Trending now

ពង្រឹងនូវចំណងមិត្តភាពជាប្រពៃណីនិងសាមគ្គីភាពពិសេសរវាងវៀតណាមនិងឡាវ

17:14 | 27/09/2019

យុគសម័យ - យោងតាមប្រេសិតពិសេសនៃទីភ្នាក់ងារសារព័ត៌មានវៀតណាម នាព្រឹកថ្ងៃទី ២៦ ខែកញ្ញា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានមកដល់ទីក្រុងវៀងច័ន្ទដោយចាប់ផ្តើមដំណើរទស្សនកិច្ចនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាឡាវ លោកស្រី Pany Yathotou។

ប្រធានរដ្ឋសភាឡាវលោក Pany Yathotou បានស្វាគមន៍ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan (រូបថត៖ TTXVN)

បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច នារសៀលថ្ងៃដដែល ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងប្រធានរដ្ឋសភាឡាវលោកស្រី Pany Yathotou បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាជួបពិភាក្សាការងារ។

ក្នុងជំនួបនេះ ប្រធានរដ្ឋសភាឡាវ លោកស្រី Pany Yathotou បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ដែលមកបំពេញទស្សនកិច្ចនៅប្រទេសឡាវ ព្រមទាំងបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ ពិតជាមានសារសំខាន់ខ្លាំងណាស់ ដែលនាំមកភាពកក់ក្តៅចំពោះរដ្ឋសភាឡាវ ដែលរួមចំណែក ពង្រីកនូវលទ្ធផលកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនិងសាមគ្គីភាពពិសេសរវាងបក្សទាំងពីររដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរនិយាយជារួមនិងរដ្ឋសភានៃប្រទេសទាំងពីរជាពិសេស។

អញ្ជើញជាការឆ្លើយតប ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានថ្លែងអំណរគុណចំពោះប្រធានរដ្ឋសភាឡាវ លោកស្រី Pany Yathotou ដែលបានអញ្ជើញលោកស្រី មកបំពេញទស្សនកិច្ចនៅប្រទេសឡាវលើកនេះ ព្រមទាំងបញ្ជាក់ថាដំណើរទស្សនកិច្ចលើកនេះ បានបង្ហាញនូវការប្តេជ្ញាចិត្តរបស់រដ្ឋសភាវៀតណាមក្នុងការរួមចំណែកពង្រឹងចំណងមិត្តភាពជាប្រពៃណី សាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឡាវនិយាយរួមនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការល្អនិងគ្រប់ជ្រុងជ្រោយរវាងអង្គនីតិបញ្ញត្តិនៃប្រទេសទាំងពីរនិយាយដោយឡែកផងដែរ។

ពិធីស្វាគមន៍ជាផ្លូវការនិងកិច្ចពិភាក្សារវាងប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan និងប្រធានរដ្ឋសភាឡាវលោកស្រី Pany Yathotou បានធ្វើឡើងនៅរសៀលថ្ងៃទី ២៦ ខែកញ្ញានៅទីស្នាក់ការរដ្ឋសភាឡាវ (រូបថត៖ TTXVN)

ក្នុងដំណើរទស្សនកិច្ចលើកនេះ ប្រធានរដ្ឋសភានៃប្រទេសទាំងពីរបានធ្វើជាសហប្រធាននៃសិក្ខាសាលា លើប្រធានបទចំនួន ២ គឺ គោលនយោបាយច្បាប់ស្តីពីការអប់រំវិជ្ជាជីវៈនិងការបង្កើតការងារ និងការសម្របសម្រួលដោះស្រាយពាក្យបណ្តឹងតវ៉ារបស់ពលរដ្ឋរវាងភ្នាក់ងាររដ្ឋសភានិងក្រសួង ស្ថាប័នពាក់ព័ន្ធ។ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan សង្ឃឹមថា បទពិសោធន៍របស់វៀតណាមនិងឡាវ អាចមានប្រយោជន៍សម្រាប់សកម្មភាពរបស់រដ្ឋសភាទាំងពីរជាពុំខាន។

នៅក្នុងកិច្ចពិភាក្សា ប្រធានរដ្ឋសភានៃរដ្ឋសភាទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរក្នុងរយៈពេលកន្លងមក ជាមួយនឹងសកម្មភាពកិច្ចសហប្រតិបត្តិការជាក់លាក់ រស់រវើកនិងស៊ីជម្រៅ ដែលបង្ហាញនូវទំនាក់ទំនងជិតស្និទ្ធកាន់តែខ្លាំងឡើងរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។

ជាពិសេស ខ្លឹមសារជាច្រើនដែលប្រធានរដ្ឋសភានៃប្រទេសទាំងពីរផ្លាស់ប្តូរនិងឯកភាពក្នុងដំណើរបំពេញទស្សនកិច្ចនៅ វៀតណាមនាខែមីនាឆ្នាំ ២០១៩ ដែលទទួលបានលទ្ធផលគួរអោយកត់សម្គាល់។ ពោលគឺ រដ្ឋសភានៃប្រទេសទាំងពីរបានជំរុញរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដោះស្រាយរាល់សំណើនានា ពីការឃ្លាំមើលរបស់គណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាទាំង ២ ស្តីពីការធ្វើចំណាកស្រុកដោយសេរីនិងការរៀបការដែលពុំមានលិខិតស្នាក់ស្នាម តាមតំបន់ព្រំដែននៃប្រទេសទាំងពីរ។

តាងនាមរដ្ឋសភាឡាវ ប្រធានរដ្ឋសភាលោកស្រី Pany Yathotou បានថ្លែងអំណរគុណចំពោះប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan និងថ្នាក់ដឹកនាំរដ្ឋសភានិងក្រុមប្រឹក្សាប្រជាជននៃខេត្ត ក្រុងមួយចំនួននៃប្រទេសវៀតណាម ដែលបានគាំទ្រ ជួយឧបត្ថម្ភនិងចែករំលែកនូវមេរៀនបទពិសោធន៍ដ៏មានតម្លៃ ក្នុងការពង្រឹងសមត្ថភាពនៃតំណាង រាស្ត្រនៃរដ្ឋសភា តំណាងរាស្ត្រនៃក្រុមប្រឹក្សាប្រជាជនខេត្ត ក៏ដូចជាជំរុញនិងបណ្តុះបណ្តាលបុគ្គលិកជំនាញដើម្បីជួយទីភ្នាក់ងារនៃរដ្ឋសភាឡាវនិងក្រុមប្រឹក្សាប្រជាជនខេត្តនានារបស់ឡាវផងដែរ។ សកម្មភាពទាំងអស់ដូចបានពោលខាងលើ បង្ហាញពីលក្ខណៈពិសេសក្នុងទំនាក់ទំនងរវាងវៀតណាមនិងឡាវ។ សកម្មភាពទាំងនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្រួបបង្រួមនិងបង្កើតមូលដ្ឋានគ្រឹះរឹងមាំសម្រាប់រដ្ឋសភានិងក្រុមប្រឹក្សាប្រជាជនខេត្ត ក្នុងការបំពេញភារកិច្ចនិងមុខងាររបស់ខ្លួន។

ប្រធានរដ្ឋសភា Nguyen Thi Kim Ngan ជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាឡាវលោកស្រី Pany Yathotou (រូបថត៖ TTXVN)

ប្រធានរដ្ឋសភាទាំង ២ រូបបានឯកភាព បន្តការងារផ្លាស់ប្តូរបទពិសោធន៍របស់រដ្ឋសភា ផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ពង្រឹងការសម្របសម្រួលនិងការពិនិត្យលើការអនុវត្តកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរ រួមចំណែកដល់ការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគទ្វេភាគី ក៏ដូចជា ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរនិងក្រុមប្រឹក្សាប្រជាជនថ្នាក់ខេត្តនៃប្រទេសទាំងពីរផងដែរ។

ក្នុងឱកាសនេះ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានថ្លែងអំណរគុណចំពោះប្រទេសឡាវដែលបានគាំទ្រវៀតណាមឈរឈ្មោះជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១។ វៀតណាមសង្ឃឹមថាប្រទេសឡាវនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធនិងគាំទ្រដល់វៀតណាមក្នុងតួនាទីជាតួនាទីជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងជាប្រធានអន្តរសភានៃប្រជាជាតិអាស៊ីអាគ្នេយ៍ (AIPA) នៅឆ្នាំ ២០២០ រួមទាំងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធនៅវេទិកាសភាតំបន់និងអន្តរជាតិដូចជា៖ AIPA, មហាសន្និបាតសហភាពសភាពិភពលោក (IPU) វេទិកាប្រជាជនអាស៊ាន (APF), វេទិកាអន្តរសភាអាស៊ី - ប៉ាស៊ីហ្វិក (APPF) ជាដើម។

ប្រធានរដ្ឋសភាឡាវ លោកស្រី Pany Yathotou បានអបអរសាទរចំពោះប្រទេសវៀតណាមដែលបានក្លាយជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិហើយនឹងកាន់តួនាទីជាប្រធានអាស៊ាននិងប្រធាន AIPA នៅឆ្នាំ ២០២០ ក៏ដូចជាសម្តែងនូវជំនឿថា វៀតណាមនឹងទទួលបានជោគជ័យនូវតួនាទីសំខាន់ៗទាំងអស់នេះ៕

ប្រធានរដ្ឋសភាលោកស្រី Pany Yathotou បានថ្លែងអំណរគុណចំពោះសេចក្តីអញ្ជើញប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan និងបានមានប្រសាសន៍ថា លោកស្រីនឹងដឹកនាំគណៈប្រតិភូរដ្ឋសភាឡាវចូលរួមមហាសន្និបាត AIPA ៤១ រៀបចំឡើងដោយរដ្ឋសភាវៀតណាមនៅទីក្រុងហាឡុងនៅឆ្នាំ ២០២០ ផងដែរ។

ពិភាក្សាអំពីស្ថានភាពនៅសមុទ្រខាងកើត ថ្នាក់ដឹកនាំទាំងពីរបានឯកភាពលើទស្សនៈដែលថា ចាំបាច់ត្រូវរក្សានិងការពារសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍នៅតំបន់សមុទ្រខាងកើត, ដោះស្រាយជំលោះនៅសមុទ្រខាងកើតដោយសន្តិវិធី ស្របតាមច្បាប់អន្ដរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២, អនុវត្តយ៉ាងពេញលេញនិងប្រកបដោយប្រសិទ្ធភាពនូវ “សេចក្តីថ្លែងការណ៍ស្តីពីការប្រព្រឹត្តិរបស់ភាគីនានានៅសមុទ្រខាងកើត” (DOC) និងរួមជាមួយបណ្តាប្រទេសអាស៊ានដើម្បីជំរុញដំណើរការនៃការកសាង “ក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត” (COC) ) ដើម្បីប្រយោជន៍រួមនៃតំបន់អាស៊ាននិងសន្តិភាពនិងស្ថេរភាពនៅលើពិភព លោក៕

(បកប្រែដោយស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់