Trending now

កម្ពុជា-វៀតណាម​ជំរុញកិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម

16:26 | 14/08/2019 (សរុបដោយវិច្ឆិកា)

អាជ្ញាធរ​ខេត្តព្រៃវែង និង​អាជ្ញាធរខេត្ត Dong Thap របស់​ប្រទេស​​ វៀតណាម ​បាន​ជួប​ពិភាក្សាគ្នា​ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម​តាម​ច្រកព្រំដែន ខណៈ​គម្លាត​នៃ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ ​នៅ​ខុសគ្នា​ឆ្ងាយ​។

កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងខេត្តព្រៃវែងនិងខេត្តដុងថាប់

ជំនួប​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​ច្រក​អន្តរជាតិ​គោក​ថ្មី​មួយ​ត្រូវបាន​បើក​ដំណើរការ​កាលពី​ខែ​ឧសភាឆ្នាំនេះ​។ នេះ​បើ​យោងតាម​អភិបាលរង​ខេត្ត​ព្រៃវែង​។

លោក ឌុច គន្ធា អភិបាលរង​ខេត្តព្រៃវែង​ដែល​បាន​ចូលរួម​កិច្ចប្រជុំ​នេះ​បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​កម្ពុជា និង​វៀតណាម​បាន​សម្រេច​បើក​ច្រកព្រំដែន​គោក​អន្តរជាតិបន្ទាយចក្រី ជាមួយ​វៀតណាម​កាលពី​ខែ​ ឧសភា ឆ្នាំ​ ២០១៩ ដើម្បី​សម្រួល​ដល់​ការនាំ​ចេញចូល​ទំនិញ​រវាង​ប្រទេស​ទាំង​​ ២​។

លោក​ថ្លែង​ថា​៖ «​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ព្រៃវែង​ភាគច្រើន​បាន​នាំ​ស្រូវ និង​ផ្លែស្វាយ​ចូលទៅ​វៀតណាម ខណៈ​វៀតណាម​នាំ​ចូលមក​កម្ពុជា​វិញ​នូវ​សម្ភារ​សំណង់ សម្ភារ​ផ្ទះបាយ និង​របស់​ប្រើប្រាស់​មួយ​ចំនួន​»​។

ច្រកព្រំដែន​បន្ទាយ​ចក្រី​មាន​ច្រក​ ២ គឺ​ព្រំដែន​គោក និង​ច្រក​ផ្លូវទឹក ប៉ុន្តែ​ចាប់ពី​ឆ្នាំ​ ២០១២ មក​ខាង​ភាគី​វៀតណាម​បានអនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​តាម​តែ​ព្រំដែនទឹក​ប៉ុណ្ណោះ ដោយ​មិនបាន​បើកផ្លូវ​គោក​ទេ​។ នេះ​បើតាម លោក ឌុច គន្ធា​។

លោក​បញ្ជាក់​ថា​៖ «​ឥឡូវ​នេះ​កាន់តែ​មាន​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ប្រទេស​ទាំង​ ២ ​ក្នុង​ការនាំ​ទំនិញ​ចេញចូល​តាម​ព្រំដែន​គោក​មួយទៀត​»​។

តាម​លោក ឌុច គន្ធា ក្នុងជំនួប​កាលពី​ថ្ងៃ​ចន្ទ​កម្ពុជា​បានស្នើ​ឲ្យ​វៀតណាម​ជួយ​ទិញ​កសិផល​ពី​កម្ពុជា​ និង​ជួយ​អន្តរាគមន៍​កុំ​ឲ្យ​ឈ្មួញ​វៀតណាម​ក្រឡុក​តម្លៃ​ស្រូវ​ពេល​នាំចេញ​។

លោក​បន្ត​ថា​៖ «​យើង​ស្នើសុំ​ឲ្យ​អាជ្ញាធរ​វៀតណាម​ប្រាប់​ទៅ​ឈ្មួញ​ជនជាតិ​វៀតណាម​កុំ​ទម្លាក់​តម្លៃ​តាម​អំពើ​ចិត្ត ហើយ​វៀតណាម​គួរតែ​ជូនដំណឹង​មក​ភាគី​កម្ពុជា​ជាមុន​ថា វៀតណាម​មាន​តម្រូវការ​ស្រូវ​ប៉ុន្មាន​តោន​នៅក្នុង​ ១ ​ឆ្នាំ ឬ​ក៏​ចង់បាន​ស្រូវ​ប្រភេទ​ណា​?»​។

អនុប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​ខេត្ត Dong Thap លោក Vo Phuong Thuy បាន​ប្រាប់​សារព័ត៌មាន Vietnam Plus ថា ពាណិជ្ជកម្ម​តាម​ច្រក​បន្ទាយចក្រី​មាន​តម្លៃ​ ១០០ ​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៨ កើន ៣០ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន​។ របាយការណ៍​បង្ហាញថា​ក្នុង​រយៈពេល​ ៧ ខែ ឆ្នាំ ២០១៩​នេះ ពាណិជ្ជកម្ម​តាម​ច្រក​នេះ​មាន​ទំហំ​ ៥៥ លាន​ដុល្លារ​។

ទំហំ​ពាណិជ្ជកម្ម​របស់​កម្ពុជា​ជាមួយ​វៀតណាម​នៅតែ​មាន​គម្លាត​ដ៏ធំ​ក្នុង​នោះ​ការនាំចេញ​របស់​កម្ពុជា​ទៅ​វៀតណាម​ក្នុង​រយៈពេល​ ៤ ​ឆ្នាំ​ចុងក្រោយ​សម្រេច​បានតែ​ជាង ១,១៨ ​ពាន់​លាន​ប៉ុណ្ណោះ ខណៈ​ការនាំចេញ​របស់​វៀតណាម​មក​កម្ពុជា​មាន​រហូត​ដល់ ៦,៩៦ ​ពាន់​លាន​ដុល្លារ​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រសួង​ពាណិជ្ជកម្ម​។

របាយការណ៍​បង្ហាញ​ថា​នៅ​ឆ្នាំ​ ២០១៨ ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​វៀតណាម​មាន​ជាង​ ២,៦៨ ​ពាន់​លាន​ដុល្លារ​ក្នុងនោះ​កម្ពុជា​នាំចេញ ៣៦២ ​លាន​ដុល្លារ ខណៈ​ការនាំចូល​ជាង​ ២,៣២ ​ពាន់​លាន​ដុល្លារ​។

រយៈពេល​ ៣ ​ខែ​ឆ្នាំ ២០១៩ ​នេះ​ការនាំចេញ​កម្ពុជា​ទៅ​វៀតណាម​ជាង ៧៥ លាន​ដុល្លារ ខណៈ​ការនាំចូល​មាន​រហូត​ដល់ ៦២៣ លាន​ដុល្លារ​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ឲ្យ​ដឹងថា ការបើក​ឲ្យ​ចរាចរ​ព្រំដែន​គោក​នៅ​ខេត្ត​ព្រៃវែង​នេះ​នឹង​ជួយ​ជំរុញ​កំណើន​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម​។

លោក​ថ្លែង​ថា​៖ «​ការបើក​ច្រកព្រំដែន​នេះ​ពិតជា​ជួយ​ឲ្យ​មាន​ភាពងាយស្រួល​ដល់​ការនាំ​កសិផល​របស់​កសិករ ព្រមទាំង​ភ្ញៀវទេសចរ​ផងដែរ តែ​កម្ពុជា​ត្រូវបាន​ការអនុវត្ត​ច្បាប់​តឹងរ៉ឹង​ក្នុងការ​ទប់ស្កាត់​ការ​គេចពន្ធ​មក​កម្ពុជា​»៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់