Trending now

ជានិច្ចកាលជាអ្នកជិតខាងមិត្តភាពរួមសមាហរណកម្មនិងអភិវឌ្ឍន៍

08:00 | 28/03/2021

យុគសម័យ - ចាប់តាំងពីបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅថ្ងៃទី ២៤ ខែមិថុនាឆ្នាំ ១៩៦៧ រហូតមកដល់ពេលនេះ ទំនាក់ទំនងមិត្តភាពរវាងវៀតណាមនិងកម្ពុជាទទួលបានសមិទ្ធិផលដ៏ធំធេងជាច្រើន ដែលត្រូវបានរដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរទទួលស្គាល់និងគោរពជានិច្ច។

នៅព្រឹកថ្ងៃទី ៣០ ខែមេសាឆ្នាំ ២០២០ ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាបានសម្របសម្រួលជាមួយសមាគមខ្មែរ - វៀតណាមដើម្បីអនុវត្តកម្មវិធីផ្តល់ជំនួយបន្ទាន់ (លើកទី ២) សម្រាប់ប្រជាជនដើមកំណើតវៀតណាមនិងជនជាតិខ្មែរមួយចំនួនដែលមានស្ថានភាពលំបាកក្នុងកំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩ (រូបថត៖ TTXVN)

ដោយមានព្រំប្រទល់ដីគោកប្រហែល ១,១៣៧ គីឡូម៉ែត្រ ចែកទឹកទន្លេមេគង្គជាមួយគ្នា ហើយជោគវាសនារបស់ប្រជាជនទាំងពីរតែងតែផ្សារភ្ជាប់ជាមួយគ្នា ជួយគ្នាទៅវិញទៅមកដើម្បីឆ្លងកាត់គ្រាលំបាកក្នុងការតស៊ូដណ្តើមឯករាជ្យភាព។ ជ័យជម្នះថ្ងៃទី ៣០ ខែមេសា ការរំដោះភាគខាងត្បូងវៀតណាមឯកភាពប្រទេសឡើងវិញ គឺមានការគាំទ្រនិងការចូលរួមវិភាគទានពីប្រជាជនកម្ពុជា។ ជាការឆ្លើយតបប្រជាជនវៀតណាម ជាពិសេសគឺកងទ័ពស្ម័គ្រចិត្តវៀតណាមបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយដល់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដឹកនាំប្រជាជនកម្ពុជាក្រោកឈរប្រយុទ្ធដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពតនិងដណ្តើមជ័យជម្នះជាប្រវត្តិសាស្រ្តនៅថ្ងៃទី ៧ ខែមករាឆ្នាំ ១៩៧៩។

ក្រោយពីសន្តិភាពត្រូវបានស្តារឡើងវិញ ប្រទេសទាំងពីរបានឈានចូលដំណាក់កាលកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។ ទោះបីជាប្រទេសនីមួយៗមានគោលនយោបាយការបរទេសឯករាជ្យ ម្ចាស់ការ ពហុភាគីនិងពហុបែបនៃទំនាក់ទំនងអន្តរជាតិក៏ដោយ ក៏វៀតណាមនិងកម្ពុជានៅតែរក្សានិងបន្តពង្រីករាល់មេរៀននៃសាមគ្គីភាពនិងជួយគ្នាទៅវិញទៅមក ដែលបង្ហាញតាមរយៈពាក្យមាសចំនួន ១៦ ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានដាក់ចេញនោះគឺ “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង”។ ប្រការនេះបានបង្កើតជាការមូលដ្ឋានគ្រឹះសម្រាប់ទំនាក់ទំនងនៃប្រទេសទាំងពីរទទួលបានសមិទ្ធិផលសំខាន់ៗ លើគ្រប់វិស័យក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ៖

ក្នុងវិស័យនយោបាយ៖ ភាគីទាំងពីរបានបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់និងសម្របសម្រួលនូវសកម្មភាពជាច្រើនដើម្បីផ្សព្វផ្សាយពីប្រវត្តិសាស្ត្រ សាមគ្គីភាពរវាងប្រជាជនទាំងពីរ ក៏ដូចជា ផ្តោតសំខាន់លើការឃោសនានិងការអប់រំអំពីការថែរក្សា ការពារនិងលើកកម្ពស់ចំណងសាមគ្គីភាពនិងមិត្តភាពកម្ពុជា - វៀតណាម។ ជាមួយគ្នានោះ កិច្ចសហប្រតិបត្តិការរវាងមន្ទីរ ក្រសួង សាខា អង្គការមហាជននិងអង្គការប្រជាជនបានបន្តពង្រឹងជានិច្ច ហើយសកម្មភាពផ្លាស់ប្តូរបទពិសោធន៍ ជួយគ្នាទៅវិញទៅមកក៏ត្រូវបានប្រព្រឹត្តទៅជាប្រចាំ។ យ៉ាងណាមិញ កម្ពុជានិងវៀតណាមតែងតែរៀបចំការផ្លាស់ប្តូរវប្បធម៌និងជួបប្រាស័យរវាងប្រជាជននិងប្រជាជន ជាពិសេសនៅតាមតំបន់ព្រំដែនផងដែរ។

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh និងឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ប្រាក់ សុខុន អញ្ជើញចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំលើកទី ១៨ គណៈកម្មាធិការចម្រុះវៀតណាម - កម្ពុជា (រូបថត៖TTXVN)

លើវិស័យសេដ្ឋកិច្ច៖ ភាគីទាំងពីរបានជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដែលក្នុងនោះវិនិយោគនិងពាណិជ្ជកម្មមានការរីកចម្រើនយ៉ាងខ្លាំង។ ទំហំពាណិជ្ជកម្មទ្វេភាគីមានការរីកចម្រើនជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ហើយឈានដល់ជាង ៥ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៩។ ទាក់ទងនឹងការវិនិយោគ ដោយមានគម្រោងវិនិយោគជាង ២០០ និងមានទុនវិនិយោគដែលបានចុះបញ្ជីសរុបមានចំនួនជាង ៣ ពាន់លានដុល្លារអាមេរិកនោះ វៀតណាមកំពុងស្ថិតក្នុងចំណាត់ថ្នាក់ជាប្រទេសកំពូលទាំង ៥ ដែលមានការវិនិយោគច្រើនជាងគេនៅកម្ពុជា។ សកម្មភាពវិនិយោគនិងធ្វើអាជីវកម្មរបស់សហគ្រាសវៀតណាមនៅកម្ពុជា ត្រូវបាននាយករដ្ឋមន្រ្តី សម្តេច តេជោ ហ៊ុនសែននិងថ្នាក់ដឹកនាំកម្ពុជាវាយតម្លៃខ្ពស់ ហើយចូលរួមចំណែកយ៉ាងសកម្មដល់សន្តិសុខសង្គមនិងវិបុលភាពរបស់កម្ពុជាផងដែរ។

លើវិស័យការពារជាតិនិងសន្តិសុខ៖ ភាគីទាំងពីរបន្តអនុវត្តរាល់កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនិងសន្តិសុខប្រកបដោយប្រសិទ្ធភាព ដោយតែងតែសម្របសម្រួលស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តនិងជំនាញការវៀតណាមដែលពលីកម្មនៅប្រទេសកម្ពុជា។ ទន្ទឹមជាមួយគ្នានោះ ភាគីទាំងពីរតែងតែពង្រឹងការសម្របសម្រួលនិងការគ្រប់គ្រងខ្សែព្រំដែនឱ្យបានល្អ ដើម្បីធានាខ្សែព្រំដែនប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការនិងអភិវឌ្ឍន៍។

ចំពោះវិស័យអប់រំ៖ ជារៀងរាល់ឆ្នាំ វៀតណាមបានផ្តល់អាហារូបករណ៍រាប់រយដល់ប្រទេសកម្ពុជាសម្រាប់ការបណ្តុះបណ្តាលវគ្គរយៈពេលវែងនិងវគ្គរយៈពេលខ្លី លើវិស័យសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។ ជាមួយគ្នានោះ កម្ពុជាក៏បានផ្តល់អាហារូបករណ៍រាប់សិបកន្លែងសម្រាប់វៀតណាម រួមមានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនិងវគ្គបណ្តុះបណ្តាលរយៈពេលខ្លី អំពីភាសានិងវប្បធម៌ខ្មែរ។ ក្រៅពីនេះ ភាគីទាំងពីរកំពុងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈការរៀបចំសកម្មភាពអភិវឌ្ឍន៍ប្រភពធនធានមនុស្ស។

ពិធីផ្លាស់ប្ដូរលិខិតូបករណ៍សច្ចាប័ន សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១៩និងពិធីសារខណ្ឌសីមានិងបោះបង្គោលព្រំដែនគោករវាងសាធារណៈរដ្ឋសង្គមនិយមវៀតណាមនិងព្រះរាជាណាចក្រកម្ពុជា (រូបថត៖ VOV)

ចំណែកឯការថែទាំសុខភាព៖ ក្រុមគ្រូពេទ្យវៀតណាមជាច្រើនបានស្ម័គ្រចិត្តទៅពិនិត្យនិងព្យាបាលក៏ដូចជាផ្តល់ថ្នាំដោយឥតគិតថ្លៃដល់ប្រជាជនកម្ពុជា ហើយអ្នកជំងឺកម្ពុជាដែលមកពិនិត្យនិងព្យាបាលនៅវៀតណាមទទួលបានថ្លៃសេវាពិនិត្យនិងព្យាបាលដូចគ្នានឹងជនជាតិវៀតណាមផងដែរ។ ជាពិសេសនៅឆ្នាំ ២០២០ ស្ថាប័ននានានិងអង្គការវៀតណាមជាច្រើនមានសកម្មភាពផ្តល់ជំនួយជាសំភារៈវេជ្ជសាស្រ្តដល់មន្ទីរនិងមូលដ្ឋានរបស់កម្ពុជា រួមចំណែកជួយប្រទេសកម្ពុជាគ្រប់គ្រងបានល្អការរីករាលដាលនៃជំងឺរាតត្បាតកូវីដ ១៩។

ក្នុងបរិបទដែលស្ថានភាពតំបន់និងពិភពលោកមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញនិងមិនអាចទាយទុកជាមុនបាននោះ ការធ្វើសមាហរណកម្មនិងការអភិវឌ្ឍន៍ ក្លាយជានិន្នាការក្នុងទំនាក់ទំនងអន្តរជាតិ។ ពោលគឺ ក្រៅពីការជំរុញកម្លាំងផ្ទៃក្នុងរបស់ប្រទេសនីមួយៗ វៀតណាមនិងកម្ពុជាត្រូវការពង្រឹងនិងពង្រីកចំណងមិត្តភាពនិងសាមគ្គីភាពដើម្បីឆ្លៀតយករាល់កាលានុវត្តន៍ភាពអភិវឌ្ឍន៍ ក៏ដូចជា រួមគ្នាដោះស្រាយរាល់ការសាកល្បងដែលប្រទេសទាំងពីរកំពុងប្រឈមមុខ។ ថ្វីត្បិតដូច្នេះក៏ដោយ ជាមួយប្រពៃណីនៃសាមគ្គីភាពក្នុងការរំដោះជាតិមក សមិទ្ធិផលលេចធ្លោក្នុងកិច្ចសហប្រតិបត្តិការនិងជំនួយទៅវិញទៅមកក្នុងដំណើរការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ រួមទាំងការប្តេជ្ញាចិត្តនយោបាយរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនោះ ទំនាក់ទំនងវៀតណាម-កម្ពុជានាពេលខាងមុខនេះ ពិតជានឹងមានការបោះជំហានយ៉ាងទូលំទូលាយថែមទៀត ដើម្បីបំពេញតាមសេចក្តីប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរ ហើយរួមគ្នាមានការរីកចម្រើនជាលំដាប់ក្នុងការអភិវឌ្ឍន៍និងធ្វើសមាហរណកម្មជាក់ជាពុំខាន៕

(ដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស