Trending now

វៀតណាមនិងកម្ពុជាជួបពិភាក្សាអំពីវិធានការដើម្បីជំរុញទំនាក់ទំនងទ្វេភាគី

05:17 | 20/08/2019 (យោងតាម​៖ VGP បកប្រែដោយ ស្រី ព្រេជ)

យុគសម័យ - វៀតណាមនិងកម្ពុជានឹងពិភាក្សាពីវិធានការណ៍នានាដើម្បីជំរុញទំនាក់ទំនងទ្វេភាគីនៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំលើកទី ១៧ នៃគណៈកម្មាធិការចម្រុះវៀតណាម - កម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រនិងបច្ចេកទេស ដែលបានប្រារព្ធធ្វើឡើងនៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២១ ខែសីហា។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh និងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ប្រាក់ សុខុន បានជួបពិភាក្សាការងារនៅទីក្រុងហាណូយនាថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០១៨ (រូបថតៈ VGP)

ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅក្រោមសហអធិបតីរបស់ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស វៀតណាម Pham Binh Minh និងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ប្រាក់ សុខុន។

សូមរំលឹកថា ក្នុងរយៈពេលកន្លងមកនេះ ភាគីទាំងពីរបានផ្លាស់ប្តូរដំណើរទស្សនកិច្ចជាន់ខ្ពស់សំខាន់ៗជាច្រើន ក្នុងនោះមានដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅព្រះរាជាណាចក្រកម្ពុជារបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong ក្នុងអំឡុងពេលពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៦ ខែកុម្ភៈឆ្នាំ ២០១៩; ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់ប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែឧសភាឆ្នាំ ២០១៩ និងដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម របស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៧ ខែវិច្ឆិកាឆ្នាំ ២០១៨ ផងដែរ។ លើសពីនេះទៅទៀត នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរក៏តែងតែបានជួបពិភាក្សាគ្នានៅឯវេទិកាពហុភាគីនានា ដើម្បីជំរុញទំនាក់ទំនងទ្វេភាគី។

ទន្ទឹមជាមួយគ្នានោះ ភាគីទាំងពីរក៏បានរៀបចំសន្និសីទលើកទី ១០ ស្តីពីកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែននៅវៀតណាមចាប់ពីថ្ងៃទី ៩ដល់ថ្ងៃទី ១០ ខែមករា ឆ្នាំ ២០១៩; ពិធីអបអរសាទរខួបលើកទី ៤០ នៃជ័យជំនះនៃសង្គ្រាមការពារព្រំដែនភាគនិរតីវៀតណាម រួមជាមួយកងទ័ព ប្រជាជនកម្ពុជា បានឈ្នះរបបប្រល័យពូជសាសន៍ (ដែលប្រារព្ធធ្វើឡើងនៅទីក្រុងហាណូយនាថ្ងៃទី ៤ ខែមករាឆ្នាំ ២០១៩) រួមទាំងកិច្ចប្រជុំលើកទី ១៦ នៃគណៈកម្មាធិការចម្រុះវៀតណាម - កម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រនិងបច្ចេកទេស (នាខែឧសភា ឆ្នាំ២០១៨) ផងដែរ។

ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ ២០១៨ សម្រេចបាន ៤,៧ ពាន់លានដុល្លារអាមេរិក ពោលគឺកើនឡើង ២៤% បើប្រៀបធៀបនឹងឆ្នាំ ២០១៧ និងឈានដល់សម្រេចបាន ២,៧៤ ពាន់លានដុល្លារនៅពាក់កណ្តាលឆ្នាំ ២០១៩ តែម្តង។

ទាក់ទងនឹងការវិនិយោគ វៀតណាមមានគម្រោងវិនិយោគចំនួន ២១៤ គម្រោងដែលមានដើមទុនសរុប ៣,៣ ពាន់ លានដុល្លារអាមេរិក ដែលស្ថិតក្នុងចំណោមវិនិយោគិនធំៗ ទាំង ៥ នៅកម្ពុជា ខណៈដែលកម្ពុជាមានគម្រោង វិនិ យោគចំនួន ១៩ នៅវៀតណាម ដោយមានដើមទុនសរុប ៦៣,៤២ លានដុល្លារអាមេរិក។

ទាក់ទងនឹងវិស័យទេសចរណ៍ ចំនួនភ្ញៀវទេសចរវៀតណាមដែលទៅទស្សនាកម្ពុជាបានកើនឡើងដល់ ៨៣៥,០០០ នាក់ នៅឆ្នាំ ២០១៨ ដែលជាប់ចំណាត់ថ្នាក់ទី ២ អំពីចំនួនភ្ញៀវទេសចរអន្តរជាតិមកកម្ពុជា។

ក្រៅពីនោះ វៀតណាមបន្តផ្តល់ជំនួយឥតសំណងប្រចាំឆ្នាំដល់កម្ពុជា ដោយមានទឹកប្រាក់ ១៩៣ ពាន់លានដុងនៅឆ្នាំ ២០១៨ និង ២៣៥ ពាន់លានដុងនៅឆ្នាំ ២០១៩។ ក្រៅពីផ្តល់អាហារូបករណ៍មួយចំនួនធំមក វៀតណាមកំពុងអនុវត្តគម្រោងជំនួយបច្ចេកទេស លើកកម្ពស់សមត្ថភាព កសាងហេដ្ឋារចនាសម្ព័ន្ធដើម្បីជួយកម្ពុជាដូចជា អគាលេខាធិការដ្ឋានសភាកម្ពុជា (ចំណាយអស់ ២៥ លានដុល្លារអាមេរិក); មជ្ឈមណ្ឌលបន្សាបជាតិពុលដោយស្ម័គ្រចិត្តនៅខេត្តព្រះសីហនុ (ចំណាយអស់ ៣ លានដុល្លារអាមេរិក); វិទ្យាល័យនៅខេត្តមណ្ឌលគីរី និងផ្សារព្រំដែនគំរូនៅឃុំដាខេត្តត្បូងឃ្មុំ (កម្ពុជា) ជាដើម។

ស្តីពីស្ថានភាពសន្តិសុខនិងសណ្តាប់ធ្នាប់នៅតាមបណ្តោយខ្សែព្រំដែន គឺមានស្ថេរភាព ពោលគឺ ភាគីទាំងពីរបានរក្សាយន្តការយាមល្បាតរួម និងផ្លាស់ប្តូរព័ត៌មានឱ្យបានទាន់ពេលវេលាក៏ដូចជាសម្របសម្រួលក្នុងការដោះស្រាយករណីដែលកើតមានឡើង។

ម្យ៉ាងវិញទៀត កម្ពុជាតែងតែសហការយ៉ាងសកម្មជាមួយវៀតណាម ក្នុងការងារស្វែងរក ជិកគាស់និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមដែលពលីនៅកម្ពុជានាគ្រាសង្គ្រាម។ នៅឆ្នាំ ២០១៨ ភាគីទាំងពីរបានស្វែងរក ជិកគាស់និងធ្វើមាតុភូមិនិវត្តន៍បានអដ្ឋិធាតុចំនួន ៦៩០ ផងដែរ។

សូមជម្រាបថា កិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម ត្រូវបានរៀបចំឡើងជាទៀងទាត់ក្នុងគោលបំណង ធ្វើបច្ចុប្បន្នភាពវឌ្ឍនភាពកិច្ចសហប្រតិបត្តិការ និងរិះរកវិធី និងមធ្យោបាយនានា ដើម្បីពង្រីកថែមទៀតនូវវិសាលភាព និងប្រសិទ្ធិភាពនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ នៅក្នុងវិស័យនានា។ កិច្ចប្រជុំនេះ ក៏នឹងផ្តល់កាលានុវត្តភាពសម្រាប់ភាគីទាំងពីរ ធ្វើការផ្លាស់ប្តូរទស្សនៈគ្នាលើកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ ដែលមានផលប្រយោជន៍ទៅវិញទៅមកផងដែរ។

កិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាមលើកទី១៧ នឹងជួយលើកកម្ពស់ថែមទៀត នូវចំណងមិត្តភាពជាភាតរៈយូរអង្វែង និងភាពជាអ្នកជិតខាងល្អ រវាងប្រទេសទាំងពីរ ក៏ដូចជា រួមចំណែកដល់សន្តិភាព និងវិបុលភាពនៅក្នុងតំបន់ និងសកលលោក៕


(យោងតាម​៖ VGP បកប្រែដោយ ស្រី ព្រេជ)

(យោងតាម​៖ VGP បកប្រែដោយ ស្រី ព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់