Trending now

អបអរ​ខួប​ ១២ ​ឆ្នាំ​ នៃ​ការដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ទៅក្នុង​បញ្ជី​​បេតិកភណ្ឌ​ពិភពលោក

14:07 | 08/07/2020 (សរុបដោយ ហេង វុធ្ធី)

កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ កម្ពុជាបានចុះបញ្ជីប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដេីម្បីការពារបាន ប្រាសាទ ដ៏ ពិសិដ្ឋ មួយ នេះសំរាប់កូនខែ្មរគ្រប់រូបក៏ដូចមនុស្សលោកទាំងអស់បានស្គាល់ជាកម្មសិទិ្ធរបស់ខែ្មរ ក្រោយ ឈ្នះក្តី លើ ប្រទេស ថៃ នៅ តុលាការអន្តរជាតិ ក្រុងឡាអេ នា ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ១៩៦២ ។

ប្រាសាទ​ព្រះវិហារ​

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានសព្វព្រះហឬទ័យអបអរសាទរ ខួប ១២ឆ្នាំ (៧ កក្កដា ២០០៨ – ៧ កក្កដា ២០២០) នៃ ការដាក់បញ្ចូល ប្រាសាទព្រះវិហារ ក្នុង បញ្ជី បេតិកភណ្ឌ ពិភពលោក។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​សារ​អបអរសាទរ​ខួប​ ១២ ​ឆ្នាំ ​ដែល​អង្គការ​យូណេស្កូ​ដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​កាលពី​ឆ្នាំ​ ២០០៨ ដោយ​លោក​ចាត់ទុក​វា​ជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយ បន្ទាប់ពី​កម្ពុជា​ឈ្នះក្តី​លើ​ប្រទេស​ថៃ​ក្នុង​សំណុំរឿង​ប្រាសាទព្រះវិហារ​ក្នុង​ឆ្នាំ​ ១៩៦២​។

លោក ហ៊ុន សែន សរសេរ​នៅលើ​ទំព័រ​ហ្វេសប៊ុក​កាលពី​ថ្ងៃ​អង្គារ​ថា​៖ «​ថ្ងៃទី​ ៧ ខែ កក្កដា ឆ្នាំ​ ២០២០ នេះ​ជា​ខួប​ ១២ ​ឆ្នាំ​នៃ​ការដាក់​បញ្ចូល​ប្រាសាទព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​។ ព្រឹត្តិការណ៍​ដែល​កើតឡើង​កាលពី​ថ្ងៃទី​ ៧ ខែ​កក្កដា ឆ្នាំ​ ២០០៨ ត្រូវបាន​ចាត់ទុកជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ថ្មី​មួយ បើ​គិត​ចាប់​តាំងពី​កម្ពុជា​ទទួល​បាន​ប្រាសាទ​ដ៏ពិសិដ្ឋ​មួយ​នេះ ក្រោយ​ឈ្នះក្តី​លើ​ប្រទេស​ថៃ​នៅ​តុលាការ​អន្តរជាតិ​ក្រុងឡាអេ​នា​ថ្ងៃទី​ ១៥ ខែ​មិថុនា ឆ្នាំ​ ១៩៦២»​។

លោក​សរសេរ​ថា ប្រាសាទ​ព្រះវិហារ​គឺ​ប្រាសាទ​ដ៏ពិសិដ្ឋ​របស់​កម្ពុជា​ដែល​ស្ថិត​នៅ​លើ​ភ្នំ​ដងរែក ហើយ​ត្រូវបាន​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នាកិច្ចប្រជុំ​ទី​ ៣២ ​របស់​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​កាលពី​ថ្ងៃទី​ ៧ ខែ​កក្កដា ឆ្នាំ​ ២០០៨ នៅ​ទីក្រុង​កេបិច ប្រទេស​កាណាដា​។

លោក សំបូរ ម៉ាណារ៉ា សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អង្គារ​ថា នេះ​គឺជា​ចំណុច​សំខាន់​មួយ​ដែល​ថ្នាក់ដឹកនាំ​ប្រទេស​កម្ពុជា​យកចិត្ត​ទុកដាក់​គិត​អំពី​តម្លៃ​បេតិកភណ្ឌ​ជាតិ និង​បេតិកភណ្ឌ​អន្តរជាតិ​។ ការយកចិត្ត​ទុកដាក់​គិត​អំពី​តម្លៃ​នៃ​ប្រាសាទ​ព្រះវិហារ​គឺជា​តម្លៃ​មួយ​ដែល​កើតឡើង​នៅក្នុង​សម័យកាល​ចាប់​តាំងពី​អង្គរ​រីកចម្រើន​នៅក្នុង​អំឡុង​សតវត្សរ៍​ទី​ ៩ ​មក​ទល់​សតវត្សរ៍​ទី​ ១៤​។

តំបន់​ប្រាសាទព្រះវិហារ​ត្រូវបាន​ពង្រីក​សក្តានុពល​ចាប់តាំងពី​ព្រះបាទ​យសោវរ្ម័ន​ទី​ ១ (​ស្តេច​ដែល​បាន​ស្ថាប​នាទី​ក្រុង​យសោធរបុរៈ​) រហូត​មក​ដល់​ព្រះបាទ​ជ័យវរ្ម័នទី​ ៧ ​ផង​ដែរ​។ ការអបអរសាទរ​នេះ​គឺជា​ការអបអរសាទរ​ស្នាដៃ និង​ស្នា​ព្រះហស្ត​របស់​បុព្វការីជន​ខ្មែរ និង​ការអបអរសាទរ​ចំពោះ​ការប្រឹងប្រែង​របស់​បុព្វការីជន​នៃ​សម័យ​ទំនើប​របស់​កម្ពុជា​ដែល​បាន​ប្រឹងប្រែង​ទាមទារ និង​បង្កើត​ឱ្យ​ទៅ​ជា​ការដឹងឮ និង​ការយល់​ពី​សំណាក់​អន្តរជាតិ​យ៉ាងខ្ទរខ្ទារ​កាលពី​ ១២ ​ឆ្នាំ​មុន​។

ប្រាសាទ​ព្រះវិហារ​

លោក ម៉ាណារ៉ា ​ថ្លែងថា​៖ «​បើ​យើង​និយាយ​អំពី​តម្លៃ​នៃ​ ១២ ​ឆ្នាំ​មុននេះ​គឺជា​តម្លៃ​បច្ចុប្បន្នភាព​នៃ​ប្រវត្តិសាស្ត្រ​របស់​យើង​ក្នុងពេល​ដែល​យើង​ទាំងអស់​គ្នា​បានទទួល​តម្លៃ​មក​វិញ​ក្នុង​ការសម្របសម្រួល​ជាមួយ​នឹង​ប្រទេស​ជិតខាង​យើង ពោល​គឺ​ប្រទេស​ថៃឡង់​។ អ៊ីចឹង​យើង​ទទួលបាន​អបអរសាទរ​នេះ​គឺជា​ការបង្ហាញ​នូវ​ការលើកកម្ពស់​កិត្តិយស​ជាតិ​»​។

អង្គការ​យូណេស្កូ​ប្រចាំ​កម្ពុជា​បាន​បញ្ជាក់​ក្នុង​អត្ថបទ​ដែល​បាន​ផ្សព្វផ្សាយ​តាម​គេហទំព័រ​កាលពី​ថ្ងៃទី​ ៦ ខែ​កក្កដា​បាន​ឲ្យ​ដឹងថា អាជ្ញាធរ​ជាតិ​ព្រះវិហារ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ខិតខំ​ប្រឹងប្រែង​ថែរក្សា​ការពារ​នូវ​តម្លៃ និង​ភាពត្រឹមត្រូវ​តាមច្បាប់​នៃ​ប្រាសាទ​ជា​ប្រវត្តិសាស្ត្រ​ដ៏លេចធ្លោ ខណៈ​ដែល​ជំរុញ​ឱ្យ​សហគមន៍​អន្តរជាតិ​បន្ត​ផ្តល់ជំនួយ​ដើម្បី​ថែរក្សា​តម្លៃ​ប្រាសាទ​នេះ ដែល​បុព្វបុរស​បាន​បន្សល់ទុក​ឱ្យ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​។

អង្គការ​នេះ​ថា​៖ «​ដើម្បី​អភិរក្ស​តំបន់​ប្រាសាទ​ព្រះវិហារ​នេះ អង្គការ​យូណេស្កូ​បាននិង​កំពុង​ជួយ​រដ្ឋាភិបាល​ក្នុង​ការរៀបចំ​គណៈកម្មការ​សម្របសម្រួល​អន្តរជាតិ​ដើម្បី​អភិរក្ស និង​លើក​តម្លៃ​រមណីយដ្ឋាន​ប្រាសាទ​ព្រះវិហារ ដោយ​អនុវត្ត​តាម​គំរូ​នៃ​ការគ្រប់គ្រង​រមណីយដ្ឋាន​អង្គរ បេតិកភណ្ឌ​ពិភពលោក​។ ​យូណេស្កូ​បាននិង​កំពុង​ជួយ​អាជ្ញាធរ​ជាតិ​ព្រះវិហារ​ក្នុង​ការការពារ​បូរណភាព​ទីតាំង​បុរាណវិទ្យា និង​ភាពត្រឹមត្រូវ​នៃ​ប្រាសាទ​ប្រវត្តិសាស្ត្រ​ស្រប​តាម​គោលការណ៍​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​»។

ទន្ទឹមនឹងនេះដែរ អាជ្ញាធរជាតិព្រះវិហារ នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០នេះ បានប្រារព្ធពិធីអបអរសារទរខួបលើកទី១២ នៃការចុះបញ្ជីប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ពិធីនេះស្ថិតក្រោមវត្តមានលោក សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ និងលោក ជុច ភឿន រដ្ឋលេខាធិការតំណាងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ក្នុងនោះក៏មានការចូលរួមពីលោក មុត ភិសិទ្ធនា អភិបាលរងខេត្ត តំណាងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ, លោក គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរព្រះវិហារ ព្រមទាំងកងកម្លាំងប្រដាប់ទាំង៣, បញ្ជាការដ្ឋានអង្គរក្សប្រចាំទិសទី១ ប្រាសាទព្រះវិហារ នគរបាលបេតិកភណ្ឌ នគរបាលទេសចរណ៍ឆ្មាំ ពលករ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនរូបផងដែរ។

លោក ជុច ភឿន បានថ្លែងថា ក្រោមការដឹកនាំដ៍ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែលើកស្ទួយជ្រោមជ្រែងវប្បធម៌ជាតិ តាមរយៈការជំរុញការអភិរក្ស និងការអភិវឌ្ឍប្រាសាទព្រះវិហារ ក៏ដូចជាប្រាសាទបុរាណផ្សេងៗទៀត នៅទូទាំងប្រទេស។

លោកថា «ប្រាសាទព្រះវិហារមានលក្ខណៈខុសពីប្រាសាទបុរាណផ្សេងៗ ដោយហេតុថា ប្រាសាទនេះនៅជាប់ព្រំដែន ដែលបង្ករការលំបាកក្នុងការអភិរក្ស និងបានប្រទាញប្រទង់គ្នា អស់ជាច្រើនទស្សវត្សជាមួយប្រទេសជិតខាង។ ទើបតែនៅពេលដែលប្រាសាទព្រះវិហារ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាឆ្នាំ២០០៨កន្លងមកនេះទេ ដែលប្រាសាទព្រះវិហារ មានភាពល្បីរន្ទឺ រហូតគណៈកម្មការបេតិកភណ្ឌពិភពលោករបស់អង្កការយូណេស្កូ ផ្តល់តម្លៃថាជាប្រាសាទ ដែលមានលក្ខណៈលេចធ្លោជាសកលទាំងផ្នែកស្ថាបត្យកម្មសំណង់ ទេវកថាដែលទាក់ទង និងព្រះឥសូរក្នុងព្រហ្មញ្ញសាសនា និងការធ្វើឲ្យមានសុខដុមរម្យនាជាមួយនឹងធម្មជាតិជុំវិញ»។

ទិដ្ឋភាពនៃសកម្មភាពអបអរ​ខួប​ ១២ ​ឆ្នាំ​ នៃ​ការដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ទៅក្នុង​បញ្ជី​​បេតិកភណ្ឌ​ពិភពលោកនៅខេត្តព្រះវិហារ

ដោយឡែកលោកតំណាងរាស្ត្រ សួស យ៉ារ៉ា បានថ្លែងថា «ថ្ងៃនេះបងប្អូនប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មានទឹកមុខសប្បាយរីករាយព្រោះថា១២ឆ្នាំ ដែលយើងបានចុះបញ្ជី ហើយ គឺយើងមានលទ្ធផលពីមុនមកកន្លែងនេះ ពុំបានមានសន្តិភាពទេ តែឥលូវនេះយើងបានសន្តិភាពហើយ ទើបយើងមានឱកាសបានពិភាក្សាគ្នា បាននិយាយអំពីប្រវត្តិសាស្ត្រ បានអួតពីស្នាដៃល្អឯករបស់បេតិកភណ្ឌពិភពលោក ដែលជាទ្រព្យសម្បត្តិរបស់ដូនតាខ្មែរយើង»។

លោក សួស យ៉ារ៉ា បានបញ្ជាក់យ៉ាងដូច្នេះថា មូលហេតុធំបំផុត នៃការចុះបញ្ជីប្រាសាទព្រះវិហារ ទៅក្នុងបេតិកភណ្ឌពិភពលោកនេះ យើងមានលទ្ធផលចំនួន៧ ដែលយើងតេងតែនិយាយ។

លោកបញ្ជាក់ថា ០៧ កក្កដា ២០០៨ ដល់០៧ កក្កដា ឆ្នាំ២០២០ យើងប្រារព្ធខួបលើកទី១២ យើងរក្សាបាននូវព្រះវិហារនេះ គឺយើងមានឧត្តមភាពមួយ គឺឧត្តមភាព ការពារខ្សែក្រវាត់៧ជាន់ របស់ដូនតាខ្មែររបស់ប្រជាជាតិខ្មែរទាំងមូល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ក្រោមម្លប់ដ៏ត្រជាក់នៃបារមីដ៏ឧត្តុង្គឧត្តមរបស់ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហមុនី និងជាការទទួលមរតកមួយ ជាការតស៊ូរបស់សម្តេចព្រះករុណា ព្រះបរមរតនកោដ។

ជាមួយគ្នានេះដែរ លោកតំណាងរាស្ត្រ សួស យ៉ារ៉ា ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរជាតិព្រះវិហារ ដែលបានទទួលសេចក្តីទុកចិត្តពីរាជរដ្ឋាភិបាល ក្នុងការអភិរក្ស និងអភិវឌ្ឍន៍តំបន់រម្មណីយដ្ឋានប្រាសាទព្រះវិហារ និងរម្មណីយដ្ឋានប្រាសាទកោះកែរ។

លោកថា ការប្រឹងប្រែងបំពេញការងារ ដោយការទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ឆ្មាំ ពលករ ឧទ្យាននុរក្ស សន្តិសុខអភិរក្ស នៃអជ្ញាធរជាតិព្រះវិហារ ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ បានផ្តល់ភាពកក់ក្តៅ និងជំនឿទុកចិត្តពីប្រជាជនកម្ពុជាទាំងអស់ ដែលជាម្ចាស់នៃសម្បត្តិ នៃបេតិកភណ្ឌពិភពលោកនេះ ថានឹងរក្សាបានគង់វង្សតទៅមុខទៀត៕

(សរុបដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: FreshNews និង postkhmer.com)

(សរុបដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ