ក្រុមការងារកំណាយ បានប្រទះឃើញគ្រឹះកំពែង និងខ្លោងទ្វាររបស់ប្រាសាទលលៃ កប់ក្រោមគ្រឹះសំណង់កុដិ។ សំណង់កុដិថ្មីនេះ ត្រូវបានអាជ្ញាធរសម្របសម្រួលឲ្យរុះរើទៅខាងក្រោម ដើម្បីឲ្យក្រុមការងារផ្នែកកំណាយ អាចរៀបចំ និងជួសជុលខឿនប្រាសាទបុរាណ ដែលសង់នៅចុងស.វទី៩មួយនេះ។ ខឿនប្រាសាទលលៃ បានរងការខូចខាត ដោយសារតែការសង់សំណង់ផ្សេងៗលើ។ ក្រៅពីនេះ ប្រាសាទក៏ទ្រុឌទ្រោមទៅតាមអាយុកាល និងការបំផ្លាញពីធម្មជាតិផងដែរ។
ទិដ្ឋភាពរួមនៃសំណាងជួសជុលប្រាសាទលលៃ។
ប្រាសាទលលៃ សង់ឡើងក្នុងរាជ្យព្រះបាទយសោវរ្ម័នទី១ នាអំឡុងឆ្នាំ ៨៩៣ នៃគ.ស ឧទិស្ទថ្វាយព្រហ្មញ្ញសាសនា និងឧទិស្ទដល់បុព្វការីជនរបស់ព្រះបាទយសោវរ័ន្មទី១។ ប្រាសាទលលៃ ក៏ដូចជាសំណង់ប្រាសាទឥដ្ឋដទៃទៀតដែរ រងការខូចខាតជាច្រើនដោយសារអាយុកាល ការពុកផុយ និងការបំផ្លាញដោយធម្មជាតិ។
សង់នៅលើខឿន ២ ជាន់ ប្រាសាទលលៃ បានទទួលការជួសជុលច្រើនឆ្នាំមកហើយ ដោយអ្នកជំនាញការ របស់អាជ្ញាធរជាតិអប្សរា។ តែកន្លងមក គេបានជួសជុលត្រឹមតួប្រាសាទប៉ុណ្ណោះ។ ថ្មីៗនេះ ក្រោយមានការសម្របសម្រួល ពីថ្នាក់ដឹកនាំគណៈសង្ឃខេត្ត អាជ្ញាធរជាតិអប្សរា រួមនឹងភាគីពាក់ព័ន្ធ ធ្វើឱ្យគណៈកម្មការវត្តប្រាសាទលលៃ សម្រេចព្រះទ័យ រុះរើកុដិដែលតាំងលើខឿនប្រាសាទច្រើនឆ្នាំមកហើយនោះ ចុះទៅផ្នែកខាងក្រោម ដោយទុកលទ្ធភាព ឱ្យអាជ្ញាធរដើម្បីរៀបចំ និងជួសជុលកែលម្អ លើកតម្លៃឡើងវិញ។
នៅពាក់កណ្ដាលខែមីនា កន្លងទៅ គម្រោងកំណាយស្រាវជ្រាវជាលើកដំបូង នៅប្រាសាទលលៃបានចាប់ផ្តើម នៅក្រោយសំណង់កុដិ ដែលទើបនឹងរុះរើហើយ។ ក្រុមអ្នកបុរាណវិទូ បានប្រទះឃើញស្លាកស្នាមច្រើនទីតាំង នៃរចនាសម្ព័ន្ធប្រាសាទ ពិសេសគឺគ្រឹះកំពែង និងខ្លោងទ្វារប្រាសាទឥដ្ឋមួយនេះ។
លោក ថូ ថុន ប្រធានក្រុមកំណាយស្រាវជ្រាវបុរាណវិទ្យា នៃប្រាសាទលលៃបានឱ្យដឹងថា កំណាយស្រាវជ្រាវនៅទីនេះ ចាប់ផ្តើមនៅថ្ងៃទី១៦ មីនា ហើយមកដល់ពេលនេះ បានបើករណ្ដៅបានចំនួន៤ហើយ។ រណ្ដៅនីមួយៗ បានបើកនៅទីតាំងផ្សេងគ្នា មានទំហំពី២ម៉x៤ម៉ និងខ្លះ២ម៉x២ម៉ ដើម្បីស្វែងរករចនាសម្ព័ន្ធប្រាសាទ។ លោក ថូ ថុន ពន្យល់យ៉ាងដូច្នេះថា៖« រណ្ដៅទី១ បើកចំកំពែងខាងក្នុងតែប្រទះឃើញភស្ដុតាងតិចតួច រណ្ដៅទី២ ខិតទៅខាងកើតបន្ដិចឃើញមានកំពែងខាងក្នុងមួយដែលមានក្បាច់លម្អត្របកផ្កាឈូកផ្គាប់ ផ្ងារខាងលើតិចធ្វើពីឥដ្ឋគ្រឹះធ្វើពីថ្មបាយក្រៀម ព្យាយាមតទៅទី៣ ខាងលិចចំអ័ក្សប្រាសាទ យើងឃើញខ្លោងទ្វារមានសសរថ្មភក់៤ជាការ៉េ រីឯរណ្ដៅទី៤យើងព្យាយាមរកជ្រុងកំពែង»។
ប្រាសាទលលៃបច្ចុប្បន្នមានទីតាំងនៅភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង គឺជាកោះដ៏ពិសិដ្ឋស្ថិតនៅចំកណ្តាលបារាយណ៍ឥន្ទ្រតដាក (បារាយណ៍លលៃ) នាបុរាណកាល។ ទីនេះបានប្រែប្រួលបន្តិចម្តងៗដោយការរៀបចំថ្មីនិងមានសំណង់សាសនាមួយចំនួនតាមសម័យកាលជាបន្តបន្ទាប់។ ប៉ុន្តែនៅចុងឆ្នាំ២០១៩ សំណង់សាសនាទាំងនោះត្រូវបានសម្របសម្រួលឱ្យរុះរើទៅសង់នៅផ្នែកខាងក្រោមវិញ ដើម្បីឱ្យអាជ្ញាធរជាតិអប្សរាធ្វើការអភិរក្សនិងស្រាវជ្រាវបុរាណវិទ្យា។
តាមអ្នកជំនាញ តាំងពីសម័យបារាំងមកជិត១០០ឆ្នាំហើយ ដែលពេលនោះបារាំងបានរៀបចំ និងអនុញ្ញាតឱ្យមានសំណង់កុដិលើខឿនប្រាសាទលលៃ តែការរៀបចំនោះមិនមានចេតនាលុបឬបំផ្លាញគ្រឹះប្រាសាទនេះទេ។ សំណង់គ្រឹះត្រូវបានរកឃើញក្នុងសភាពរឹងមាំច្រើន គ្រាន់តែសំណង់ក្រោយៗមកសង់នៅលើធ្វើឱ្យសំណង់គ្រឹះបុរាណកប់បាត់ក្នុងដីតែប៉ុណ្ណោះ។ នេះជាការបញ្ជាក់របស់លោក ថូ ថុន អ្នកបុរាណវិទ្យានៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យាន និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា។
ក្នុងកំណាយស្រាវជ្រាវរកឃើញរចនាសម្ព័ន្ធរបស់ប្រាសាទលលៃនេះ គឺជាសញ្ញាដ៏ល្អនិងមានសារសំខាន់សម្រាប់អ្នកសិក្សាស្រាវជ្រាវ។ លោក ថូ ថុន ពន្យល់ថា កន្លងមកគេនាំគ្នាបំភ្លេចចោលរាល់រចនាសម្ព័ន្ធកំពែងប្រាសាទ ព្រោះថាវាបានកប់បាត់ច្រើនឆ្នាំ តែពេលនេះក្រោយមានការសម្របសម្រួលពីអាជ្ញាធរជាតិអប្សរា និងគណៈសង្ឃខេត្ត ធ្វើឱ្យមានលទ្ធភាពគ្រប់គ្រាន់ក្នុងការរៀបចំ ឬជួសជុលឡើងវិញរាល់រចនាសម្ព័ន្ធនានា។
លោក អ៊ា ដារិទ្ធ អនុប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យាន និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា លើកឡើងថា អាជ្ញាធរជាតិអប្សរាបានអភិរក្សនិងជួសជុលប្រាសាទលលៃតាំងពីឆ្នាំ២០១៤មក លើផ្នែកតួប៉មដោយសារផ្នែកខាងក្នុងមានប្រហោងអាចស្រុត និងមានស្នាមប្រេះមួយចំនួនផង។ មកដល់ពេលនេះ ការងារជួសជុលទាំងនោះសម្រេចបានប្រមាណជិត១០០ភាគរយហើយ គឺវាលែងប្រឈមនឹងហានិភ័យដូចពេលមុនទៀត។
ជាមួយគ្នានេះ លោក អ៊ា ដារិទ្ធ ក៏មិនភ្លេចកោតសរសើរ និងអរគុណដល់គណៈកម្មការវត្ត ក៏ដូចជាថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដែលសម្របសម្រួលឱ្យមានការរុះរើសំណង់កុដិចុះមកខាងក្រោម ដោយទុកលទ្ធភាពក្នុងការអភិរក្សសំណង់បេតិកភណ្ឌរបស់ជាតិបែបនេះ។ ការលះបង់នេះ គឺជាគំរូមួយដ៏វិសេសវិសាលរបស់វិស័យពុទ្ធសាសនា។
បន្ទាប់ពីការកំណាយ និងប្រទះឃើញបុរាណវត្ថុមួយចំនួននៃប្រាសាទលលៃ ក៏មានការជជែកថា តើត្រូវរៀបចំឡើងវិញឬលុបរណ្ដៅកំណាយឡើងវិញ ទាក់ទងចំណុចនេះលោក ថូ ថុន មានយោបល់ថា លោកចង់ឱ្យមានការរៀបចំនិងលើកតម្លៃឡើងវិញ។ ពិសេសទៀតនោះ គឺត្រូវរៀបចំប្លង់ប្រាសាទឡើងវិញ ត្រូវសិក្សាបន្ថែម ដើម្បីចងក្រងឯកសារទុកដល់អ្នកជំនាន់ក្រោយ៕
(ប្រភពព័ត៌មាន: thmey thmey.com)
មតិពីមិត្តអ្នកអាន