Trending now

ជនបរទេស៖ អរគុណវិស័យសុខាភិបាលរបស់វៀតណាម!

16:25 | 05/04/2020 (បកប្រែដោយឌីណា)

យុគសម័យ - ទាំងនេះគឺជាពាក្យពេជ្រដែលចេញពីដួងចិត្តរបស់ជនបរទេសជាច្រើននាក់ នៅក្នុងប្រទេសវៀតណាម សម្រាប់ការជួយអស់ពីកម្លាំងកាយចិត្តរបស់គ្រូពេទ្យវៀតណាមទាំងមូល។

អ្នកជំងឺបានជាសេះស្បើយ​និងអនុញាត្តិឲ្យចេញពី​ពេទ្យកាលពីព្រឹកថ្ងៃទី ៣០ ខែមីនា​ នៅ​មន្ទីរ​ពេទ្យ​ត្រូពិកមជ្ឈិម​ សាខាទី២ ។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

ក្នុងស្ថានភាពនៃការរីករាលដាលនៃ Covid-19 វិវឌ្ឍយ៉ាងស្មុគស្មាញ និងមិនអាចប៉ាន់ស្មានជាមុនបានទេ តែ​ក្នុង​ស្មារតីនៃមនុស្សសាស្ត្រ កិច្ច​​សហប្រតិបត្តិការ និងការចែករំលែក រដ្ឋា​ភិបាលវៀ​តណាមបាន​ដឹក​នាំ​ក្រសួង និងស្ថាប័ន​ពាក់ព័ន្ធនានា​ឲ្យ​យកចិត្តទុកដាក់យ៉ាងខ្លាំងក្លា និង​ជួយ​គាំទ្រ​ដល់ជ​នបរទេ​ស នៅក្នុ​ងប្រទេ​សវៀតណាម​ត្រូវបា​នធានា​នូវ​ជីវភាព​រស់​​នៅ​ដ៏ធម្មតា និងមានសុវត្ថិភាព ត្រូវ​បាន​​ត្រួតពិនិត្យ ថែទាំ​សុខភាព និង​ការ​ព្យាបាលយ៉ាងសកម្ម ក្នុងករណីចាំបាច់។ សក​ម្មភាព​ទាំងនេះ​របស់​រដ្ឋា​ភិបាល និងប្រជាជនវៀតណាមត្រូវបាន​ប្រជាជនប​រទេស និងសហគមន៍អន្តរជាតិវាយតម្លៃខ្ពស់។

“អរគុណណាស់​វិស័យ​សុខាភិបាលវៀតណាម” - ទាំ​ងនេះគឺ​ជាពា​ក្យចេញ​ពី​ដួងចិត្តរប​ស់ជនប​រទេសជា​ច្រើន​ដែលឆ្លងជងឺ Covid-19 ឬ​ត្រូវ​យក​ទៅ​​ដាក់​​ឲ្យ​នៅ​ដាច់ដោយឡែក​ពីគេ ​នៅពេលមកដល់ប្រទេស​វៀតណាម ហើយ​​ទទួ​លបាន​ការយកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ពីគ្រូពេទ្យ​​វៀត​ណាម។

លោកស្រី Shan (អាយុ ៦៧ ឆ្នាំ) - អ្នកជម្ងឺលេខ ២៤ មានក្តីសប្បាយរីករាយ ​ដែល​​ជាអ្ន​កជម្ងឺ​ម្នាក់ក្នុងចំ​ណោមអ្នក​ជម្ងឺដែ​លត្រូ​វ​បាន​ព្យាបា​លឲ្យ​ជាសេះស្បើយ​​ពីជំងឺ​ Covid-19 នៅម​ន្ទីរពេទ្យ​ត្រូពិកមជ្ឈិម​។

លោកស្រី Shan គឺជាអ្នកទេសចរអៀរឡង់ម្នាក់ មកប្រទេសវៀតណាមពីចក្រភពអង់គ្លេស តាមជើងហោះហើរ VN0054 នៅថ្ងៃទី ២ ខែមីនា។ លោកស្រីបានចែករំលែកថា “ ​ខ្ញុំជាគ្រូពេទ្យបាន​ចូលនិវត្តន៍​ម្នាក់​ ខ្ញុំ​អាច​ស្លាប់​​ដោយជំងឺ​ Covid-19 តែ​គ្រូពេទ្យ​វៀតណាម​បាន​ជួយសង្គ្រោះខ្ញុំ។ ប្តី​រប​ស់ខ្ញុំ​នៅតែ​មានសុខភាព​ខ្សោយ​ហើយត្រូវការថែទាំពិសេស។ គ្រូពេទ្យ​កំពុង​ជួយគា​ត់ឱ្យប្រ​សើរឡើង។ ពួកគេ​ខិតខំធ្វើការ​មិន​ចេះ​នឿហត់ ​ដើ​ម្បីជួ​យសង្គ្រោះ​ជិវិតមនុស្ស” ។

នៅលើ​បណ្តាញសង្គមនានា​ក៏ពោរពេញទៅដោយសំបុត្រ ឬពាក្យ​ថ្លែង​អំណរ​គុណពីជនបរទេសជូនដល់បុគ្គលិក ពេទ្យ​វៀតណាមដែរ​។

“ខ្ញុំជាមនុស្សម្នាក់ដែលជិះយន្តហោះ VN54 នៅថ្ងៃទី ២ ខែមីនា​ និង​ស្នាក់​​នៅ​តំបន់ដាក់ឲ្យ​នៅ​ដាច់ដោយ​ឡែក​ពី​គេ​​ នៃមន្ទីរពេទ្យត្រូពិក​មជ្ឈិម​​ សាខា Kim Chung ចាប់ពីថ្ងៃទី ៧ ខែមីនា ។ ​ខ្ញុំ​សូមថ្លែ​ងអំណ​រគុណយ៉ា​ងជ្រាលជ្រៅ ចំពោះគ្រូពេទ្យ និងគិលានុបដ្ឋាយិកា​ ដោយ​ការ​ខិតខំប្រឹងប្រែង​អស់ពីកម្លាំងកាយចិត្តរបស់ពួកគេ នាពេលកន្លងមក” ។ នេះគឺជា​សំបុត្រ​មួយផ្ញើទៅកាន់មន្ទីរពេទ្យត្រូពិក​របស់​អ្នកវិទ្យាសាស្ត្រ​អង់គ្លេស​ម្នាក់។

នៅលើបណ្តាញសង្គម ចុងភៅម្នាក់​នៃប្រទេសនូវែលសេឡង់ លោក Bobby Chin ក៏បានចែករំលែកថា៖ “ ខ្ញុំ​សូមឱនក្បាល​ ដោយ​គោរ​ពចំពោះគ្រូ​ពេទ្យវៀតណាម ដែលធ្វើការនៅកន្លែងដាក់ឲ្យ​នៅ​ដាច់​ដោយ​ឡែក​​ពី​គេ​ដែលឪពុកខ្ញុំត្រូវ​បានថែ​ទាំ​នៅទីនោះ។ នេះ​ពិ​តជាកា​រលះប​ង់ដ៏ថ្លៃ​ថ្នូរ”។

ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំនៅវៀតណាម លោក Gareth Ward។

ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំនៅវៀតណាម លោក Gareth Ward បានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ អ្នកទេសចរ​អង់គ្លេសជាច្រើន​ដែល​​ឆ្លង Covid-19 ត្រូ​វបាន​ទទួល​ការយ​កចិត្តទុកដាក់និងព្យាបាល​ពីគ្រូពេទ្យវៀតណាម។ ឯកអគ្គរ​ដ្ឋទូតអង់​គ្លេសប្រចាំ​នៅវៀត​ណា​ម លោក Gareth Ward បានថ្លែងអំ​ណរគុណ​ចំពោះការខិត​ខំប្រឹងប្រែ​ងដែលក្រុមគ្រូពេទ្យ និងស្ថាប័ន​នានា​នៃ​រដ្ឋាភិ​បាលវៀត​ណាម​ ដោយ​បានខិតខំប្រឹង​ប្រែង​អស់​ពី​កម្លាំង​កាយ​ចិត្ត​ធ្វើ​ការ ដើម្បី​ព្យាបា​ល​​​ដល់ពលរដ្ឋ​អង់គ្លេស។​

លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា “ភ្ញៀវទេ​សចរអង់គ្លេស​ជា​ច្រើន​​បានសម្តែ​ងការដឹង​គុណចំ​ពោះប្រទេ​សវៀតណា​ម។ លោក​​ឯកអគ្គរដ្ឋទូត Gareth Ward និង​ស្ថានទូតអង់គ្លេសប្រចាំនៅ​វៀតណាម ក៏បានណែ​នាំ​អំពីច្បាប់​និងទំនៀមទម្លាប់​មួយចំនួន​របស់វៀតណាមដល់​ពល​រដ្ឋអ​ង់​គ្លេស​​ ដើម្បីជនជាតិអង់គ្លាសអាច​ជៀស​វាង​ការផាកពិន័យ។ យើង​មាន​សំណាងណាស់​ដែលបា​នរស់នៅ និងធ្វើការនៅទីនេះ កុំគិត​ថាយើង​នឹង​ទទួ​លបានការព្យា​បាលពិ​សេស បើប្រៀងធៀប​នឹង​អ្នកស្រុក ។ យើង​ត្រូវ​គោរពច្បាប់ និងបទដ្ឋា​នវប្បធ​ម៌​រប​ស់វៀតណាម ហើយបង្ហាញថា អ្នក​កំ​ពុង​រួមដៃក្នុងការ​ទប់​ស្កាត់​ការ​រីក​រាល​ដាល​នៃជំងឺ​រាត​ត្បាត​នេះ​ដែរ”។

នៅក្នុង video ដែលបានបង្ហោះនៅលើទំព័រហ្វេសប៊ុក របស់ អគ្គកុងស៊ុលអា​មេរិកប្រចាំនៅទីក្រុង Ho Chi Minh ឯកអគ្គរដ្ឋទូតសហរដ្ឋអា​មេរិក ​ប្រចាំនៅ​ប្រទេសវៀតណាម លោក Daniel J. Kritenbrink ក៏បា​ន​ថ្លែង​អំ​ណរគុណចំពោះកម្លាំង​ទាំង​ឡាយ​របស់​វៀត​ណាម​ដែល​កំពុង​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​​ការរាតត្បាតនេះដោយផ្ទាល់។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសវៀតណាមលោក Daniel J. Kritenbrink ។

បើយោងតាមឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសវៀតណាម​ លោក Daniel J. Kritenbrink ឲ្យ​ដឹងថា ជំងឺរាតត្បាត Covid-19 កំពុងជះឥទ្ធិពលអវិជ្ជមានដល់ប្រជាជនរាប់លាននាក់ ដល់​សេដ្ឋកិច្ច​និង​សង្គមនៅគ្រប់ទីកន្លែង ក្នុងនោះមានប្រទេសវៀតណាម។ លោក​ក៏បានវាយតំលៃខ្ពស់​ចំ​ពោះ​ រ​ដ្ឋាភិបាល​វៀតណាម​ដោយ​បាន​ចាត់​វិធាន​ការ​ណ៍ដ៏​មាន​ប្រសិទ្ធភាពនិងរឹងមាំ ​ក្នុងការប្រយុទ្ធប្រឆាំង​នឹងជំងឺរាត​ត្បាត Covid-19 ហើយបានបន្តភាពម្ចាស់​ការ កិច្ច​សហប្រតិបត្តិការ និងតម្លា​ភាពក្នុង​ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។

លោកឯកអគ្គរដ្ឋទូតក៏បានបញ្ជាក់ផងដែរថា ​បុគ្គលិកទាំងអស់​នៃស្ថាន​បេសក​កម្មការ​ទូតអាមេរិក​ប្រចាំ​នៅប្រទេ​សវៀតណាម ​កំពុងធ្វើ​ការ​នៅ​ផ្ទះ​ តាម​ការ​ណែនាំរ​បស់រ​ដ្ឋាភិ​បាល​វៀត​ណាម ក៏ដូចជា​មជ្ឈមណ្ឌល​គ្រប់គ្រង​និងបង្ការជំងឺឆ្លង (CDC) នៃស​ហរដ្ឋ​​អាមេរិក​ ។ លោក​​ឯកអ​គ្គ​រដ្ឋ​​ទូតសហរ​ដ្ឋអាមេ​រិកបា​នសង្កត់​ធ្ងន់​លើថា៖

“ខ្ញុំដឹងថា យើងស្ថិតក្នុងគ្រាលំបាក។ ក្នុងនាមជាដៃគូសំខាន់ វៀត​ណាម និងអាមេរិកនឹងរួមគ្នា ឆ្លងកាត់គ្រាលំបាកនេះ។ ខ្ញុំសង្ឃឹមថា អ្នកនិង​ក្រុមគ្រួ​សាររបស់អ្នកនឹងមានសុខភាពល្អ និងសុខសន្តិភាព។ បណ្តា​ដៃគូ​តែ​ងតែកៀក​ស្មានឹង​គ្នា ហើយអា​មេរិកតែងតែកៀក​ស្មា​នឹង​​វៀត​ណាម ក្នុ​ងសមរភូមិនេះ។ សូមអរគុណ! ”

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់