បើទោះបីជាបញ្ហាមេរោគរាតត្បាតកូវីដ-១៩ បាននិងកំពុងបន្ដគំរាមកំហែងដល់សកម្មភាពសេដ្ឋកិច្ច និងវិស័យទេសចរណ៍របស់កម្ពុជាក៏ដោយ ប៉ុន្ដែ ថ្មីៗនេះ មានមជ្ឈមណ្ឌលកម្សាន្ដខ្នាតយក្សចំនួន២ហើយ នៅតែប្ដូរផ្ដាច់បើកសម្ពោធស្វាគមន៍ភ្ញៀវចូលលេងកម្សាន្ដ។ មជ្ឈមណ្ឌលកម្សាន្ដដ៏ធំ លំដាប់អន្តរជាតិទាំងពីរនេះ មានទីទាំងស្ថិតនៅក្នុងតំបន់ជាយរាជធានីភ្នំពេញ ហើយអ្វីដែលពិសេសនោះគឺនៅថ្ងៃបើកសម្ពោធ ក៏មានវត្តមានចូលរួមជាអធិបតីពីសំណាក់លោកនាយករដ្ឋមន្ត្រីកម្ពុជាផងដែរ។
មជ្ឈមណ្ឌលកម្សាន្ដខ្នាតយក្សចំនួន២ បានបើកសម្ពោធ ចំពេលកូវីដ-១៩
នាដើមខែតុលា ឆ្នាំ២០២០នេះ មជ្ឈមណ្ឌលកម្សាន្ដដ៏ធំដំបូងគេមួយនៅកម្ពុជាគឺ ព្រីនស៍ ម៉ាណ័រ ដែលមានចម្ងាយជាង ២០គីឡូម៉ែត្រ ពីកណ្ដាលរាជធានីភ្នំពេញ បានបើកសម្ពោធជាផ្លូវការ។ មជ្ឈមណ្ឌលកម្សាន្ដមួយនេះ គឺជាការវិនិយោគរបស់ក្រុមហ៊ុនចិន ព្រីនស៍ ខលឈ័រ អេន ធូរីហ្សឹម ឌីវេឡុបម៉ិន ដែលបានចំណាយដើមទុនវិនិយោគ ៨៥ លានដុល្លារ គ្របដណ្ដប់លើផ្ទៃដីទំហំជាង១៣ ហិកតា ជាមួយនឹងផ្ទៃបៃតង រហូតដល់ ៨៨%។
មជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ មានកន្លែងកម្សាន្តដូចជា ការកម្សាន្តបែបផ្សងព្រេង, កងវិលកម្ពស់ ៨៨ម៉ែត្រ រួមជាមួយពិភពទឹកកម្សាន្តព្រីនស៍ ដែលមានទំហំប្រមាណ ១ហិកតា ទីវាលប្រណាំងឡាន និងសួនរុក្ខជាតិអេកូឡូស៊ីជាដើម។
សម្តេចតេជោ ហ៊ុន សែន ដែលបានចូលរួមក្នុងពិធីសម្ពោធមជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ នៅស្រុកកៀនស្វាយ ខេត្តកណ្តាលនេះ បានបញ្ជាក់ថា នេះជាមោទនភាពមួយ ដែលកម្ពុជាមានកន្លែងកម្សាន្ត បែបទេសចរណ៍អន្តរជាតិនេះ ដោយក្រុមហ៊ុនបានចំណាយទុនវិនិយោគចំនួនប្រមាណ ៨៥លានដុល្លារ ហើយនេះគឺជាទុនវិនិយោគដ៏ធំមួយក្នុងប្រទេសកម្ពុជា ជាមជ្ឍមណ្ឌលកម្សាន្តលំដាប់អន្តរជាតិ ប្រកបដោយភាពទាក់ទាញ នៃទិសខាងកើតនៃទីក្រុងភ្នំពេញ។
ដោយឡែក មជ្ឈមណ្ឌលកម្សាន្ដដ៏ធំមួយទៀតនោះ គឺសួនទឹកកម្សាន្ដ ហ្គាឌិន ស៊ីធី វ៉តធើផាក ដែលជាសួនទឹកកម្សាន្ដធំជាងគេបំផុតនៅអាស៊ាន។ សួនទឹកមួយនេះ ត្រូវបានបើកសម្ពោធកាលពីថ្ងៃទី ១៦ ខែ សីហា ឆ្នាំ២០២០ ក្រោមអធិបតីភាពរបស់សម្តេច ហ៊ុន សែន ដែលមានទីតាំងចម្ងាយ១៥ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។
មជ្ឈមណ្ឌលកម្សាន្ដខ្នាតយក្សចំនួន២ បានបើកសម្ពោធ ចំពេលកូវីដ-១៩
សួនទឹកកម្សាន្ដខ្នាតយក្សមួយនេះ ត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុន L.Y.P Groupរបស់អ្នកឧកញ៉ា លី យ៉ុងផាត់ ដោយមានដើមទុនចុះបញ្ជីក្នុងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ប្រមាណ ៥៥ លានដុល្លារ។ សួនទឹកហ្គាឌិនស៊ីធីវ៉តធើផាកនេះ ដែលត្រូវបានសាងសង់ឡើងនៅលើផ្ទៃដី ជិត៧ហិកតា នៅតំបន់ភាគខាងជើង រាជធានីភ្នំពេញ ពោលគឺ ស្ថិតនៅលើទឹកដីទីក្រុងរណបអ្នកឧកញ៉ា លី យ៉ុងផាត់ ក្បែរនឹងសួនសត្វភ្នំពេញ សាហ្វារី (ក្បែរស្ពានព្រែកព្នៅ)។
លោក ស៊ូរ៉ាឆេត ប៊ូនយ៉ាសីតពិឆៃ ប្រធានគ្រប់គ្រងគម្រោងសាងសង់សួនទឹក ហ្គាដិនស៊ីធី វ៉តធើផាក ធ្លាប់បានលើកឡើងថាលក្ខណៈពិសេសរបស់សួនទឹកកម្សាន្តដ៏ធំដំបូងគេបង្អស់នៅកម្ពុជានេះ មានកន្លែងសំខាន់ៗ ដូចជា សមុទ្រសិប្បនិម្មិត ដែលទឹករលកកម្ពស់៣ម៉ែត្រកន្លះ ទឹកជ្រោះធ្លាក់លើភ្នំសិប្បនិម្មិតដ៏ស្រស់ស្អាត កន្លែងរំអិលទឹកខ្ពស់ ទឹករាំតាមចង្វាក់ភ្លេង កន្លែងក្មេងលេងជាច្រើន ទោង រំអិលដ៏ធំបំផុត មាន ស្ទីមកម្តៅ ដ៏ទាក់ទាញ សម្រាប់ភ្ញៀវទេសចរ និងកន្លែងសំខាន់ៗផ្សេងទៀត។
ការបើកសម្ពោធមជ្ឈមណ្ឌលកម្សាន្ដខ្នាតយក្សទាំងពីរនេះ ត្រូវបានគេមើលឃើញថា គឺធ្វើឡើងនៅចំពេលដែលបញ្ហាកូវីដ-១៩ នៅមិនទាន់ផុតរលត់ពីកម្ពុជានៅឡើយទេ។ ទោះយ៉ាងណា សម្តេចហ៊ុន សែនបានមានប្រសាសន៍ថា »បច្ចុប្បន្ននេះ ជំងឺកូវីដ-១៩ បានបង្កនូវផលប៉ះពាល់ដល់យើងមែន តែកូវីដ-១៩មិនអាចរារាំងដល់ការអភិវឌ្ឍយើង និងសម្លាប់យើងបាននោះទេ»។ សម្តេចបន្តថា «វិស័យទេសចរណ៍ ក្នុងវិបត្តិកូវីដនេះ គឺភ្ញៀវទេសចរមិនអាចចេញទៅកម្សាន្តនៅក្រៅប្រទេសនោះទេ ដូច្នេះហើយជាឱកាសដែលឲ្យពួកគាត់បានដើរកម្សាន្តក្នុងតំបន់ទេសចរណ៍ក្នុងស្រុក ដែលជាការផ្តល់ចំណូលក្នុងវិស័យនេះ»។
សម្តេចបានមានប្រសាសន៍លើកឡើងថា គ្រាន់តែថ្ងៃឈប់សម្រាកសងបុណ្យចូលឆ្នាំ ៩ថ្ងៃ មានភ្ញៀវទេសចរដើរលេងក្នុងស្រុកប្រមាណ១លាន៦សែននាក់ ទៅតាមកន្លែងទេសចរណ៍សំខាន់ៗ។ រាជរដ្ឋាភិបាលកំពុងជំរុញការអភិវឌ្ឍទេសចរណ៍ក្នុងស្រុកឲ្យបានច្រើន ជាពិសេសត្រូវខិតខំបង្កើតតំបន់ទេសចរណ៍ថ្មីៗបន្ថែមទៀត ដើម្បីកំណើនសេដ្ឋកិច្ចនាពេលខាងមុខ៕
(ប្រភពព័ត៌មាន: /cambonomist.com/)
មតិពីមិត្តអ្នកអាន