាក់ចំនួន១២ម៉ឺនរៀល បូកបន្ថែម ៥២.០០០រៀល សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម៤ ម៉ឺនរៀល ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារដែលជាកុមារអាយុក្រោម៥ឆ្នាំ ជនមានពិការភាព ជនចាស់ជរា អាយុចាប់ពី៦០ឆ្នាំឡើង និងអ្នកផ្ទុកមេរោគអេដស៍ ។ ហើយ «សម្រាប់បណ្ណ ក្រ-២»៖ ក្នុង១គ្រួសារទទួលបានប្រាក់ចំនួន១២ ម៉ឺនរៀល បូកបន្ថែម ៣៦.០០០រៀល សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ២៨.០០០រៀល ម្នាក់ទៀតសម្រាប់សមាជិកនៅក្នុងគ្រួសារដែលជាកុមារអាយុក្រោម៥ឆ្នាំ ជនមានពិការភាព ជនចាស់ជរាអាយុចាប់ពី៦០ឆ្នាំឡើង និងអ្នកផ្ទុកមេរោគអេដស៍ ។

ទី២៖ តំបន់ទីប្រជុំជន ក្រៅពីរាជធានីភ្នំពេញ៖ «សម្រាប់បណ្ណ ក្រ-១» ៖ ក្នុង ១គ្រួសារទទួលបានប្រាក់ចំនួន ១២ ម៉ឺនរៀល បូកបន្ថែម ៤ម៉ឺនរៀលសម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ៤ម៉ឺនរៀល ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម៥ឆ្នាំ ជនមានពិការភាព ជនចាស់ជរាអាយុចាប់ពី ៦០ឆ្នាំឡើង និងអ្នកផ្ទុកមេរោគអេដស៍ ។ «សម្រាប់បណ្ណ ក្រ-២» ៖ ក្នុង ១គ្រួសារទទួលបានប្រាក់ចំនួន ១២ ម៉ឺនរៀល បូកបន្ថែម ២៨.០០០រៀល សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ២៨.០០០រៀល ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារដែលជាកុមារអាយុក្រោម៥ឆ្នាំ ជនមានពិការភាព ជនចាស់ជរាអាយុចាប់ពី ៦០ឆ្នាំឡើង និងអ្នកផ្ទុកមេរោគអេដស៍ ។

ទី៣៖ តំបន់ជនបទ៖ «សម្រាប់បណ្ណ ក្រ១» ៖ ក្នុង ១គ្រួសារទទួលបានប្រាក់ចំនួន ៨ ម៉ឺនរៀល បូកបន្ថែម ២៤.០០០រៀល សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ២៤.០០០រៀល ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារដែលជាកុមារអាយុក្រោម ៥ឆ្នាំ ជនមានពិការភាព ជនចាស់ជរាអាយុចាប់ពី ៦០ឆ្នាំឡើង និងអ្នកផ្ទុកមេរោគអេដស៍ ។ «សម្រាប់បណ្ណ ក្រ-២»៖ ក្នុង១គ្រួសារទទួលបានប្រាក់ចំនួន ៨ម៉ឺនរៀល បូកបន្ថែម ១៦.០០០រៀល សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ១៦.០០០រៀល ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារដែលជាកុមារអាយុក្រោម៥ឆ្នាំ ជនមានពិការភាព ជនចាស់ជរាអាយុចាប់ពី ៦០ឆ្នាំឡើង និងអ្នកផ្ទុកមេរោគអេដស៍ ។

មានប្រសាសន៍នៅក្នុងពិធីប្រកាសកញ្ចប់មូលនិធិនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមថវិកាពី ​២៥ ​ទៅ​ ៣០លានដុល្លារ នៅក្នុងមួយខែ សម្រាប់កិច្ចការនេះ ប៉ុន្តែបានរម្លឹកដាក់តឿនប្រជាពលរដ្ឋត្រូវតែចៀសវាងឱ្យបាននូវទម្លាប់រស់នៅដោយពឹងផ្អែកទាំងស្រុងទៅលើប្រាក់ឧបត្ថម្ភពីសំណាក់រាជរដ្ឋាភិបាល ។ សម្តេចបានបញ្ជាក់ថា នេះជាកម្មវិធីជំនួយសង្គម តែមិនមែនជាការចិញ្ចឹមប្រជាជននោះទេ ហើយក៏មិនមែនជាកម្មវិធីដែលមានលក្ខណៈអចិន្រៃ្តយ៍នោះដែរ ។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានលើកឡើងថា រាជរដ្ឋាភិបាលបានបោះទុន ១០០ លានដុល្លារទៅជនបទ ដើម្បីបង្កើតការងារ ដូចជាការស្តារប្រឡាយទឹក ទំនប់ទឹក ដើម្បីផ្តល់ការងារឱ្យប្រជាពលរដ្ឋដែលបាត់បង់ការងារ អាចស្វែងរកប្រាក់ចំណូលសម្រាប់ចិញ្ចឹមជីវិតបាន។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានបន្តថា៖ “ខ្ញុំសូមបញ្ជាក់ថា កម្មវិធីនេះមិនមែនជាការចិញ្ចឹមរបស់រដ្ឋទេ តែជាជំនួយសង្គមមួយដ៏ធំ ដែលខ្ញុំគិតថាប្រសិនបើកូវីដ១៩ អូសបន្លាយយូរទៀតនោះ ទឹកប្រាក់ដែលត្រូវចំណាយមិនមែន ២៥លានដុល្លារនោះទេ វានឹងអាចកើនដល់ ៣០លានដុល្លារ” ។

ជាមួយគ្នានេះ សម្តេចតេជោក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្លួនឯងត្រូវរកការងារធ្វើនៅកន្លែងដែលអាចធ្វើការងារបាន លើកលែងតែមនុស្សចាស់ និងកុមារដែលអាយុក្រោម ៥ឆ្នាំទេ ដែលមិនអាចធ្វើការងារបាន ដូចជាការងារធ្វើស្រែ ធ្វើចំការ ការចិញ្ចឹមសត្វ និងការងារផ្សេងៗទៀតដែលអាចធ្វើបាន ដែលជាការសន្សំប្រាក់ឧបត្ថម្ភមួយរបស់រដ្ឋ ។ សម្តេចតេជោនាយករដ្ឋមន្រ្តីបន្តថា រាជរដ្ឋាភិបាលមានលទ្ធភាពក្នុងការធ្វើកិច្ចការងារនេះ សូមបងប្អូនជនរួមជាតិមើលឃើញថា នេះជាការទទួលខុសត្រូវរបស់រដ្ឋតាមរយៈការខិតខំជាងមួយទសវត្សរ៍ ពិសេស៥ឆ្នាំចុងក្រោយនេះ ដែលសាច់ប្រាក់របស់យើងបានមកពីការសន្សំ ។

តាមរយៈកាលធ្វើបច្ចុប្បន្នភាពក្នុងជុំទី១ កម្ពុជាមានប្រជាពលរដ្ឋដែលស្ថិតក្នុងចំណាត់ថ្នាក់ «ក្រ-១» ចំនួន ២១១.៧៤៦ គ្រួសារ និង «ក្រ-២» ចំនួន ៣៥០.៩៤០គ្រួសារ ។ ហើយរាជរដ្ឋាភិបាល​រៀបចំកម្មវិធីនេះឡើងសម្រាប់ផ្តល់ជំនួយសង្គមនៅក្នុងពេលមានវិបត្តិនៃជំងឺកូវីដ១៩ ដោយការបើកផ្តល់នឹងត្រូវបានធ្វើឡើងក្នុងរយៈពេល ២ ខែម្តង ដែលជុំទី ១ គឺនឹងត្រូវបានធ្វើឡើងសម្រាប់ខែមិថុនាមួយលើក និងខែកក្កដាមួយលើក ។ សម្តេចតេជោបានបន្តថា រាជរដ្ឋាភិបាលនឹងបន្តតាមដាន និងធ្វើការវាយតម្លៃអំពីសភាពការណ៍ និងផលប៉ះពាល់ជាក់ស្តែងពីជំងឺកូវីដ-១៩ នេះតទៅទៀត ។ ប្រសិនបើសភាពការណ៍ និងផលប៉ះពាល់ពីជំងឺកូវីដ-១៩នៅតែបន្តអូសបន្លាយ និងមិនមានភាពល្អប្រសើរ កម្មវិធីជំនួយសង្គមនេះនឹងត្រូវអនុវត្តក្នុងជុំថ្មី សម្រាប់រយៈពេល២ខែទៀត ជាបន្តបន្ទាប់ ។ តែបើផលប៉ះពាល់ពីជំងឺកូវីដ១៩មានភាពធូរស្បើយ រាជរដ្ឋាភិបាលនឹងបញ្ឈប់នូវកម្មវិធីជំនួយសង្គមមួយនេះ ហើយបង្វែរថវិកាទៅវិនិយោគលើកិច្ចការចាំបាច់នានាដើម្បីស្តារ និងជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាជនជារួមវិញ ។

អង្គុយនៅក្រោមម្លប់ឈើមួយរង់ចាំអ្នកដំណើរ លោក សម ជំនិត ដែលជាអ្នករត់ម៉ូតូឌុបមកពីខេត្តព្រៃវែង បានឱ្យដឹងថា ពេលដែលបានឮគេប្រកាសព័ត៌មាននេះ លោកពិតជាត្រេកអរ ដោយ​​សារតែគ្រួសាររបស់លោកក៏មានប័ណ្ណសមធម៌នេះផងដែរ​។ លោកបានបន្ថែមថា លុយបួនដប់ម៉ឺនរៀលឥឡូវស្រួលចាយ តែវាពិបាករកសម្រាប់​អ្នកក្រីក្រ​រត់​ម៉ូតូឌុបដូចជារូបលោក ប៉ុន្តែយ៉ាងហោចណាស់ លុយ៨ម៉ឺនរៀលក៏អាចបានអង្ករគ្រាន់តែដោះ​ស្រាយ​រឿងស្បៀង រួមនឹងចំណូលបានពីការរត់ម៉ូតូប្រចាំថ្ងៃ គឺអាចរស់បាននាពេលនេះ ។

លោក ជេត ហេង ដែលជាប្រជាពលរដ្ឋមួយរូប ក៏បានថ្លែងនូវការគាំទ្រចំពោះសកម្មភាពរបស់រាជរដ្ឋាភិបាលដែរ បើទោះបីជាថវិកានេះតិច ហើយមិនអាចប្រៀបធៀបនឹងប្រទេសខ្លះក៏​ដោយ។​ លោកបានបញ្ជាក់ថា៖ “អ្វីដែលបានឮនៅពេលនេះគឺហួសពីការរំពឹងទុករបស់ខ្ញុំហើយ ។ ពីមុន ខ្ញុំគិតថា រដ្ឋប្រហែលជាជួយតែកម្មករកាត់ដេរ និងអ្នកធ្វើការនៅភោជនីយដ្ឋាន ឬ សណ្នាគារ និងអ្នកធ្លាប់ធ្វើការបង់ពន្ធជូនរដ្ឋទេ ប៉ុន្តែពេលនេះពលរដ្ឋដែលក្រីក្រក៏មានចំណែកដែរ” ។​

លោកបានបន្តថា៖ “បើគិតទៅលុយនេះស្មើនឹង​២០ ទៅ​៣០ ដុល្លារទេ ដូច្នេះបើប្រៀបធៀបនឹង ថៃ វៀតណាម យើងមិនដល់គេទេ ប៉ុន្តែរាជការអាចជួយបានប៉ុណ្ណេះ គឺប្រពៃណាស់ ហើយ​នេះគឺជាចំណែកមួយ បើយើងខំធ្វើនេះខំធ្វើនោះបន្ថែម គឺអាចរស់បាននៅពេលនេះ” ។

ចាប់តាំងពីជំងឺកូវីដ១៩ បានចាប់ផ្តើមរាតត្បាតមក រហូតដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញប្រាក់ ១២៥លានដុល្លារ រួចទៅហើយៗរាជរដ្ឋាភិបាលនឹងត្រៀមបញ្ចេញថវិកាបន្តទៀត បើសិនជាផលប៉ះពាល់នៃជំងឺកូវីដ១៩ នេះអូសអន្លាយ ៕

(ប្រភពព័ត៌មាន: AKP)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ