Trending now

រមណីយដ្ឋាន​កំពង់ត្រាច ស័ក្តិសម​បំផុត​សម្រាប់​ថត​ភាពយន្ត​លំដាប់​អន្តរជាតិ​

10:18 | 11/05/2020 (សរុបដោយ ហេង វុធ្ធី)

ជាមួយ​នឹង​ទេសភាព​ល្អ​ប្លែក​សម្បូរ​ទៅ​ដោយ​ល្អាង​ភ្នំ​មិន​ចាញ់​បរទេស នៅពេល​នេះ កំពង់ត្រាច ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​បញ្ជាក់​ថា តំបន់​នោះ​ជា​កន្លែង​ស័ក្តិសម​បំផុត​សម្រាប់​ការ​ថត​ខ្សែភាពយន្ត និង​ភាពយន្ត​ខ្នាត​ធំ លំដាប់​ជាតិ និង​អន្តរជាតិ​ខណៈ​កន្លង​មក​ទើប​តែ​មាន​ផលិតកម្ម​បរទេស​តិច​បំផុត​បាន ទៅ​ដល់​។

រមណីយដ្ឋាន​កំពង់ត្រាច

ភ្នំកំពង់ត្រាច គឺជារមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​ដ៏ល្បី​មួយ ស្ថិត​ក្នុងស្រុកកំពង់ត្រាច ចម្ងាយប្រមាណ ៥០គីឡូម៉ែត្រ​ពីទីរួមខេត្តកំពត។ ភ្នំកំពង់ត្រាច លាក់ទុករឿងរ៉ាវ​គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ភ្នំថ្មកំបោរមួយនេះ មានល្អាងតូចធំរាប់សិបកន្លែង និង​មានរូងភ្នំធំ២ គឺរូង​ឋានព្រះចន្ទ និងរូងឋានព្រះអាទិត្យ ដែល​មានលក្ខណៈ​ពិសេស​រៀងៗខ្លួន ដូច​បញ្ជាក់​ក្នុង​វីដេអូនៅ​ផ្នែក​ខាងក្រោម​នៃអត្ថបទនេះ។ នៅជាប់ជើងភ្នំ មាន​បង្កប់ល្អាងមួយ ដែល​មានទឹកថ្លាឈ្វេង គឺល្អាង​ព្រះចន្ទ ដែល​ភ្ញៀវ​ទេសចរ​អាច​ងូត​ទឹក​លេង​បានយ៉ាងសប្បាយ។ គោលដៅទេសចរណ៍មួយទៀត ដែលយើងមិនគួររំលង គឺការធ្វើដំណើរឡើងភ្នំ ដើម្បីមើលទេសភាពដ៏ស្រស់ត្រកាលពីលើអាកាស។

រមណីយដ្ឋាន​កំពង់ត្រាច

កំពង់ត្រាច ដែល​ជា​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​មួយ​ស្ថិត​ក្នុង​ទឹកដី​ខេត្ត​កំពត ត្រង់​ភូមិ​ឃុំ​ដំណាក់កន្ទួត​ខាង​ត្បូង ស្រុក​កំពង់ត្រាច ដោយ​អ្នក​ខ្លះ​ហៅ «ភ្នំ​កំពង់ត្រាច​» ឯ​ខ្លះ​ទៀត​ហៅ «ភ្នំ​បាក់​»។ តំបន់​ទេសចរណ៍​នេះ គឺជា​ស្រុក​មួយ​ដែល​មាន​ព្រំប្រទល់​ជាប់​ប្រទេស​វៀតណាម​។ នៅពេល​លោក​អ្នក​ធ្វើ​ដំណើរ​ពី​ខេត្ត​កំពត​ទៅ​ស្រុក​កំពង់ត្រាច លោក​អ្នក​នឹង​បាន​ឃើញ​ជនបទ​ស្រុកស្រែចម្ការ ដែល​មាន​ទេសភាព​គួរ​ជា​ទី​គយគន់​។

រមណីយដ្ឋាន​នេះ​ក៏​សម្បូរ​ដោយ​ប្រវត្តិ​ជាច្រើន​ផង​ដែរ​។ មាន​ផ្លូវ​មួយ​ខ្សែកាត់​តាម​តំបន់​ភ្នំ​វល្លិ៍ ដែល​ជា​អតីត​តំបន់​ខ្មែរក្រហម​។ កាលពី​ឆ្នាំ​១៩៩៤ មាន​ជនបរទេស​មួយ​ចំនួន ត្រូវ​បាន​ពួក​ខែ្មរ​ក្រហម​ចាប់​ធ្វើ​ជា​ចំណាប់ខ្មាំង​នៅ​តំបន់​នេះ​ផង​ដែរ​។

នៅ អម​សងខាង​នៃ​ទីវាល​បាតភ្នំ​គេ​ឃើញ​មាន​ល្អាង​ជាច្រើន​ប្រកប ដោយ​រូបសំណាក​សត្វ ឬ​ឧបករណ៍​ជាច្រើន​ប្រភេទ​កើតឡើង ដោយសារ​សំណឹក​ជា​យូលង់​របស់​ផ្ទាំង​ថ្ម​ធំៗ ហើយ​អ្នក​ទស្សនា​ទាំងឡាយ​អាច​មើល​សណ្ឋាន​កាត់​យល់​តាម​ការ​ផ្គូផ្គង ពី​សំណាក់​មគ្គុទ្ទេសក៍​ដែល​រង់ចាំ​ជូន​ដំណើរ ។

រមណីយដ្ឋាន​កំពង់ត្រាច

លោក សយ ស៊ីណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពត​បាន​រៀបរាប់​ប្រាប់​សារព័ត៌មាន​ថា រមណីយដ្ឋាន​ភ្នំ​កំពង់ត្រាច ឬ​ភ្នំ​បាក់​នេះ មាន​បរិមាត្រ​ប្រមាណ​ប្រហែល ៤ គីឡូម៉ែត្រ និង​កម្ពស់​ពី ១៥០ ទៅ ២០០ ម៉ែត្រ​។ ទីតាំង​នៃ​តំបន់​ភ្នំ​នេះ​មាន​អំណោយផល​ល្អ សម្រាប់​ការ​ថត​ខ្សែភាពយន្ត​ផ្សេងៗ​ជាមួយ​នឹង​ទេសភាព​ស្រស់ត្រកាល ប្រកប​ដោយ​សោភ័ណភាព​ប្រណីតៗ ។

លោក​បាន​បន្ត​ថា ងាក​មក​ខាង​មុខ​ផ្លូវ​ចូល​ទៅក្នុង​ភ្នំ​វិញ មាន​វត្ត​មួយ​ឈ្មោះ​ថា វត្ត​គិរី​សិលា ដែល​តាជី​យាយជី និង​ព្រះសង្ឃ​កំពុង​គង់​នៅ​ដូច​បណ្តា​ទីអារាម​ដទៃៗ​ទៀត​ដែរ ។ ក្នុង​ភ្នំ​មាន​ល្អាង​ជាច្រើន​ព័ទ្ធជុំវិញ​ទីវាល​មួយ ដែល​ទទួល​ពន្លឺព្រះអាទិត្យ​ដ៏ភ្លឺ​ចិញ្ចាច ហើយ​ពេល​ភ្ញៀវ​ទាំងឡាយ​ងើប​សម្លឹង​មើល​ទៅលើ​ឃើញ​ផ្ទៃមេឃ​នៅ​កៀក​បង្កើយ គ្រប​ពី​លើ​រាង​ជា​រង្វង់​មូល​ដូច​ខ្ទះ ដែល​ធ្វើឲ្យ​អារម្មណ៍​ហាក់​នៅ​ទី​ឋាន​មួយ​ពោរពេញ​ដោយ​ភាព​សុខដុម​គ្មាន ពីរ។ នៅ​តាម​ល្អាង​នីមួយៗ​មាន​សំណាក​ជា​រូប ឬ​ឧបករណ៍​ប្រើប្រាស់​ផ្សេងៗ ដែល​រូប និង​ឧបករណ៍​ទាំង​នោះ​ពេល​ភ្ញៀវ​ចូល​ទស្សនា​នឹង​មាន​មគ្គុទេ្ទសក៍ ពន្យល់​ប្រាប់​តាម​លំដាប់លំដោយ​យ៉ាង​ស្ទាត់ជំនាញ

រមណីយដ្ឋាន​កំពង់ត្រាច

ដើម្បី​ទៅ​ដល់ កំពង់ត្រាច លោក​អ្នក​ត្រូវ​ធ្វើ​ដំណើរ​តាម​ផ្លូវ​កែប បន្ទាប់មក​បត់​ឆ្វេង​ដោយ​កាត់​តាម​រូបសំណាក​សេះស​។ បច្ចុប្បន្ន​នេះ ផ្លូវ​ទៅ​កាន់​កំពង់ត្រាច​ត្រូវ​បាន​ត្រូវ​បាន​ជួសជុល​និង​កែលម្អ ដើម្បី​ផ្តល់​ភាពងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​។

រមណីយដ្ឋាន​កំពង់ត្រាច

កំពង់ត្រាច​ជា ទីប្រជុំជន​ដ៏​តូច​មួយ ប៉ុន្តែ​មាន​រមណីយដ្ឋាន​ទេសចរណ៍​ជាច្រើន​។ នៅ​ទី​នោះ លោក​អ្នក​អាច​ទស្សនា​ល្អាង​ថ្មកំបោរ និង​ភ្នំ​មួយ​នៅ​ក្បែរ​នោះ​ផង​ដែរ​។ កាលពី​ដើម​ឡើយ ទី​នេះ​ធ្លាប់​ជា​ល្អាង​មួយ​យ៉ាង​ធំ​នៅ​ចំ​កណ្តាល​ភ្នំ ប៉ុន្តែ​ក្រោយ​មក​មាន​ថ្ម​មួយ​ផ្ទាំង​យ៉ាង​ធំ​បាក់​ហើយ​បិទ​កន្លែង​នោះ​បាត់ ទៅ​។ នៅក្នុង​ល្អាង​ភ្នំ​នោះ លោកអ្នក​អាច​ឃើញ​ទីសក្ការបូជា ដែល​ជា​ទី​ចាប់​អារម្មណ៍​បំផុត​។ ពេល​ដែល​លោក​អ្នក​ទៅ​ទស្សនា​ក្នុង​គុហា​នេះ សូម​កុំ​ភ្លេច​ដាក់​ពិល​និង​ទ្រនាប់​ជើង​ទៅ​តាម​។

ជាង​នេះ​ទៅ​ទៀត លោកអ្នក​អាច​ប្រទះ​ភ្នែក​ឃើញ​អណ្តូង​ទឹកតូចៗ​នៅ​ជើងភ្នំ​កំពង់ត្រាច​។ អណ្តូងទឹក​នេះ ជាទី​គោរព​សក្ការៈ​ពី​ពលរដ្ឋ​ខ្មែរ ចិន​និង​វៀតណាម​ក្នុង​មូលដ្ឋាន។ អណ្តូង​មួយ​មាន​វិជ្ជមាត្រ​ប្រហែល​ជា​៣០​ម៉ែត្រ ហើយ​លោក​អ្នក​អាច​ឃើញ​ដី​ប្រាំពីរ​ពណ៌​។ អណ្តូង​តូចៗ​មាន​ថ្ម ដែល​មាន​រាង​ដូច​សត្វ​ផ្សេងៗ​។ អណ្តូង​ដែល​ធំ​ជាង​គេ មាន​ស្នាម​ភ្លោះ​មួយ​អាច​ទៅ​ដល់​វាលស្រែ​មួយរយ និង​កន្លែង​ដទៃ​ទៀត​ដូចជា​អន្លុង​ថ្ម​ដុះ​ជាដើម​។

ទិដ្ឋភាព​មើល​ពី​ចម្ងាយ​ទៅ​កាន់​ភ្នំ កំពង់ត្រាច ដែល​ជា​កន្លែង​មាន​ទេសភាព​ល្អ​ប្លែក​សម្រាប់​ថត​ភាព​យន្ត។

គួរ​បញ្ជាក់​ផង​ដែរ​ថា សម្រាប់​ឆ្នាំ​២០១៣​កន្លង​មក​នេះ តាម​ស្ថិតិ​បាន​ឲ្យ​ដឹង​ថា មាន​ភ្ញៀវទេសចរ​ជាតិ​២៧៨៥៦​នាក់ និង បរទេស​១៩៦៣​នាក់​បាន​ធ្វើដំណើរ​ទៅ​លេង​កម្សាន្ត​នៅ​ទីរមណីយដ្ឋាន​ភ្នំ ប្រវត្តិសាស្ត្រ​ភ្នំ​កំពង់ត្រាច​នា​ទឹកដី​ខេត្ត​កំពត​៕

(សរុបដោយ ហេង វុធ្ធី)

(សរុបដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់