Trending now

ចំណងមិត្តភាពស្អិតរមួត និងការជួយគ្នាទៅវិញទៅមកយ៉ាងស្មោះស

15:28 | 10/11/2020

ប្រពៃណីនៃសាមគ្គីភាព និងការជួយគាំទ្រគ្នាទៅវិញទៅមកយ៉ាងស្មោះស រវាងវៀតណាម និងកម្ពុជា ត្រូវបានបង្ហាញយ៉ាងច្បាស់នៅតំបន់ព្រំដែនភាគនិរតីនៃប្រទេសវៀតណាមតាមរយៈគំរូ និងសកម្មភាពដែលមានអត្ថន័យដូចជា៖ ការចងសម្ព័ន្ធមេត្រីភាពរវាងប៉ុស្តិ៍ និងប៉ុស្តិ៍, បន្ទាយ និងបន្ទាយ ឃុំ និងឃុំ, ការចាត់តាំងឲ្យក្រុមគ្រូពេទ្យចូលមកប្រទេសមិត្តកម្ពុជាសម្រាប់ជួយពិនិត្យសុខភាពផ្តល់ថ្នាំ និងអំណោយជូនប្រជាជនក្រីក្រ រួមទាំងជំនួយផ្សេងៗទៀត។

កងទ័ពការពារព្រំដែនខេត្ត Binh Phuoc ជួយពិនិត្យសុខភាព និងផ្តល់ថ្នាំដោយឥតគិតថ្លៃដល់ប្រជាជនក្រីក្រកម្ពុជា

គំរូជួយគ្នាទៅវិញទៅមកទាំងនេះបានរិតបន្តឹងចំណងសាមគ្គីភាពជាបងប្អូនរវាងប្រជាជននៃប្រទេសទាំងពីរ ហើយរួមគ្នារក្សាព្រំដែនស្ថិរភាព សន្តិភាព និងអភិវឌ្ឍន៍។

ប្រសិទ្ធភាពពីគំរូចងសម្ព័ន្ធមេត្រីភាព ប៉ុស្តិ៍-បន្ទាយ

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ សកម្មភាពចងសម្ព័ន្ធមេត្រីភាព និងការសម្របសម្រួលរវាងកងកំលាំងប្រដាប់អាវុធនៃប្រទេសទាំងពីរទទួលបានលទ្ធផលគួរឱ្យចាប់អារម្មណ៍ និងប្រកបដោយប្រសិទ្ធភាព ហើយនិងជាក់ស្តែង។ នៅតាមខ្សែព្រំដែនភាគនិរតីវៀតណាម កងទ័ពការពារព្រំដែនខេត្ត Binh Phuoc គឺជាអង្គភាពដំបូងដែលបានធ្វើការចុះហត្ថលេខាលើការចងសម្ព័ន្ធមេត្រីភាពរវាងប៉ុស្តិ៍-បន្ទាយការពារព្រំដែនជាមួយនិងបណ្តាអង្គភាពការពារព្រំដែនភាគីមិត្តកម្ពុជា។ ផ្តើមចេញពីគំរូនៃការចងសម្ព័ន្ធមេត្រីភាពរវាងប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារព្រំដែន Hoa Lu (ខេត្ត Binh Phuoc) និងកងវរសេនាតូច ២០៤ (តំបន់ប្រតិបត្តិការសឹករងខេត្ដក្រចេះ) បន្ទាប់នោះបានរីករាលដាលពាសពេញតាមខ្សែព្រំដែន។ សកម្មភាពភាពនៃការចងសម្ព័ន្ធមេត្រីភាពបាននាំមកនូវប្រសិទ្ធភាពលើគ្រប់វិស័យនៃកិច្ចសហប្រតិបត្តិការ ការជួបប្រាស្រ័យ ការសម្របសម្រួលក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម ការរក្សាបានរឹងមាំនូវសន្តិសុខនយោបាយសណ្តាប់ធ្នាប់ និងសុវត្ថិភាព រួមទាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតាមតំបន់ព្រំដែន។

លោកវរសេនីយ៍ឯកបំរុង Ninh Hong Tuan ប្រធានប៉ុស្តិ៍ការពារព្រំដែននៃចក្រទ្វារព្រំដែន Phuoc Tan ខេត្ត Tay Ninh បានឱ្យដឹងថា៖ សកម្មភាពជួបប្រាស្រ័យ ចងសម្ព័ន្ធមេត្រីភាព និងរឹតបន្តឹងទំនាក់ទំនងរវាងប៉ុស្តិ៍-បន្ទាយទាំងសងខាងព្រំដែនគឺពិតជាមានអត្ថន័យជាក់ស្តែងណាស់ បានធ្វើអោយប្រសើរឡើងនូវប្រសិទ្ធភាពនៃការសម្របសម្រួលក្នុងការដោះស្រាយបញ្ហារួម និងជាក់លាក់នៅតាមតំបន់នីមួយៗ។ ប្រការនេះក៏បានបង្ហាញពីទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងកងកំលាំងការពារព្រំដែននៃភាគីទាំងពីរ។ ដោយសារតែផ្អែកទៅលើទំនាក់ទំនងពោរពេញទៅដោយមនោសញ្ចេតនាដែលត្រូវបានពូនជ្រំនោះបានជាក្នុងរយៈពេលកន្លងមក ទាំងអង្គភាពយើងខ្ញុំ ទាំងអង្គភាពរបស់ភាគីមិត្តតែងគោរពអនុវត្តយ៉ាងតឹងរឹងនូវរាល់បទបញ្ញត្តិ កិច្ចព្រមព្រៀង អនុស្សរណៈនៃការយោគយល់គ្នារវាងប្រទេសទាំងពីរ។ ការល្បាតទ្វេភាគីរវាងភាគីទាំងពីរគឺត្រូវបានអនុវត្តយ៉ាងត្រឹមត្រូវតាមផែនការ ភាគីទាំងពីររក្សាបានល្អបណ្តាញផ្លាស់ប្តូរព័ត៌មាន ការសម្របសម្រួល ការគ្រប់គ្រងច្រកទ្វារព្រំដែន និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រប់ប្រភេទ។ ក្នុងការបង្ការ និងគ្រប់គ្រងការរីករាលដាលនៃជំងឺ Covid-19 ភាគីទាំងពីរបានឯកភាពគ្នាលើគ្រប់ផែនការស្តីពីការល្បាត ត្រួតពិនិត្យ និងការពារការរាតត្បាតជំងឺ។ បណ្តាញទំនាក់ទំនងតាមរយៈទូរស័ព្ទត្រូវបានរក្សាជាប្រចាំដើម្បីរាយការណ៍ពីស្ថានភាពព្រំដែន និងការរាលដាលនានាឱ្យគ្នាទៅវិញទៅមក...។

ស្វែងយល់អំពីសកម្មភាពចងសម្ព័ន្ធមេត្រីភាពប៉ុស្តិ៍-បន្ទាយនៃភាគីទាំងសងខាងព្រំដែននោះ យើងបានឃើញថាខ្លឹមសារដែលត្រូវបានឯកភាពដោយភាគីទាំងពីរបានអនុវត្តយ៉ាងជាក់ស្តែង យើងអាចលើកឡើងដូចជា៖ ការផ្លាស់ប្តូរព័ត៌មានស្ថានភាពព្រំដែន, ការផ្សព្វផ្សាយឃោសនាឱ្យប្រជាជនគោរពច្បាប់ និងរាល់កិច្ចព្រមព្រៀងព្រំដែនទាំងអស់, ការពង្រឹងការគ្រប់គ្រងការពារព្រំដែនបង្គោលព្រំដែន រក្សាសន្តិសុខ និងសណ្តាប់ធ្នាប់, ការសំរបសំរួល និងជួយគ្នាក្នុងការទប់ទល់ និងជំនះផលវិបាកនៃគ្រោះមហន្តរាយធម្មជាតិ និងជួយសង្គ្រោះគ្រោះមហន្តរាយ, ការផ្លាស់ប្តូរវប្បធម៌ សិល្បៈ កីឡា ...

ចំណងមិត្តភាពស្អិតរមួត និងការជួយគ្នាទៅវិញទៅមកយ៉ាងស្មោះស

មិត្តភាពជាប្របៃណី ការជួយឧបត្ថម្ភដ៏ស្មោះសរបស់កងទ័ព និងប្រជាជនវៀតណាមដើម្បីជួយប្រជាជនកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត បានកត់ត្រាទុកក្នុងប្រវត្តិសាស្ត្រនៃប្រទេសទាំងពីរ។ បច្ចុប្បន្ននេះ មនោសញ្ចេតនា និងជំនួយនោះសារជាថ្មីម្តងទៀតត្រូវបានបង្ហាញយ៉ាងច្បាស់នៅតាមព្រំដែននៃភាគនិរតីវៀតណាម។ តំបន់មូលដ្ឋានថ្នាក់ឃុំជាច្រើននៅតាមព្រំដែននៃភាគីទាំងពីរបានចងសម្ព័ន្ធមេត្រីភាពគ្នា ហើយរួមគ្នារក្សាសន្តិភាព និងអភិវឌ្ឍសេដ្ឋកិច្ចជាមួយគ្នា។ កងកម្លាំងការពារព្រំដែននៅភាគនិរតី បានផ្តល់យោបល់ឱ្យអាជ្ញាធរដែនដីក្នុងការចងសម្ព័ន្ធមេត្រីភាពជាមួយភាគីមិត្តក្នុងគោលបំណងពង្រឹងសាមគ្គីភាពនៃប្រជាជនទាំងពីរ។ គំរូនៃការចងសម្ព័ន្ធមេត្រីភាពរវាងឃុំ និងឃុំនៅសងខាងព្រំដែនដែលលេចឡើងជាលើកដំបូងនៅខេត្ត Long An ហើយបានក្លាយជាគំរូប្រកបដោយភាពច្នៃប្រឌិតក្នុងការងារចលនាមហាជន និងជាស្ពានតភ្ជាប់ដើម្បីនាំឱ្យប្រជាជននៃប្រទេសជិតខាងទាំងពីរកាន់តែជិតស្និទ្ធគ្នា។ រហូតមកដល់ពេលនេះខេត្ត Long An មានឃុំជាប់ព្រំដែនចំនួន ២០/២០ ដែលបានចងសម្ព័ន្ធមេត្រីភាពជាមួយឃុំចំនួន ១៧/១៧ ជាប់ព្រំដែននៃប្រទេសមិត្តកម្ពុជារួចហើយ។

រីឯនៅខេត្ត Binh Phuoc កងទ័ពការពារព្រំដែនខេត្តបានសម្របសម្រួលជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ដើម្បីចុះហត្ថលេខាលើការចងសម្ព័ន្ធមិត្តភាពជាមួយបណ្តុំលំនៅដ្ឋានចំនួន ៤ របស់ប្រទេសកម្ពុជា។ ខេត្ត An Giang មានចំនួន ៥ ក្នុងចំណោម ១៧ បណ្តុំលំនៅដ្ឋាននៅតាមព្រំដែនទាំងសងខាង បានចុះហត្ថលេខាលើការចងសម្ព័ន្ធមេត្រីភាពដោយមានខ្លឹមសារត្រូវបានភ្ជាប់នឹងភាពជាក់ស្តែងនៃតំបន់នីមួយៗ និងស្របតាមទំនៀមទម្លាប់ និងទំលាប់របស់ប្រជាជនទាំងសងខាង។

សកម្មភាពនៃការចងសម្ព័ន្ធមេត្រីភាពនេះបានជួយឱ្យមានការតភ្ជាប់រវាងប្រជាជនទាំងសងខាងព្រំដែន ជួយពង្រឹងសាមគ្គីភាព បង្កើនការផ្លាស់ប្តូរវប្បធម៌ ពាណិជ្ជកម្ម និងការផ្លាស់ប្តូរទំនិញរវាងប្រជាជាជនទាំងពីរ រួមចំណែកលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជន។ ម្យ៉ាងទៀត នេះគឺជាគោលនយោបាយដ៏ត្រឹមត្រូវ ជាគំរូប្រកបដោយភាពច្នៃប្រឌិតជាមួយនឹងអត្ថន័យជាក់ស្តែងដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការពូនជ្រំចំណងសាមគ្គីភាព និងមិត្តភាពយូរអង្វែងរវាងប្រទេសទាំងពីរ ៕

(ប្រភពព័ត៌មាន: kh.qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់