Trending now

ផ្កា​លឿង​រាជ រំឭក​យើង​ឱ្យ​នឹក​ដល់​វេលា​ដ៏​រីក​រាយ​នៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​

16:55 | 25/04/2020 (សរុបដោយ ហេង វុធ្ធ)

ឃើញ​ពណ៌​លឿង​ឆើត​ឆាយ​ នៃ​ផ្កា​លឿង​រាជ​ ធ្វើ​ឱ្យ​ចិត្ត​យើង​រីក​រាយ​ រសាយ​ក្តី​នឿយ​ហត់​ពី​ការ​ងារ​ ដ្បិត​វា​រំឭក​យើង​ពី​ពេល​វេលា​ដ៏​សប្បាយ​រីក​រាយ​នៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ ដែល​ជិត​ឈាន​ចូល​មក​ដល់​ ។​ ក្នុង​អំឡុង​ខែ​មេសា​ជារៀងរាល់ឆ្នាំ ផ្កា​លឿង​រាជ​នៅ​តាម​ដង​វិថី​ តាម​សួន​ច្បារ​ ឬ​នៅ​តាម​ទី​សាធា​រណៈ​នានា​ រីក​បង្អួត​សម្រស់​ស្រស់​ប្រណីត​ ។​

ផ្កា​លឿង​រាជ

លឿង​រាជ​ ឬ​ហៅ​ម្យ៉ាង​ទៀត​ថា​ រាជ​ព្រឹក្ស​ ។​ ខណៈ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ដ៏​គួរ​ឱ្យ​រីក​រាយ​ជិត​ឈាន​ចូល​មក​ដល់​នេះ​ កោះ​សន្តិ​ភាព​សូម​នាំ​អារម្មណ៍​ប្រិយ​មិត្ត​អ្នក​អាន​ស្វែង​យល់​ពី​ដើម​រាជ​ព្រឹក្ស​ ។​ រាជ​ព្រឹក្ស​ ជា​ដើម​ឈើ​ដែល​គេ​សន្មត​ឱ្យ​ឈ្មោះ​ថា​ ស្តេច​ឈើ​ ឬ​ឈើ​របស់​ស្តេច​ ឈើ​មាន​ផ្កា​ល្អ​រុង​រឿង​ ។​

លឿង​រាជ​ ច្រើន​ដុះ​ជា​លក្ខណៈ​ធម្ម​ជាតិ​នៅ​លើ​​ដី​ទួល​ ឬ​លើ​ក្បាល​ដំបូក​ ។​ ដោយ​សារ​សម្រស់​ពណ៌​លឿង​ឆើយ​ឆាយ​នៃ​ផ្កា​លឿង​រាជ​ ដូច្នេះ​គេ​​និយម​ដាំ​លម្អ​នៅ​ទី​សាធារណៈ​នានា​ ដូច​ជា​ដង​វិថី​ សួន​ច្បារ​ និង​វត្ត​អារាម​ ជា​ដើម​ ។

ផ្កា​លឿង​រាជ

លឿង​រាជ​ មាន​កម្ពស់​ចាប់​ពី​១០​ ទៅ​២០​ម៉ែត្រ​ មាន​ស្លឹក​ ធំៗ​ រាង​ជម​ស្រួច​ ។​ ចំពោះ​ផ្កា​របស់​ដើម​ឈើ​ប្រភេទ​នេះ​ មាន​លក្ខណៈ​ជា​ទង​រំយោល​ ប្រវែង​ពី​២០​ ទៅ​៤០​សង្ទី​ម៉ែត្រ​ ។​ ផ្កា​ នីមួយៗ​ មាន​សរសៃ​ចំ​កណ្តាល​៤​ ទៅ​៧​សង្ទី​ម៉ែត្រ​ មាន​ត្របក​ពណ៌​លឿង​ចំនួន​៥​ ទំហំ​ ប៉ុនៗ​គ្នា​ ​។​ ផ្លែ​លឿង​រាជ​ មាន​ប្រវែង​ពី​៣០​ ទៅ​៦២​សង្ទី​ម៉ែត្រ​ និង​ទំហំ​១,៥​ ទៅ​២,៥​សង្ទី​ម៉ែត្រ​ ។​ ក្រៅ​ពី​នៅ​ប្រទេស​កម្ពុជា​យើង​ ដើម​លឿង​រាជ​ភាគ​ច្រើន​ មាន​នៅ​អាសុី​ខាង​ត្បូង​នៃ​ប្រទេស​ប៉ាគី​ស្ថាន​ រហូត​ដល់​ឥណ្ឌា​ ភូមា​ និង​ស្រី​លង្កា​ ។​

ផ្កា​លឿង​រាជ

លឿង​រាជ​ រីក​លូត​លាស់​ល្អ​នៅ​កន្លែង​វាល​ស្រឡះ​ល្អ​ ហើយ​វា​ធន់​នឹង​អាកាស​ធាតុ​ក្តៅ​ និង​ដី​ប្រៃ​ ប៉ុន្តែ​មិន​ធន់​នឹង​អាកាស​ធាតុ​ត្រជាក់​ខ្លាំង​ទេ​ ព្រោះ​អាច​ទៅ​ជា​ដុះ​ផ្សិត​ និង​រោគ​ស្លឹក​ ប្រហោងៗ​ ។​

ក្នុង​ពេល​ដាំ​ដំបូង​ ដើម​លឿង​រាជ​រីក​លូត​លាស់​យឺត​ ប៉ុន្តែ​ចាប់​ពី​អាយុ​១ឆ្នាំ​ ដល់​៣​ឆ្នាំ​ វា​រីក​លូត​លាស់​លឿន​ ។​ ដើម​ឈើ​នេះ​មាន​សម្បក​ពណ៌​ត្នោត​រលោង​ ​ឫស​កែវ​វែង​ពណ៌​លឿង​ និង​មាន​ឫស​ខ្នែង​ច្រើន​ ។​ នៅ​ពេល​មាន​អាយុ​ពី​៤​ ទៅ​៥​ឆ្នាំ​ លឿង​រាជ​ ចាប់​ផ្តើម​បង្ហាញ​ភាព​ប្រណីត​រុង​រឿង​ គឺ​ចេញ​ផ្កា​ពណ៌​លឿង​ខ្ចី​ ។​

ផ្កា​លឿង​រាជតាមដងផ្លូវនានា

ក្រៅ​ពី​គុណ​ប្រយោជន៍​ផ្នែក​សម្រស់​ លឿង​រាជ​មាន​ប្រយោជន៍​សម្រាប់​សុខ​ភាព​មនុស្ស​យើង​ផង​ដែរ​ ។​ ផ្លែ​លឿង​រាជ​ ចាស់​មាន​រស​ជាតិ​ផ្អែម​ អាច​យក​ទៅ​ធ្វើ​ជា​ថ្នាំ​ព្យាបាល​ជំងឺ​ទល់​លាមក​ ។​ វិធី​ប្រើ​ គឺ​យក​ផ្លែ​នេះ​ដាក់​ដាំ​ទឹក​ និង​ដាក់​អំបិល​បន្តិច​ ហើយ​ផឹក​មុន​ពេល​គេង​ ឬ​មុន​ពេល​ទទួល​ទាន​អាហារ​ ។​ ចំណែក​ផ្កា​លឿង​រាជ​ ជួយ​បំបាត់​ដំបៅ​រលួយ​ ។​ ផ្កា​លឿង​រាជ​ ពណ៌​លឿង​ស្រស់​ញញឹម​ ហាក់​អប​អរ​សាទរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ យើង ។

ផ្កា​លឿង​រាជ​ដែល​ដាំ​អម​សងខាង​ផ្លូវ​កូ​ម៉ៃ ចាប់ពី​ក្រោយ​ស្តា​ត​ចាស់ ឆ្ពោះទៅ​ប្រាសាទអង្គរវត្ត បាន​ផ្តើម​រីក និង​បញ្ចេញ​សម្រស់​គួរឱ្យ​គយគន់​សម្រាប់​អ្នកដំណើរ​។ ផ្កា​នេះ​មាន​ពណ៌​លឿង និង​រីក​ជា​ចង្កោមៗ វែងៗ ហើយ​ក្នុង​រដូវ​ចេញ​ផ្កា​នេះ វា​មិនសូវមាន​ស្លឹក​ប៉ុន្មាន​ទេ៕

(សរុបដោយ ហេង វុធ្ធ)

(សរុបដោយ ហេង វុធ្ធ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"