Trending now

ពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិសន្តិសុខនៅតាមតំបន់ព្រំដែនវៀតណាម - កម្ពុជា

11:28 | 02/11/2020 (តាម​ kh.qdnd.vn)

នាថ្ងៃទី ២៨ និង ២៩ ខែតុលា នៅច្រកទ្វារព្រំដែនអន្តរជាតិ Moc Bai ខេត្ត Tay Ninh បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាមបានជួបពិភាក្សាការងារជាមួយកងកំលាំងការពារព្រំដែននៃកងយោធពលខេមរភូមិន្ទ និងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងបរិយាកាសសាមគ្គីភាព និងមិត្តភាព ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម និងតំណាងកងកម្លាំងការពារព្រំដែននៃកងយោធពលខេមរភូមិន្ទ និងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជាបានបង្ហាញនូវបំណងចង់បន្តជម្រុញទំនាក់ទំនង កិច្ចសហប្រតិបត្តិការឲ្យកាន់តែរីក​ចម្រើន​ថែម​ទៀត រួមចំណែកក្នុងការថែរក្សា និងពូនជ្រំទំនាក់ទំនង “អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិតស្ថិរចីរកាល”។ ការសែត​កង​ទ័ព​ប្រជាជន​មានកិត្តិយសសូម​ផ្សាយជូន​សេចក្តីថ្លែងការណ៍ជាសង្ខេប​របស់បណ្តា​ប្រធាន​គ​ណៈ​​ប្រតិភូនៅឯកិច្ចប្រជុំដូចតទៅ៖

លោក​ឧត្តមសេនីយ៍ត្រី Le Duc Thai មេបញ្ជាការកងទ័ពការពារព្រំដែនវៀតណាម (រូប​ថត៖ bienphong.com.vn)

លោក​ឧត្តមសេនីយ៍ត្រី Le Duc Thai មេបញ្ជាការកងទ័ពការពារព្រំដែនវៀតណាម ៖ ក្នុងរយៈពេលកន្លងមក បណ្តាខ្លឹមសារនៃកិច្ចសហប្រតិបត្តិការការពារជាតិសន្តិសុខនៅតាមតំបន់ព្រំដែនរវាងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន​វៀត​ណាម និងកំលាំងការពារព្រំដែនកម្ពុជានៅតែបន្តអនុវត្តប្រកបដោយប្រសិទ្ធភាព រួមចំណែកកសាងព្រំដែនវៀតណាម - កម្ពុជា ជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការ​អភិវឌ្ឍឥតឈប់ឈរ ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋកម្មគ្រប់ប្រភេទ។

ចាប់ពីឆ្នាំ ២០១៩ រហូតមកទល់បច្ចុប្បន្ននេះ ភាគីទាំងពីរបានសហការគ្នាផ្លាស់ប្តូរព័ត៌មានចាប់ខ្លួនមុខសញ្ញាចំនួន ៣៦ នាក់ រឹបអូសគ្រឿងញៀនបាន ៩៥ គីឡូក្រាម និងវត្ថុតាងជាច្រើនទៀត ... ក្នុងឆ្នាំ ២០២០ ទោះបីរងផលប៉ះពាល់ដោយសារការរាលដាលនៃជំងឺកូវី១៩ ក៏ដោយ ប៉ុន្តែភាគីទាំងពីរនៅតែបន្តអនុវត្តការយាមល្បាតរួមគ្នា ការពារព្រំដែន រក្សាសន្តិសុខ និងសណ្តាប់ធ្នាប់នៅសងខាងព្រំដែន ព្រមទាំងសហការគ្នាបំពេញបែបបទចេញចូលសម្រាប់អ្នកដំណើរជាង ១ លានលើក និងមធ្យោបាយជិត ៤ ម៉ឺនលើក។ កងទ័ពការពារព្រំដែនវៀតណាមបានផ្តល់ថវិកាជាង ១២ ពាន់លានដុង ជូនកងកម្លាំងការពារព្រំដែននៃប្រទេសកម្ពុជា ដើម្បីបង្ការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ព្រមទាំងសហការគ្នាយ៉ាងល្អក្នុងការស្វែងរកជួយសង្គ្រោះនៅតាមតំបន់ព្រំដែន។

នាពេលខាងមុខ ស្ថានភាពនៅតាមតំបន់ព្រំដែនត្រូវបានព្យាករណ៍ថានៅតែមានភាពស្មុគស្មាញ ដូច្នេះភាគីទាំងពីរបានឯកភាពគ្នាលើខ្លឹមសារមួយចំនួនដែលត្រូវ​សម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធដូចជា៖ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងការពារព្រំដែន ការត្រួតពិនិត្យនៅច្រកព្រំដែន និងការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់នៅតាម​តំបន់ព្រំដែន។ភាគីទាំងពីរត្រូវ​បន្តចែករំលែកព័ត៌មានពាក់​ព័ន្ធនឹងការឆ្លងដែន ការនាំចេញនាំចូល និងសកម្មភាពនៃឧក្រិដ្ឋកម្មគ្រប់ប្រភេទ ជាពិសេសឧក្រិដ្ឋកម្មភេរវកម្ម គ្រឿងញៀន ការរត់ពន្ធ ការបន្លំពាណិជ្ជកម្ម និងការជួញដូរមនុស្សនៅតាមតំបន់ព្រំដែន។ បន្តសហការយ៉ាងសកម្មក្នុងការដោះស្រាយករណីកើតឡើងជាយថាហេតុឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពក្នុងស្មារតីគោរពឯករាជ្យ អធិបតេយ្យ ស្របតាមច្បាប់នៃប្រទេសនីមួយៗ និងច្បាប់​អន្តរជាតិ ...

លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃកម្ពុជា (រូប​ថត៖ bienphong.com.vn)

លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា៖ កងទ័ពប្រជាជនវៀតណាម និងកងកម្លាំងប្រដាប់អាវុធកម្ពុជានិយាយរួម បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន វៀតណាម និងអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា និយាយដោយឡែកមានកិច្ចសហប្រតិបត្តិការមិត្តភាពជាប្រពៃណី។ ភាគីទាំងពីរជានិច្ចកាលរក្សាកិច្ចសហប្រតិបត្តិការជាប្រចាំក្នុងការអនុវត្តភារកិច្ចគ្រប់គ្រងព្រំដែន រក្សាសន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមតំបន់ព្រំដែន ដែលវា​ត្រូវបានបង្ហាញយ៉ាងច្បាស់តាមយៈលទ្ធផលវិជ្ជមានដែលភាគីទាំងពីរសម្រេចបាននាពេលកន្លងមក។ ភាគីទាំងពីរបានអនុវត្តល្អ​ការគ្រប់គ្រង និងត្រួតពិនិត្យសកម្មភាពឆ្លងដែន និងការនាំចេញនាំចូលនៅតាមច្រកព្រំដែនអន្តរជាតិ។

ចាប់ពីដើមឆ្នាំ ២០២០ រហូតមកទល់បច្ចុប្បន្ននេះ ភាគីទាំងពីរបានសហការគ្នាបំពេញបែបបទចេញចូលសម្រាប់ភ្ញៀវចំនួន ១,០១៧,៨៧២ លើក និងមធ្យោបាយ ៣៨,៥៨៥ លើក​ រួម​ទាំង​ទំនិញរាប់ពាន់តោនទៀត​ផង។ ភាគីទាំងពីរបានផ្តល់យោបល់ជូនថ្នាក់ដឹកនាំអំពីការដំឡើងច្រកទ្វារព្រំដែនតំបន់ Tan Nam ខេត្ត Tay Ninh ប្រទេសវៀតណាម - ម៉ឺនជ័យ ខេត្តព្រៃវែង និងច្រកទ្វារព្រំដែនទ្វេភាគី Khanh Binh ខេត្ត An Giang វៀតណាម - ជ្រៃធំ ខេត្តកណ្តាល ទៅជាច្រកទ្វារព្រំដែនអន្តរជាតិ ក៏ដូចជាសម្ពោធ និងដាក់ឱ្យប្រើប្រាស់នូវផ្សារគំរូព្រំដែនមួយនៅឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ភាគីទាំងពីរបានអនុវត្តយ៉ាងសកម្មនូវកិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនតាមផ្លូវគោក កិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនតាមផ្លូវទឹករវាងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងរាជរដ្ឋាភិបាលនៃព្រះ​រាជា​ណាច​ក្រ​កម្ពុជា បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍពាណិជ្ជកម្ម និងទេសចរណ៍នៅតំបន់ព្រំដែន និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសរៀងៗខ្លួន។

លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស៖ ដោយឈរលើមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការមិត្តភាពជាប្រពៃណី​រវាងភាគីទាំងពីរក្នុងរយៈពេលកន្លងមក បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសនៃព្រះរាជាណាចក្រកម្ពុជាបានបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវការការពារព្រំដែន រក្សាសន្តិសុខនយោបាយសណ្តាប់ធ្នាប់ និងសុវត្ថិភាពនៅតំបន់ព្រំដែន។ ជាពិសេស ភាគីទាំងពីរបានសហការ​គ្នាធានាសន្តិសុខ និងសុវត្ថិភាពសម្រាប់ការរៀបចំពិធីរំលឹកខួបលើកទី៤៣ នៃទិវាចងចាំនៃដំណើរឆ្ពោះទៅការរំដោះជាតិរបស់សម្ដេចតេជោ ហ៊ុន សែន នៅស្រុក Loc Ninh ខេត្ត Binh Phuoc។

បច្ចុប្បន្ននេះ នៅតាមព្រំដែននៃប្រទេសទាំងពីរនៅមានកត្តាមួយចំនួនដែលអាចប៉ះពាល់ដល់ស្ថិរភាព សន្តិសុខ នយោបាយរបស់ភាគីទាំងពីរមានដូចជា៖ ការជួញដូរ និងដឹកជញ្ជូនគ្រឿងញៀនទ្រង់ទ្រាយធំមានការវិវឌ្ឍន៍ថ្មី និងកាន់​តែ​ស្មុគស្មាញ​ ហើយនៅមានជនជាតិភាគតិចមួយចំនួននៅតំបន់ Tay Nguyen នៃប្រទេសវៀតណាមឆ្លងដែនខុសច្បាប់សម្រាប់ទៅប្រទេសទីបី។ ដើម្បីឱ្យកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងការពារព្រំដែននៃប្រទេសទាំងពីរកាន់តែមានភាពស៊ីជម្រៅ និងមានប្រសិទ្ធភាពនោះ ភាគីទាំងពីរត្រូវផ្លាស់ប្តូរព័ត៌មាន និងស្ថានភាពនៅតាមព្រំដែន សហ​កា​រគ្នា​យ៉ាងជិតស្និទ្ធក្នុងការថែរក្សាសន្តិសុខនយោបាយសណ្តាប់ធ្នាប់ និងសុវត្ថិភាព ធ្វើការស៊ើបអង្កេត និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រប់ប្រភេទ ជាពិសេសឧក្រិដ្ឋកម្មដែលទាក់ទងនឹងភេរវកម្ម គ្រឿងញៀន ការជួញដូរមនុស្ស ព្រមទាំង​​ទប់ស្កាត់ការឆ្លងដែនខុសច្បាប់ និងបណ្តាកត្តា​ដែល​ទាក់​ទង​នឹង​សន្តិសុខមិនមែនប្រពៃណី។ លើសពីនេះទៅទៀត​ ភាគីទាំង​ពីរ​ត្រូវ​បន្តសហការគ្នាក្នុងការស្វែងរក និងជួយសង្គ្រោះនៅតាមតំបន់ព្រំដែន ទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និងការធ្វើអាជីវកម្មផលិតផលព្រៃឈើខុសច្បាប់នៅតាមតំបន់ព្រំដែននៃប្រទេសទាំងពី រួមចំណែកក្នុងការកសាងព្រំដែនវៀតណាម - កម្ពុជាប្រកបដោយសន្តិភាព ស្ថិរភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។

លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស (រូប​ថត៖ bienphong.com.vn)

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា៖ នៅឆ្នាំ ២០២០ ដោយអនុវត្តតាមកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរវៀតណាម - កម្ពុជា នោះ ខ្លឹមសារទាំងឡាយនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរត្រូវ​បានអនុវត្តប្រកបដោយប្រសិទ្ធភាព ជាពិសេសកិច្ចសហប្រតិបត្តិការការពារព្រំដែន។ នេះជាចំណុចភ្លឺក្នុងទំនាក់ទំនងការទូតទ្វេភាគី។ ជាពិសេសនៅថ្ងៃទី ១ ខែសីហា ឆ្នាំ២០២០ នៅច្រកទ្វារអន្តរជាតិ Moc Bai ខេត្ត Tay Ninh គណៈប្រតិភូការទូត នៃប្រទេសទាំងពីរបានរៀបចំពិធីប្រគល់ផែនទីឋានលេខាព្រំដែនគោកខ្នាត ១/២៥០០០ រវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និងព្រះរាជាណាចក្រកម្ពុជា។

នេះជាព្រឹត្តិការណ៍នយោបាយពិសេសដែលបង្ហាញពីទំនុកចិត្តនយោបាយ និងការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំនៃប្រទេស​ទាំងពីរក្នុងការជំរុញឲ្យសម្រេចបានការ​បោះបង្គោលខ័ណ្ឌសីមាព្រំដែនតាមការកំណត់ ឆ្លើយតបនឹងការរំពឹងទុករបស់ប្រជាជននៃប្រទេសទាំងពីរ ហើយវា​ជាមូលដ្ឋានដ៏សំខាន់មួយសម្រាប់ការរៀបចំពិធីផ្លាស់ប្តូរឯកសារដែលផ្តល់សច្ចាប័នលើសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ និង​ពិធីសារនៃការបោះបង្គោលខ័ណ្ឌសីមាព្រំដែនគោករវាងប្រទេសទាំងពីរដែលបានចុះហត្ថលេខានៅថ្ងៃទី ៥ ខែតុលា ឆ្នាំ​២០១៩ ។

យើងមានមោទនភាពចំពោះសមិទ្ធិផលពោលខាងលើដោយមានការចូលរួមវិភាគទានយ៉ាងច្រើនពីសំណាក់កម្លាំងការពារព្រំដែននៃភាគីទាំងពីរតាមរយៈ​កិច្ចសហប្រតិត្តិការរគ្រប់គ្រងការពារព្រំដែន រក្សាសន្តិសុខសណ្តាប់ធ្នាប់ និងកសាងព្រំដែននៃប្រទេសទាំងពីរទៅជាព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ខ្ញុំវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចប្រជុំចង្អៀតថ្ងៃនេះ ហើយខ្ញុំជឿជាក់ថា ភាគីទាំងពីរនឹងបន្តសហការគ្នាធ្វើការបានល្អថែមទៀត ដើម្បីជម្រុញឲ្យទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម និងបញ្ជាការដ្ឋានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទមានការអភិវឌ្ឍកាន់តែរីកចម្រើនថែមទៀត៕

(តាម​ kh.qdnd.vn)

(តាម​ kh.qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ