Trending now

អណ្ដូង​ស្នេហ៍​ដាក់ដាំ ទិដ្ឋភាព​តំណាង​មណ្ឌលគិរី

14:12 | 26/03/2021

ទេសភាព​ជួរភ្នំ​រំលេច​នូវ​កម្រាលព្រំ​ពណ៌​បៃតង​ក្រាល​រដិបរដុប​ជា​រលក​ផ្នត់ៗ អម​ដោយ​ដើម​ឈើ​ខ្ពស់​ដុះ​អែប​ផ្លូវ​កៅស៊ូ​រលោង​ប្រិល​ព័ទ្ធពេន​ហាក់​ដូចជា​សរសៃ​ខ្សែ​ពន្លា​វែង​អន្លាយ​ឆ្លង​ដែន​ផុតដី​សុវណ្ណ​ភូមិ បាន​ទាក់​អារម្មណ៍​ភ្ញៀវ​ឲ្យ​មាន​បំណង​ប្រាថ្នា​ចង់​មក​ថតរូប​អនុស្សាវរីយ៍​ខេត្ដ​មណ្ឌលគិរី​ដោយ​ផ្ទាល់។

ដាក់ដាំ​ គឺជាឈ្មោះឃុំមួយដែលប្រជុំទៅដោយជនជាតិភាគតិចពូនងរស់នៅ

ដាក់ដាំ​ គឺជាឈ្មោះឃុំមួយដែលប្រជុំទៅដោយជនជាតិភាគតិចពូនងរស់នៅ។ ឃុំនេះស្ថិតនៅក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរី ដែលមានចម្ងាយ​ប្រមាណ ១៦គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពីក្រុង​សែនមនោរម្យ។ ត្រឹមតែជាឃុំតូចមួយប៉ុណ្ណោះ ប៉ុន្តែដាក់ដាំ មានឈ្មោះល្បីរន្ទឺ តាមរយៈវិស័យកសិកម្ម ផ្សារភ្ជាប់នឹងវិស័យទេសចរណ៍។ សព្វថ្ងៃនេះ ជនជាតិដើមភាគតិចពូនង ដែលរស់នៅតំបន់ដាក់ដាំ ភាគច្រើនប្រកបរបរកសិកម្ម ដាំស្រូវ ដាំបន្លែ ចិញ្ចឹមសត្វ និងរកអនុផលព្រៃឈើ។ បច្ចុប្បន្ន បើទោះបីជា​ជនជាតិដើមភាគតិច​បានផ្លាស់ប្ដូររបៀបរបប​រស់នៅខ្លះក៏ដោយ ប៉ុន្តែពួកគាត់នៅតែរក្សាបានប្រពៃណីវប្បធម៌របស់ខ្លួននៅដដែល ក្នុងនោះមានដូចជា ភាសា ម្ហូបអាហារ និងពិធីសែនព្រេនជាដើម។ នៅតាមផ្ទះនីមួយៗ មានតាំងពាងបុរាណ ផ្លែឃ្លោក និងឃ្មោះ ដែល​ជា​វត្ថុដ៏​មានតម្លៃ​សម្រាប់ជនជាតិភាគតិច។

រូប​ពីទីទួល បង្ហាញ​វាល​បៃតង និង​ផ្លូវ​ខ្វែង​ប្រសព្វគ្នា

នៅក្បែរសហគមន៍ឃុំដាក់ដាំ ភ្ញៀវទេសចរក៏អាច​ទៅកម្សាន្តទឹកធ្លាក់មួយកន្លែងដែលមានឈ្មោះថា ទឹកធ្លាក់ដាក់ដាំ ឬទឹកធ្លាក់ជ្រៃធំ។ទឹកធ្លាក់នៅទីនោះ មិនត្រឹមតែបម្រើឲ្យវិស័យទេសចរណ៍ប៉ុណ្ណោះទេ ថែមទាំងជាប្រភពទឹកសម្រាប់ស្រោចស្រប់ចម្ការដំណាំគ្រប់ប្រភេទប្រចាំតំបន់នេះផងដែរ។

ទី​​ថត​រូប​សែលហ្វី​ដ៏ពេញ​និយម។

ចម្ងាយ​ប្រមាណ ២ គីឡូម៉ែត្រ​ពីប៉ុស្ដិ៍​ព្រំដែន អណ្ដូង​ស្នេហ៍​គឺជា​ឈ្មោះ​តំបន់​កម្សាន្ដ​ស្ថិត​នៅ​លើ​ទីទួល​ភ្នំខ្ពស់​គន់​ទេសភាព​ដ៏ស្រស់​ត្រកាល​នៃ​ជួរ​ភ្នំ និង​រុក្ខជាតិ​បៃតង ក្រោម​ខ្យល់​អាកាស​បរិសុទ្ធ​ដែល​បាន​អន្ទង​ចិត្ដ​ទេសចរ​ខំវេច​ខ្ចប់​ចំណី​ចំណុក​មក​ពិកនិក​ជួបជុំ​គ្រួសារ មិត្ដ​ភក្ដិ និង​គូសង្សារ។

ដោយ​មិនមាន​ស្លាក​សញ្ញា​បញ្ជាក់​ជា​តម្រុយ​ទីតាំង ភ្ញៀវទេសចរ​អាច​នឹង​ធ្វើ​ដំណើរ​ទៅ​ដល់​ប៉ុស្ដិ៍​ព្រំដែន រួច​ត្រឡប់​ក្រោយ​ប្រមាណ ២ គីឡូម៉ែត្រ នៅ​ផ្នែក​ខាងស្ដាំ​ដៃ នឹង​មើល​ឃើញ​ផ្លូវ​ជម្រាល​ថ្មើរ​ជើង​ឡើង​ភ្នំ​ប្រមាណ ៥០ ទៅ ៦០ ម៉ែត្រ (សម្រាប់​រដូវវស្សា​ដែល​ការបើកបរ​យានយន្ដ​អាច​បង្ក​គ្រោះថ្នាក់​ដោយ​រអិល​ស្លែ)។ ឡើង​បណ្ដើរ​ក្រឡេក​មើល​ឯនាយ​ឆ្វេង​ដៃ​បណ្ដើរ សម្រស់​ធម្មជាតិ​ភ្នំ​ស្មៅ​មាន​ព្រៃ​រ៉ុយៗ ផុស​ត្រដែត​ឡើង​គួរឲ្យ​គយគន់។ ចំទើត​នៅ​លើ​កំពូល​ភ្នំ អ្នក​ថតរូប​សែលហ្វ៊ី​ប្រាកដ​ជា​រីករាយ​នឹង​ប្លង់​ថតរូប​ដ៏ស្រស់​ស្អាត​ដែល​យក​សម្រស់​ព្រៃភ្នំ​ជាផ្ទៃ​ខាងក្រោយ​ដោយ​មិន​ភ្លេច​គួប​នឹង​ខ្សែ​ផ្លូវ​កៅស៊ូ​ឡើយ។

ទី​​ថត​រូប​សែលហ្វី​ដ៏ពេញ​និយម។

យ៉ាងណាមិញ ទីឋាន​រម្យនា​ធម្មជាតិ​ដ៏ស្រស់​ស្អាត​រមែង​ត្រូវបាន​បំបិទ​សម្រស់​ដោយសារ​តែ​បញ្ហា​សំរាម​ដែល​ភ្ញៀវទេសចរ​មួយ​ចំនួន​តូច​មក​ពិកនិក​ចោល​ពង្រាយ។ចុះចង្អូរ​បន្ដិច​គន់​ទៅកាន់​ទីទួល​ភ្នំ​មួយ​ទៀត​ដែល​រំលេច​រូប​ក្រឡា​កង់​រថយន្ដ​ព្រែក​ជា​ចម្ពាម ភ្ញៀវទេសចរ​កាន់តែ​ជក់ចិត្ដ​ក្នុងការ​គន់​ខ្សែ​ផ្លូវអែប​ភ្នំ​ដ៏ស្រស់​ស្អាត។ ឈ្មោះ​អណ្ដូង​ស្នេហ៍ ត្រូវ​បាន​អ្នករស់នៅ​ទីនោះ​បកស្រាយ​ពី​ប្រភព​ជ្រលង​ជ្រៅ​មួយ​ស្ថិត​នៅ​ខាងក្រោម​ជម្រាល​ភ្នំ​ដែល​ស្រោប​ក្រាល​ដោយ​ព្រៃឈើ។

ជាអ្នក​ចាំចម្ការ​កាហ្វេ​របស់​ម្ចាស់​ជនជាតិ​កូរ៉េ លោក ហួរ ដែល​ទើប​មក​រស់នៅ​ជាមួយ​ភរិយា និង​កូន​ពីរនាក់​ឯជើង​ភ្នំ​ម្ខាង​ទៀត​បាន​ចង្អុល​បង្ហាញ​ពី​ចំណុច​ជ្រលង​ដែល​ប្រជាជន​ហៅ​ឈ្មោះ​ថា អណ្ដូង​ស្នេហ៍​ស្ថិត​នៅ​ពីក្រោម​ទីទួល​ភ្នំ​គន់​ទេសភាព​ដ៏ស្រស់​ស្អាត​នៃ​មណ្ឌលគិរី។ ក្រៅពីទាក់ទាញទេសចរណ៍តាមរយៈវិស័យកសិកម្ម វប្បធម៌ និងតំបន់ទេសចរណ៍ធម្មជាតិ ជនជាតិដើមភាគតិចបានចងក្រងគ្នាបង្កើតជាសហគមន៍មួយ ដែលបានរៀបចំជាផ្ទះស្នាក់ សម្រាប់​បម្រើសេវាកម្មទេសចរណ៍ថែមទៀតផង៕

(សរុបដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: postkhmer និង news.sabay.com.kh)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ