Trending now

ជើងហោះហើរលើកដំបូងភ្នំពេញ-ដាណាំង ត្រូវបានសម្ពោធផ្លូវការ

10:13 | 28/10/2019

ជើងហោះហើរត្រង់ពីរាជធានីភ្នំពេញទៅកាន់ទីក្រុងដាណាំង របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ ត្រូវបានសម្ពោធជាផ្លូវការ និងចាប់ផ្តើមហោះហើរជាលើកដំបូងបង្អស់ ជាមួយនឹងការរំពឹងទុកថាកម្ពុជានឹងទទួលបានកំណើនទេសចរបន្ថែមទៀតពីគោលដៅទេសចរណ៍ដ៏ល្បីរបស់វៀតណាមមួយនេះ។

រូបថតៈ FN

ការសម្ពោធជាផ្លូវការនេះធ្វើឡើងនៅព្រលានយន្តហោះអន្តរជាតិដាណាំង នារសៀលថ្ងៃ២៧ ខែតុលា ឆ្នាំ២០១៩ ដោយបាននាំយកប្រតិភូកម្ពុជាដឹកនាំដោយលោក សូ វិសុទ្ធី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ រួមជាមួយលោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា និងក្រុមហ៊ុនទេសចរណ៍៥៧នាក់ទៀតផងដែរ។

លោក សូ វិសុទ្ធី បានលើកឡើងថា ការបើកជើងហោះហើរត្រង់នេះ បង្ហាញពីការតាំងចិត្តយ៉ាងមុះមុត និងការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ ក្រសួងទេសចរណ៍ និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ព្រមទាំងផ្នែកពាក់ព័ន្ធ ក្នុងការតភ្ជាប់កម្ពុជាទៅកាន់គោលដៅ និងប្រភពទីផ្សារដ៏មានសក្តានុពលក្នុងតំបន់ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិពីប្រភពទីផ្សារទាំងនោះ និងភ្ញៀវទេសចរពីប្រទេសទីបី។

ព្រមជាមួយនោះ ក៏បានជំរុញសកម្មភាពពាណិជ្ជកម្ម វិនិយោគ សេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការ និងរឹតចំណងមិត្តភាពកម្ពុជា-វៀតណាមឲ្យកាន់តែជិតស្និទ្ធថែមទៀតផង។

ជើងហោះហើរលើកដំបូងភ្នំពេញ-ដាណាំង ត្រូវបានសម្ពោធផ្លូវការ (រូបថតៈ FN)

គួរកត់សម្គាល់ថា រយៈពេល៨ខែ នៃឆ្នាំ២០១៩ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួនជាង ៤.៣លាននាក់ កើនឡើង ១០.៤% ក្នុងនោះមានទេសចរវៀតណាមជាង ៥៦ម៉ឺននាក់ កើនឡើង៦.៣%។

ដោយទីក្រុងដាណាំងមានគោលដៅទេសចរណ៍ថ្មីៗ ប្លែកដែលគួរជាទីចាប់អារម្មណ៍ និងទាក់ទាញទេសចរប្រទេសទីបីឲ្យមកកម្សាន្ត ហើយពួកគាត់អាចនឹងបន្តដំណើរទស្សនកិច្ចមកកាន់រាជធានីភ្នំពេញ និងខេត្តសៀមរាបផងដែរ តាមរយៈជើងហោះហើរត្រង់ថ្មីនេះ ដូចជាទេសចរកូរ៉េ ចិន ជប៉ុន និងអឺរ៉ុប។

នៅក្នុងកម្មវិធីសម្ពោធជើងហោះហើរនេះ ក៏មានការអញ្ជើញចូលរួមពីក្រុមហ៊ុនទេសចរណ៍ឯកជន និងភ្នាក់ងារលក់សំបុត្រយន្តហោះឲ្យមកទស្សនកិច្ច និងពង្រីកធុរកិច្ចរបស់ខ្លួន ដោយចាប់យកដៃគូថ្មីៗជាមួយប្រតិបត្តិកទេសចរណ៍ទីក្រុងដាណាំង។

ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ ក៏កំពុងផ្តល់ជូននូវតម្លៃពិសេស សម្រាប់ជើងហោះហើរត្រង់ពីរាជធានីភ្នំពេញទៅកាន់ខេត្តដាណាំង ក្នុងតម្លៃត្រឹមតែ៥០ដុល្លារ តែប៉ុណ្ណោះ រហូតដល់ដំណាច់ឆ្នាំ២០១៩ ដោយមានការហោះហើរ ៥ជើង ក្នុងមួយសប្តាហ៍៕

(ប្រភព៖ FN)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន