Trending now

ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម និងទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាត Covid-19 ប្រកបដោយប្រសិទ្ធភាព

15:28 | 10/11/2020

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ដោយមានការសម្របសម្រួលយ៉ាងជិតស្និទ្ធ កម្លាំងមានសមត្ថកិច្ចរបស់វៀតណាម និងកម្ពុជាបានប្រយុទ្ធប្រឆាំងប្រកបដោយប្រសិទ្ធិភាពនឹងឧក្រិដ្ឋកម្មគ្រប់ប្រភេទ បង្ការទប់ស្កាត់ជំងឺរាតត្បាត ទប់ស្កាត់ការឆ្លងដែនខុសច្បាប់ កាត់បន្ថយការរត់ពន្ធ និងការក្លែងបន្លំពាណិជ្ជកម្ម រួមចំណែកដល់ការធានាសន្តិសុខ សណ្តាប់ធ្នាប់នៅតាមតំបន់ព្រំដែន ជួយឱ្យប្រជាជនរស់នៅមានស្ថិរភាព ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកាន់តែរីកចម្រើនថែមទៀត។

កងទ័ពការពារព្រំដែននៅច្រកទ្វារព្រំដែន Vinh Hoi Dong ខេត្ត An Giang បានចាប់ខ្លួនជនល្មើសឈ្មោះ Phan Van Linh Vuong ជាមុខសញ្ញាជួញដូរគ្រឿងញៀនពីកម្ពុជាទៅវៀតណាម (នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២០)

ត្រួតពិនិត្យព្រំដែនយ៉ាងតឹងរឹងដើម្បីបង្ការ​ទប់ស្កាត់​ការរីករាលដាលនៃ Covid-19

ចាប់តាំងពីដើមឆ្នាំ ២០២០ ប្រឈមមុខនឹងការរីករាលដាលយ៉ាងស្មុគស្មាញនៃជំងឺរាតត្បាត Covid-19 នៅក្នុងប្រទេស និងនៅលើពិភពលោក ដោយអនុវត្តតាមបទបញ្ជារបស់រដ្ឋាភិបាល និងក្រសួងការពារប្រទេស កងកម្លាំងការពារព្រំដែននៅទូទាំងប្រទេសនិយាយរួម និងកងកម្លាំងការពារព្រំដែននៃបណ្តាខេត្តនៅតាមខ្សែព្រំដែននិរតីនៃប្រទេសវៀតណាមនិយាយដោយ​ឡែក​បានអនុវត្តវិធានការរឹតបន្តឹងព្រំដែន ហើយសម្របសម្រួលជាមួយកម្លាំងការពារព្រំដែននៃប្រទេសជិតខាងដើម្បីបង្កើនការគ្រប់គ្រងព្រំដែន​ រៀបចំការយាមល្បាត ត្រួតពិនិត្យយ៉ាងតឹងរឹងការឆ្លងដែនដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាត។

ក្នុងរយៈពេលកន្លងមក យើងខ្ញុំបានមកដល់តំបន់ព្រំដែននៃខេត្ត An Giang, Dong Thap, Kien Giang, Long An, Tay Ninh, Binh Phuoc ដើម្បីស្វែង​យល់​ពីសកម្មភាពរបស់បណ្តាអង្គភាពក្នុងការគ្រប់គ្រងព្រំដែន បង្ការទប់ស្កាត់ជំងឺរាតត្បាត Covid-19 ។ កងកម្លាំងការពារព្រំដែននៅតាមបណ្តាមូលដ្ឋានបានចាត់ចែងកងកម្លាំងយាមល្បាត រៀបចំការបែងចែក អនុវត្តការរាយការណ៍ពីស្ថានភាពសុខភាពសម្រាប់អ្នកដំណើរចេញចូលព្រំដែន សហការជាមួយអាជ្ញាធរមូលដ្ឋានរៀបចំការយកអ្នកដំណើរទៅកន្លែងដាក់ឲ្យនៅដាច់ដោយឡែកប្រកបដោយសុវត្ថិភាព និងហ្មត់ចត់។ ប៉ុស្តិ៍ការពារព្រំដែនអន្តរជាតិ Moc Bai (ខេត្ត Tay Ninh) បានបង្កើតទីស្នាក់ការបង្កាទប់ស្កាត់ជំងឺរាតត្បាត Covid-19 ចំនួន ២១ កន្លែងនៅតាមខ្សែបន្ទាត់ព្រំដែន ចាត់ចែងកម្លាំងយាមល្បាត ២៤/២៤ ម៉ោង ដើម្បីទប់ស្កាត់ការឆ្លងដែនខុសច្បាប់ រៀបចំការផ្សព្វផ្សាយឃោសនាជូនប្រជាជននៅក្នុង​តំបន់ ហើយ​ស្នើឲ្យប្រជាជនជាង ២០០ គ្រួសារនៅតំបន់ច្រកទ្វារព្រំដែនឲ្យចុះហត្ថលេខាលើ​កិច្ចសន្យាស្តីពីការអនុវត្តវិធានការបន្ទាន់ក្នុងការបង្ការទប់ស្កាត់ជំងឺរាតត្បាត។ នៅច្រកទ្វារព្រំដែនអន្តរជាតិ Moc Bai កម្មាភិបាល និងយុទ្ធជននៃកងកម្លាំងការពារព្រំដែនបានអនុវត្តយ៉ាងតឹងរឹងនូវការត្រួតពិនិត្យការចេញចូលព្រំដែន សហការយ៉ាងជិតស្និទ្ធជាមួយស្ថានីយ៍​ចត្តាឡីស័ក និងកម្លាំង​គយដើម្បីអនុវត្តបទបញ្ជាស្តីពីការបង្ការទប់ស្កាត់ជំងឺរាតត្បាត ប៉ុន្តែនៅតែធានាបានការនាំចេញនាំចូល និងការដឹកជញ្ជូនទំនិញតាមការបញ្ជានាយករដ្ឋមន្រ្តី។

នៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ Tinh Bien ខេត្ត An Giang ទោះជាចំនួនប្រជាជនចេញចូលព្រំដែនមានការថយចុះក៏ដោយក៏កងកម្លាំងការពារព្រំដែនបានសហការជាមួយនគរបាលមូលដ្ឋាន និងកំលាំងគយចាត់ចែងកម្លាំងយាមល្បាតទាំងយប់ទាំងថ្ងៃដើម្បីត្រួតពិនិត្យយ៉ាងតឹងរឹងចំពោះមនុស្ស និងទំនិញដែល​ឆ្លងកាត់ច្រកទ្វារព្រំដែន។

សហប្រតិបត្តិការយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រប់ប្រភេទ

កន្លងមក តំបន់ព្រំដែនភាគនិរតីមានចំណុចក្តៅជាច្រើននៃ​បទឧក្រិដ្ឋកម្មនានា​ដូចជា៖ គ្រឿងញៀន ការរត់ពន្ធ ការក្លែងបន្លំពាណិជ្ជកម្ម ការឆ្លងដែនខុសច្បាប់ទៅលេង​ល្បែងកាស៊ីណូ ល្បែងជល់មាន់..។ ដោយមានតួនាទីជាស្នូល កងកម្លាំងការពារព្រំដែននៃបណ្តាខេត្តបានសហការជាមួយកងកម្លាំងមានសមត្ថកិច្ចបង្កើនការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងបង្រ្កាប ដូច្នេះស្ថាភាពនៃបទឧក្រិដ្ឋកម្មទាំងឡាយពោលខាងលើមានការ​ធ្លាក់ចុះ ក៏​ប៉ុន្តែនៅតែបង្កប់ហានិភ័យ និងបញ្ហាប្រឈមជាច្រើន។ បើយោងតាមនាយកដ្ឋានប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្មនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនបានអោយដឹងថា ស្ថានភាពបទល្មើសគ្រឿងញៀននៅតាមខ្សែបន្ទាត់ព្រំដែននៃបណ្តាខេត្តនៅភាគខាងត្បូងវៀតណាមនៅមានភាពស្មុគស្មាញ។ ប្រភពគ្រឿងញៀនភាគច្រើនត្រូវបានដឹកជញ្ជូនពីតំបន់ “ត្រីកោណមាស” ឆ្លងកាត់តាមខេត្តនានាដែលជាប់ព្រំដែនខេត្ត An Giang, Long An, Tay Ninh, Kon Tum ... ដើម្បីរងចាំឱកាសដឹកជញ្ជូនទៅកាន់ប្រទេសវៀតណាម ឬទៅកាន់ប្រទេសទីបី។

ដោយមានប្រាក់ចំណេញច្រើនពីការជួញដូរគ្រឿងញៀនឆ្លងដែននោះ បានធ្វើឱ្យស្ថានភាពជួញដូរគ្រឿងញៀននាពេលថ្មីៗនេះនៅព្រំដែនភាគនិរតីកាន់តែក្តៅខ្លាំង ក្រុមជួញដូរគ្រឿងញៀនជាច្រើនបានជ្រើសរើសព្រំដែនភាគនិរតីដើម្បីដឹកជញ្ជូនគ្រឿងញៀនទៅកាន់ប្រទេសវៀតណាម។ ចាប់ពីដើមឆ្នាំ ២០២០ រហូតមកដល់បច្ចុប្បន្ន នាយកដ្ឋានប្រយុទ្ធប្រឆាំងគ្រឿងញៀននិងឧក្រិដ្ឋកម្ម នៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន បានសហការជាមួយបញ្ជាការដ្ឋានកងទ័ពការពារព្រំដែននៃខេត្ត An Giang, Long An , Tay Ninh ដើម្បីអនុវត្តប្រកបដោយជោគជ័យនូវការបង្រ្កាបជាច្រើនដោយដកហូតបានវត្ថុតាងចំនួនធំ។

ដោយការជំរុញខ្លាំងកិច្ចសហប្រតិបត្តិការជាមួយភាគីមិត្ត បញ្ជការដ្ឋានកងទ័ពការពារព្រំដែននៃខេត្ត Tay Ninh ខេត្ត Binh Phuoc ខេត្ត Long An និងខេត្ត An Giang បានបង្រ្កាបក្រុមជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំជាច្រើនដោយជោគជ័យ។ នៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២០ តាមរយៈព័ត៌មានដែលផ្តល់ដោយកងកម្លាំងប្រឆាំងការជួញដូរគ្រឿងញៀន កម្លាំងនគរបាលខេត្តស្វាយរៀង និងរាជធានីភ្នំពេញ បានសហការចាប់ខ្លួនបាន ៦ មុខសញ្ញា (ជនជាតិខ្មែរ ៤ នាក់ ជនជាតិវៀតណាម ២ នាក់) ដកហូតបានគ្រឿងញៀនសំយោគ ៥១៣ គ្រាប់, មេតំហ្វេតាមីន ១៩ កញ្ចប់, កាំភ្លើង AK ១ ដើម, កាំភ្លើង K៥៩ ១ ដើម និងវត្ថុតាងមួយចំនួនទៀត។ ក្រុមជួញដូរគ្រឿងញៀនមួយទៀតក៏ត្រូវបានកងទ័ពការពារព្រំដែនខេត្ត An Giang បង្រ្កាបនៅយប់ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២០ ដោយចាប់បានមុខសញ្ញា ៥ នាក់ ដែលដឹកជញ្ជូនគ្រឿងញៀន ៣២ គីឡូក្រាម និងគ្រឿងញៀនសំយោគ ១២.៥០០ គ្រាប់នៅពេលដែលពួកគេកំពុងដឹកជញ្ជូនទៅកាន់ប្រទេសវៀតណាមតាមតំបន់ព្រំដែននៃឃុំ Quoc Thai ស្រុក An Phu ខេត្ត An Giang។

ក្នុងរយៈពេល ៦ ខែដើមឆ្នាំ២០២០ កងទ័ពការពារព្រំដែនខេត្ត Tay Ninh បានសម្របសម្រួលជាមួយកងកម្លាំងនានាអនុវត្តការបង្រ្កាបជាច្រើនចាប់បានមុខសញ្ញា ៥៩ នាក់ ដកហូតបានគ្រឿង​ញៀនសំយោគមេតំហ្វេតាមីនចំនួន ៤៩,៤ គីឡូក្រាម និងគ្រឿង​ញៀនសំយោគគ្រាប់ ២,១ គីឡូក្រាម... ចាប់ពីឆ្នាំ ២០១៩ រហូតមកដល់ពេលនេះ កងកម្លាំងការពារព្រំដែនខេត្ត Long An បានបង្រ្កាបករណីៗ ចំនួន ៤ (503C, 021A, 1018 MB, LA 520), ដកហូតបានគ្រឿង​ញៀនចំនួន ៩១,៦២ គីឡូក្រាម។ ថ្មីៗនេះ នៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២០ កងទ័ពការពារព្រំដែនខេត្ត Long An សហការជាមួយកម្លាំងនានាចាប់ខ្លួនមុខសញ្ញាចំនួន ៧ នាក់ (រួមទាំងជនបរទេស ២ នាក់) ដកហូតបានគ្រឿងញៀន ២០,៨ គីឡូក្រាម កាំភ្លើង ៣ ដើម ...

លោកវរសេនីយ៍ឯក Pham Phu Phuoc មេបញ្ជាការកងទ័ពការពារព្រំដែនខេត្ត Long An មាន​ប្រសាសន៍ថា ស្រុក Duc Hue ស្រុក Vinh Hung និងទីរួមខេត្ត Kien Tuong ជាចំណុចក្តៅនៃការដឹកជញ្ជូនគ្រឿងញៀន។ ដើម្បីប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋកម្ម​​គ្រប់​ប្រភេទ និងបង្ក្រាបបទស្មើសគ្រឿងញៀនប្រកបដោយប្រសិទ្ធភាព កងទ័ពការពារព្រំដែនខេត្ត Long An បានបង្កើនការប្រយុទ្ធប្រឆាំងដោយផ្អែកលើការផ្តល់ព័ត៌មានពីប្រជាជន។ ជាពិសេសរក្សាទំនាក់ទំនងសាមគ្គីភាព អនុវត្តល្អនូវបទបញ្ញត្តិស្តីពីកិច្ចសហប្រតិបត្តិការជាមួយកម្លាំងការពារព្រំដែននៃប្រទេសកម្ពុជា ដោយហេតុនេះជួយត្រួតពិនិត្យយ៉ាងតឹងរឹងនូវទំនិញ បង្កើនការផ្លាស់ប្តូរនិងសម្របសម្រួលគ្នា​ក្នុងការត្រួតពិនិត្យព័ត៌មាន ការ​ប្រយុទ្ធប្រឆាំង និងដោះស្រាយករណីកើតឡើងនៅតំបន់​ព្រំដែន​បានល្អ៕

(ប្រភពព័ត៌មាន: kh.qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស