Trending now

នគរបាលវៀតណាមនិងកម្ពុជា បើកកិច្ចប្រជុំបូកសរុបលទ្ធផលសហប្រតិបត្តិការបង្ការ ទប់ស្កាត់ ប្រឆាំងគ្រឿងញៀនឆ្នាំ២០១៩

19:54 | 03/10/2019

មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានរៀបចំកិច្ចប្រជុំលើកទី២ ដើម្បីបូកសរុបលទ្ធផលសហប្រតិបត្តិការ តស៊ូ បង្ការ ទប់ស្កាត់ប្រឆាំងគ្រឿងញៀនឆ្នាំ២០១៩ និងទិសដៅសហប្រតិបត្តិការឆ្នាំ ២០២០ ជាមួយនាយកដ្ឋានតម្រួតស្រាវជ្រាវបទល្មើសគ្រឿងញៀន ក្រសួងនគរបាលនៃសាធារណរដ្ឋសង្គមនិយម វៀតណាម និងនាយកដ្ឋានបង្ការប្រឆាំងគ្រឿងញៀន និងបទល្មើស បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ពិធីនេះដែរបានរៀបចំឡើងនៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩នេះ នៅសណ្ឋាគារ Regency Angkor ខេត្តសៀមរាប ដោយគណៈប្រតិភូ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃនៃកម្ពុជា ដឹកនាំដោយនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងលោកឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃនៃកម្ពុជា ជាប្រធានប្រតិភូ រួមសមាជិក២៥រូបចូលរួម ។

គណៈប្រតិភូនាយកដ្ឋានតម្រួតស្រាវជ្រាវបទល្មើសគ្រឿងញៀន ក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ ផាម វ៉ាន់កាក ប្រធាននាយកដ្ឋាន ជាប្រធានប្រតិភូ រួមសមាជិក១២រូបចូលរួម។ គណៈប្រតិភូនាយកដ្ឋានបង្ការ ប្រឆាំងគ្រឿងញៀន និងបទល្មើស បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី ង៉ូ ថាយ យុង ប្រធាននាយកដ្ឋាន ជាប្រធានប្រតិភូ រួមសមាជិក១២រូបចូលរួម ។

ដោយមានការឯកភាពពីថ្នាក់ដឹកនាំ នៃភាគីទាំងបី ក្នុងគោលបំណងបង្កើនចំណងសាមគ្គីភាព មិត្តភាព សហប្រតិបត្តិការល្អឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ក្នុងការតស៊ូ បង្ការ ទប់ស្កាត់ និងប្រឆាំងបទល្មើសគ្រឿងញៀន សំដៅថែរក្សាស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់ រួមចំណែកលើកស្ទួយការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់ប្រទេសទាំងពីរ ភាគីទាំង៣ បានឯកភាពគ្នាក្នុងរបៀបវរៈចំនួន៦ ដូចជា៖

* ទី១៖ ភាគីទាំងបី បន្តដំណើរការ «ផែនការចំណុចខ្ពស់ អំពីការងារផ្សព្វផ្សាយវាយលុក បង្រ្កាបបទល្មើសគ្រឿងញៀន តាមបណ្តោយព្រំដែនកម្ពុជា- វៀតណាម» និងការបង្កើតនូវយន្តការសម្រាប់ទំនាក់ទំនងទាន់ហេតុការណ៍ ដើម្បីផ្លាស់ប្តូរព័ត៌មាន សហការចាត់វិធានការ បង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀនទាន់ពេលវេលា។

* ទី២៖ ភាគីទាំងបីអាចបង្កើតគណៈបញ្ជាការករណី (ក្នុងករណីចាំបាច់) ដើម្បីសហការតាមស្វែងរក និងចាប់ខ្លួនមេក្លោងបណ្តាញខ្សែរយៈ ដែលជាមេក្លោងកំពុងរត់គេចខ្លួន សំដៅធានាការបង្រ្កាបឲ្យដល់ប្ញសគល់។

* ទី៣៖ តាមបទបញ្ញតិ នៃច្បាប់របស់ប្រទេសនីមួយៗ និងតួនាទីភារកិច្ចរបស់ខ្លួន ភាគីទាំងបីសកម្មជ្រុំជ្រែងស៊ើបបញ្ជាក់ ផ្តល់បញ្ជីឈ្មោះ ផ្តល់ព័ត៌មានពីករណីមានការពាក់ព័ន្ធដល់ប្រទេសនីមួយៗ ព័ត៌មានអំពីបណ្តាមុខសញ្ញាក្នុងគណៈករណី ករណីគ្រឿងញៀន ឬស្វែងរកចាប់ខ្លួន ប្រគល់ទទួលមុខសញ្ញាប្រព្រឹត្តបទល្មើសគ្រឿងញៀន មុខសញ្ញាមានដីការតាមចាប់ខ្លួនរត់គេចឆ្លងព្រំដែន។ ក្នុងករណីមានការស្នើសុំជំនួយដើម្បីអនុវត្តរាល់សកម្មភាពស្រាវជ្រាវ ចាប់ឃាត់ខ្លួនមុខសញ្ញាប្រព្រឹត្តបទល្មើសគ្រឿងញៀន ភាគីដែលទទួលបានការស្នើ ត្រូវរួសរាន់រាយការណ៍បន្ទាន់ជូនថ្នាក់ដឹកនាំមានសមត្ថកិច្ច និងសហការជាមួយបណ្តាអង្គភាពពាក់ព័ន្ធ សំដៅអនុវត្តឱ្យមានប្រសិទ្ធភាពតាមកិច្ចព្រមព្រៀងសហប្រតិបត្តិការស្តីពី ការប្រយុទ្ធប្រឆាំងបទល្មើស ដែលប្រទេសទាំងពីរបានចុះហត្ថលេខា។

* ទី៤៖ បន្តអនុវត្តការប្រជុំពិភាក្សាជាប្រចាំតាមយន្តការដែលមានស្រាប់ រវាងការិយាល័យទំនាក់ទំនងព្រំដែន (BLO ) រវាងថ្នាក់ខេត្ត ថ្នាក់ស្រុកជាប់ព្រំដែន និងជំនួបវិសាមញ្ញនៅតាមគ្រប់ថ្នាក់ ជាពិសេសថ្នាក់មូលដ្ឋាន ដោយរក្សាទំនាក់ទំនងតាមប្រព័ន្ធទាន់ហេតុការណ៍ (Hot line) របស់បណ្តាអង្គភាពនៃភាគីទាំងបី សំដៅបង្កើនគុណភាពក្នុងការផ្លាស់ប្តូរសភាពការណ៍ ព័ត៌មាន ឯកសារស្តីពីសកម្មភាពឧក្រិដ្ឋជនគ្រឿងញៀន ពិសេសព័ត៌មានពីបណ្តាខ្សែបណ្តាញមុខសញ្ញាផលិត ជូញដូរ ដឹកជញ្ជូននូវសារធាតុញៀនខុសច្បាប់ មុខសញ្ញាមានដីកាស្វែងរកចាប់ខ្លួនពាក់ព័ន្ធបទល្មើសគ្រឿងញៀន លួចរត់គេចខ្លួនឆ្លងដែន និងសកម្មភាពដាំរុក្ខជាតិដែលមានផ្ទុកសារធាតុញៀន ដើម្បីបំរើឱ្យការងារបង្ការ តស៊ូ របស់កម្លាំងសមត្ថកិច្ចនៃភាគីទាំងបី។

* ទី៥៖ សហការផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន សំដៅលើកកំពស់ការយល់ដឹងអំពីច្បាប់របស់ប្រទេសនីមួយៗ អំពីផលវិបាក គ្រោះថ្នាក់ នៃគ្រឿងញៀន អំពីវិធីសាស្ដ្រ ល្បិចកលសកម្មភាពរបស់ពួកឧក្រិដ្ធជនគ្រឿងញៀន ជាពិសេសត្រូវជំរុញការងារនេះឱ្យដល់ថ្នាក់ភូមិ ឃុំ ស្រុកសំខាន់ៗ ដែលមានការជួញដូរ ដឹកជញ្ជូនសារធាតុញៀនខុសច្បាប់ឆ្លងកាត់ ដើម្បីឱ្យពួកគាត់មានការយល់ដឹងច្បាស់លាស់ និងចូលរួមសហការជាមួយកងកម្លាំងមានសមត្ថកិច្ច និងចូលរួមគាំទ្រនូវយុទ្ធនាការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀន ទន្ទឹមនឹងនោះមានផែនការកសាងភូមិសាស្ត្រទាំងនោះឱ្យក្លាយជាភូមិ ឃុំ ស្រុក ខេត្ត គ្មានបទល្មើស និងគ្រោះថ្នាក់ដោយសារគ្រឿងញៀន ។

* ទី៦៖ ភាគីទាំងបីបង្កើនកិច្ចសហការហ្វឹកហ្វឺនជំនាញ ដើម្បីលើកកំពស់ចំណេះដឹងដល់មន្ត្រីជំនាញ បង្ការ ប្រឆាំង បទល្មើសគ្រឿងញៀន និងចាត់តាំងបណ្តាប្រតិភូទៅធ្វើការសិក្សាស្រាវជ្រាវ ផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមក អំពីការងារបង្ការ និងតស៊ូប្រឆាំងបទល្មើសគ្រឿងញៀន ធ្វើការបូកសរុបលទ្ធផលបណ្តាគណៈករណី ករណីធំៗ ដែលភាគីទាំងបីសហការតស៊ូបង្ក្រាប ព្រមទាំងលើកសរសើរផ្តល់រង្វាន់ទាន់ពេលវេលា លើកទឹកចំពោះសមូហភាព បុគ្គល ដែលមានស្នាដៃឆ្នើមក្នុងកិច្ចសហការតស៊ូ បង្ការ ប្រឆាំងបទល្មើសគ្រឿងញៀន៕

(ប្រភព៖ FN)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម