Trending now

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងតំបន់គឺជាគន្លឹះសម្រាប់ភាពជោគជ័យរបស់កម្ពុជានិងវៀតណាម

10:59 | 03/02/2021 (បកប្រែនិងសរុបដោយវិច្ឆិកា)

វិនិយោគិនបរទេសនិងអ្នកវាយតម្លៃឥណទានឯករាជ្យនានាកំពុងតែបង្ហាញជំនឿទុកចិត្តមកលើប្រទេសកម្ពុជានិងវៀតណាមខណៈដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាបានបញ្ចប់និងកំពុងត្រូវបានជំរុញដោយរដ្ឋាភិបាលនៃប្រទេសទាំងពិរ។

កំពង់ផែ Hai Phong របស់ប្រទេសវៀតណាម

យោងតាមគេហទំព័រ ASEAN Briefing (AB) បានឲ្យដឹងថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនេះអាចធ្វើឲ្យតំបន់នេះក្លាយជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទី ៤ លើពិភពលោកនៅឆ្នាំ ២០៣០ ដែលរួមមានទីផ្សារអ្នកប្រើប្រាស់ដែលមានទំហំទឹកប្រាក់រហូតដល់ទៅប្រមាណជា ៤ ទ្រីលានដុល្លារ។

គេហទំព័រ AB បានឲ្យដឹងថាសមិទ្ធិផលសេដ្ឋកិច្ចនេះនឹងត្រូវបានជំរុញដោយកត្តាធំៗចំនួនបួន។ និន្នាការប្រជាជន ខណៈដែល ៦៥ ភាគរយនៃប្រជាជនអាស៊ានចំនួន ៦០០ លាននាក់បានផ្លាស់ប្តូរទៅជាប្រជាជនដែលមានវណ្ណៈកណ្តាល ការកើនឡើងនៃការវិនិយោគបរទេសនៅក្នុងតំបន់ ការកើនឡើងកម្រិតប្រាក់ចំណូល និងការរីកចម្រើនផ្នែកឌីជីថល»។

ទោះជាយ៉ាងណា គេហទំព័រនេះបានបន្ថែមថាវាជាការចាំបាច់សម្រាប់វិនិយោគិនបរទេសឱ្យយល់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងតំបន់ដើម្បីទទួលបានផលចំណេញពីសក្តានុពលរយៈពេលវែងរបស់តំបន់នេះ។

គេហទំព័រ AB បន្ថែមថា៖ «អាជីវកម្មអន្តរជាតិអាចទទួលបានអត្ថប្រយោជន៍ពីបណ្តាញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី របស់អាស៊ានក្នុងទម្រង់នៃការកាត់បន្ថយការចំណាយលើអ្នកនាំចូល កែលម្អការទូទាត់ពន្ធគយ និងបង្កើនលទ្ធភាពទទួលបានផលិតផលដែលមានសិទ្ធិទទួលបានការអនុគ្រោះពន្ធ។ លើសពីនេះទៅទៀត ពន្ធនិងសារពើពន្ធក៏ផ្ដល់ជាអត្ថប្រយោជន៍ជាច្រើនផងដែរ»។

តំបន់ពាណិជ្ជកម្មសេរីអាស៊ាន –អូស្រ្តាលី –ណូវ៉ែលហ្សេឡង់ (AANZFTA) បានឯកភាពគ្នាកាលពីខែមករាឆ្នាំ ២០១០ ហើយការធ្វើបច្ចុប្បន្នភាពបានធានានូវសកម្មភាពមិនគិតពន្ធ ៩០ ភាគរយនៃទំនិញដែលបានធ្វើពាណិជ្ជកម្មរវាងប្រទេសហត្ថលេខី។

កិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន-ឥណ្ឌា (AITIGA) ត្រូវបានចុះហត្ថលេខានិងចូលជាធរមានក្នុងឆ្នាំ ២០១០ និងបានបង្កើតតំបន់ពាណិជ្ជកម្មសេរីធំបំផុតមួយនៅលើពិភពលោកដែលបង្កើតឱកាសសម្រាប់ប្រជាជនជាង ១,៩ ពាន់លាននាក់នៅក្នុងតំបន់ជាមួយនឹងផលិតផលក្នុងស្រុកសរុបចំនួន ៤,៨ ទ្រីលានដុល្លារ។

កិច្ចព្រមព្រៀងនោះបានជួយសម្រួលដល់ពន្ធគយសម្រាប់ផលិតផលពាណិជ្ជកម្មពេញនិយមដូចជាប្រេងដូង ម្រេច តែខ្មៅ និងកាហ្វេ ខណៈដែលការនាំចេញទៅកាន់ប្រទេសឥណ្ឌាពីអាស៊ានឈានដល់ទំហំទឹកប្រាក់ប្រមាណជា ៥៥ ពាន់លានដុល្លារ។

ជាមួយគ្នានេះផងដែរ កិច្ចពិភាក្សានានាកំពុងបន្តពិនិត្យមើលវិសាលភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដើម្បីដោះស្រាយបញ្ហាដែលមានស្រាប់ទាក់ទងនឹងពន្ធគយ។

គេហទំព័រ AB បានឲ្យដឹងថា៖ «ឥណ្ឌាត្រូវបានអនុវត្តខុសពីដៃគូពាណិជ្ជកម្មអាស៊ានដទៃទៀតខណៈដែលប្រទេសនេះមិនមានកិច្ចព្រមព្រៀងសេដ្ឋកិច្ចជាមួយតំបន់នេះនោះទេ។ ជាឧទាហរណ៍ការនាំចូលរថយន្តរបស់ជប៉ុនប្រឈមនឹងពន្ធ ៥ ភាគរយនៅឥណ្ឌូណេស៊ីនិងថៃ ខណៈដែលពន្ធ ៣៥ ភាគរយត្រូវបានអនុវត្តសម្រាប់រថយន្តឥណ្ឌា។ វិស័យនេះផ្ដល់ជាឱកាសជាច្រើនដូចជាការផលិតឱសថទូទៅនិងឧបករណ៍វេជ្ជសាស្ត្រ។ ប្រទេសឥណ្ឌាគឺជាអ្នកផ្គត់ផ្គង់ឱសថធំបំផុតនៅលើពិភពលោកនិងផ្គត់ផ្គង់វ៉ាក់សាំងសកលប្រមាណជា ៦២ ភាគរយ»។

កំពង់ផែទឹកជ្រៅរបស់ប្រទេសកម្ពុជាក្នុងក្រុងព្រះសីហនុកំពុងទទួលបានអត្ថប្រយោជន៍ពីការបង្កើនពាណិជ្ជកម្មតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា។

តំបន់ពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ (AKFTA) បានចូលជាធរមានក្នុងឆ្នាំ ២០០៧ ខណៈដែល ពាណិជ្ជកម្មទ្វេភាគីបានឈានដល់ទំហំ ១៦០ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៩។ ហត្ថលេខីទាំងពីរបានសន្យាថានឹងបង្កើនថវិកានេះដល់ ២០០ ពាន់លានដុល្លារក្នុងអំឡុងពេលកិច្ចប្រជុំកំពូលមួយដែលធ្វើឡើងនៅទីក្រុងប៊ូសានដើម្បីអបអរដល់ទំនាក់ទំនងរយៈពេល ៣០ ឆ្នាំ។ទំនាក់ទំនងសេដ្ឋកិច្ចកាន់តែប្រសើរជាមួយកូរ៉េខាងត្បូងអាចជួយឲ្យអាស៊ានធ្វើពិពិធកម្មផលប្រយោជន៍សេដ្ឋកិច្ចជាពិសេសកាត់បន្ថយការពឹងផ្អែកដ៏លើសលប់លើប្រទេសចិន។

ភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយរវាង ប្រទេសជាសមាជិកអាស៊ាននិងប្រទេសជប៉ុន (AJCEP) បានចូលជាធរមាននៅក្នុងខែធ្នូឆ្នាំ ២០០៨ ហើយត្រូវបានពិនិត្យឡើងវិញដោយភាគីទាំងពីរនៅឆ្នាំ ២០២០។ កិច្ចព្រមព្រៀងនេះបានធ្វើឱ្យពាណិជ្ជកម្មទ្វេភាគីឡើងដល់ជាង ២១៤ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៩។

ការពិនិត្យឡើងវិញនេះរួមមានយន្តការដោះស្រាយវិវាទ និងវិធានស្តីពីការធ្វើដំណើររបស់អ្នកធ្វើដំណើរអាជីវកម្មបរទេស។ ច្បាប់ទាំងនេះមានសារៈសំខាន់ ជាពិសេសចំពោះប្រទេសមីយ៉ាន់ម៉ា ឡាវ និងកម្ពុជាដែលបច្ចុប្បន្នមិនមានកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីជាមួយប្រទេសជប៉ុន។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-អាស៊ាន (ACFTA) ក្នុងឆ្នាំ ២០០៤ បានឯកភាពមិនយកពន្ធលើផលិតផលជាង ៧០០០ ប្រភេទពីប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី ព្រុយណេ ហ្វីលីពីន និងថៃនៅឆ្នាំ ២០១០ ខណៈដែលប្រទេសមីយ៉ាន់ម៉ា ឡាវ វៀតណាម និងកម្ពុជាចូលរួមនៅឆ្នាំ ២០១៥ ។

នៅឆ្នាំ ២០២០ អាស៊ានបានយកឈ្នះសហភាពអឺរ៉ុបក្នុងការក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ចិនដែលមានប្រមាណ ១៥ ភាគរយនៃទំហំពាណិជ្ជកម្មសរុបរបស់ចិនចំនួន ១៤០ ពាន់លានដុល្លារ។

គេហទំព័រ AB បានឲ្យដឹងថា៖ «អេឡិចត្រូនិកគឺជាវិស័យដែលចូលរួមចំណែកធំបំផុតក្នុងពាណិជ្ជកម្មនេះ ដោយប្រទេសចិនបាននាំចូលនូវសៀគ្វីនានាក្នុងទំហំទឹកប្រាក់ចំនួន ១៤,៩ ពាន់លានដុល្លារពីបណ្តាប្រទេសអាស៊ាន»។

កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្រ្តរួមមានប្រមាណជា ៣០ ភាគរយនៃចំនួនប្រជាជនពិភពលោក និង ៣០ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក។ វិស័យសេវាកម្មប្រមាណជា ៦៥ ភាគរយនឹងត្រូវបានបើកចំហសម្រាប់វិនិយោគិនបរទេសដោយបង្កើនភាពជាម្ចាស់សម្រាប់ជនបរទេសនៅក្នុងឧស្សាហកម្មផ្សេងៗដូចជាសេវាកម្មហិរញ្ញវត្ថុ ទូរគមនាគមន៍ និងសេវាកម្មជំនាញ»។

កិច្ចព្រមព្រៀង RCEP ក៏នឹងជម្រុញការវិនិយោគតាមរយៈយុទ្ធសាស្ត្រ China+1 ដល់សមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសម្រាប់ប្រទេសនានារួមមានកម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី និងវៀតណាម។

តាមរយៈកិច្ចព្រមព្រៀង RCEP ពន្ធគយនឹងត្រូវបានលុបចោលលើទំនិញ ៩២ ភាគរយក្នុងរយៈពេល ២០ ឆ្នាំខាងមុខ ខណៈដែលអាជីវកម្មនានានឹងត្រូវការលិខិតបញ្ជាក់ប្រភពដើមតែមួយគត់សម្រាប់ការធ្វើពាណិជ្ជកម្មនៅក្នុងតំបន់។ សកម្មភាពនេះត្រូវបានប៉ាន់ប្រមាណថានឹងបន្ថែមថវិកាចំនួន ១៨៦ ពាន់លានដុល្លារដល់សេដ្ឋកិច្ចពិភពលោក ក៏ដូចជា ០,២ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់សមាជិក។

ទោះជាយ៉ាងណា លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មយល់ថាទាំងកិច្ចព្រមព្រៀងពហុភាគីនិងទ្វេភាគីនឹងមានសារៈសំខាន់សម្រាប់ព្រះរាជាណាចក្រនាពេលអនាគត។

«និន្នាការបច្ចុប្បន្នកំពុងចាប់ផ្តើមផ្លាស់ប្តូរទៅរកសារៈសំខាន់នៃទំនាក់ទំនងទ្វេភាគីដើម្បីទទួលបានផលប្រយោជន៍ពីដៃគូគោលដៅ។ យើងពិចារណាចាប់យកឱកាសពីទីផ្សារគោលដៅដូចជាប្រទេសចិននិងប្រទេសផ្សេងៗទៀត»។

នៅក្នុងយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីត្រូវបានកំណត់ជាអាទិភាព។ យើងចាំបាច់ត្រូវផ្លាស់ប្តូរការកាត់បន្ថយ និងលុបបំបាត់វិធានពន្ធគយនិងអាករសម្រាប់ការទទួលបានទីផ្សារបន្ថែមសម្រាប់ទំនិញនិងសេវាកម្មរបស់យើងក៏ដូចជាការទាក់ទាញការវិនិយោគបន្ថែមទៀតដើម្បីបង្កើនឱកាសការងារនិងបច្ចេកវិទ្យាថ្មីៗ»។

លោកបន្តថា ស្របពេលដែលពិភពលោករងផលប៉ះពាល់ដោយជំងឺរាតត្បាត ការស្តារឡើងវិញទៅកាន់ស្ថានភាពធម្មតានឹងត្រូវបានសម្រេចតាមរយៈប្រព័ន្ធពាណិជ្ជកម្មពហុភាគីឬទំនាក់ទំនងទ្វេភាគីដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាដើម។

«នៅពេលដែលកិច្ចព្រមព្រៀងទាំងនេះចូលជាធរមាន វានឹងជួយដល់យើងក្នុងការចូលទៅកាន់ទីផ្សារ បង្កើនទំហំពាណិជ្ជកម្ម សេវាកម្ម និងលំហូរចូលនៃការវិនិយោគបរទេសបន្ថែមទៀត»៕

(បកប្រែនិងសរុបដោយវិច្ឆិកា)

(បកប្រែនិងសរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ