Trending now

លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា អំពាវនាវពលរដ្ឋទៅ លេងបុណ្យទន្លេ នៅបាត់ដំបង

19:03 | 14/03/2020 (សរុបដោយ ហេង វុធ្ធ)

ដោយសំអាងទៅលើវិធានការនានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ខណៈដែលខេត្តបាត់ដំបងមិនមានករណីជំងឺកូវីត១៩ (COVID-19) នោះលោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអំពាវនាវទៅដល់ប្រជាពលរដ្ឋកុំឱ្យមានការព្រួយបារម្ភពីឆ្លងនៃជំងឺនេះ ហើយចូលរួមលេងបុណ្យទន្លេនៅក្នុងខេត្តបាត់ដំបងនៅចុងសប្តាហ៍នេះ។

លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា (រូបថត៖ Freshnews)

ការអំពាវនាវរបស់លោករដ្ឋមន្ត្រីរូបនេះ បុណ្យទន្លេឆ្នាំនេះចំពេលដែលមានផ្ទុះជម្ងឺកូរូណា ផ្អើលពេញពិភពលោក ហើយទំនងជាខ្លាចខ្វះភ្ញៀវទេសចរចូលទៅលេងអោយបានច្រើនដូចឆ្នាំមុនៗនិងខ្លាចបាត់ប្រជាប្រិយ៍ភាពបុណ្យទន្លេផង។លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ដ្បិតថា បច្ចុប្បន្នប្រទេសកម្ពុជារកឃើញការកើតជំងឺកូវីត១៩ ចំនួន ៥ករណីក៏ដោយចុះ។ តែករណីទាំង៥នេះ គឺសុទ្ធតែជាជនជាតិបរទេស ដែលកើតមកពីខាងក្រៅ ហើយមានតែពលរដ្ឋខ្មែរម្នាក់ប៉ុណ្ណោះនៅក្នុងខេត្តសៀមរាប ដែលឆ្លងពីជនជាតិជប៉ុន។

លោកបានបន្ថែមថា អ្នកដែលមានទាក់ទងជាបុរសជនជាតិខ្មែរ និងជនជាតិជប៉ុន ត្រូវបានយកទៅពិនិត្យ និងតេស្តសុខភាព គឺមិនមានឆ្លងជំងឺកូវីត១៩នោះឡើយ។ បន្ថែមពីលើនោះ ក្រសួងសុខាភិបាលបានអះអាងថា កម្ពុជាមិនមានករណីឆ្លងរីករាលដាលក្នុងសហគមន៍នោះឡើយ។ ទន្ទឹមគ្នានោះ ខេត្តបាត់ដំបងដែលជាខេត្តរៀបចំបុណ្យទន្លេនៅចុងសប្តាហ៍នេះ ក៏មិនកើតមានករណីជំងឺកូវីត១៩នោះដែរ។

លោកថោង ខុន មិនបានបង្ហាញក្តីបារម្ភនៃការរីករាលដាល ឬចម្លងជំងឺកូវីតនៅក្នុងពិធីបុណ្យទន្លេលើទឹកដីខេត្តបាត់ដំបងនោះដែរ។ បើទោះបីជាយ៉ាងណា លោក គ្រាន់តែលើកទឹកចិត្តឱ្យអ្នកចូលរួមលេងកម្សាន្តបុណ្យទន្លេនេះ រក្សានូវវិធានការអនាម័យទាំងឡាយដើម្បីថែទាំសុខភាព។

សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០នេះ ខេត្តបាត់ដំបង ទទួលភារកិច្ចជាម្ចាស់ផ្ទះរៀបចំបុណ្យទន្លេលើកទី០៦។ ពិធីបុណ្យទន្លេនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីបើកពិធីបុណ្យ។

ពិធីបុណ្យទន្លេលើដីបាត់ដំបង នឹងប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ទន្លេនៃសន្តិភាព ទន្លេនៃវិបុលភាព»។មន្ត្រីរូបនេះ បានរៀបរាប់ថា ទន្លេដែលផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ការរស់នៅរបស់ប្រជាពលរដ្ឋនោះ គឺបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។

និមិត្តរូបនៃខេត្តបាត់ដំបង (rasmeinews.com)

លោកអះអាងថា ការជ្រើសយកប្រធានបទខាងលើនេះ គឺចង់រំលឹកប្រជាពលរដ្ឋថា ដើម្បីអាចរក្សាបាននូវការទាញអត្ថប្រយោជន៍នានាពីទន្លេ គឺទាល់តែមាននូវសុខសន្តិភាព។ ទឹកដីខេត្តបាត់ដំបងជាទឹកដីមួយដែលធ្លាប់យាយីដោយភ្លើងសង្គ្រាម ហើយបានធ្វើឱ្យខេត្តនេះខ្ទេចខ្ទាំ ហើយក៏បានធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្នុងខេត្តបាត់ដំបងជាប់បឹងទន្លេសាបបាត់ឱកាសអភិវឌ្ឍជីវិត ឬទាញប្រយោជន៍នានាពីបឹងទន្លេសាប ពីស្ទឹងសង្កែមកអភិវឌ្ឍន៍ជីវភាពនោះដែរ។

ក្នុងន័យនេះ ការលើកយកប្រធានបទ «ទន្លេនៃសន្តិភាព ទន្លេនៃវិបុលភាព» គឺចង់បង្ហាញថា មានសន្តិភាពទើបមានឱកាសទាញយកប្រយោជន៍ពីទន្លេ ហើយមានសន្តិភាពទើបមានឱកាសអភិវឌ្ឍន៍ និងនាំសង្គមជាតិឆ្ពោះទៅភាពរុងរឿង។ លោក ក៏បានថ្លែងដោយមោទនភាពផងដែរថា តាមរយៈបុណ្យទន្លេរយៈពេល៥ឆ្នាំកន្លងទៅ បានធ្វើឱ្យមានការផ្លាស់ប្តូរជាច្រើនទៅលើឥរិយាបថរបស់ប្រជាពលរដ្ឋក្នុងការចូលរួមថែរក្សាទន្លេ ថែរក្សាជីវៈចម្រុះក្នុងទន្លេ និងទាញបានប្រយោជន៍ពីតាមដងទន្លេលើវិស័យទេសចរណ៍ប្រកបដោយសក្តានុពល។

ដោយឃើញមានការលក់ដូរបន្លែ ផ្លែឈើ ចំណីចំណុក ផលិតផលសិប្បកម្មរបស់ប្រជាពលរដ្ឋជុំវិញតំបន់ទេសចរណ៍ខាងលើ នៅតាមផ្លូវចូលរមណីយដ្ឋាននោះ លោក ថោង ខុន ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការបង្កបង្កើនផលដំណាំ បន្លែ ផ្លែឈើ ឬផលិតផលសិប្បកម្មរបស់ខ្លួនឱ្យបានច្រើនទៀត ដើម្បីយកមកលក់ដូរជូនភ្ញៀវទេសចរដែលមក ទស្សនារមណីយដ្ឋានភ្នំបាណន់ និងឡូរីក្បែរជើងភ្នំនេះ រួមចំណែកជំរុញជីវភាពបានមួយកម្រិតទៀត។

លោករដ្ឋមន្ត្រីបានស្នើដល់រដ្ឋបាលខេត្តបាត់ដំបង និងមន្ទីរទេសចរណ៍ខេត្តឱ្យចូលរួមលើកកម្ពស់គោលដៅទេសចរណ៍នៅក្នុងខេត្តបន្ថែមទៀត ដើម្បីឱ្យប្រជាពលរដ្ឋចូលរួមក្នុងវិស័យនេះឱ្យបានច្រើន ពីព្រោះប្រសិនបើប្រជាពលរដ្ឋទទួលបានចំណូលច្រើនពីវិស័យទេសចរណ៍ ពួកគាត់នឹងបញ្ឈប់ការកាប់បំផ្លាញព្រៃឈើ បញ្ឈប់ការបរបាញ់សត្វ ឬសកម្មភាពមុខរបរដែលប៉ះពាល់ដល់ធនធានធម្មជាតិ ហើយចូលរួមថែរក្សាការពារធនធានធម្មជាតិទាំងនោះឡើងវិញដែរ។

មិនតែប៉ុណ្ណោះ លោករដ្ឋមន្ត្រី ថោង ខុន បានអំពាវនាវដល់រមណីយដ្ឋានទេសចរណ៍ មូលដ្ឋានអាជីវកម្ម ប្រតិបត្តិករទេសចរណ៍ទាំងអស់ក្នុងខេត្តបាត់ដំបង និងខេត្តជុំវិញ ដូចជាខេត្តសៀមរាប ពោធិ៍សាត់ បន្ទាយមានជ័យ ខេត្តប៉ៃលិនជាដើម ត្រូវបង្កើនការពង្រឹងគុណភាពសេវាកម្មទេសចរណ៍របស់ខ្លួនបន្ថែមទៀត ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរឱ្យបានល្អប្រសើរក្នុងឱកាសពិធីបុណ្យទន្លេ និងក្នុងពេលបន្តទៅមុខទៀត។

ស្តង់លក់ទំនិញ

សូមជម្រាបថា ខេត្តបាត់ដំបង មិនតែជាទីក្រុងបេតិកភណ្ឌទេសចរណ៍ដ៏ទាក់ទាញប៉ុណ្ណោះទេ ថែមទាំងមានកន្លែងទេសចរណ៍កម្សាន្តជាច្រើនទៀត ដូចជារមណីយដ្ឋានភ្នំសំពៅ និងកន្លែងមើលប្រចៀវនៅល្អាងភ្នំសំពៅ រមណីយដ្ឋានប្រាសាទឯកភ្នំ រមណីយដ្ឋានប្រាសាទភ្នំបាណន់ និងកន្លែងជិះឡូរីនៅជាប់ជើងភ្នំ រមណីយដ្ឋានទឹកធ្លាក់ចំការស្វាយ សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ បន្ទាយសត្វស្លាបព្រែកទាល់ វត្តអារាមចំណាស់ៗ និងផ្ទះខ្មែរបុរាណជាច្រើនក្នុងក្រុងបាត់ដំបង។ ក្រៅពីនោះ ផ្ទះផ្កា ចម្ការទំពាំងបាយជូរ និងចម្ការផ្លែឈើនានា និងរមណីយដ្ឋានវប្បធម៌ និងធម្មជាតិនានាជាច្រើនទៀត។

ស្តង់លក់ទំនិញ

ក្នុងនោះបុណ្យទន្លេ ក៏បានរួមចំណែកផ្សព្វផ្សាយផលិតផលដែលជាស្នាដៃរបស់ខ្មែរ ទៅកាន់អ្នកប្រើប្រាស់ផងដែរ។ ព្រោះថានៅពេលប្រារព្ធពិធីបុណ្យទន្លេផលិតរបស់ខ្មែរជាច្រើនត្រូវបានយកមកបង្ហាញដល់អ្នកមកលេងកម្សាន្ត។

លោកបន្ថែមថា តាមរយៈបុណ្យទន្លេ ក៏បានរួមចំណែកផ្សព្វផ្សាយគោលដៅទេសចរណ៍របស់ខេត្តជាប់ដងទន្លេផងដែរ។ បុណ្យទន្លេនៅខេត្តបាត់ដំបង នឹងជួយឱ្យប្រជាពលរដ្ឋជ្រួតជ្រាបកាន់តែច្រើនពីគុណតម្លៃនៃទន្លេ ហើយរួមគ្នាចូលរួមថែរក្សាសម្បត្តិទាំងដែលមាននៅតាមទន្លេ។ ជាពិសេសនឹងបានរួមចំណែកផ្សព្វផ្សាយតំបន់ទេសចរណ៍ក្នុងខេត្តបាត់ដំបង៕

(សរុបដោយ ហេង វុធ្ធ)

(សរុបដោយ ហេង វុធ្ធ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស