Trending now

សមាគមមិត្តភាពវៀតណាម - កម្ពុជាអនុវត្តន៍សកម្មភាពយ៉ាងស៊ីជម្រៅនិងមានប្រសិទ្ធភាព

08:59 | 30/07/2019 (យោងតាម baotintuc.vn បកប្រែដោយស្រីពេជ្រ)

យុគសម័យ - យោងតាមអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី ២៩ ខែកក្កដា សមាគមមិត្តភាពនៃប្រទេសទាំងពីរ វៀតណាមនិងកម្ពុជាបានចេញសេចក្តីប្រកាសរួម ដើម្បីចូលរួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងអ្នកជិតខាងល្អប្រសើរ មិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងប្រទេសទាំងពីរ។

ទិដ្ឋភាពនៃអង្គសន្និសីទ (រូបថតៈ Trần Long/TTXVN )

តំណាងប្រមាណ ២០០ នាក់ នៃសមាគមមិត្តភាពនៃប្រទេសទាំងពីរ ដែលមកពីខេត្តជាប់ព្រំដែនវៀតណាមនិងកម្ពុជា ចំនួន ៦ បានជួបជុំ ដើម្បីពិភាក្សានិងវាយតម្លៃលើសកម្មភាពនៃកិច្ចសហប្រតិបត្តិការរបស់សមាគមទាំងពីរក្នុងរយៈពេល ៤ ឆ្នាំកន្លងមក។ សន្និសីទនេះត្រូវបានរៀបចំឡើងនៅសាលប្រជុំក្រុងស្វាយរៀង (កម្ពុជា) ដោយមានការចូលរួមពីសំណាក់ឧបនាយករដ្ឋមន្រ្តីកម្ពុជា លោកជំទាវ ម៉ែន សំអន និងអគ្គរដ្ឋទូតនៃស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា លោក Lai Xuan Chien ផងដែរ។

នៅឯអង្គប្រជុំនេះ ​ភាគីទាំងពីរបានឯកភាព បន្តអនុវត្តន៍កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាកាលពីខែធ្នូ ឆ្នាំ ២៩១៥ ដើម្បីរួមចំណែកក្នុងការសម្របសម្រួលនិងជំរុញកិច្ចការផ្សព្វផ្សាយ អប់រំ សម្រាប់សមាជិកនៃសមាគម ក៏ដូចជាប្រជាជននៃប្រទេសទាំងពីរ អំពីប្រពៃណី សាមគ្គីភាព ​មិត្តភាពនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ កម្ពុជា-វៀត ណាម ជាពិសេស រារាំងឧបាយកលឃោសនាមិនពិតរបស់កម្លាំងអរិភាពដើម្បីបំបែកបំបាកសាមគ្គីភាពរវាងប្រជាជនទាំងពីរ។ ខ្លឹមសារសំខាន់មួយដែលចែងក្នុងសេចក្តីប្រកាសគឺការបង្កើនកិច្ចសហប្រតិបត្តិការនិងផ្លាស់ប្តូរបទពិសោធន៍រវាងសមាគមគ្រប់លំដាប់ថ្នាក់នៃប្រទេសទាំងពីរ ជាពិសេសរវាងខេត្ត ស្រុក តាមបណ្តោយព្រំដែនរួមនៃប្រទេសទាំងពីរ ក៏ដូចជា រវាងទីក្រុងហូជីមិញនិងរាជធានីភ្នំពេញ ដើម្បីបង្កើនការយល់ដឹង ការជឿទុកចិត្តនិងចែករំលែកបទពិសោធន៍ក្នុងសម្មភាពទាំងអស់នៃសមាគម។ ភាគីទាំងពីរបានឯកភាពបើកកិច្ចប្រជុំជារៀងរាល់ ២ ឆ្នាំម្តង ដើម្បីពិនិត្យវាយតម្លៃការអនុវត្តន៍កិច្ចព្រមព្រៀងនិងផ្លាស់ប្តូរគំនិតដើម្បីកំណត់ទិសដៅសម្រាប់ឆ្នាំខាងមុខ។

ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម ឧបនាយករដ្ឋមន្ត្រីនៃកម្ពុជា លោកជំទាវ ម៉ែន សំអន អញ្ជើញថ្លែងក្នុងពិធី (រូបថតៈ Trần Long/TTXVN )

អញ្ជើញថ្លែងមតិក្នុងពិធី ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម លោកជំទាវ ម៉ែន សំអន បានចាត់ទុកថា ចាប់តាំងពីបានបង្កើតទំនាក់ទំនងការទូតមក អស់រយៈពេល៥០ឆ្នាំកន្លងទៅ ប្រទេសទាំងពីរ បានចែករំលែកជាមួយគ្នាទាំងការលំបាកក៏ដូចជាក្តីរីករាយ រហូតដល់ថ្ងៃរំដោះប្រទេសជាតិ។ បច្ចុប្បន្ននេះ ប្រទេសយើងទាំងពីរជាអ្នកជិតខាងកំពុងបានឈានដល់ដំណាក់កាលប្រវត្តិសាស្ត្រថ្មី រួមគ្នាការពារសន្តិភាពនិងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដើម្បីភាពសម្បូររុងរឿងរបស់ប្រទេសទាំងពីរក្នុងតំបន់និងពិភពលោក។ អាចបញ្ជាក់បានថា ទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ ជាពិសេសការដោះដូរពាណិជ្ជកម្មតាមព្រំដែនកាន់តែមានភាពជិតស្និទ្ធនិងទទួលបានផ្លែផ្លាជាច្រើនគួរអោយ កត់សម្គាល់។

តំណាងនៃសមាគមទាំងពីរ អញ្ជើញចុះហត្ថលេខាលើសេចក្តីប្រកាសរួម (រូបថតៈ Trần Long/TTXVN )

ចំណែកឯប្រធានសមាគមមិត្តភាពវៀតណាម - កម្ពុជា លោក Vu Mao បានអះអាងថា ការដែលនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោហ៊ុនសែន បានតែងតាំងលោកទំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ធ្វើជាថ្នាក់ដឹកនាំសមាគមមិត្តភាពកម្ពុជា - វៀតណាម គឺជាកិត្តិយសដ៏ខ្ពង់ខ្ពស់ ដោយសម្តែងការគោរពនិងការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងអ្នកជិតខាងជិតស្និទ្ធជាមួយវៀតណាម។ ម្យ៉ាងវិញទៀត បទបង្ហាញនៅអង្គសន្និសីទនេះ មិនត្រឹមតែវាយតម្លៃនូវសកម្មភាពរបស់សមាគមទាំងពីរប៉ុណ្ណោះទេ ថែមទាំងបានវាយតម្លៃទៅលើការងារប្រកបដោយប្រសិទ្ធភាពនិងជាក់ស្តែងទៀតផង។ ពោលគឺ សមាគមមិត្តភាពវៀតណាម - កម្ពុជាបានអនុវត្តន៍ក្នុងវិស័យសេដ្ឋកិច្ច វប្បធម៌ សង្គមនិងបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសការបង្កើត “ក្លឹបសហគ្រិន វៀតណាម - កម្ពុជាទីក្រុងហូជីមិញ” និងផ្តល់យោបល់លើព័ត៌មានវិនិយោគនិងពាណិជ្ជកម្ម ជាដើម៕

សមាគមមិត្តភាពកម្ពុជា - វៀតណាមត្រូវបានបង្កើតឡើងនៅកម្ពុជាកាលពីឆ្នាំ ១៩៨០ ដោយមានបំណងចង់ពង្រឹងនិងពង្រីក នូវចំណងសាមគ្គីភាពកម្ពុជា - វៀតណាម រួមជាមួយទំនាក់ទំនងការទូតជាផ្លូវការរវាងប្រទេសទាំងពីរ។ ចាប់តាំងពីឆ្នាំ ២០០៩ រហូតមកដល់បច្ចុប្បន្ននេះ សមាគមមិត្តភាពនៃប្រទេសទាំងពីរបានបង្កើនសកម្មភាព តាមរយៈការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់។ ជាពិសេស ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែមករា ឆ្នាំ ២០១៩ តំណាងសមាគមមិត្តភាពវៀតណាម - កម្ពុជា បានអមដំណើរគណៈប្រតិភូគណបក្សប្រជាជនកម្ពុជាចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៤០ នៃជ័យជំនះនៃសង្គ្រាមព្រំដែនភាគនិរតីរួមជាមួយកងទ័ពនិងប្រជាជនកម្ពុជា យកឈ្នះលើរបបប្រល័យពូជសាសន៍ប៉ុលពត ដែលកម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅទីក្រុងហាណូយ (វៀតណាម)៕

(យោងតាម baotintuc.vn បកប្រែដោយស្រីពេជ្រ)

(យោងតាម baotintuc.vn បកប្រែដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់