Trending now

វិស័យ​ឯកជន​រំពឹងថា EAEU នឹង​ជួយ​ពង្រីក​ទីផ្សារ​នាំចេញ

11:53 | 06/12/2019 (ប្រភព៖ postkhmer.com)

អ្នក​ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ និង​ស្រូវ​អង្ករ​រំពឹងថា ការបើក​ច្រក​ពាណិជ្ជកម្ម​ថ្មី​ជាមួយ​សហភាព​សេដ្ឋកិច្ច​អឺរ៉ុបអាស៊ី គឺជា​ការធ្វើ​ពិពិធកម្ម​ទីផ្សារ​របស់​កម្ពុជា​។

សកម្មភាព​ក្រុមកម្មករ​កំពុង​បត់​សម្លៀកបំពាក់​ដែល​បាន​ដេរ​រួច​នៅក្នុង​រោងចក្រ​ ១ កាលពី​ពេល​កន្លងមក​។ រូបថត ភ្នំពេញ​ប៉ុស្តិ៍

ការលើកឡើង​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​កាលពី​ថ្ងៃ​ពុធ បានចេញ​របាយការណ៍​ស្តីពី​លទ្ធផល​សិក្សា​ស្រាវជ្រាវ​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា និង​សហភាព​អឺរ៉ុបអាស៊ី ( EAEU)​។

លោក ខេន លូ អគ្គលេខាធិការ​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា វិស័យ​កាត់ដេរ និង​ស្បែកជើង​របស់​កម្ពុជា​នឹង​ទទួល​បាន​ទីផ្សារ​ថ្មី ប្រសិនបើ​កម្ពុជា​ទទួល​បាន​កិច្ចព្រមព្រៀង​សេរី EAEU នេះ​។ លោក​ថ្លែងថា​៖ «​យើង​នឹងមាន​ទីផ្សារ​ថ្មី ហើយ​យើង​អាច​ទទួល​បាន​ការរួច​ពន្ធ​នាំចូល ប៉ុន្តែ​មិន​ទាន់​ដឹង​ពេលណា​អាច​សម្រេច​បានទេ ខ្ញុំ​អាច​ឆ្លើយបាន​ប៉ុណ្ណឹង​»​។

លោក ចាន់ សុខឃាំង អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ (CRF) ​បាន​ឲ្យ​ដឹងថា ក្រៅពី​ទទួល​បាន​ទីផ្សារ​ថ្មី កិច្ចព្រមព្រៀង​នេះ​នឹង​ជួយ​ជំរុញ​ភាពប្រកួតប្រជែង​ក្នុង​វិស័យ​កែច្នៃ​អង្ករ​នាំចេញ​របស់​កម្ពុជា​ជាមួយ​ប្រទេស​ថៃ និង​វៀតណាម ប្រសិន​បើ​កម្ពុជា​ទទួល​បាន​កិច្ចព្រមព្រៀង​នេះ​។ លោក​បន្តថា​៖ «​យើង​នឹងមាន​កំណើន​ទីផ្សារ​នាំចេញ​ថែមទៀត ដោយ​មិន​ពឹង​តែ​លើ​ទីផ្សារ​អឺរ៉ុប និង​ចិន យើង​ត្រូវតែ​បើកទីផ្សារ​ផ្សេងៗ​បន្ថែម​ទៀត​»​។

លោក​បន្ថែមថា​៖ «​សព្វថ្ងៃ​ប្រភេទ​អង្ករ​ប្រណីត​របស់​យើង​មាន​ការប្រកួត​ប្រជែង​ខ្លាំង​ជាមួយ​ប្រទេស​ជិតខាង​កម្ពុជា ដូច្នេះ​វា​ជា​ឱកាស​ប្រកួតប្រជែង ដែល​ទទួល​បាន​ពី​កិច្ចព្រមព្រៀង​នេះ​»​។

ក្នុង​ពិធី​ផ្សព្វផ្សាយ​របាយការណ៍​នេះ​លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​ថ្លែងថា ការសិក្សា​នេះ​បាន​បង្ហាញ​ផល​វិជ្ជមាន​ពី​ការបង្កើតច្រក​ទីផ្សារ​នាំចេញ និង​ការធ្វើ​ពិពិធកម្ម​ឧស្សាហកម្ម ការពង្រីក​សេវាកម្មហិរញ្ញវត្ថុ ការដឹកជញ្ជូន សេដ្ឋកិច្ច​ឌីជីថល និង​សេវាកម្ម​កសិកម្ម ដែល​រួមចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ច​។

លោក​ថ្លែងថា​៖ «​តាមរយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ​នឹង​អាចជួយ​ឲ្យ​ភាគី​ទាំង​ ២ បង្កើន​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម​លើ​ទំនិញ សេវាកម្ម និង​ការវិនិយោគ​»​។ លោក​បន្តថា​៖ «​យើង​រំពឹងថា​នឹង​បង្កើន​ឱកាស​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម និង​វិនិយោគ​ទៅវិញ​ទៅមក ជាពិសេស​កម្ពុជា​អាច​បង្កើន​ការនាំចេញ​សម្លៀកបំពាក់ និង​វាយនភណ្ឌ ផលិតផល​កសិកម្ម និង​ទំនិញ​ដទៃទៀត​»​។

សហភាព​សេដ្ឋកិច្ច​អឺរ៉ុបអាស៊ី (EAEU) គឺជា​ទីផ្សារ​ធំ​មួយ​គ្របដណ្ដប់​នៅ​អឺរ៉ុប​ខាងកើត ដែល​មាន​ប្រទេស​ចំនួន​ ៥ រួមមាន កាហ្សាក់ស្ថាន អាមេនី បេឡារុស កៀហ្ស៊ីស៊ីស្ថាន និង​រុស្ស៊ី​។ ប្រទេស​ទាំងនេះ​មាន​ប្រជាជន​ចំនួន ១៧៦ លាន​នាក់ និង​ផលិតផល​ក្នុងស្រុក​សរុប ២,៥ ពាន់​ពាន់លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​ ២០១៦​។ នេះ​បើ​តាម​លោក ប៉ាន សូរស័ក្តិ​។

កាលពី​ខែវិច្ឆិកា​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ពិភាក្សា​ពី​កិច្ចព្រមព្រៀង​នេះ​ជាមួយ​លោក Dmitry Medvedev នាយករដ្ឋមន្ត្រី​ប្រទេស​រុស្ស៊ី​ក្នុង​អំឡុង​កិច្ចប្រជុំ​កំពូល​អាស៊ីបូព៌ា​លើក​ទី ១៤ នៅ​ប្រទេស​ថៃ​។

ការនាំចេញ​ផលិតផល​ក្នុង​ឧស្សាហកម្ម​កាត់ដេរ និង​វាយនភណ្ឌ​នៅ​រយៈពេល ៩ ​ខែ​ដំបូង​ឆ្នាំនេះ​កើនឡើង ១៣,១៨ ​ភាគរយ​ ដល់​ជាង​ ៧,៩៧៣ ពាន់​លាន​ដុល្លារ​ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។

ក្នុង​រយៈពេល​ ១១ ​ខែ ​ឆ្នាំ ២០១៩ ការនាំចេញ​អង្ករ​ទៅ​ទីផ្សារ​អន្តរជាតិ​មាន​ចំនួន ៥១៤ ១៤៩ តោន​ កើនឡើង ៣,៤ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន​។ នេះ​បើ​តាម​ទិន្នន័យ​របស់​លេខាធិការដ្ឋាន​ច្រកចេញ-ចូល​តែមួយ​សម្រាប់​បំពេញ​បែបបទ​នាំចេញ​អង្ករ​៕

(ប្រភព៖ postkhmer.com)

(ប្រភព៖ postkhmer.com)

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់