Trending now

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានាធិបតីតួកគី

08:31 | 16/06/2019 (រូបថតនិងអត្ថបទ៖ FB សម្តេច ហ៊ុនសែន)

នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយប្រធានាធិបតីតួកគី​ ឯកឧត្តម Recep Tayyip Erdoğan។

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានាធិបតីតួកគី

ក្នុងជំនួបនេះឯកឧត្តមប្រធានាធិបតីតួកគី បានអរគុណសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានបំពេញទស្សនកិច្ចនៅតួកគីកាលពីឆ្នាំ២០១៨កន្លងទៅ​ និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ។ ឯកឧត្តមប្រធានាធិបតីបានមានប្រសាសន៍ថា បច្ចុប្បន្នប្រទេសកម្ពុជា និងតួកគី កំពុងប្រារព្ធពិធីអបអរសាទរខួប៦០ឆ្នាំ នៃទំនាក់ទំនងប្រទេសទាំងពីរ។ ឯកឧត្តមបានមានប្រសាសន៍ថា ឯកឧត្តមពិតជារីករាយដែលកម្ពុជាបានបើកស្ថានទូតនៅក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគី ក៏ដូចជាការបើកស្ថានទូតរបស់តួកគីនៅក្នុងរាជធានីភ្នំពេញ។

ឯកឧត្តមប្រធានាធិបតីបានគូសបញ្ជាក់ផងដែរថា បច្ចុប្បន្នទំហំពាណិជ្ជកម្មប្រទេសទាំងពីរមានត្រឹម ៩១លានដុល្លារអាមេរិកប៉ុណ្ណោះ ស្ថិតក្នុងកម្រិតទាបនៅឡើយ។ ឯកឧត្តមប្រធានាធិបតី បានស្នើឱ្យជំរុញការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរឡើងទៅដល់ ៥០០លាន ឬ ១ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ឯកឧត្តមប្រធានាធិបតីតួកគី បានថ្លែងបញ្ជាក់ទៀតថា គួរតែជំរុញឱ្យអ្នកវិនិយោគ និងពាណិជ្ជករតួកគី និងកម្ពុជារកស៊ីជាមួយគ្នាឱ្យកាន់តែច្រើនឡើង។ ឯកឧត្តមប្រធានាធិបតីបានថ្លែងថា បច្ចុប្បន្នតួកគីកំពុងឱ្យតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន ហើយប្រទេសតួកគីជាប្រទេសដៃគូសន្ទនាតាមវិស័យជាមួយអាស៊ាន។

ឯកឧត្តមបន្ថែមថា កន្លងមកប្រទេសតួកគី បានចូលរួមក្នុងការបោសសំអាតមីននៅក្នុងប្រទេសសមាជិកអាស៊ាន តាមរយៈមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនអាស៊ាន ហើយតួកគីមានឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសសមាជិកអាស៊ានទាំងអស់។ តួកគីចង់ប្រែក្លាយពីប្រទេសដៃគូតាមវិស័យទៅជាជាប្រទេសដៃគូសន្ទនាជាមួយអាស៊ានផងដែរ។ ប្រធានាធិបតីតួកគី ក៏ចង់ឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងក្លាថែមទៀតក្នុងការប្រយុទ្ធប្រឆាំងទៅនឹងអំពើភេរវកម្មផងដែរ។

ជាកិច្ចឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះទស្សនៈទាំងឡាយដែលឯកឧត្តមប្រធានាធិបតីតួកគីបានលើកឡើង។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាកំពុងរៀបចំស្ថានទូតនៅទីក្រុងអង់ការ៉ា។ ពាក់ព័ន្ធការប្រារព្ធពិធីអបអរសាទរខួប៦០ឆ្នាំនៃទំនាក់ទំនងកម្ពុជា និងតួកគីនោះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាចង់អញ្ជើញរដ្ឋមន្ត្រីការបរទេសតួកគីមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពិនិត្យពីវឌ្ឍនភាព និងសមិទ្ធផលការងារដែលបានធ្វើនាពេលកន្លងទៅ។

ទិដ្ឋភាពនៃជំនួប

សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញក្តីរំពឹងផងដែរថា ឯកឧត្តមប្រធានាធិបតីតួកគី នឹងអញ្ជើញបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជានាពេលខាងមុខ។ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានមានប្រសាសន៍ដែរថា សម្តេចស្វាគមន៍ចំពោះការតែងតាំងសហប្រធាននៃគណៈកម្មការចម្រុះនៃប្រទេសទាំងពីរ ដែលនៅពេលខាងមុខនេះនឹងមានការប្រជុំសម្រាប់ឆមាសទី៤ផងដែរ។

ពាក់ព័ន្ធបញ្ហាពាណិជ្ជកម្មរវាងប្រទេសទាំងពីរវិញ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏ចង់ឃើញការជំរុញទំហំពាណិជ្ជកម្មនេះឱ្យដល់១ពាន់លានដុល្លារអាមេរិកផងដែរ។ ដើម្បីជំរុញការងារសម្តេចតេជោ បានលើកជាគំនិតថា គួរធ្វើបញ្ជីមុខទំនិញដែលអាចនាំចេញនាំចូលរវាងប្រទេសទាំងពីរ ពោលតើទំនិញអ្វីដែលកម្ពុជាអាចនាំទៅតួកគីបាន ហើយតួកគីអាចនាំទំនិញអ្វីមកកម្ពុជាបាន? ចំពោះការស្នើសុំពីប្រទេសតួកគីដែលចង់ប្រែក្លាយពីប្រទេសដៃគូសន្ទនាតាមវិស័យ ទៅជាប្រទេសដៃគូសន្ទនារបស់អាស៊ាននោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងការគាំទ្រ ហើយបានសន្យាធ្វើការជាមួយប្រទេសដទៃទៀត ដើម្បីគាំទ្រលើកកម្ពស់ដៃគូរបស់តួកគីជាមួយអាស៊ាន។ ពាក់ព័ន្ធលើការប្រយុទ្ធប្រឆាំងអំពើភេរវកម្មវិញ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា នឹងយកចិត្តទុកដាក់ក្នុងការប្រយុទ្ធប្រឆាំង។ ដោយឡែកលើការដោះមីនវិញ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់តួកគី ដែលបានឧបត្ថម្ភគាំទ្រដល់មជ្ឈមណ្ឌលកម្ចាត់មីនតំបន់អាស៊ាន៕

(រូបថតនិងអត្ថបទ៖ FB សម្តេច ហ៊ុនសែន)

(រូបថតនិងអត្ថបទ៖ FB សម្តេច ហ៊ុនសែន)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស