Trending now

ផែនទីខ្នាត ១/២៥ ០០០ បង្ហាញកាន់តែជាក់លាក់ពីស្ថានភាពព្រំដែនកម្ពុជា-វៀតណាម

09:51 | 04/08/2020

ផែនទីព្រំដែនកម្ពុជា និងវៀតណាម មាត្រដ្ឋាន ឬខ្នាត ១/២៥ ០០០ ត្រូវបានបោះពុម្ពរួចរាល់ ហើយប្រទេសទាំងពីរបានយកទៅរក្សាទុករៀងៗខ្លួនកាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០កន្លងទៅនេះ។ ផែនទីខ្នាត ១/២៥ ០០០ ជាខ្នាតមួយនៅលើផែនទី ដែលអាចឱ្យគេកំណត់ និងមើលទីតាំងព្រំដែនរវាងប្រទេសទាំងពីរបានច្បាស់លាស់ជាង ផែនទីខ្នាត ១/១០០ ០០០ ឬផែនទីខ្នាត ១/៥០ ០០០ ដែលកម្ពុជាធ្លាប់មាននាពេលកន្លងមកនោះ។

ផែនទីខ្នាត ១/២៥ ០០០ បង្ហាញកាន់តែជាក់លាក់ពីស្ថានភាពព្រំដែនកម្ពុជា-វៀតណាម។

លោកស្រី កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្រ្តៃយ៍នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន បានបញ្ជាក់ឱ្យដឹងថា ផែនទីព្រំដែនខ្នាត ១/២៥ ០០០ ត្រូវបានរៀបចំឡើងដោយគណៈគម្មការព្រំដែនកម្ពុជា និងវៀតណាម ដោយយោងតាមផែនទីបោនខាង ១/១០០ ០០០ បន្សល់ទុកពីសម័យអាណានិគមបារាំង ហើយត្រូវបានបោះពុម្ពដោយក្រុមហ៊ុននៅប្រទេសដាណឺម៉ាក។

បើតាមលោកស្រី កុយ ពិសី ផែនទីមាត្រដ្ឋាន ១/២៥ ០០០នេះ ជាផែនទីបង្ហាញព្រំសីមារវាងកម្ពុជា និងវៀតណាម ដែលបានព្រមព្រៀងគ្នារួចរាល់ប្រមាណ ៨៤ភាគរយនោះ។

លោកស្រី ក៏បានពន្យល់ពីភាពខុសគ្នារវាងផែនទីខ្នាត ១/១០០ ០០០ និងខ្នាត ១/២៥ ០០០ នេះផងដែរ។ លោកស្រី កុយ ពិសី បានអះអាងថា ខ្នាត ១/២៥ ០០០ គ្រាន់តែជាខ្នាតថ្មីមួយដែលត្រូវបានពង្រីកមាត្រដ្ឋានលើផែនទីឱ្យកាន់តែធំងាយស្រួលមើល និងមានការបញ្ជាក់កាន់តែច្បាស់លាស់លើស្ថានភាពព្រំដែនជាក់ស្តែងលើដី នៅក្នុងផែនទីនេះ។ រីឯផែនទីបោនខ្នាត ១/១០០ ០០០ គឺមានតែខ្សែព្រំដែន ហើយមិនមានអ្វីបង្ហាញជាក់លាក់ច្រើន ដែលនាំឱ្យមានការលំបាកក្នុងការពិនិត្យ និងផ្ទៀតផ្ទាត់។

ផែនទីខ្នាត ១/២៥ ០០០នេះ ត្រូវបានបោះពុម្ព ៥០០ច្បាប់ដើម ក្នុងនោះភាសាខ្មែរ-វៀតណាម ចំនួន ២៥០ច្បាប់ និងភាសាវៀតណាម-ខ្មែរចំនួន ២៥០ច្បាប់ ដែលបានចងជាអាល់ប៊ុម (album) បានល្អ ត្រូវតាមបទដ្ឋានបច្ចេកទេស ដើម្បីទុកប្រើប្រាស់ក្នុងប្រទេសរៀងៗខ្លួនតទៅ។

សូមបញ្ជាក់ថា កម្ពុជា-វៀតណាម មានព្រំដែនគោកជាមួយគ្នាប្រវែង ១,២៧០គីឡូម៉ែត្រ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្ត្រីវៀតណាម កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ បានចុះហត្ថលេខាទទួលស្គាល់បង្គោលព្រំដែនប្រទេសទាំងពីរដែលសម្រេចបានចំនួន ៨៤ភាគរយ។ ការចុះហត្ថលេខាទទួលស្គាល់បង្គោលព្រំដែននៃប្រទេសទាំងពីរ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់កម្ពុជា និងវៀតណាម។

ដោយឡែកបញ្ហាព្រំដែន ដែលនៅសេសសល់ ភាគីទាំងពីរក៏បន្តប្ដេជ្ញាចិត្តដោះស្រាយ និងបោះបង្គោលព្រំដែនខណ្ឌសីមា ឱ្យបានចប់សព្វគ្រប់ផងដែរ៕

(ប្រភពព័ត៌មាន: FreshNews)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ