Trending now

ពី​ពោះវៀនកង់ឡាន ក្លាយ​ជា​កាបូប​លុយ លើ​ទីផ្សារ​អន្តរជាតិ

12:49 | 25/11/2020 (សរុបដោយ ហេង វុធ្ធ)

តើអ្នកធ្លាប់​គិត​ទេ​ថា ពោះវៀន​កង់ឡាន អាច​ប្រែ​ក្លាយ​ទៅ​ជា​កាបូប​លុយ? អ្នក​ប្រហែល​ជា​ពិបាក​ស្រមៃ​ណាស់​ថា​វា​អាច​ទៅរួច ប៉ុន្តែសហគ្រាស​សង្គម Kraftino បាន​ធ្វើ​វា​បាន​យ៉ាង​ជោគជ័យ​រួច​ទៅហើយ។

លោក ប៊ុន ណារ៉ាទីតូ សហស្ថាបនិក​​នៃសហគ្រាសសង្គម​មួយ​នេះ

Kraftino ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ​២០១៤។ លោក ប៊ុន ណារ៉ាទីតូ សហស្ថាបនិក​​នៃសហគ្រាសសង្គម​មួយ​នេះ បាន​ឲ្យ​ដឹងថា គំនិត​នៃ​ការ​កែច្នៃ​ពោះវៀន​កង់ឡាន​នេះ បាន​កើត​ឡើង​ដោយសារ​លោក​មើលឃើញថា ពោះវៀន​កង់​ឡាន​ដែល​ប្រើប្រាស់​ហើយ នៅ​មាន​សភាព​រឹងមាំ និង​ស្រស់ស្អាត អាច​កែច្នៃ​ទៅ​ជា​របស់​ប្រើប្រាស់​ផ្សេងៗបាន។

លោកទីតូ បាន​រំលឹក​ទៀត​ថា នៅ​ពេល​​លោក​បង្ហើប​ពីគំនិត​​នេះ​ទៅ​កាន់​មិត្តភក្ដិ និង​គ្រួសារ គឺ​មិន​មាន​អ្នក​គាំទ្រ​នោះទេ ដោយសារ​ពួកគេ មិន​ជឿជាក់​ថា​លោក​អាច​ធ្វើ​បាន​ជោគជ័យ។ ប៉ុន្តែ​នៅ​ទីបំផុត លោក និង​ក្រុមការងារ អាច​ធ្វើ​វា​បាន​ រហូត​ចាប់​យក​ទីផ្សារ​អន្តរជាតិ នៅ​ប្រទេស​ធំៗនា​ពេល​បច្ចុប្បន្ន ដូចជា​សហរដ្ឋ​អាមេរិក អង់គ្លេស កាណាដា អូស្រ្ដាលី និង​នូវែលហ្សេឡង់ ជាដើម។

ដោយ​មាន​គោល​បំណង​ចង់​ចូលរួម​ជួយ​លើក​កម្ពស់​ស្មារតី​ការពារ​បរិស្ថានផង និង​លើក​ស្ទួយ​ជីវភាព​ប្រជាជន​ខ្មែរ​ដែល​មាន​វិបត្តិ​ផ្សេងៗ​ផង​នោះ សិប្បកម្ម​កាបូប​លុយ​ធ្វើពី​ពោះវៀន​កៅស៊ូ​កង់ឡាន​​ម៉ាក Kraftino កំពុង​តែបាន​លើក​មុខ​មាត់​ស្នាដៃ​សិប្បកម្ម​ខ្មែរ​មួយ​នេះ នៅ​លើ​ឆាក​អន្តរជាតិ ដោយ​បាន​ចរាចរណ៍​លក់​លើ​ទីផ្សារ​ក្រៅ​ប្រទេស​មុន ទើប​បាន​ចាប់​ផ្តើម​ក្នុង​ប្រទេស​ខ្មែរ។

ពី​ពោះវៀនកង់ឡាន ក្លាយ​ជា​កាបូប​លុយ លើ​ទីផ្សារ​អន្តរជាតិ

លោក ប៊ុន ណារ៉ាទីតូ សហស្ថាបនិក​នៃ​សិប្បកម្ម​កែ​ចៃ្ន​កាបូប​លុយ​ពី​ពោះវៀន​កៅស៊ូ​កង់​ឡាន​នេះ ប្រាប់​ពី​ការ​បង្កើត​សហគ្រាស​សង្គម​ផលិត​កែច្នៃ​មួយ​នេះថា៖ «តាម​ពិត​ទៅ​សិប្បកម្ម​កែច្នៃ​កាបូប​លុយ​ធ្វើពី​ពោះ​វៀន​កៅស៊ូ​កង់ឡាន​ម៉ាក Kraftino បាន​ចរាចរណ៍​លក់​នៅ​លើ​ទីផ្សារ ក្រៅ​ប្រទេស​អស់​ពេល​ជាង ២ ឆ្នាំ មក​ហើយ ខណៈ​ទីផ្សារ​លក់​ក្នុង​ប្រទេស​ខ្មែរ ទើប​បាន​បួន​ប្រាំ​ខែ​ចុង​ក្រោយ​នេះ​តែ​ប៉ុណ្ណោះ»។

លោក​បន្តថា៖ «យើង​បាន​ដំណើរ​ការលក់​នៅ​ទីផ្សារ​ក្រៅ​ស្រុក​មុន អស់​រយៈពេល​ជាង ២ ឆ្នាំ ដោយ​ការ​ចាប់​ផ្តើម​ដំបូង​នៅ​ឆ្នាំ ២០១៤។ ដោយសារ​តែ​មាន​អ្នក​ពេញ​និយម និង​ឲ្យ​តម្លៃ​ខ្លាំង​សម្រាប់​ផលិត​ផល​សិប្បកម្ម​នេះ យើង​ក៏​បាន​ធ្វើ​ការ​ដាក់​លក់​នៅ​លើ​ទីផ្សារ​ក្នុង​ស្រុក​នៅ​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ដែល​មាន​ប្រជាជន​ខ្មែរ​គាំទ្រ និង​ទិញ​ប្រើ​ច្រើន​កុះករ​ផងដែរ។ កាបូប​មួយ យើង​លក់​តម្លៃ ២៣ ដុល្លារ សម្រាប់​នៅ​ឯ​ទីផ្សារ​អន្តរជាតិ ដែល​មាន​ ដូចជា ​ប្រទេស អាមេរិក អូស្រ្តាលី កាណាដា នូវែលសេឡង់ និង​អង់គ្លេស ជាដើម។ ឯ​ទីផ្សារ​នៅ​ស្រុក​ខ្មែរវិញ ​កាបូប​មួយ​តម្លៃតែ ៦​ ម៉ឺនរៀល ឬ១៥ ដុល្លារ​ប៉ុណ្ណោះ។ សិប្បករ ដែល​ផលិត​កាបូប​ពោះវៀន​កង់ឡាន​នេះ មាន​ពីរ​ក្រុម ដោយ​មួយ​ក្រុម​ជា​លក្ខណៈ​គ្រួសារ (ប្តី​ប្រពន្ធ) ដែល​អាច​ផលិត​បាន ៣ ឬ ៥ ប៉ុណ្ណោះ​នៅក្នុង​មួយ​ថ្ងៃ និង​ក្រុម​មាន​គ្នា​បី​បួន​នាក់ (សង្វាក់​ផលិត​កម្ម) អាច​ផលិត​បាន​ចំនួន​ពី ១០ ឬ ១៥ កាបូប។ សិប្បករ​ភាគ​ច្រើន​គឺជា​ស្ត្រី​មេម៉ាយ ជន​ក្រខ្សត់ និង​ជា​ជន​ពិការ​ដៃ​ជើង ឬគ ថ្លង់។ ការ​លក់​មួយ​ខែ​បាន​ប្រមាណ​ពី ៣០០ ទៅ ៥០០ កាបូប»។

ពី​ពោះវៀនកង់ឡាន ក្លាយ​ជា​កាបូប​លុយ លើ​ទីផ្សារ​អន្តរជាតិ

ទោះបី​មាន​ការ​និយម​ខ្លាំងពី​អ្នក​ប្រើ​ប្រាស់​នៅ​ក្រៅ​ប្រទេស ហើយ​មិន​សូវ​សូញ​សាញ​នឹង​តម្លៃ​មែន​ក្តី តែ​អតិថិជន​ក្នុង​ស្រុក​ខ្មែរ​ទំនង​មាន​អ្នក​រអ៊ូ​នឹង​តម្លៃ​កាបូប​លុយ​ពោះវៀន​កង់ឡាន​នេះដែរ ក្រោម​ហេតុផល​ថា​ជា​ផលិត​ផល​ក្នុង​ស្រុក និង​បាន​កែច្នៃ​ពី​របស់​ចាស់​ៗ។ លោក ប៊ុន ណារ៉ាទីតូ បាន​ឲ្យ​ដឹងថា៖ «ដំបូង​មាន​ខ្លះ​បាន​រអ៊ូ​រឿង​នេះ​ដែរ តែ​ឥឡូវ​ពួកគាត់​ឈប់​ថា​ហើយ ដោយ​ពួក​គាត់​មាន​ការ​យល់​ដឹង​ច្រើន​ពី​គុណ​តម្លៃ​នៃ​ផលិតផល​សិប្បកម្ម​របស់​ខ្មែរ​យើង ក៏​ដូចជា អត្ថប្រយោជន៍​នៃ​ការ​គាំទ្រ និង ប្រើ​ប្រាស់​ផលិត​ផល​ក្នុង​ស្រុក។ ចំណែក​ឯ វិធី​ធ្វើ​វិញ គឺ​យើង​យក​ពោះវៀន​កង់​ឡាន​ដែល​គេ​ប្រើ​ប្រាស់​រួច មក​លាង​សំអាត​ដោយ​ដៃ​ផ្ទាល់ ដាក់​ហាល​បំបាត់​ក្លិន បន្ទាប់​មក ក៏​យក​មក​កាត់ដេរ ចេញ​ជា​កាបូប​ដៃ ដែល​មាន​លក្ខណៈ​ទន់​ស្វិត ងាយ​ស្រួល​ប្រើ​ប្រាស់ និង​មាន​គុណភាព​ល្អ​មិន​ចាញ់​កាបូប​ដៃ​យីហោ​ម៉ាក​អន្តរជាតិ​ល្បីៗ​ឡើយ។»។

(សរុបដោយ ហេង វុធ្ធ)

(ប្រភពព័ត៌មាន: postkhmer និង news.sabay.com.kh)

(សរុបដោយ ហេង វុធ្ធ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន