Trending now

ស្វែងយល់អំពីប្រវត្តិនិងអត្ថន័យបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ !

12:17 | 16/04/2020 (សរុបដោយ ហេង វុធ្ធ)

អត្ថន័យ​បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរគឺស្ថិត​នៅ​ត្រង់​ពិធី​បុណ្យចូលឆ្នាំ​ថ្មី គឺជា​ប្រពៃណី​មួយ អាច​បណ្ដុះ​ស្មារតី ស្រឡាញ់​រាប់អាន​គ្នា​រវាង​អ្នកស្រុក​ព្រៀងលាន ជា​កត្ដា​បង្កើត​សាមគ្គីភាព​ជាតិ ។ ហេតុនេះ​ហើយ ទើប​នៅ​ពេល​នោះ គេ​មិន​ត្រឹមតែ​ជួបជុំ​គ្នា​ក្នុង​គ្រួសារ​ប៉ុណ្ណោះ​ទេ តែ​គេ​នាំ​គ្នា​ទៅ​ធ្វើបុណ្យ​នៅ​វត្ដ​អារាម​ទៀត ដែល​ជា​មជ្ឈមណ្ឌល​បង្កើត​សាមគ្គីភាព ។ ដោយសារ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី មាន​អត្ថន័យ​ធំធេង​យ៉ាងនេះ​ហើយ ទើប​ខែ្ម​រ​យើង​និយម​រាប់អាន​ទុកជា​ប្រពៃណី​ជាតិ​មួយ តាំងពី​ដើម​រហូត​មក

សូរស្តីឆ្នាំថ្មីប្រពៃណីខ្មែរ

អត្ថន័យ​នៃ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ
ខ្មែរ​កំណត់​យក​ពេល​បុណ្យ ចូល​ឆ្នាំ​ថ្មី ខែមេសា (​ខែចេត្រ​) ពីព្រោះ​ខែចេត្រ ជាដើម​ឆ្នាំ​ដែល​ព្រះអាទិត្យ​ចូល​កាន់​មេសរាសី គឺ​ព្រះអាទិត្យ ដើរ​ចំ​ពី​ក្បាល​ជា​សង្ក្រាន្ត ។ ខ្មែរ​មាន​ជំនឿ​ថា ក្នុងអំឡុងពេល​មួយ​ឆ្នាំ​នៃ​ការ​រស់នៅ គេ​តែង​ជួប​ប្រទះ​អពមង្គល ឧបទ្រពចង្រៃ ផ្សេង​ៗ ជួនកាល​មានទុក្ខ​សោក ជួនកាល​មាន​គ្រោះ​អាសន្នអន្ធក្រ ជួនកាល​មាន​គ្រោះ​ជំងឺ​រួបរឹត​រាង​កាយ ជួនកាល​ទៀត​បាន​ប្រព្រឹត្ដ​អំពើ​សៅហ្មង មិន​គប្បី ។ លុះ​ផុត​ឆ្នាំ​ចាស់​ទៅ គេ​នាំ​គ្នា​ធ្វើបុណ្យ គេ​ស្លៀកពាក់ ថ្មី​ៗ គេ​នាំ​គ្នា​ដើរ​លេង​កម្សាន្ដ ដើម្បី​ឱ្យ​អស់​កង្វល់ ហើយ​ឱ្យ​មាន​សិរី​សួស្ដី មាន​សុភមង្គល​នៅ​ក្នុង​ឆ្នាំ​ថ្មី ។

ម្យ៉ាងទៀត រយៈពេល​មួយ​ឆ្នាំ ដែល​គេ​បាន​បែក​ចេញពី​គ្រួសារ និង​ញាតិ​មិត្ដ ដែល​ទៅ​ប្រកប​របរ​ចិញ្ចឹមជីវិត​នៅ​ឆ្ងាយ​ៗ លុះដល់​ឆ្នាំ​ថ្មី គេ​បាន​វិល​ទៅ​ជួបជុំ​គ្នា សួរសុខទុក្ខ​គ្នា ដើម្បី​បន្ធូរបន្ថយ​ការ​នឹករលឹក និង​បំបាត់​ការ​នឿយហត់​ពី​ការងារ​ផង រួច​ទើប​បន្ដ​ជីវភាព​ថ្មី​នៅ​ក្នុង​ឆ្នាំ​ថ្មី ប្រកប​របរ​ដោយ​ជោគជ័យ និង​អាយុ​យឺនយូរ ។

អត្ថន័យ​ម្យ៉ាងទៀត ស្ថិត​នៅ​ត្រង់​ពិធី​បុណ្យចូលឆ្នាំ​ថ្មី គឺជា​ប្រពៃណី​មួយ អាច​បណ្ដុះ​ស្មារតី ស្រឡាញ់​រាប់អាន​គ្នា​រវាង​អ្នកស្រុក​ព្រៀងលាន ជា​កត្ដា​បង្កើត​សាមគ្គីភាព​ជាតិ ។ ហេតុនេះ​ហើយ ទើប​នៅ​ពេល​នោះ គេ​មិន​ត្រឹមតែ​ជួបជុំ​គ្នា​ក្នុង​គ្រួសារ​ប៉ុណ្ណោះ​ទេ តែ​គេ​នាំ​គ្នា​ទៅ​ធ្វើបុណ្យ​នៅ​វត្ដ​អារាម​ទៀត ដែល​ជា​មជ្ឈមណ្ឌល​បង្កើត​សាមគ្គីភាព ។ ដោយសារ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី មាន​អត្ថន័យ​ធំធេង​យ៉ាងនេះ​ហើយ ទើប​ខែ្ម​រ​យើង​និយម​រាប់អាន​ទុកជា​ប្រពៃណី​ជាតិ​មួយ តាំងពី​ដើម​រហូត​មក ។

មនុស្សគ្រប់ជាតិសាសន៍ តែងប្រារព្ធពិធីចូលឆ្នាំថ្មី ដែលជាប្រពៃណីរបស់ប្រជាជាតិរៀងៗខ្លួន។ គ្រាន់តែគេនិយមកំណត់ពេលវេលា នៃការរៀបចំបុណ្យនេះ បែ្លកៗគ្នាស្របទៅតាម ជំនឿទំនៀមទម្លាប់ និងប្រពៃណីរបស់គេប៉ុណ្ណោះ។ ជនជាតិខ្មែរយើង ក៏មានប្រវត្តិធ្វើបុណ្យចូលឆ្នាំ តាំងពីបុរាណកាលជារៀងរាល់ឆ្នាំរហូតមក។

សម្រាប់ឆ្នាំថ្មី ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ គ.ស ២០២០ ត្រូវចូលមកដល់នៅថ្ងៃចន្ទ ៦រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ ម៉ោង៨៖៤៨នាទីយប់។

ទេវតាឆ្នាំថ្មីនេះ ព្រះនាម «គោរាគទេវី» ជាបុត្រីទី២ នៃកបិលមហាព្រហ្ម ទ្រង់គង់នៅចាតុម្មហោរាជិកា ទ្រង់អម្ពរពណ៌ «លឿង» លម្អនៅព្រះកាណ៌ ដោយផ្កា «អង្គារបុស្ស» អភរណៈ «កែវមុក្តា» ភក្សាហារទ្រង់ «តេលំ» ព្រះហស្ដស្ដាំទ្រង់ «ព្រះខន្ធ» ព្រហស្ដឆ្វេងទ្រង់ «ឈើច្រត់» ទ្រង់អង្គុយបើកពញរះនេត្ររំពៃលើខ្នង «ព្យាគ្ឃៈ» (ស្តេចខ្លា) ជាពហនៈ។

ជនជាតិខ្មែររៀប​គ្រឿង​សក្ការៈ​បូជា​

* ប្រវត្តិបុណ្យចូលឆ្នាំថ្មី

មានតំណាលថា នៅដើមនៃភទ្ទកប្បមានសេដ្ឋីម្នាក់ មានបុត្រមួយ ឈ្មោះធម្មបាលកុមារ ជាអ្នកមានចំណេះវិជ្ជាដ៏វិសេស បានរៀនចេះចប់គម្ពីរត្រីវេទតាំងពីអាយុបាន៧ឆ្នាំ។ សេដ្ឋីបិតាបានសាងប្រាសាទឲ្យ ធម្មបាលកុមារ នៅទៀបដើមជ្រៃមួយធំ នៅឆ្នេរទន្លេ ដែលជាទីស្នាក់អាស្រ័យ នៃបក្សីទាំងឡាយ។ ធម្មបាលកុមារ ចេះទាំងភាសាបក្សីទាំងពួងផង ព្រមទាំងអាចធ្វើជាអាចារ្យសម្ដែងមង្គលផេ្សងៗ ដល់មនុស្សទាំងពួងផង។

គ្រានោះ មនុស្សលោករមែងរាប់អានមហាព្រហ្ម និង កបិលមហាព្រហ្ម១អង្គទៀត ដែលជាអ្នកសម្ដែងមង្គលដល់មនុស្សទាំងពួង។ ពេលនោះ កបិលមហាព្រហ្ម បានជ្រាបព័ត៌‌មានក៏ចុះមកសួរបញ្ហា នឹងធម្មបាលកុមារ ចំនួន៣ប្រស្នា ដោយសន្យាថា ប្រសិនបើ ធម្មបាលកុមារ អាចដោះប្រស្នាបាន កបិលមហាព្រហ្ម នឹងកាត់ព្រះសិរសាទ្រង់ដើម្បី បូជាចំពោះធម្មបាលកុមារ ប៉ុន្តែប្រសិនបើធម្មបាលកុមារមិនអាចដោះស្រាយប្រស្នានោះរួច កបិលមហាព្រហ្មនឹងកាត់ក្បាលធម្មបាលកុមារវិញ ។

ធម្មបាលកុមារសុំឲ្យពន្យារពេលចំនួន ៧ ថ្ងៃសិនដើម្បីគិតប្រស្នា។ លុះកន្លងទៅ៦ថ្ងៃហើយក៏ធម្មបាលកុមារនៅតែគិតមិនឃើញ និងដឹងខ្លួនថាព្រឹកនេះនឹងត្រូវស្លាប់ដោយអាជ្ញាកបិលមហាព្រហ្មជាប្រាកដ។ ដូច្នេះគួរតែរត់ ទៅលាក់ខ្លួន ពួនអាត្មាឲ្យស្លាប់ដោយខ្លួនឯងប្រសើរជាង។ ទើបធម្មបាលកុមារចុះពីប្រាសាទទៅដេកពួននៅក្រោមដើមត្នោតមួយគូ។ នៅលើដើមត្នោតនោះ មានសត្វឥន្ទ្រីញីឈ្មោលធ្វើសំបុកអាស្រ័យនៅ ។

វេលាយប់ សត្វឥន្ទ្រីញីសួរសត្វឥន្ទ្រីឈ្មោលថា ព្រឹកនេះយើងបានអាហារអ្វីធ្វើជាចំណី? ឥន្ទ្រីឈ្មោលឆ្លើយថា យើងនឹងស៊ីសាច់ធម្មបាលកុមារ ដែលត្រូវនឹងកបិលមហាព្រហ្មសម្លាប់ ព្រោះធម្មបាលកុមារដោះប្រស្នាមិនរួច ។ ឥន្ទ្រីញីសួរថា ប្រស្នានោះដូចម្ដេច? ឥន្ទ្រីឈ្មោលឆ្លើយថា: វេលាព្រឹកសិរីសួស្ដីស្ថិតនៅត្រង់ណា? ត្រូវឆ្លើយថា នៅលើផ្ទៃមុខ។ ហេតុនេះទើបមនុស្សទាំងឡាយត្រូវយកទឹកលប់មុខ ។ ប្រស្នាទី២ ចោទថា ថ្ងៃត្រង់សិរីស្ថិតនៅត្រង់ណា? ត្រូវឆ្លើយថា នៅលើទ្រូង ។ ហេតុនោះទើបមនុស្សត្រូវយកទឹកលាងទ្រូង។ ប្រស្នាទី៣ចោទថា វេលាល្ងាចសិរីស្ថិតនៅត្រង់ណា? ត្រូវឆ្លើយថានៅនឹងជើង។ ហេតុនោះ ទើបមនុស្សទាំងឡាយត្រូវយកទឹកលាងជើង។

ធម្មបាលកុមារបានឮដូច្នេះ ក៏ត្រឡប់ទៅប្រាសាទវិញ។ លុះព្រឹកឡើង កបិលមហាព្រហ្ម ក៏មកសួរប្រស្នាធម្មបាលកុមារ។ ធម្មបាលកុមារឆ្លើយដោះស្រាយ តាមដែលបានឮមក។ កបិលមហាព្រហ្ម ក៏ទទួលថាពិតជាត្រឹមត្រូវ, ព្រមចុះចាញ់ និងសុខចិត្តធ្វើតាមពាក្យសន្យារបស់ខ្លួន។ កបិលមហាព្រហ្ម ហៅទេពធីតាទាំង៧អង្គដែលជាបាទបរិចាវិកា ព្រះឥន្ទ្រ មកប្រាប់ថា ឥឡូវបិតាត្រូវកាត់ព្រះសិរសាដើម្បីបូជាចំពោះធម្មបាលកុមារ តែបើដាក់ក្បាលនោះលើផែនដី នោះនឹងកើតជាភ្លើងឆេះទាំងលោកធាតុ បើបោះទៅលើអាកាសនឹងនាំឲ្យរាំងភ្លៀង បើចោលក្នុងមហាសមុទ្រនោះទឹកនឹងរីងស្ងួតហួតអស់។ ដូច្នេះសូមឲ្យកូនទាំង៧អង្គ យកពានមកទទួលព្រះសិរសាបិតា។

ពោលរួច ព្រះអង្គក៏កាត់ព្រះសិរសាហុចទៅឲ្យព្រះនាងទុង្សទេវី ជាកូនច្បង ។ ព្រះនាង ទុង្សទេវី ក៏បានយកពានមកទទួលព្រះសិរសាបិតា រួចហែប្រទក្សិណភ្នំព្រះសុមេរុ៦០នាទី ទើបយាងទៅប្រតិស្ឋានទុក ក្នុងមណ្ឌលេះនៅក្នុងគុហាគន្ធមាលី នាភ្នំកៃលាស និងបូជាគ្រឿងទិព្វផេ្សងៗ ។ ព្រះវិស្សកម្មទេវបុត្រ ក៏និមិត្តរោងទិព្វធ្វើពីកែវ ៧ ប្រការ ឈ្មោះថា «ភគវតីសភាសាលា» ឲ្យជាទីប្រជុំនៃទេវតា។ លុះដល់គម្រប់១ឆ្នាំជា សង្ក្រាន្តត នាងទេពធីតាទាំង៧អង្គ ក៏ផ្លាស់វេនគ្នាមកអញ្ជើញ ព្រះសិរសាកបិលមហាព្រហ្ម ចេញមកហែប្រទក្សិណ ភ្នំព្រះសុមេរុជារៀងរាល់ៗឆ្នាំ រួចហើយយាងត្រឡប់ទៅស្ថានទេវលោកដើម្បីតម្កល់វិញ។

* ឈ្មោះទេពធីតាមហាសង្ក្រាន្ត និងគ្រឿងអភរណៈ៖
១៖ បើសង្ក្រាន្តជាថ្ងៃអាទិត្យ ទេពធីតាព្រះនាម «ទុង្សទេវី» សៀតផ្កាទទឹម គ្រឿងប្រដាប់បទុមរាជ ភក្សាហារផ្លែឧទុម្ពរ (ផ្លៃល្វា) អាវុធស្តាំកងចក្រ ឆ្វេងខ្យងស័ង្ខ ពាហនៈជាសត្វគ្រុឌ។
២៖ បើថ្ងៃចន្ទ ទេពធីតាព្រះនាម «គោរាគទេវី» សៀតផ្កាអង្គារបុស្ស គ្រឿងប្រដាប់កែវបុក្តា (គជខ្យង) ភក្សាហារប្រេង អាវុធស្តាំព្រះខ័ន ឆ្វេងឈើច្រត់ ពាហនៈសត្វខ្លា។
៣៖ បើថ្ងៃអង្គារ ទេពធីតាព្រះនាម «គោរាក្សសាទេវី» សៀតផ្កាឈូក គ្រឿងប្រដាប់កែវមោរា (ត្បូងកែវរាងមូល) ភក្សាហារលោហិត អាវុធស្តាំត្រីសូល៍ (លំពែងផ្លែ៣) ឆ្វេងធ្នូ ពាហនៈសត្វសេះ។
៤៖ បើថ្ងៃពុធ ទេពធីតាព្រះនាម «មណ្ឌាទេវី» សៀតផ្កាចម្ប៉ា គ្រឿងប្រដាប់ពិទូរ្យ (កែវ) ភក្សាហារទឹកដោះសិប្បី អាវុធស្តាំម្ជុល ឆ្វេងឈើច្រត់ ពាហនៈសត្វលា។
៥៖ បើថ្ងៃព្រហស្បតិ៍ ទេពធីតាព្រះនាម «កិរិណីទេវី» សៀតផ្កាមណ្ឌា គ្រឿងប្រដាប់កែវមរកត (ត្បូងពណ៌បៃតង) ភក្សាហារសណ្តែក ល្ង អាវុធស្តាំកង្វេរ (ដង្កាវដំរី) ឆ្វេងកាំភ្លើង ពាហនៈសត្វដំរី។
៦៖ បើថ្ងៃសុក្រ ទេពធីតាព្រះនាម «កិមិរាទេវី» សៀតផ្កាចង្កុលនី គ្រឿងប្រដាប់បុស្សរាគ័ម ភក្សាហារចេកណាំវ៉ា អាវុធស្តាំព្រះខ័ន ឆ្វេងពិណ ពាហនៈសត្វក្របី។
៧៖ បើថ្ងៃសៅរ៍ ទេពធីតាព្រះនាម «មហោទរាទេវី» សៀតផ្កាត្រកៀត គ្រឿងប្រដាប់នីលរតន៍ ភក្សាហារសាច់ទ្រាយ អាវុធស្តាំកងចក្រ ឆ្វេងត្រីសូល៍ ពាហនៈសត្វក្ងោក។

* ទំនៀមចូលឆ្នាំ

ទំនៀមពិធីចូលឆ្នាំប្រព្រឹត្តទៅចំនួន៣ថ្ងៃ។ ថ្ងៃដំបូងជាថ្ងៃមហាសង្ក្រាន្ត, ថ្ងៃទី២ ជាថ្ងៃ វនបត, ថ្ងៃទី៣ ជាថ្ងៃឡើងស័ក ។ រីឯការកំណត់ខែ ថ្ងៃ ម៉ោង នាទីដែលឆ្នាំចាស់ត្រូវផុតកំណត់ ហើយទេព្តាឆ្នាំថ្មីត្រូវចុះមកទទួលតំណែងពីទេព្តាឆ្នាំចាស់នោះ គេអាចដឹងបានដោយប្រើក្បួនហោរាសាស្ត្របុរាណ គឺក្បួនមហាសសង្ក្រាន្តត ។

* តើថ្ងៃចូលឆ្នាំថ្មីរបស់ខ្មែរយើងត្រូវលើខែណា? ថ្ងៃណា?

ចាប់ពីសម័យក្រុងនគរធំមក ប្រទេសខ្មែរប្រើវិធីគិតរាប់ថ្ងៃខែឆ្នាំតាមក្បួន ចន្ទគតិ (lunar calendar) (វិធីដើរនៃព្រះចន្ទ) ទើបខ្មែរកំណត់យកខែ មិគសិរ ជាខែចូលឆ្នាំ ហើយជាខែទី១ ខែកក្តិក ជាខែទី១២។ សម័យក្រោយមក ប្រទេសខ្មែរប្តូរទៅប្រើវិធីគិតរាប់ថ្ងៃខែឆ្នាំតាមក្បួន សុរិយគតិ (solar calendar) (វិធីដើរនៃព្រះអាទិត្យ) ។ ពេលនោះហើយដែលខ្មែរកំណត់ចូលឆ្នាំក្នុងខែ ចេត្រ (ខែទី៥) ព្រោះក្នុងខែនេះ ព្រះអាទិត្យធ្វើដំណើរចេញពី មីនរាសី ចូលកាន់ មេសរាសី ។ ថ្ងៃចូលឆ្នាំរមែងត្រូវលើថ្ងៃទី១៣ នៃខែមេសា (ចេត្រ) រៀងរាល់ឆ្នាំ ប៉ុន្តែយូរៗទៅមានភ្លាត់ម្តងៗចូលឆ្នាំក្នុងថ្ងៃទី១៤ ក៏មានខ្លះដែរ ។

មហាសសង្ក្រាន្តត ដែលប្រើរបៀបគន់គូរតាមសុរិយគតិមានឈ្មោះថា «សាមញ្ញសសង្ក្រាន្តត» (ព្រះអាទិត្យដើរត្រង់ពីលើក្បាលជាសង្ក្រាន្តត) ។ មហាសង្ក្រាន្តត ដែលប្រើរបៀបគន់គូរតាមចន្ទគតិ ហៅថា «អាយន្តសង្ក្រាន្តត» (ពេលដែលព្រះអាទិត្យ ដើរបញ្ឈៀងមិនត្រង់ពីលើ)។ គេនៅប្រើចន្ទគតិ ដោយយោងទៅសុរិយគតិ ព្រោះចន្ទគតិ មានទំនាក់ទំនងនឹងពុទ្ធប្បញ្ញត្តិច្រើន។ ចំណែកឯថ្ងៃចូលឆ្នាំតាមចន្ទគតិ មិនទៀងទាត់ជួនកាលចូលឆ្នាំក្នុងវេលាខ្នើត ជួនកាលក្នុងវេលារនោច។ ប៉ុន្តែនៅក្នុងរវាង១ខែ គឺមិនមុនថ្ងៃ ៤កើត ខែចេត្រ និងមិនហួសថ្ងៃ៤កើត ខែពិសាខទេ។ ដូចនេះសង្ក្រាន្តត ខ្លះធ្លាក់ទៅក្នុងខែពិសាខ។

ចំពោះពិធីផ្សេងៗខ្មែរយើងមានរៀបចំតាមប្រពៃណីដូចតទៅ៖ ពេលមុនចូលឆ្នាំ គេនាំគ្នាប្រុងប្រៀប រកស្បៀងអាហារ, សំអាតផ្ទះសម្បែង, រែកទឹកដាក់ពាង, រកអុសទុក, និង កាត់សំលៀកបំពាក់ថ្មីៗជាដើម ។ ថ្ងៃចូលឆ្នាំមកដល់ គេរៀបគ្រឿងសក្ការៈបូជា សំរាប់ទទួលទេវតាថ្មីមាន៖ បាយសី១គូ, ស្លាធម៌១គូ, ធូប៥, ទៀន៥, ទឹកអប់១គូ, ផ្កាភ្ញី, លាជ, ទឹក១ផ្តិល និង ភេសជ្ជៈ, នំនែក, ផ្លែឈើគ្រប់មុខ ។

ចំណែកផ្ទះសម្បែង គេតុបតែងរំលេចដោយអំពូល អគ្គិសនីខ្សែតូចៗ ចម្រុះពណ៌ ឬចង្កៀងគោម គ្រប់ពណ៌ សំរាប់ទទួលទេព្តាថ្មី។ លុះដល់វេលាកំណត់ ទេព្តាថ្មីយាងមក គេនាំកូនចៅអង្គុយជុំគ្នា នៅជិតកន្លែងរៀបគ្រឿងសក្ការៈនោះ ហើយអុជទៀន ធូបបាញ់ទឹកអប់ បន់ស្រន់សុំសេចក្តីសុខចម្រើនគ្រប់ប្រការពីទេព្តាថ្មី។ ចំពោះគ្រឿងសក្ការៈ និងក្រយាស្ងើយដាក់ថ្វាយទេព្តោនាះ គេនិយមតម្រូវតាមចិត្តទេវតាដែលនឹងចុះក្នុងឆ្នាំនីមួយៗ។ ឧទាហរណ៍ ៖ បើទេវតាដែលត្រូវចុះមកនោះសោយល្ង សណ្តែក គេដាក់សណ្តែក ល្ង ថ្វាយ ថ្វាយ។ រីឯពិធី ៣ ថ្ងៃ នៃថ្ងៃចូលឆ្នាំនោះគឺ ៖

* ថ្ងៃទី ១៖ គេយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្ត។ ពេលល្ងាចគេនាំគ្នាជញ្ជូនខ្សាច់សាង វាលុកចេតិយ នៅជុំវិញព្រះវិហារ ឬនៅជុំវិញដើមពោធិណាមួយនៅក្នុងវត្តនោះ។ នៅពេលព្រលប់ គេប្រគេនភេសជ្ជៈដល់ព្រះសង្ឃ និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសំដែងធម្មទេសនា។

* ថ្ងៃទី ២៖ កូនចៅជូនសំលៀកបំពាក់ នំចំណី លុយកាក់ ដល់អ្នកមានគុណ មានឪពុកម្តាយ ជីដូនជីតាជាដើម។ ជួនកាលគេធ្វើទាន ដល់មនុស្សបម្រើ ឬអ្នកក្រីក្រទៀតផង។ ពេលរសៀល គេនាំគ្នាទៅពូនភ្នំខ្សាច់ទៀត ហើយសូត្រធម៌អធិដ្ឋានភ្នំខ្សាច់ដែលគេសន្មត់ទុកដូចចូឡាមនីចេតិយ ហើយនិមន្តព្រះសង្ឃបង្សុកូលចេតិយបញ្ជូនមគ្គផលដល់វិញ្ញាណក្ខន្ធបងប្អូន ដែលបានស្លាប់ទៅ ។

* ថ្ងៃទី ៣៖ ពេលព្រឹកនិមន្តព្រះសង្ឃឆ្លងភ្នំខ្សាច់ ។ ពេលល្ងាច និមន្តព្រះសង្ឃស្រង់ទឹក និងស្រង់ព្រះពុទ្ធរូប (តាមការនិយមនៃស្រុកខ្លះ) ។ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ គេនាំគ្នាលេងល្បែងប្រជាប្រិយកំសាន្ដសប្បាយជាច្រើន ដូចជាលេង បោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង ចាប់កូនខ្លែងជាដើម និង មានរបាំត្រុដិ (ច្រើនមាននៅខេត្តបាត់ដំបង សៀមរាប) ជាពិសេសទៀតគឺរាំវង់ តែអាស្រ័យទៅតាមការនិយមចូលចិត្តរបស់មនុស្សម្នាក់ៗ ។ អ្នកខ្លះនិយមនាំគ្នាដើរកំសាន្ដបន្ត អ្នកខ្លះនិយមធ្វើបុណ្យទានតាមវត្តអារាម ។

ជនជាតិខ្មែររៀប​គ្រឿង​សក្ការៈ​បូជា​

* ការធ្វើពិធីបុណ្យចូលឆ្នាំខ្មែរ

បុណ្យចូលឆ្នាំខ្មែរ ជាបុណ្យប្រពៃណីជាតិ ដែលប្រជាជននៅក្នុងប្រទេសកម្ពុជា តែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។ នៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ មានការរៀបចំដូចតទៅ៖ ពិធីបុណ្យចូលឆ្នាំ ប្រព្រឹត្ដទៅ៣ថ្ងៃ គឺនៅថ្ងៃទី១៣, ១៤, ឬ ១៥ ខែ មេសា ព្រោះជារដូវកាលដែលប្រជាជនខ្មែរ មានពេលទំនេរពីការប្រមូលផលស្រូវ និង ដំណាំកសិកម្មផ្សេងៗ។ មុនពេលប្រារព្ធ ពិធីបុណ្យចូលឆ្នាំ១ ឬ២ថ្ងៃ ប្រជាជនខ្មែរតែងតែនាំគ្នា សំអាត តុបតែងផ្ទះសម្បែង និង រៀបចំគ្រឿងសម្ភារៈផ្សេងៗ ដើម្បីត្រៀមទទួលទេវតាឆ្នាំថ្មី។

នៅពេលចូលដល់ថ្ងៃទី១ នៃថ្ងៃបុណ្យចូល ឆ្នាំខ្មែរ ដែលក្នុងប្រពៃណីខ្មែរតែងហៅថ្ងៃនោះថាជា ថ្ងៃមហាសង្រ្កាន្ត (sankranti)។ នៅពេលនោះប្រជាពលរដ្ឋខ្មែរដែលកាន់ជំនឿតាមព្រះពុទ្ធសាសនា បានរៀបចំកន្លែងទទួលទេវតាឆ្នាំថ្មី ដែលមានគ្រឿងរណ្ដាប់ផ្សេងៗ និង មានតុបតែងលម្អដោយភ្លើងចម្រុះពណ៌តាមផ្ទះរបស់ពួកគេ។ គ្រឿងរណ្ដាប់មានដូចជា៖ ទឹកផ្ដិលអប់ដោយផ្កា, ទៀន៥, ធូប៥, ផ្កាភ្ញី, ភេសជ្ជៈ, និងនំចំណី, ផ្លែឈើជាច្រើន។ល ។ បន្ទាប់មក ពួកគេនឹងធ្វើការសែនព្រេន ដោយមានអុជធូប និង ទៀន តាមគេហដ្ឋានរបស់ខ្លួន។

នៅពេលដល់កំណត់ថាទេវតាឆ្នាំថ្មី យាងចុះមកប្រសិទ្ធិពរជ័យ សិរីសួស្ដី ដើម្បីឲ្យពួកគេទទួលបានសេចក្ដីសុខពេញមួយឆ្នាំ។ នៅពេលចូលថ្ងៃទី ២ នៃបុណ្យចូលឆ្នាំខ្មែរ គេហៅថ្ងៃនោះ ថាជា វារៈវ៍នបត ប្រជាជននាំគ្នាទៅវត្ដអារាមដើម្បីយក ចង្ហាន់ នំចំណី ផ្លែឈើ ទៅប្រគេនព្រះសង្ឃ។ លើសពីនេះទៅទៀត ក៏មានការរៀបចំលេងល្បែងប្រជាប្រិយ ដូចជា៖ ចោលឈូង បោះអង្គញ់ លាក់កន្សែង និងមានការច្រៀងរាំបទចម្រៀងប្រពៃណីផងដែរ នៅតាមវត្ដអារាម និងតាមបណ្ដាតំបន់នានានៅក្នុងប្រទេសកម្ពុជា។ ថ្ងៃទី៣ជាថ្ងៃបញ្ចប់ពិធីបុណ្យចូលឆ្នាំ គេហៅថា វារៈឡើងស័ក ឬថ្ងៃឆ្លង។ នៅថ្ងៃនោះ គេតែងប្រារព្ធធ្វើពិធី ស្រង់ទឹករូបបដិមារបស់ព្រះពុទ្ធ នៅតាមវត្ដអារាម ដើម្បីសុំសេចក្ដីសុខ ហើយក៏ជាថ្ងៃបញ្ចប់នៃការប្រារព្ធធ្វើពីធីបុណ្យចូលឆ្នាំខ្មែរដែរ៕

(សរុបដោយ ហេង វុធ្ធ)

(ប្រភពព័ត៌មាន: FreshNews និង kohsantepheapdaily)

(សរុបដោយ ហេង វុធ្ធ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់