Trending now

អង់គ្លេស​គាំទ្រ​ថវិកា​ជាង​ $៧ ​លាន ​ដល់​ប្រទេស​ ៤ ​និង​មូលនិធិ​សម្រាប់​លេខាធិការដ្ឋាន​អាស៊ាន

14:17 | 05/10/2020 (សរុបដោយ ហេង វុធ្ធ)

ចក្រភព​អង់គ្លេស​បាន​បង្ហាញ​នូវ​ការប្ដេជ្ញាចិត្ត​នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​កាលពី​ចុងខែ​កញ្ញា គាំទ្រ​ថវិកា​ប្រមាណ​ជាង ៦,២ ​លានដុល្លារ​សហរដ្ឋអាមេរិក (៤,៨ ​លានផោន​) ក្នុង​ការពង្រឹង​ប្រព័ន្ធ​សុខាភិបាល​ជាតិ និង​ការការពារ​ជំងឺ​កូវីដ​ ១៩​ ដល់​ប្រទេស​ ៤ ​នៅក្នុង​អាស៊ាន​។ ប្រទេស​ទាំង​ ៤ ​នោះ​គឺ កម្ពុជា ឡាវ មីយ៉ាន់ម៉ា និង​វៀតណាម​។

លោក ប្រាក់ សុខុន និង​សហការី​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​។ រូបថត ក្រសួង​ការបរទេសកម្ពុជា

រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​បាន​ជួបប្រជុំ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​នៃ​ចក្រភព​អង់គ្លេស​តាម​ប្រព័ន្ធ​វីដេអូ​កាលពី​ថ្ងៃទី​ ៣០ ខែកញ្ញា ស្ដីពី​ការឆ្លើយតប​នឹង​ជំងឺ​កូវីដ ​១៩ ដោយ​បាន​បង្ហាញថា កិច្ចប្រជុំ​បាន​បង្ហាញ​នូវ​សេចក្តី​ព្រួយបារម្ភ​​អំពី​ការបន្ត​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវីដ​១៩ និង​ផលប៉ះពាល់​ដ៏ធ្ងន់ធ្ងរ​នៃ​ជំងឺ​នេះ​ដល់​ជីវភាព​ប្រជាជន និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​នៅ​ទូទាំង​ពិភពលោក​។

ក្នុង​បរិការណ៍​នេះ​កិច្ច​ប្រជុំបាន​ប្តេជ្ញាចិត្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​ថែមទៀត​រវាង​បណ្តា​ប្រទេស​សមាជិក​អាស៊ាន និង​ចក្រភព​អង់គ្លេស​លើ​ការស្រាវជ្រាវ អភិវឌ្ឍ ផលិតកម្ម និង​ការចែក​វ៉ាក់សាំង ​និង​ផ្តល់​ការព្យាបាល​ជំងឺ​កូវីដ​១៩ ដោយ​ប្រកាន់ខ្ជាប់​នូវ​វត្ថុបំណង​ប្រសិទ្ធភាព សុវត្ថិភាព លទ្ធភាព ទទួលបាន​វ៉ាក់សាំង​ និង​ការព្យាបាល​ស្មើៗ​គ្នា និង​មាន​តម្លៃ​សមរម្យ​។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ឲ្យ​ដឹងថា ប្រទេស​សមាជិក​អាស៊ាន​បាន​លើកទឹកចិត្ត​ដល់​ចក្រភព​អង់គ្លេស​ឲ្យ​ជួយ​គាំទ្រ និង​ចូលរួមចំណែក​ដល់​ការបម្រុង​ទុក​ការផ្គត់ផ្គង់​វេជ្ជសាស្ត្រ​ក្នុង​តំបន់ ដើម្បី​ជួយ​ឲ្យ​មាន​ការឆ្លើយតប​យ៉ាង​ឆាប់រហ័ស ចំពោះ​តម្រូវការ​ផ្គត់ផ្គង់​វេជ្ជសាស្ត្រ​ជាបន្ទាន់​។

ក្នុង​អំឡុង​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​វីដេអូ​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ​រដ្ឋមន្ត្រី​ក្រសួង​ការប្រទេស​កម្ពុជា​បាន​បញ្ជាក់​ជាថ្មី​អំពី​ការគាំទ្រ​របស់​កម្ពុជា ចំពោះ​ការស្នើសុំ​របស់​ចក្រភព​អង់គ្លេស​ក្លាយ​ជា​ដៃគូ​សន្ទនា និង​បញ្ជាក់ថា អាស៊ាន និង​ចក្រភព​អង់គ្លេស នៅតែ​អាច​ធ្វើការ​ជាមួយ​គ្នា​បាន​ក្នុង​អំឡុងពេល​កំពុង​រង់ចាំ​ការយល់ព្រម​លើ​សំណើ ជាពិសេស​លើ​ការជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ​ដែល​មាន​សារៈសំខាន់​ខ្លាំង​សម្រាប់​សេដ្ឋកិច្ច​របស់​អាស៊ាន និង​ចក្រភព​អង់គ្លេស​។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​នេះ​បាន​ឲ្យ​ដឹងថា​៖ «​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​បាន​បង្ហាញ​សុទិដ្ឋិនិយម​ថា ចក្រភព​អង់គ្លេស​នឹង​រួមចំណែក​ផ្តល់ជូន​ទាន់ពេលវេលា​នូវ​វ៉ាក់សាំង​ប្រកប​ដោយ​គុណភាព សុវត្ថិភាព និង​មាន​តម្លៃ​សមរម្យ​»​។ ក្នុង​កិច្ចប្រជុំ​នោះ​ចក្រភព​អង់គ្លេស ចូលរួមចំណែក​បរិច្ចាគ​ថវិកា​ចំនួន​ប្រមាណ​ជាង​ ១ ​លាន​ដុល្លារ (១ លាន​ផោន​) ដល់​មូលនិធិ​អាស៊ាន សម្រាប់​ឆ្លើយតប​នឹង​ជំងឺ​កូវីដ ​១៩ ក៏​ដូចជា​ការគាំទ្រ​ជា​យុទ្ឋសាស្ត្រ​នូវ​ថវិកា​ចំនួន​ប្រមាណ​ជាង​កន្លះ​លាន​ដុល្លារ (០,៥ លាន​ផោន​) ដល់​លេខាធិការដ្ឋាន​អាស៊ាន ដើម្បី​បង្កើត និង​ដាក់ចេញ​នូវ​គោលនយោបាយ​នានា ប្រកប​ដោយ​ប្រសិទ្ធភាព ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​សេដ្ឋកិច្ច​ដោយសារ​ជំងឺ​កូវីដ​ ១៩​។

លោក ប្រាក់ សុខុន ក៏បាន​ថ្លែង​ទៅកាន់​អង្គប្រជុំ​ផងដែរ​អំពី​លទ្ធភាព​សម្រាប់​ភាគី​ទាំង​ ២ ដើម្បី​រិះរក​វិធីសាស្ត្រ​ប្រកប​ដោយ​ភាពច្នៃប្រឌិត​នានា​ក្នុង​ការរក្សា​ខ្សែចង្វាក់​ផ្គត់ផ្គង់​អន្តរជាតិ​បើកចំហ និង​ការបង្កើត​ច្រក​ធ្វើដំណើរ​សុវត្ថិភាព សម្រាប់​អ្នកជំនួញ​ដើម្បី​ធ្វើយ៉ាងណា​ធានា​ឲ្យ​បាន​នូវ​លំហូរ​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ចក្រភព​អង់គ្លេស និង​តំបន់​អាស៊ាន​។

លោក ប៉ា ច័ន្ទរឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​បាន​ឲ្យ​ដឹងថា ជំនួយ​ថវិកា​របស់​ចក្រភព​អង់គ្លេស​ដល់​ប្រទេស​មួយចំនួន​នៅ​អាស៊ីអាគ្នេយ៍​​រួមទាំង​កម្ពុជា​ផង​នោះ គឺជា​កាយវិការ​សប្បុរស​ចំពោះ​បណ្ដា​ប្រទេស​ក្រីក្រ លំបាក ពិសេស​ក្នុង​ពេល​កំពុង​ប្រឈម​នឹង​វិបត្ដិ​ជំងឺ​កូវីដ​ ១៩​ នេះ​។

លោក​ថ្លែងថា​៖ «​ធនធាន (​ជំនួយ​) ទាំងនេះ​អាច​ជួយ​កម្ពុជា​ក៏​ដូចជា​ប្រទេស​ទទួល​បាន​ជំនួយ​ផ្សេងទៀត អាច​ទប់ស្កាត់​នូវ​ការរីករាលដាល និង​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​កើតមាន​ឡើង​ដោយ​ជំងឺ​កូវីដ​ ១៩ បាន​មួយផ្នែក​»​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​ឲ្យ​ដឹង​ដែរ​ថា ចក្រភព​អង់គ្លេស​បានបង្ហាញ​ជំហរ​ក្នុង​ការគាំទ្រ​ដល់​ប្រទេស​អាស៊ាន និង​ចង់​ឲ្យ​មាន​កិច្ចសន្ទនា​ជាមួយ​អាស៊ាន​គឺជា​កិច្ចសហប្រតិបត្ដិការ​ល្អ​ដល់​ប្រទេស​អាស៊ាន​ក្នុង​ការសន្ទនា​ទាំង​ផ្នែក​នយោបាយ និង​សេដ្ឋកិច្ច​។

លោក​ថ្លែងថា​៖ «​វា​ជា​ច្រក​ការទូត​ដ៏សំខាន់​សម្រាប់​ប្រទេស​ជា​សមាជិក​អាស៊ាន​ធ្វើឲ្យ​ទំនាក់ទំនង អាស៊ាន និង​ចក្រភព​អង់គ្លេស​រឹតតែ​ល្អ​ថែមទៀត​។ យើង​ដឹង​ហើយ​ថា ចក្រភព​អង់គ្លេស​គឺជា​ទីផ្សារ​ធំ​នៅ​អឺរ៉ុប ជាក់ស្ដែង​ការនាំចេញ សម្លៀកបំពាក់ ទៅ​អឺរ៉ុប​របស់​កម្ពុជា​គឺ​នាំទៅ​កាន់​ចក្រភព​អង់គ្លេស​»៕

(សរុបដោយ ហេង វុធ្ធ)

(ប្រភពព័ត៌មាន: MFAIC/Postkhmer)

(សរុបដោយ ហេង វុធ្ធ)

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ