Trending now

អបអរព្រះរាជពិធី «រុក្ខទិវា ៩ កក្កដា»

22:22 | 09/07/2019 (យោងតាម FN សរុបដោយវិច្ឆិកា)

អបអរព្រះរាជពិធី «រុក្ខទិវា ៩ កក្កដា» ព្រះមហាក្សត្រនិងម្តេចតេជោ ហ៊ុន សែន បំផុសឲ្យប្រជាពលរដ្ឋខ្មែរចូលរួមដាំដុះ ថែរក្សាការពារព្រៃឈើ និងបរិស្ថានធម្មជាតិឲ្យបានគ្រប់ៗគ្នា

ព្រះមហាក្សត្រ ទ្រង់អំពាវនាវឲ្យជនរួមជាតិដាំដើមឈើគ្រប់ប្រភេទ ជាពិសេសដើមត្នោត នៅគ្រប់ទីកន្លែង ដើម្បីផ្តល់ជាឧត្តមប្រយោជន៍ដល់មនុស្ស សត្វ និងការពារបម្រែបម្រួលអាកាសធាតុ

ព្រះតម្រាស់របស់ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានប្រព្រឹត្តធ្វើឡើងនៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលទ្រង់បានយាងប្រារព្ធព្រះរាជពិធី «រុក្ខទិវា» ស្ថិតនៅភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។

ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់មានព្រះតម្រាស់អំពាវនាវចំពោះព្រះសង្ឃ អាជ្ញាធរដែនដី និងបងប្អូនជនរួមជាតិនៅទូទាំងប្រទេស សូមមេត្តាដាំដើមឈើគ្រប់ប្រភេទ ក្នុងនោះ ក៏មានដើមត្នោត នៅតាមទីវត្តអារាម ទីសាធារណៈ រមណីយដ្ឋាន តាមដងផ្លូវលំ ផ្លូវជាតិតាមដងប្រឡាយ ភូមិដ្ឋាននានា និងតាមភ្លឺស្រែចម្ការ ដើម្បីបានម្លប់ជាជម្រកមនុស្ស សត្វ ធ្វើជាឈើសំណង់ អុស ធ្យូង បង្កើនជីជាតិដីកសិកម្ម ដើម្បីកាត់បន្ថយការប្រើប្រាស់ធម្មជាតិ ជួយទប់កម្លាំងខ្យល់កន្លាក់ និងបម្រែបម្រួលធាតុអាកាសផងដែរ។

ព្រះមហាក្សត្រ ទ្រង់មានព្រះរាជបន្ទូលយ៉ាងដូច្នេះថា៖ «នាឱកាស នៃការប្រារព្ធពិធីរុក្ខទិវា ខ្ញុំព្រះករុណា ខ្ញុំសូមអំពាវនាវចំពោះព្រះសង្ឃ អាជ្ញាធរដែនដី និងបងប្អូនជនរួមជាតិនៅទូទាំងប្រទេស សូមព្រះមេត្តា និងមេត្តាដាំដើមឈើគ្រប់ប្រភេទ ក្នុងនោះ ក៏មានដើមត្នោតផងដែរ នៅតាមទីវត្តអារាម ទីសាធារណៈ និងរមណីយដ្ឋាន តាមដងផ្លូវលំ ផ្លូវជាតិតាមដងប្រឡាយ ភូមិដ្ឋាននានា និងតាមភ្លឺស្រែចម្ការ ដើម្បីបានម្លប់ជាជម្រកមនុស្ស សត្វ បានជាឈើសំណង់ អុស ធ្យូង បង្កើនជីជាតិដីកសិកម្ម ដើម្បីកាត់បន្ថយការប្រើប្រាស់ធម្មជាតិ ជួយទប់កម្លាំងខ្យល់កន្ទ្រាក់ និងបម្រែបម្រួលធាតុអាកាសផងដែរ»។

សម្តេចតេជោ ហ៊ុន សែន បំផុសឲ្យប្រជាពលរដ្ឋខ្មែរចូលរួមដាំដុះ ថែរក្សាការពារព្រៃឈើ និងបរិស្ថានធម្មជាតិឲ្យបានគ្រប់ៗគ្នា

ក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈ Facebook, សម្តេចបានផ្ញើសារបំផុសឲ្យប្រជាពលរដ្ឋខ្មែរ ចូលរួមបណ្តុះគំនិត នៃការស្រឡាញ់ដើមឈើ ចូលរួមដាំដុះ ថែរក្សាការពារព្រៃឈើ និងបរិស្ថានធម្មជាតិឲ្យបានគ្រប់ៗគ្នា។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានសំណូមពរយ៉ាងដូច្នេះថា​៖ «សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ចូលរួមបណ្តុះគំនិត នៃការស្រឡាញ់ដើមឈើ ចូលរួមដាំដុះ ថែរក្សាការពារព្រៃឈើ និងបរិស្ថានធម្មជាតិឲ្យបានគ្រប់ៗគ្នា ដើម្បីជាប្រយោជន៍ ដល់ការរស់នៅរបស់ខ្លូនយើងផង សហគមន៍យើងផង និងជីវិតសត្វព្រៃគ្រប់ប្រភេទ ព្រមទាំងប្រព័ន្ធជីវៈចម្រុះផងដែរ»។

ជាមួយគ្នានេះ សម្តេចតេជោបានអរគុណក្រសួង មន្ទីរ ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ព្រមទាំងសមាគម អង្គការជាតិ និងអន្តរជាតិ ម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមថែរក្សាការពារ និងដាំដុះដើមឈើកាន់តែច្រើនឡើងនៅទូទាំងប្រទេស។

សូមជម្រាបថា ព្រះរាជពិធី «រុក្ខទិវា» បានបង្កើតឡើងនៅក្នុងឆ្នាំ១៩៥២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបរមរតនកោដ ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ក្នុងគោលបំណងបំផុសចលនាដាំដើមឈើឡើងវិញ និងការថែរក្សាសម្បត្ដិព្រៃឈើ ជាពិសេសដើម្បីថែរក្សា ការពារ និងបណ្តុះគំនិតស្រលាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិ។

ព្រះរាជពិធី រុក្ខទិវា ឆ្នាំ២០១៩ ត្រូវប្រារព្ធធ្វើឡើងនៅក្នុងភូមិ ស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរណ៍ ខេត្តក្រចេះ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ ព្រះករុណាព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា៕

(យោងតាម FN សរុបដោយវិច្ឆិកា)

(យោងតាម FN សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម