Trending now

ប្រទេសកម្ពុជាចង់ទាក់ទាញវិនិយោគិនវៀតណាមឲ្យមក វិនិយោគបន្ថែមទៀត

15:58 | 22/08/2019 (សរុបដោយវិច្ឆិកា)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមនៅខែក្រោយនេះដោយលោកមានបំណងចង់ទាក់ទាញ ពាណិជ្ជករ វៀតណាមឲ្យចូលមកវិនិយោគនៅកម្ពុជាឲ្យបានច្រើនបន្ថែមទៀតបន្ទាប់ពីលោកបានជួបពិភាក្សាជាមួយលោក Pham Binh Minh រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមកាលពីថ្ងៃអង្គារ ។

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh បានចូលជួបសម្តែងការគួរសមជាមួយនាយករដ្ឋមន្រ្តី សម្តេច តេជោ ហ៊ុនសែន (រូបថតៈ VGP)

នារសៀលថ្ងៃទី ២០ ខែសីហា ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំលើកទី ១៧ នៃគណៈកម្មការចម្រុះវៀតណាម - កម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រនិងបច្ចេកទេស នៅរាជធានីភ្នំពេញ (កម្ពុជា)នោះ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញចូលជួបសម្តែងការគួរសម ជាមួយសម្តេច តេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុង​ជំនួប​ពិភាក្សា​នៅ​វិមាន​សន្ដិភាព​ជាមួយ​លោក​ Pham Binh Minh ដែល​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​លោក ហ៊ុន សែន ចង់​ឱ្យ​វៀតណាម​រៀបចំ​វេទិកា​ធុរកិច្ច​កម្ពុជា-វៀតណាម​មួយ​នៅពេល​ដែល​លោក​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ជិតខាង​មួយ​នេះ​នៅ​ខែក្រោយ​។ នេះ​បើ​តាម​ការចុះផ្សាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ហ៊ុន សែន កាលពី​ថ្ងៃទី​ ២០ ខែ​សីហា​។

ទំព័រ​ហ្វេសប៊ុក​បាន​បញ្ជាក់​ថា​៖ «​សម្ដេច​តេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក៏​បាន​ស្នើឱ្យ​ថ្នាក់ដឹកនាំ​វៀតណាម​រៀបចំ​វេទិកា​ធុរកិច្ច​កម្ពុជា-វៀតណាម​ នៅពេល​ដែល​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​ទៅ​កាន់​ប្រទេស ​វៀតណាម ​អំឡុង​ខែ​កញ្ញា​ខាងមុខ​ដើម្បី​ជា​ឱកាស​នៃ​ការកៀរគរ​អ្នក​វិនិយោគ​វៀតណាម​មក​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​»​។

ទោះ​ជា​យ៉ាងណា​លោក ហ៊ុន សែន មិន​បាន​ប្រកាស​ឲ្យ​ដឹង​អំពី​របៀបវារៈ​ផ្សេង​ទៀត​ដែល​លោក​ត្រូវ​លើក​យក​ទៅ​ពិភាក្សា​ជាមួយ​ភាគី​វៀតណាម​នៅក្នុង​ដំណើរ​ទស្សនកិច្ច​នា​ខែក្រោយ​នេះ​ទេ ខណៈ​លោក កេត សោផាន់ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កាលពី​ម្សិលមិញ​មិន​អាច​បញ្ជាក់​ប្រាប់​អំពី​បញ្ហា​នេះ​បាន​ដោយ​លោក​ថ្លែង​យ៉ាងខ្លី​ថា​៖ «​ក្រសួង​ការបរទេស​ទាំង​ ២ ​កំពុងតែ​រៀបចំ​ការងារ​ហ្នឹងហើយ ព្រោះ​សម្ដេច​តេជោ​ទើប​សម្រេច​កាលពី​ម្សិលមិញ​ (២០ ​សីហា​)»​។

លោក Pham Binh Minh និងលោក ប្រាក់ សុខុន បានចុះហត្ថលេខាលើឯកសារនៃកិច្ចប្រជុំនេះ។ (ប្រភព៖ TTXVN)

សារព័ត៌មាន​វៀតណាម​បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​ ២០ ខែ​សីហា​ថា វៀតណាម​គឺជា​ប្រទេស​ដែល​មក​វិនិយោគ​ដ៏ធំ​លំដាប់​ទី​ ៥ នៅ​កម្ពុជា​ដោយ​បច្ចុប្បន្ន​នេះ​វៀតណាម​កំពុង​វិនិយោគ​លើ​គម្រោង​ចំនួន ២១៤ ឬ​ស្មើ​នឹង​តម្លៃ​ទឹកប្រាក់​ប្រហែល ៣ ​ពាន់​លាន​ដុល្លារ ។ ព័ត៌មាន​នេះ​ថា​ការវិនិយោគ​របស់​ខ្លួន​ទាំងនោះ​កំពុង​រួមចំណែក​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ និង​សុខុមាលភាព​សង្គម​នៅ​កម្ពុជា​។ ​ការវិនិយោគ​របស់​វៀតណាម​នៅ​កម្ពុជា​គឺ​ផ្ដោត​សំខាន់​លើ​កសិកម្ម ព្រៃឈើ ថាមពល ការរុករករ៉ែ ធនាគារ​ហិរញ្ញវត្ថុ អាកាសចរណ៍ និង​ទូរគមនាគមន៍​។

លោក​ សន ជ័យ នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​បាន​លើកឡើង​ថា​ការប្រកាស​បើកចំហ​សម្រាប់​ទទួល​អ្នក​វិនិយោគ​របស់​លោក ហ៊ុន សែន គឺជា​រឿង​ល្អ ប៉ុន្តែ​លោក​ថា​ការវិនិយោគ​របស់​ជនជាតិ​វៀតណាម​រួមទាំង​ការវិនិយោគ​របស់​ជនជាតិ​ចិន​ផង​គឺ​តែង​នាំ​យក​កម្លាំង​ពលកម្ម​មក​ជាមួយ ហើយ​កន្លង​មក​តែង​កើត​មាន​រឿង​អាស្រូវ​ជាច្រើន​ពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិមនុស្ស និង​ការកាប់បំផ្លាញ​ព្រៃឈើ​។

លោក​បន្ត​ថា​ដើម្បី​កុំឱ្យ​មាន​អ្នក​វិនិយោគ​មក​កាប់បំផ្លាញ​ព្រៃឈើ​កម្ពុជា ក្រោម​លេស​ទទួល​បាន​ដីសម្បទាន​សេដ្ឋកិច្ច​គឺ​រដ្ឋាភិបាល​គួរតែ​បើក​ឱ្យ​មាន​ការដេញ​​ថ្លៃ​ដើម្បី​ចម្រាញ់​យក​ការវិនិយោគ​មួយ​ដែល​មាន​សក្ដានុពល និង​អាច​ផ្ដល់​ផលប្រយោជន៍​ពិតប្រាកដ​ដល់​កម្ពុជា ហើយ​ការដាក់​ឱ្យ​ដេញថ្លៃ​គឺ​ជួយ​ឱ្យ​រដ្ឋាភិបាល​ងាយស្រួល​ដាក់​លក្ខខណ្ឌ ដើម្បី​ឱ្យ​អ្នកវិនិយោគ​បរទេស​ទទួល​យក​កម្លាំង​ពលកម្ម​នៅក្នុង​ស្រុក​ដែរ​។

លោក​ថា​៖ «​យើង​ដូចជា​មិន​បាន​ដឹង​អំពី​ដំណើការ​នៃ​ការដាក់​ឱ្យ​ដេញថ្លៃ​ទេ ភាគច្រើន​គេ​ (​អ្នក​វិនិយោគ​បរទេស​) ​សុំ​មក​រដ្ឋាភិបាល​ហើយ​ឱ្យ​រដ្ឋាភិបាល​ឆ្លើយតប អ៊ីចឹង​ការដាក់​ឱ្យ​ដេញថ្លៃ​គឺជា​ជម្រើស​ថ្មី​បន្ថែម​ទៀត​»​។

ភ្នំពេញ​ប៉ុស្ដិ៍​មិន​អាច​ទាក់ទង​លោក ស្រី វុឌ្ឍី អ្នកនាំពាក្យ​ក្រសួងកសិកម្ម​ដើម្បី​សុំ​អធិប្បាយ​លើ​បញ្ហា​នេះ​បាន​ទេ​ដោយសារ​លោក​មិន​លើក​ទូរស័ព្ទ​។

ប៉ុន្តែ​លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​រដ្ឋាភិបាល​បញ្ជាក់​ថា​រដ្ឋាភិបាល​ទទួល​តែ​អ្នកវិនិយោគ​បរទេស​ដែល​គោរព​តាម​ច្បាប់​ប៉ុណ្ណោះ ហើយ​ចំពោះ​អ្នកវិនិយោគ​បរទេស​ដែល​ធ្វើឱ្យ​ប៉ះពាល់​ប្រយោជន៍​ជាតិ​គឺ​ត្រូវ​ទទួលខុស​ចំពោះមុខ​ច្បាប់​។

លោក​ថា​៖ «​យើង​អនុវត្ត​ទៅ​តាម​ច្បាប់​ដែល​យើង​មាន​យើង​អត់​មាន​រើសអើង​ចំពោះ​អ្នកណា​ ឬ​បរទេស​ណាមួយ​ទេ អត់​មាន​ទេ​»​។

លោក ផាម ប៊ិញមិញ បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃទី​ ២០ ដល់​ថ្ងៃទី​ ២១ សីហា ដើម្បី​ចូលរួម​ធ្វើ​សហប្រធាន​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​រវាង​កម្ពុជា-វៀតណាម​ លើក​ទី​១៧ ដែល​រៀបចំ​ឡើង​នៅ​ទីស្ដីការ​ក្រសួងការ​បរទេស​កម្ពុជា​ស្ដីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​វប្បធម៌ វិទ្យាសាស្ដ្រ និង​បច្ចេកទេស​។

នៅក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ម្សិលមិញ​លោក ប្រាក់ សុខុន បាន​ប្រាប់​ទៅ​លោក​ ផាម ប៊ិញមិញ​ថា ការផ្លាស់ប្ដូរ​ទស្សនកិច្ច​ និង​កិច្ចប្រជុំ​កំពូល​រវាង​ថ្នាក់ដឹកនាំ​កម្ពុជា-វៀតណាម​ ជា​បន្តបន្ទាប់​បាន​ធ្វើ​ឱ្យ​ប្រទេស​ទាំង​ ២ បង្កើន​ការទុកចិត្ត​គ្នា​ការ​យោគយល់​គ្នា​ និង​គាំទ្រ​គ្នា​កាន់តែ​ខ្លាំងក្លា​ថែមទៀត​ទាំង​នៅក្នុង​កម្រិត​ទ្វេភាគី និង​គ្រប់​វេទិកា​តំបន់​ និង​អន្តរជាតិ និង​ជា​មូលដ្ឋានគ្រឹះ​ដ៏រឹងមាំ​ក្នុង​ការថែរក្សា និង​លើក​កម្ពស់​ទំនាក់ទំនង​ដែល​មិន​អាច​បំបែកបំបាក់​បាន​៕


(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ