Trending now

សម្តេចតេជោ ហ៊ុន សែន នឹងផ្តល់សុន្ទរកថាគន្លឹះ ក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ាន លើកទី១៧

11:29 | 27/11/2020

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងផ្តល់សុន្ទរកថាគន្លឹះមួយតាមប្រព័ន្ធវីដេអូ ក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ាន លើកទី១៧ នៅថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ស្អែកនេះ ដែលប្រារព្ធធ្វើឡើងនៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី ប្រទេសចិន។

សម្តេចតេជោ ហ៊ុន សែន នឹងផ្តល់សុន្ទរកថាគន្លឹះ ក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ាន លើកទី១៧

ពិព័រណ៍ចិន-អាស៊ាន លើកទី១៧ នៅឆ្នាំ២០២០នេះ ធ្វើឡើងក្រោមមូលបទ «រួមគ្នាកសាងខ្សែក្រវាត់ និងផ្លូវ និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថល» ដោយផ្តោតលើការជំរុញការស្តារសេដ្ឋកិច្ចតំបន់ឡើងវិញ ក្រោយពីវិបត្តិជំងឺកូវីដ-១៩ និងការរក្សាសន្ទុះរឹងមាំនៃកិច្ចសហប្រតិបត្តិការកាន់តែស៉ីជម្រៅរវាងចិន និងអាស៊ាន។

យោងតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា សុន្ទរកថាគន្លឹះ របស់សម្តេចតេជោ ក្នុងព្រឹតិ្តការណ៍ដ៏សំខាន់នេះ នឹងគូសបញ្ជាក់ពីភាពចាំបាច់ត្រូវពង្រឹងការប្តេជ្ញាទ្រទ្រង់គោលការណ៍ពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការដោះស្រាយផលប៉ះពាល់ដ៏ធ្ងន់ធ្ងរលើសេដ្ឋកិច្ច-សង្គម ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។

ក្នុងសុន្ទរកថានេះ សម្តេចតេជោ នឹងសង្កត់ធ្ងន់លើសារៈសំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល ដើម្បីសម្របទៅនឹងកាលៈទេសៈប្រក្រតីភាពថី្ម លើកកម្ពស់ភាពរឹងមាំ និងការអភិវឌ្ឍប្រកបដោយចីរភាព ហើយនិងសម្រេចបានវឌ្ឍនភាពបន្ថែមទៀត។

សម្តេចតេជោ ក៏នឹងមានប្រសាសន៍អំពីការខិតខំរបស់កម្ពុជា សំដៅជំរុញការធ្វើឌីជីថលូបនីយកម្មលើផលិតកម្ម ឧស្សាហកម្ម សេវាកម្ម និងរដ្ឋបាលសាធារណៈ ព្រមគ្នាជាមួយនឹងការអនុវត្តវិធានការកែទម្រង់យ៉ាងមុតស្រួច ដើម្បីកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគឲ្យបានកាន់តែប្រសើរ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ពិព័រណ៍ចិន-អាស៊ាន ជាវេទិកាសំខាន់មួយសម្រាប់ជំរុញសកម្មភាពពាណិជ្ជកម្ម វិនិយោគ សេដ្ឋកិច្ច នយោបាយ ទេសចរណ៍ វប្បធម៌ និងទំនាក់ទំនងការទូត។ ជាពិសេសកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងប្រទេសចិន និងប្រទេសជាសមាជិកអាស៊ានទាំង១០។ ពិព័រណ៍ចិន-អាស៊ាន ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ២០០៤មក នៅទីក្រុងណាននីង តំបន់ស្វយ័តខេត្តក្វាងស៊ី ប្រទេសចិន។

កម្ពុជា បានគាំទ្រពេញទំហឹងចំពោះការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ចិន-អាស៊ាននេះ។ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចូលរួមដោយផ្ទាល់ក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះចំនួន ១១លើកកន្លងមកហើយ ដែលចំនួននេះច្រើនជាងថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ានដទៃទៀត។

តែសម្រាប់ឆ្នាំ២០២០នេះ ព្រោះតែបញ្ហាជំងឺកូវីដ១៩ សម្តេចតេជោ មិនអាចអញ្ជើញចូលរួមដោយផ្ទាល់នោះឡើយ គឺបានត្រឹមថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូពីចម្ងាយប៉ុណ្ណោះ។

វេទិកានេះ បានផ្តល់នូវកាលានុវត្តភាពធំធេងដល់កម្ពុជា ដើម្បីពង្រីក និងធ្វើពិពិធកម្មទីផ្សារនាំចេញ ទាក់ទាញវិនិយោគផ្ទាល់ពីបរទេស និងពង្រឹងពង្រីកកិច្ចសហការលើគ្រប់វិស័យជាមួយប្រទេសទាំងអស់ដែលចូលរួមពិព័រណ៍។ មិនតែប៉ុណ្ណោះ ទំនិញកម្ពុជា បានជ្រៀតចូលទីផ្សារចិនកាន់តែច្រើន ហើយកម្ពុជាបានបើកមជ្ឈមណ្ឌលពាណិជ្ជកម្មបានចំនួន៤ទីតាំង ក្នុងខេត្តចំនួន ៤ផ្សេងគ្នានៅក្នុងប្រទេសចិន៕

(ប្រភពព័ត៌មាន: FreshNews)

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់