Trending now

សម្តេចតេជោ ហ៊ុន សែន៖ ចិនជាប្រទេសដឹកមុខក្នុងការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល ដើម្បីដោះស្រាយវិបត្តិបង្កដោយកូវីដ១៩

14:30 | 27/11/2020

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមើលឃើញថា បច្ចេកវិទ្យាឌីជីថល ជាមធ្យោបាយដ៏សំខាន់ក្នុងដោះស្រាយវិបត្តិបង្កឡើងដោយជំងឺកូវីដ១៩នាពេលបច្ចុប្បន្ន ដែលទាមទារឱ្យជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឌីជីថល។ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឌីជីថល សម្តេចតេជោនាយករដ្ឋមន្ត្រី បានមើលឃើញថា ប្រទេសចិនជាអ្នកដឹកមុខមួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឌីជីថលនេះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា

សម្តចតេជោ ហ៊ុន សែន បានថ្លែងកត់សម្គាល់បែបនេះតាមរយៈសុន្ទរកថាគន្លឹះតាមប្រព័ន្ធវីដេអូ ក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ាន លើកទី១៧ ដែលប្រារព្ធធ្វើឡើងនៅទីក្រុងណាននីង តំបន់ស្វយ័តខេត្តក្វាងស៊ី ប្រទេសចិន នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ០២០នេះ។

ពិធីបើកពិព័រណ៍ចិន-អាស៊ាន ត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក ស៊ី ជិនពីង ប្រធានាធិបតីចិន ខណៈមេដឹកនាំអាស៊ានមួយចំនួន បានចូលរួមតាមរយៈប្រព័ន្ធវីដេអូ។

ក្នុងពិធីបើកសម្ពោធពិព័រណ៍ចិន-អាស៊ាន លើកទី១៧ ឆ្នាំ២០២០ ដែលធ្វើឡើងប្រធានបទ «កសាងខ្សែក្រវាត់ និងផ្លូវ និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថល» នេះ សម្តេចតេជោ ហ៊ុន សែន បានកត់សម្គាល់ថា ការរីករាលដាលនៃជំងឺកូវីដ-១៩ បានបង្កជាវិបត្តិដ៏ធ្ងន់ធ្ងរដែលមិនធ្លាប់មានពីមុនមកលើសេដ្ឋកិច្ច និងសង្គម។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមើលឃើញថា ដើម្បីដោះស្រាយវិបត្តិនេះ ទាមទារចាំបាច់កាន់តែខ្លាំង ក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍ពហុភាគីនិយម និងការពង្រឹងកិច្ចសហប្រតិបតិ្តការអន្តរជាតិ។ ដោយម្ខាង ដើម្បីអាចឱ្យជីវិតសង្គមមានលទ្ធភាពសម្របទៅនឹងប្រក្រតីកម្មថ្មី (New Normal) និងចូលរួម ចំណែកដោះស្រាយបញ្ហាប្រឈមចំពោះមុខ និងម្ខាងទៀត ដើម្បីលើកកម្ពស់កិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយភាពធន់ និងចីរភាព។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដែរថា វិបត្តិនេះ ក៏បានរំលេចឱ្យឃើញកាន់តែច្បាស់នូវភាពចាំបាច់ ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឌីជីថល។

សម្តេចតេជោ បានបញ្ជាក់ដូច្នេះ «បច្ចេកវិទ្យាឌីជីថលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របខ្លួនរបស់ យើង ទៅបរិការណ៍ថ្មីនៃការរស់នៅ និងអនុវត្តការងារ ដោយបានជួយសម្រួល ដល់ការប្រាស្រ័យទាក់ទងគ្នាក្នុងតំបន់ និងសកល, ការតភ្ជាប់សកម្មភាពសេដ្ឋកិច្ច, ពាណិជ្ជកម្ម និងវិនិយោគ ។ល។ ប្រាកដណាស់ថា ការពន្លឿនការអភិវឌ្ឍការតភ្ជាប់ឌីជីថលតំបន់ និងការប្រែក្លាយសង្គម-សេដ្ឋកិច្ចឱ្យទៅជាសង្គម-សេដ្ឋកិច្ចឌីជីថល នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩ និងការអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់ នាពេលអនាគត»

ពិធីបើកពិព័រណ៍ចិន-អាស៊ាន ត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក ស៊ី ជិនពីង ប្រធានាធិបតីចិន ខណៈមេដឹកនាំអាស៊ានមួយចំនួន បានចូលរួមតាមរយៈប្រព័ន្ធវីដេអូ។

ដើម្បីជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចឌីជីថលនេះ សម្តេចតេជោ បានថ្លែងថា ប្រទេសចិន ជាប្រទេសមួយដែលដឹកមុខក្នុងការអភិវឌ្ឍ, វិនិយោគ និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនៅក្នុងសកលលោក។ ក្នុងន័យនេះ ការជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យបច្ចេកវិទ្យាឌីជីថល ក្រោមក្របខណ្ឌនៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ នឹងក្លាយជាប្រធានបទមួយដ៏សំខាន់នាពេលអនាគត។

ក្នុងសុន្ទរកថាគន្លឹះក្នុងវេទិកាដ៏មានសារសំខាន់សម្រាប់ការធ្វើពាណិជ្ជកម្ម និងជំរុញការវិនិយោគរវាងចិន និងអាស៊ាននេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានលើកឡើងពីការអភិវឌ្ឍលើវិស័យឌីជីថល និងការកែលម្អនូវបរិយាកាសធុរកិច្ច និងវិនិយោគ។

សម្តេចតេជោ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងលើកកម្ពស់ការធ្វើឌីជីថលូបនីយកម្ម ទាំងក្នុងវិស័យផលិតកម្ម ឧស្សាហកម្ម សេវាកម្ម និងរដ្ឋាភិបាលឌីជីថល (Digital Government) ។ កម្ពុជានឹងដាក់ចេញនូវក្របខណ្ឌ គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល នាពេលឆាប់ៗខាងមុខផងដែរ។

សម្តេចតេជោបន្ថែមថា រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការកែទម្រង់មុតស្រួចជាបន្តបន្ទាប់ ដើម្បីកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគ រួមមាន៖ ១៖ ការដាក់ឱ្យអនុវត្តនូវថ្នាលចុះបញ្ជីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដោយចំណាយពេលតែ ០៨ថ្ងៃប៉ុណ្ណោះ ក្នុងការបើកក្រុមហ៊ុនអាជីវកម្ម, ២៖ បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលនឹងចូលជាធរមានចាប់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ និង ៣៖ ការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងជាដើម។

ដើម្បីកែលម្អបរិយាកាសធុរកិច្ច និងការវិនិយោគនេះ សម្តេចតេជោ បានឱ្យដឹងថា កម្ពុជានឹងដាក់ចេញច្បាប់វិនិយោគថ្មី ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមានភាពទាក់ទាញតាមរយៈការផ្ដល់ការលើកទឹកចិត្តជាកញ្ចប់ដល់ការវិនិយោគលើឧស្សាហកម្មប្រភេទអេឡិចត្រូនិក, បង្គំកសិ-ឧស្សាហកម្ម, គ្រឿងបន្លាស់, បច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល។ល៕

(ប្រភពព័ត៌មាន: FreshNews)

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស