Trending now

អាស៊ានពិចារណាលើការស្ដាវិស័យទេសចរណ៍ក្នុងតំបន់ឡើងវិញ

09:55 | 23/06/2020 (សរុបដោយសាមេត)

យោងតាមក្រសួងទេសចរណ៍កម្ពុជាបានឱ្យដឹងថា អាស៊ានកំពុងពិចរណាលើការស្តាវិស័យទេសចរណ៍ក្នុងតំបន់ឡើងវិញ ក្នុងបរិបទនៃការឆ្លងរាលដាលនៃជំងឺរាតត្បាត COVID-19 នៅតែមានភាពស្មុគស្មាញ ហើយផលប៉ះពាល់ដល់វិស័យទេសចរណ៍នៃបណ្ដាប្រទេសអាស៊ននិយាយរួមនិងកម្ពុជានិយាយដោយឡែក។

ទេសចរណ៍កម្ពុជារងផលប៉ះពាល់ដោយការរីករាលដាលនៃជំងឺរាតត្បាត COVID-19

កាលពី​ថ្ងៃទី​ ១៩ ខែមិថុនា ឆ្នាំ​ ២០២០ បណ្តា​ប្រទេស​អាស៊ាន​បើក​កិច្ចប្រជុំ​រួមគ្នា​ក្នុង​ក្របខ័ណ្ឌ​សហព័ន្ធ​សមាគម​ការធ្វើដំណើរ​អាស៊ី (FATA) តាមរយៈ​ប្រព័ន្ធ Video Conference ដើម្បី​ពិភាក្សា​លើ​ការបើក​ព្រំដែន​ឡើងវិញ សម្រាប់​ទេសចរណ៍​ក្នុង​តំបន់​អាស៊ាន​។

តាម​ទំព័រ​ហ្វេសប៊ុក​ក្រសួង​ទេសចរណ៍​ឲ្យ​ដឹង​ពីថ្ងៃ​ទី​ ២០ មិថុនា​ ថា កិច្ចពិភាក្សា​នេះ ក៏​លើកឡើង​ពី​គោលនយោបាយ​ក្នុង​ការជំរុញ​ការធ្វើ​ដំណើរ​របស់​ទេសចរ​ក្នុង​ស្រុក​រវាង​ប្រទេស​អាស៊ាន ក៏ដូចជា​ការលើក​ទឹកចិត្ត និង​ផែនការ​ជំរុញ​ការផ្សព្វផ្សាយ​ដើម្បី​ឲ្យ​មានការ​ធ្វើដំណើរ​ក្នុង​អាស៊ាន​ផងដែរ​។

លោក ថោង រដ្ឋសក្តិ អគ្គនាយក​អភិវឌ្ឍន៍​ទេសចរណ៍ និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ក្រសួង​ទេសចរណ៍​ដែល​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​បាន​ប្រាប់​ភ្នំពេញប៉ុស្ដិ៍​កាលពី​ថ្ងៃអាទិត្យ​ថា តំណាង​ប្រទេស​នីមួយៗ​បាន​លើកឡើង​អំពី​គោលនយោបាយ និង​វិធានការ​ពិសេស​មួយចំនួន​របស់​ប្រទេស​រៀងៗ​ខ្លួន ប៉ុន្តែ​ចំពោះ​ដំណើរ​នៃ​ការបើក​ព្រំដែន​ឡើងវិញ​នៅ​មិនទាន់​មាន​ភាពច្បាស់លាស់​នៅឡើយ​ទេ​។ “ប្រទេស​អាស៊ាន​ទាំងអស់​គាត់​គ្រាន់តែ​ថា ឲ្យ​មាន​ផែនការ​របៀបវារៈ​ជាមុនសិន​ក្នុង​ការធ្វើ​ដំណើរ​ក្នុង​តំបន់​នេះ គ្រាន់តែ​ថា ការបើក​ព្រំដែន ឬ​លម្ហ​នៃ​ជើង​អាកាស​នៅ​មិនទាន់​មាន​ប្រទេស​ណាមួយ​ជាក់លាក់​បាន​ប្រកាស​នៅ​ថ្ងៃ​ណា​នៅឡើយ​ទេ​”​។

លោក រដ្ឋសក្តិ បាន​បញ្ជាក់ថា កម្ពុជា​ពុំដែល​បិទ​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង​ឡើយ ហើយ​ក៏​មិនដែល​ហាមឃាត់​ភ្ញៀវ​ទេសចរ​មិន​ឲ្យ​ចូល​មក​កម្ពុជា​នោះ​​ដែរ​។ ប៉ុន្តែ​លោក​បញ្ជាក់ថា កម្ពុជា​គ្រាន់តែ​តម្រូវ​ឲ្យ​ភ្ញៀវទេសចរ​អន្តរជាតិ ដែល​មក​កម្ពុជា​ត្រូវ​មាន​លិខិតធានា​រ៉ាប់រង​សុខភាព​យ៉ាងតិច ៥ ​ម៉ឺន​ដុល្លារ និង​តម្កល់​ប្រាក់​ចំនួន​ ៣ ​ពាន់​ដុល្លារ​សម្រាប់​សេវាកម្ម​ផ្សេងៗ​ពាក់ព័ន្ធ​កូវីដ​១៩ អម​ជាមួយ​លិខិត​បញ្ជាក់​អវិជ្ជមាន COVID-19 ពី​សំណាក់​អាជ្ញាធរ​សុខាភិបាល​របស់​ប្រទេស​នៃ​​ភ្ញៀវទេសចរ​រូបនោះ​ដែល​មាន​សុពលភាព​ ៧២ ​ម៉ោង តែប៉ុណ្ណោះ​។

បើ​តាម​លោក រដ្ឋសក្តិ ចាប់ពី​ខែមករា​ដល់​ខែ​មីនា ឆ្នាំ ២០២០ ភ្ញៀវទេសចរ​អន្តរជាតិ​ចូល​កម្ពុជា​មាន​ចំនួន​ ១,១៦ ​លាន​នាក់ ហើយ​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៩ មាន​ការថយចុះ ៣៨ ភាគរយ ខណៈ​ក្នុង​អំឡុងពេល​ត្រីមាស​ទី ២ ​នេះ​ចំនួន​ភ្ញៀវទេសចរ​មាន​ការធ្លាក់ចុះ​ខ្លាំង​ដល់​ទៅ​ ៩០ %​។

លោកស្រី ឆាយ ស៊ីវលីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍ (CATA) ក៏បាន​លើកឡើង​អំពី​ស្ថានភាព​ទីភ្នាក់ងារ​ទេសចរណ៍​នៅ​កម្ពុជា​ផងដែរ​ថា ៩៥ ​ភាគរយ​នៃប្រតិបត្តិករ​ទេសចរណ៍​បាន​ផ្អាក​អាជីវកម្ម ស្រប​ពេល​ដែល​ជំងឺ​រាតត្បាត COVID-19 បន្ត​រាតត្បាត​។ លោកស្រី​ថា ចំណែក​ប្រតិបត្តិករ​ទេសចរណ៍ ៥% ​ទៀត​នៅ​កម្ពុជា​កំពុង​ខិតខំ​បង្កើត​សកម្មភាព ផលិតផល​ថ្មី ដើម្បី​ទាក់ទាញ​ទេសចរ​ក្នុងស្រុក​ក្នុង​នោះ​ទេសចរ​វ័យ​ជំទង់​កំពុង​ពេញនិយម​ក្នុង​ការឡើង​ភ្នំ និង​បោះតង់​៕

(សរុបដោយសាមេត)

(សរុបដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម