Trending now

ល្អាង​ភ្នំ​ឈ្ងោក ​ទីឋាន​ស័ក្ដិសិទ្ធិ​ទាក់ទាញ​បរទេស

09:10 | 12/05/2020 (សរុបដោយ ហេង វុធ្ធី)

ល្អាង​ភ្នំ​ឈ្ងោក​ទីឋាន​វត្ថុ​ស័ក្ដិសិទ្ធិ​ដ៏​វ័យ​ចំណាស់​មុន​សម័យ​អង្គរ​ស្ថិត​នៅក្នុង​ឃុំ​ត្រពាំងព្រីង ស្រុក​កំពត ភាគ​ឦសាន​ចម្ងាយ​ប្រមាណ ៨ គីឡូម៉ែត្រ​​ពី​​ទី​រួមខេត្ដ​កំពត​រំលេច​ភាព​ទាក់ទាញ​ដល់​ភ្ញៀវទេសចរ​ចូលចិត្ដ​ដំណើរ​បែប​ផ្សងព្រេង​ជាពិសេស​ជនបរទេស​។

ល្អាង​ភ្នំ​ឈ្ងោក​ទីឋាន​វត្ថុ​ស័ក្ដិសិទ្ធិ​ដ៏​វ័យ​ចំណាស់​មុន​សម័យ​អង្គរ​ស្ថិត​នៅក្នុង​ឃុំ​ត្រពាំងព្រីង ស្រុក​កំពត

នៅចំកណ្ដាលគុហាដ៏ធំនៃភ្នំនេះ មានសំណង់ស្ថាបត្យកម្មប្រាសាទមួយសង់ឡើងអំពីឥដ្ឋរាងតូចល្មម សង់ព័ទ្ធជុំវិញលិង្គធម្មជាតិដុះចេញពីថ្មកំបោរ និងមានការសង់បន្ថែមទម្រយោនី ដោយកំណត់ថាជា សិវលិង្គតាមជំនឿព្រហ្មសាសនា។ កាន់តែអស្ចារ្យ នៅពីលើសិវលិង្គនោះ ត្រូវបានប្រោះព្រំដោយដំណក់ទឹកយ៉ាងត្រជាក់ដូចទឹកកក ស្រក់ច្រោះតាមរយៈថ្មកំបោរដែលដុះចំពីលើកំពូលប្រាសាទ។ ចំណុចគួរឲ្យចាប់អារម្មណ៍នៃប្រាសាទភ្នំនេះ គឺត្រូវបានកសាងឡើងតាំងពីសតវត្ស​ទី៦ ម្ល៉េះ។ នេះបើយោងតាមការស្រាវជ្រាវរបស់លោកបណ្ឌិត មីសែល ត្រាណេ អ្នកបុរាណវិទូជនជាតិខ្មែរ។

ក្រៅពីសំណង់ប្រាសាទដ៏គួរឲ្យស្ញប់ស្ញែង ផ្នែកខាងក្នុងនៃភ្នំឈ្ងោកមានបង្កប់ប្រព័ន្ធល្អាងជាច្រើន ដែលមានសភាពប្លែកៗពីគ្នា ហើយល្អាងខ្លះបានក្លាយជាទីជម្រករបស់សត្វប្រចៀវរ់នៅ។ ដើម្បីទៅកាន់ល្អាងនីមួយៗ អ្នកទេសចរត្រូវធ្វើដំណើរក្រាបផង លូនផង និងរំកិលខ្លួនបន្តិចម្ដងៗ តាមរូងភ្នំដ៏ងងឹត និងតូចចង្អៀត។ ដំណើរឆ្លងកាត់ស្ថានភាពលំបាកៗទាំងនេះ ពិតជាស័ក្តិ​សមបំផុត សម្រាប់អ្នកចូលចិត្តធ្វើដំណើរផ្សងព្រេង។ ជាង ១៥០០ឆ្នាំកន្លងផុតទៅ ភ្នំឈ្ងោក មិនត្រឹមតែជាទីតាំងទេសចរដ៏មានសក្តានុពលប៉ុណ្ណោះទេ ថែមតាំងជាបូជនីយដ្ឋានប្រវត្តិសាស្រ្តដ៏សំខាន់មួយនៃអាណាចក្រខ្មែរ។

ផ្លូវចូលក្នុងល្អាងភ្នំឈ្ងោក

នៅ​ជើង​ភ្នំ​ឈ្ងោក​ភ្ញៀវ​ទេសចរ​ត្រូវ​ដើរ​ពី​ផ្លូវ​ភ្លោះ​អម​សង​ខាង​ប្រឡាយ​កាត់​តាម​ភ្លឺ​ស្រែ​ប្រមាណ​ជា ៥០ ម៉ែត្រ​លោក​អ្នក​នឹង​ទៅ​ដល់​បញ្ជរ​បង់​ប្រាក់​នៅ​ក្បែរ​ច្រក​ចេញ​ពី​រូង​ល្អាង​។ ប៉ុន្ដែ​សូម​កុំ​បារម្ភ​ចំពោះ​ភ្ញៀវ​ជាតិ​ការ​បង់​ប្រាក់​នេះ​តម្រូវ​ឲ្យ​សម្រាប់​តែ​ភ្ញៀវ​បរទេស​ប៉ុណ្ណោះ​ដែល​មាន​តម្លៃ​ត្រឹមតែ ១ ដុល្លារ​ក្នុង​ម្នាក់​។ ដើរ​តាម​ជណ្ដើរ​ថ្ម​ល្បាក់​ ២០០ កាំ​ឆ្ពោះ​ឡើង​​ភ្នំ និង​ចុះ​ចំណោត​ចូល​ល្អាង​ដំរី​ធំ​មួយ​កំពុងតែ​រង់ចាំ​ស្វាគមន៍​ភ្ញៀវ​ទេសចរ​គ្រប់​ពេលវេលា​។

កំពុង​តែ​ឈរ​រេរា​នៅ​មុខ​ប្រាសាទ​សង់​ពី​ឥដ្ឋ​ព័ទ្ធ​ជុំវិញ​ដោយ​ច្រក​ល្អាង​ជាច្រើន​ស្ថិត​ក្នុង​ស្ថានភាព​ងងឹត​ស្លុប​ដែល​ភ្ញៀវ​ទេសចរ​មើល​មិន​ឃើញ​ទិស​តំបន់​អ្នក​នាំ​ភ្ញៀវ​តូច​ល្អិត​វ័យ​ ៨ ​ឆ្នាំ ឈ្មោះ វុទ្ធី បាន​ចូល​មក​បង្ហាញ​ផ្លូវ​ចុះ​យ៉ាង​ស្ទាត់​ជំនាញ​ដោយ​មិន​ចាំបាច់​ត្រូវ​ការ​ភ្លើង​បំភ្លឺ​ផ្លូវ​ឡើយ​។

ទេសភាពក្នុងល្អាងភ្នំឈ្ងោកទាក់ទាញភ្ញៀវទេសចរ


នៅក្នុង​ល្អាង​មាន​ច្រក​តូចៗ​ជាច្រើន​ វុទ្ធី បាន​ណែនាំ​ផ្លូវ​ដល់​ទេសចរ​​ដើម្បី​ឲ្យ​ពួកគេ​គយគន់​ទិដ្ឋភាព​ល្អាង​ថ្ម​តាម​ស្ថានភាព​ច្រក​កន្លុក​កន្លៀត​បត់បែន​អម​ដោយ​ការ​អត្ថាធិប្បាយ​ត្រួសៗ​អំពី​សណ្ឋាន​ថ្ម​នៅ​តាម​ដំណាក់កាល​នីមួយៗ​តាំងពី​ច្រក​ចូល​ខាងលើ​រហូត​ដល់​ផ្លូវ​ចេញ​ខាង​ក្រោម​ដែល​មាន​ចម្ងាយ​ប្រមាណ ១០០ ម៉ែត្រ​។

ហាក់​ដូចជា​មាន​ទេពកោសល្យ​ខាង​ណែនាំ​ភ្ញៀវ​រុល​ចូល​មាត់​ល្អាង​តូចៗ​ប្រកប​ដោយ​សុវត្ថិភាព​កូន​សិស្ស​ទើប​រៀន​ថ្នាក់​ទី ១ ​រូប​នេះ​ថែម​ទាំង​​ប្រាប់​ភ្ញៀវ​ពេញ​វ័យ​នូវ​ជំហាន​ដើរ​ការ​ដាក់​ជើង​លើ​គន្លាក់​ថ្ម​ និង​វិធី​លូន​ក្រាប​ឆ្លង​ផ្លូវ​ចង្អៀត​ដើម្បី​បញ្ចៀស​រាល់​ឧបសគ្គ​ដែល​អាច​កើតឡើង​ដោយ​ជាយថាហេតុ​។

ទៅ​ដល់​ខាង​ក្នុង​ល្អាង​ដែល​បំភ្លឺ​ដោយ​ភ្លើង​ពិល​ផ្លុងៗ​មគ្គុទ្ទេសក៍​ខ្លួន​តូច​រូប​នេះ​បាន​បង្ហាញ​ផ្លូវ​ភ្ញៀវ​ទៅ​ទស្សនា​ថ្ម​ខ្សាច់​រំលេច​ពណ៌​ព្រាកៗ​នៅ​រូង​ផ្លូវ​ទ័ល​ជាពិសេស​ជញ្ជាំង​ល្អាង​ដែល​មាន​សភាព​ក្រហេង​ក្រហូង​ព្រមទាំង​សត្វ​ប្រចៀវ​ហើរ​ឆ្វៀលឆ្វាត់​មុន​ពេល​ដើរ​​ឆ្លង​ស្ពាន​ឈើ​កាត់​ទឹក​ភ្លៀង​ដែល​ឡើង​ជន់លេច​បាត​ល្អាង​នៅ​រដូវវស្សា​។ ជ្រក​ក្នុង​ល្អាង​ប្រាសាទ​ដែល​នៅ​រក្សា​បាន​ទ្រង់ទ្រាយ​ដើម​ល្អស្អាត​នេះ​ត្រូវ​បាន​អ្នក​បុរាណ​វិទូ​អះអាង​ថា​បាន​កសាង​ដើម្បី​ឧទ្ទិស​ដល់​ព្រះសិវៈ​នៃ​ព្រហ្មញ្ញ​សាសនា​នៅ​សតវត្សរ៍​ទី​ ៧។ លោក​បណ្ឌិត​ មីសែល ត្រាណេ ជា​បុរាណ​វត្ថុវិទូ​បាន​អះអាង​ថា​ប្រាសាទ​បុរាណ​នេះ​ត្រូវ​បាន​កសាង​នៅ​សម័យ​អន្ដរកាល​រវាង​នគរ​ភ្នំ និង​ចេនឡា​ក្នុង​ឆ្នាំ​ ៦១៧ ​។

ទេសភាពក្នុងល្អាងភ្នំឈ្ងោកទាក់ទាញភ្ញៀវទេសចរ


លោក​បន្ដ​ថា​៖ «វា​ជា​ប្រាសាទ​ដ៏កម្រ​ដែល​ត្រូវ​បាន​កសាង​សម័យ​ថា​ឡាបរិវាត់​អន្ដរកាល​រវាង​នគរ​ភ្នំ និង​ចេនឡា​។ យោង​តាម​ឯកសារ​ចិន​បង្ហាញ​ថា​សម័យ​នរគ​ភ្នំ​បាន​រលត់រលាយ​ទៅ​ក្នុង​ឆ្នាំ​ ៦៤៩ ជំនួស​ដោយ​សម័យ​ចេនឡា​»។ អំពី​ថ្ម​ដុះ​ជា​រាង​លិង្គ​ទ្រយោនី​ដែល​ដុះ​ពី​លើ​ពិតាន​ល្អាង​ភ្នំ​ចុះ​ក្រោម​និង​ដុះ​ពី​ក្រោម​ទល់​គ្នា​នៅ​នឹង​បរិវេណ​ក្នុង​ប្រាសាទ​លោក​បណ្ឌិត​ផ្នែក​បុរាណ​វិទ្យា​រូប​នេះ​បាន​លើក​ឡើង​ថា​៖ «​វា​ជា​ទីកន្លែង​សក្ការៈ​ដ៏ពិសិដ្ឋ​មាន​បារមី​កាន់​សម្រាប់​ការ​បួងសួង​របស់​ប្រជាជន​ខ្មែរ​ឲ្យ​ជួប​តែ​សេចក្ដី​សុខ​។ ទឹក​សន្សើម​ដែល​ហូរ​ស្រក់​តាម​ថ្ម​ដុះ​នេះ​កាន់តែ​ច្រើន​កាន់តែ​មាន​ភាព​ពិសិដ្ឋ​»។

ទេសភាពក្នុងល្អាងភ្នំឈ្ងោកទាក់ទាញភ្ញៀវទេសចរ


លោក​បាន​បន្ថែម​ថា​វា​ជា​ទីឋាន​ពិសិដ្ឋ​ប្រាកដ​មែន​សូម្បីតែ​នៅ​អឺរ៉ុប​ក៏​ពួកគេ​មាន​ជំនឿ​ចំពោះ​ការ​បួងសួង​នៅ​ទីឋាន​ស័ក្ដិសិទ្ធិ​នេះ​ដែរ​។ ជា​មន្ដ្រី​មន្ទីរ​ទេសចរណ៍​ខេត្ដ​កំពត​ដែល​កំពុង​ប្រចាំ​ការ​នៅ​បញ្ជរ​បង់​ប្រាក់ លោក អ៊ិត រ៉េង បាន​ឲ្យ​ដឹង​ថា​៖ «​ជាទូទៅ​ភ្ញៀវ​មក​លេង​ប្រាសាទ​នេះ​ភាគច្រើន​ជា​ជនបរទេស​ដែល​ខ្លះ​បាន​នាំ​ទាំង​កូន​ក្មេង​តូចៗ​មក​ចូល​ល្អាង​ផង​ដែរ​»។ ពាក់ព័ន្ធ​នឹង​ចំនួន​ភ្ញៀវ​ប្រចាំ​ថ្ងៃ​លោក​លើក​ឡើង​ថា៖ «​មិន​ទៀងទាត់​ទេ​ពេល​ខ្លះ​ក៏​មាន​ច្រើន​ហើយ​ពេល​ខ្លះ​សឹង​តែ​គ្មាន​ផង​។ ជា​មធ្យម​មាន​ភ្ញៀវ​ប្រមាណ​ពី​ ១០ ទៅ ២០ នាក់​»៕

(សរុបដោយ ហេង វុធ្ធី)

(សរុបដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស