Trending now

ចំណងមិត្តភាពដ៏មហាអស្ចារ្យរវាងវៀតណាមនិងឡាវ

07:54 | 25/10/2019 (ហេង វុធ្ធី)

នាព្រឹកថ្ងៃទី២៣ ខែតុលា នៅទីក្រុងហាណូយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាកងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញវៀតណាមនៅប្រទេសឡាវ (ថ្ងៃទី ៣០ ខែតុលា ឆ្នាំ១៩៤៩ / ថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០១៩) កាសែតកងទ័ពប្រជាជន បានសហការជាមួយសមាគមន៍ប្រពៃណីកងទ័ពស្មគ្រចិត្តវៀតណាមនិងអ្នកជំនាញវៀតណាមនៅឡាវរៀបចំសិក្ខាសាលាមួយក្រោមប្រធានបទ“៧០ ឆ្នាំនៃមនោសញ្ចេតនាដិតដាម”។

លោកឧត្តមសេនីយ៍ត្រី Pham Van Huan អគ្គនិពន្ធនាយកនៃកាសែតកងទ័ពប្រជាជន (រូបថត៖ qdnd.vn)


ក្នុងលិខិតជូនចំពោះសិក្ខាសាលានោះអតីតអគ្គលេខាបក្សលោក Le Kha Phieu បានសរសេរថា៖“ ៧០ ឆ្នាំកន្លងមក នៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ១៩៤៩ គណៈអចិន្ត្រៃយ៍នៃមជ្ឈិមបក្សកុម្មុយនិស្តឥណ្ឌូចិនបានសម្រេចចិត្តឲ្យបណ្តាកងកំលាំងយោធា​វៀតណាមដែលប្រយុទ្ធនិងជួយប្រទេសឡាវត្រូវបានរៀបចំទៅជាប្រព័ន្ធដាច់ដោយឡែកមួយ និងយកឈ្មោះគឺកងទ័ពស្ម័គ្រចិត្ត។ នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលបានឆ្លុះបញ្ចាំងពីការអភិវឌ្ឍរីកធំធាត់និងភាពចាស់ទុំនៃកម្លាំងយោធានៅសមរភូមិ​ឡាវ ដោយបានបញ្ជាក់ពីមាគ៌ា និងទស្សនៈត្រឹមត្រូវរបស់បក្សក្នុងការបំពេញកាតព្វកិច្ចអន្តរជាតិ។ ប្រការនេះក៏បង្ហាញពីភាពចៀសមិនផុតនៃសម្ព័ន្ធមិត្តប្រយុទ្ធវៀតណាម - ឡាវ - កម្ពុជា និយាយទូទៅ និងវៀតណាម - ឡាវនិយាយដោយឡែក ហើយនិងជាមនោសញ្ចេតនា និងបំណងប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងបីនៅលើឧបទ្វីបឥណ្ឌូចិន ... "។

ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់អំពីភាពមិនអាចខ្វះបាននូវប្រវត្តិសាស្ត្រនៃចំណងមិត្តភាពពិសេសវៀតណាម - ឡាវ មានមតិជាច្រើនបានលើកឡើងក្នុងអង្គសិក្ខាសាលាថា៖ ទំនាក់ទំនងពិសេសវៀតណាម - ឡាវត្រូវបានកសាងឡើងដោយឈរលើមូលដ្ឋានម៉ាក្សនិយម - លេនីននិយម និងលទ្ធិអន្តរជាតិអធននិយម ដែលបង្កបង្កើតអំណាចអព្ភូតហេតុខាងស្មារតីជួយប្រជាជននៃប្រទេសទាំងពីរឱ្យកំណត់បានច្បាស់នូវសត្រូវរបស់ខ្លួន ឃើញច្បាស់ពីឧបាយកលពិសពុលរបស់ពួកឈ្លានពានដើម្បីជំនះលើរាល់គ្រោះថ្នាក់ ឧបសគ្គ ហើយធ្វើឲ្យប្រទេសទាំងពីរទទួលបានភាពរុងរឿង។

ទិដ្ឋភាពនៃសិក្ខាសាលា (រូបថត៖ qdnd.vn)

ក្នុងស្មារតីនៃអន្ដរជាតិអធននិយម និងធ្វើតាមការប្រៀនប្រដៅរបស់លោកប្រធានហូជីមិញគឺ“ ជួយប្រជាជននៃប្រទេសមិត្ត គឺជាការជួយខ្លួនឯងដែរ” កងទ័ពស្មគ្រចិត្តវៀតណាមនិងអ្នកជំនាញវៀតណាម បានចូលរួមវិភាគទានយ៉ាងច្រើន និងធំធេងដោយបានបំពេញភារកិច្ចរបស់ខ្លួនឯងដោយជោគជ័យជាមួយកងទ័ពនិងប្រជាជននៃគ្រប់កុលសម្ព័ន្ធឡាវ បានវាយឈ្នះទាំង​ស្រុងនៅក្នុងសង្គ្រាមពីរនៃការតស៊ូប្រឆាំងនឹងពួកអាណានិគមបារាំង និងចក្រពត្តិនិយមអាមេរិក។ ក្នុងរយៈពេលស្មាកៀកស្មា កងទ័ពស្មគ្រចិត្តវៀតណាម និងអ្នកជំនាញវៀតណាមបានជួយមិត្ត បង្កើតមូលដ្ឋាននយោបាយ កសាងនិងពង្រឹងកម្លាំងប្រដាប់អាវុធនិងមូលដ្ឋានបដិវត្ត។ ពង្រីកសង្គ្រាមប្រជាជនដើម្បីឆ្លើយតបនឹងតម្រូវការតស៊ូ។ ជួយមិត្តបណ្តុះបណ្តាល ហ្វឹកហ្វឺនកងកម្លាំងប្រដាប់អាវុធ ពង្រឹងការងារនយោបាយ កសាងបក្ស បណ្តុះបណ្តាល និងអភិវឌ្ឍជួរកម្មាភិបាលដែលមានសមត្ថភាពគ្រប់គ្រាន់អនុវត្តភារកិច្ចនៃបដិវត្តឡាវ។ ស្មាកៀកស្មាជាមួយកងទ័ពនិងប្រជាជននៃគ្រប់កុលសម្ព័ន្ធឡាវប្រយុទ្ធយកឈ្នះលើ​សង្គ្រាមឈ្លានពានរបស់ពួកអាណានិគមនិយមបារាំង និងចក្រពត្តិនិយមអាមេរិក។ ចូលរួមជាមួយកងទ័ពឡាវដែលប្រយុទ្ធដើម្បីការពារផ្លូវដឹកជញ្ជូនយុទ្ធសាស្រ្ត - ផ្លូវហូជីមិញខាងលិច Truong Son។ ដើម្បីកសាងសមរភូមិឡាវក្លាយទៅជាសមរភូមិដោយសម្របសម្រួលជាមួយបណ្តាទិសដៅសមរភូមិផ្សេងទៀត រួមចំណែកដល់ជ័យជំនះរួមរបស់ប្រទេសទាំងបីវៀតណាម - ឡាវ - កម្ពុជា។

ព័ត៌មានពីសិក្ខាសាលាបានបង្ហាញថា៖ តាមរយៈសង្គ្រាមតស៊ូពីរគឺប្រឆាំងបារាំងនិងអាមេរិកមានកម្មាភិបាល និងយុទ្ធជនវៀតណាមជិត ៤៦០,០០០ នាក់បានចូលរួមនៅក្នុងសមរភូមិលើប្រទេសឡាវ។ កម្មាភិបាលនិងយុទ្ធជនជាច្រើនបានពលីជីវិតនៅលើទឹកដីរបស់មិត្ត។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កងទ័ពប្រជាជនវៀតណាមបានសហការជាមួយបណ្តាស្ថាប័នមានសមត្ថកិច្ច និងប្រជាជនឡាវដើម្បីស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលី និងទទួលបានលទ្ធផលលើកទឹកចិត្តយ៉ាងខ្លាំង។ រឿងរ៉ាវរំភើបចិត្តជាច្រើនអំពីការដែលយើងត្រូវបានប្រជាជនឡាវជួយក្នុងដំណើរការស្វែងរក ការប្រមូល និងធ្វើមាតុភូមិនិវត្តអដ្ឋិធាតុកងទ័ពស្មគ្រចិត្ត និងអ្នកជំនាញវៀតណាម។

ទិដ្ឋភាពនៃសិក្ខាសាលា (រូបថត៖ qdnd.vn)

ចំណងសាមគ្គីភាពមិត្តភាពរវាងប្រទេសទាំងពីរវៀតណាម - ឡាវ បច្ចុប្បន្នត្រូវបានរក្សា និងអភិវឌ្ឍលើគ្រប់វិស័យដូចជានយោបាយ យោធា សេដ្ឋកិច្ច ការទូត រហូតដល់វប្បធម៌ សុខាភិបាល ការអប់រំ ... ក្នុងសេចក្តីប្រកាសរួមវៀតណាម - ឡាវចុះថ្ងៃទី ២៥ ខែកុម្ភៈឆ្នាំ ២០១៩ បានចែងថា៖ ភាគីទាំងពីរបានសង្កត់ធ្ងន់លើចំណងមិត្តភាពសាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឡាវដែលត្រូវបានបង្កើតឡើងដោយ លោកប្រធានហូជីមីញ ជាមួយលោកប្រធាន Kaysone Phomvihane និងលោកប្រធាន Souphanouvong ដោយត្រូវបានថ្នាក់ដឹកនាំនៃបក្សទាំងពីរ រដ្ឋនិងប្រជាជននៃប្រទេសទាំងពីរជំនាន់ក្រោយៗពូនជ្រំហើយបានក្លាយទៅជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានឡើយ។ នៅក្នុងឱកាសរំលឹកខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូត និងខួបលើកទី ៤០ នៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការវៀតណាម - ឡាវនោះ លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានមានប្រសាសន៍ថា៖“ មិនថាមានការលំបាកយ៉ាងណាក្តី ក៏យើងប្តេជ្ញាការពារទំនាក់ទំនងវៀតណាម - ឡាវ ដូចជាការថែរក្សាភ្នែក របស់ខ្លួនឯងដើម្បីទំនាក់ទំនងវៀតណាម - ឡាវ នឹងមានស្ថិរភាពជារៀងរហូត រឹងមាំជាងភ្នំ ជាងទន្លេ ដូចប្រសាសន៍របស់លោកប្រធាន Kaysone Phomvihane” ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះវៀតណាមនិងឡាវបានសហការយ៉ាងជិតស្និទ្ធប្រកបដោយប្រសិទ្ធភាព និងគាំទ្រគ្នាទៅវិញទៅមកក្នុងគ្រប់បញ្ហាអន្តរជាតិ និងក្នុងតំបន់ដោយរួមចំណែករក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ក្នុងតំបន់ និងនៅលើពិភពលោក។ ប្រទេសវៀតណាមបន្តរក្សាការធ្វើចំណាត់ថ្នាក់ជាវិនិយោគិនបរទេសធំលំដាប់ទី ៣ នៅប្រទេសឡាវដោយមាន ៤១១ គម្រោងដែលមានដើមទុនចុះបញ្ជីសរុបជាង ៤ ពាន់លានដុល្លារអាមេរិក។ វៀតណាមតែងតែ យកចិត្តទុកដាក់ដល់ឡាវ។ សំណង់ជាច្រើនត្រូវបានវិនិយោគដោយរដ្ឋាភិបាលវៀតណាមដោយមានដើមទុនអាទិភាព។ ថ្មីៗនេះអគាររដ្ឋសភាជាតិឡាវថ្មីគឺជាអំណោយដ៏មានអត្ថន័យរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាមជូនចំពោះបក្ស រដ្ឋ និងប្រជាជនឡាវ។

ភាគីទាំងពីរក៏បានយកចិត្តទុកដាក់ជាពិសេសក្នុងការលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាលការអភិវឌ្ឍន៍ធនធានមនុស្ស ដឹកជញ្ជូនវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា…ភាគីទាំងពីរក៏បានសហការគ្នាប្រកបដោយប្រសិទ្ធភាពក្នុងការអនុវត្តនូវរាល់ពិធីសារនិងផែនការការពារជាតិនិងសន្តិសុខ ...

មានសេចក្តីសន្និដ្ឋានបញ្ចប់សិក្ខាសាលានេះលោកឧត្តមសេនីយ៍ត្រី Pham Van Huan អគ្គនិពន្ធនាយកការសែតកងទ័ពប្រជាជនវៀតណាមបានអះអាងថា៖ ដោយមានការទទួលខុសត្រូវ សុឆន្ទៈ អង្គសិក្ខាសាលាបានបញ្ជាក់យ៉ាងច្បាស់លាស់អំពីភាពស្មោះត្រង់ គោលបំណងក្នុងការកសាងចំណងមិត្តភាពដ៏អស្ចារ្យ សាមគ្គីភាពពិសេសរវាងវៀតណាមនិងឡាវ។ សមិទ្ធិផលនៃការកៀកស្មាគ្នាប្រយុទ្ធ និងរីកចម្រើនរហូតក្នុងរយៈពេល ៧០ ឆ្នាំ ជាថ្មីម្តងទៀតបានបញ្ជាក់ពីទំនាក់ទំនងពិសេសរបស់វៀតណាម - ឡាវ។ រយៈពេល ៧០ ឆ្នាំនៃប្រវត្តិសាស្ត្រ ចំណងមិត្តភាព និងសាមគ្គីភាពរវាងវៀតណាមនិងឡាវនៅតែជ្រៅ ជាងទន្លេហុងហា និងមេគង្គ។ មនោសញ្ចេតនានេះ ត្រូវបានថែរក្សាដោយជំនាន់ក្រោយៗនៃប្រទេសទាំងពីរជារៀងរហូត៕

(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: kh.qdnd.vn)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ