Trending now

ក្រុមហ៊ុនវៀតណាមបោះទុនវិនិយោគដាំកៅស៊ូនៅលើផ្ទៃដី ២ម៉ឺនហិកតានៅកម្ពុជា

05:29 | 24/03/2020

បច្ចុប្បន្ន សម្ពន្ធឧស្សាហកម្មកៅស៊ូ សម្ពន្ធថាឌី វៀតណាម និងក្រុមហ៊ុនចម្ការកៅស៊ូវៀតណាមនៅកម្ពុជា បានឹងកំពុងបោះទុនវិនិយោកលើការដាំកៅស៊ូនៅលើផ្ទៃដីប្រមាណជាង ២ម៉ឺនហិកតា នៅខេត្តរតនគិរី មណ្ឌលគិរី និងខេត្តក្រចេះ ដែលកំពុងមានតម្រូវការកម្លាំងពលកម្ម ឆ្នាំ២០២០-២០២១ មានជាង១សែន៥ពាន់នាក់។

តំណាំងថតរូបទុកជាអនុស្សាវរីយ៍ (រូបថត៖ propertyarea.asia)

កឧកញ៉ា ឡេង ឫទ្ធី ប្រធានសមាគមចំការកៅស៊ូវៀតណាមប្រចាំកម្ពុជា នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២០នេះ ឱ្យដឹងថា
ទន្ទឹមនឹងការរីកចំរើនលើវិស័យដំណាំកៅ ក្រុមហ៊ុនក៏ត្រូវការកម្លាំងពលកម្មភ្លាមៗប្រមាណ ៩០០០នាក់បន្ថែមទៀត។

លោកឧកញ៉ាបន្តថា អ្នកដែលធ្វើការក្នុងចម្ការកៅស៊ូទាំងនោះ ទទួលបានប្រាក់ឈ្នួលទាបបំផុត ៨០ម៉ឺនរៀល សម្រាប់អ្នកជៀជ័រអាចរកចំណូលបានចាប់ពី ១លានរៀល ទៅ ១លាន៥សែនរៀល ហើយបងប្អូនកម្មករមានកន្លែងស្នាក់នៅសមរម្យ មិនបាច់ចំណាយថ្លៃទឹក និងថ្លៃភ្លើង។

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសំដែងនូវការពេញចិត្តនឹងគាំទ្រយ៉ាងខ្លាំងចំពោះការចូលរួមក្នុងការបណ្តាក់ទុនវិនិយោគរបស់វៀតណាមលើគ្រប់វិស័យ នៅកម្ពុជា ជាពិសេសទៅលើវិស័យកសិកម្ម ដូចជាដំណាំកៅស៊ូជាដើម បើទោះបីកំពុងប្រឈមនឹងជំងឺកូវិដ១៩ ក៏ដោយ។

លោករដ្ឋមន្ត្រីបានណែនាំឱ្យក្រុមហ៊ុនធ្វើការសហការជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដើម្បីចុះទៅផ្សព្វផ្សាយ និងជ្រើសរើសកម្លាំងពលកម្មទៅតាមមូលដ្ឋាន ឬកម្លាំងពលកម្មដែលបងប្អូនយើងបាត់បង់ការងារដោយសារតែសហគ្រាស គ្រឹះស្ថានរបស់ខ្លួនមិនអាចដំណើរការងារបានដោយបញ្ហាជំងឺកូវិដ១៩ជាដើម។

លោករដ្ឋមន្ត្រីបន្ថែមថា បច្ចុប្បន្នកម្ពុជាមានកម្លាំងពលកម្មសរុបទាំងអស់ ១០លាននាក់ ក្នុងនោះវិស័យកសិកម្មមាន ៤លាននាក់ វិស័យឧស្សាហកម្ម និងសិប្បកម្មមាន ១.៥លាននាក់ វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធមាន ២.៤លាននាក់ ពលករទៅធ្វើការនៅក្រៅប្រទេសមានជាង ១.២លាននាក់ និងមន្ត្រីរាជការមាន ៥សែននាក់ ដែលទាំងនេះជាប្រភពដែលយើងអាចចល័តកម្លាំងពលកម្មទៅតាមតម្រូវការនៃវិស័យ។

របាយការណ៍របស់ក្រសួងរុក្ខាប្រមញ្ញ និងនេសាទ បានបង្ហាញកាលពីពេលថ្មីៗនេះ ថា កម្ពុជាបាននាំចេញកៅស៊ូចំនួន ២៨២ ០៧១ តោន ដែលមានតម្លៃ ៣៧៧ លានដុល្លារ កាលពីឆ្នាំ២០១៩ កើនឡើង ៣០ ភាគរយ បើធៀបនឹងឆ្នាំ ២០១៨។ ទិន្នន័យនេះបង្ហាញទៀតថា ផ្ទៃដីដាំកៅស៊ូនៅកម្ពុជាសរុប ៤០៦ ១៤២ ហិកតា កាលពីឆ្នាំមុនក្នុងនោះកៅស៊ូជាង ២៤៧ ១១៤ ហិកតា ត្រូវបានប្រមូលផល។

ទិដ្ឋភាពនៃជំនួប ((រូបថត៖ propertyarea.asia)

របាយការណ៍ដដែលបញ្ជាក់ថា កំណើននៃការនាំចេញនេះដោយសារតម្រូវការកៅស៊ូសកលកើនឡើង និង ការកើនឡើងនៃចំនួនដើមកៅស៊ូចៀរជ័រក៏បានជំរុញឲ្យបរិមាណនាំចេញកើនឡើងផងដែរ។

លោក ជាង ឡាំង ម្ចាស់ចម្ការកៅស៊ូ​នៅខេត្ត​រតនគីរី បាន​ប្រាប់​ឲ្យដឹងថា តម្លៃកៅស៊ូ​នៅឆ្នាំ២០១៩កន្លងទៅនេះ ហាក់មាន​ភាព​ល្អប្រសើរគ្រាន់បើ​ជាង​ឆ្នាំមុន ដោយតម្លៃ​សម្រាប់​កៅស៊ូ​ប្រភេទ​ជ័រដុំធំៗ​មាន​តម្លៃចាប់ពី ២.៣៥០ រៀល​ក្នុងមួយគីឡូក្រាម ខណៈដែលប្រភេទ​ជ័រដុំតូចៗ​ដែលគេ​បង្កក​ដាក់ចាន​វិញ លក់បាន​ក្នុងតម្លៃ​ពី២.៧០០ រៀល ទៅ​២.៨០០ រៀល​ក្នុងមួយគីឡូក្រាម។

លោក ជាង ឡាំង បាន​បន្ថែមទៀតថា ចំពោះ​តម្លៃកៅស៊ូ​ប៉ុណ្ណេះ គឺជាតម្លៃសមរម្យ​អាចធ្វើឲ្យម្ចាស់ចម្ការ​កៅស៊ូ​អាចបន្ដរស់បាន តែបើសិន​ជាម្ចាស់ចម្ការ​កៅស៊ូ​ដែលមានបំណុល​ធនាគារច្រើន​គឺពិតជា​លំបាក​ ហើយ។

បើតាម​ការអះអាង​របស់ម្ចាស់ចម្ការកៅស៊ូ ទិន្នផល​កៅស៊ូភាគច្រើន​ត្រូវបានលក់ជាវត្ថុធាតុដើម​ទៅឲ្យ​ប្រទេសជិតខាង ពិសេស​គឺវៀតណាម។ ពួកគាត់ក៏សង្ឃឹមថា នឹងមានរោងចក្រ​កែច្នៃ​កៅស៊ូ​ក្នុងស្រុក​ឲ្យបាន​កាន់តែច្រើន នោះទើប​ធ្វើឲ្យតម្លៃទីផ្សារ​កៅស៊ូ​ក្នុងស្រុក​មានលំនឹង។

បើតាម​របាយការណ៍ពីអគ្គនាយកដ្ឋាន​កៅស៊ូ​ បានបង្ហាញថា តម្លៃកៅស៊ូ​ដែល​ប្រមូលទិញ​ពី​កសិករ​កៅស៊ូគ្រួសារ​នៅថ្ងៃទី ២០ ខែមករានេះ គិតជាមធ្យមសម្រាប់​ប្រភេទកៅស៊ូ​ទឹកជ័រ មានតម្លៃ តម្លៃ ៤.៦៥៣ រៀល ក្នុងមួយគីឡូក្រាម ខណៈដែលតម្លៃ​កៅស៊ូប្រភេទ​ជ័រកក គិតជាមធ្យម​មាន ២.៤០៤ រៀល​ក្នុងមួយគីឡូក្រាម។

សូមបញ្ជាក់ថា តាមរបាយការណ៍ពីក្រសួងកសិកម្មបង្ហាញថា កម្ពុជាមាន​ផ្ទៃដី​ដាំដុះកៅស៊ូ​សរុប​ចំនួន​ជាង ៤៣ម៉ឺនហិកតា ក្នុងនោះ ផ្ទៃដី​ដែលចៀរជ័កៅស៊ូបាន​មានចំនួន​ជាង​២៣ម៉ឺន​ហិកតា៕

(ប្រភពព័ត៌មាន: propertyarea.asia/)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស