Trending now

ប្រាសាទបេងមាលា ប្រាសាទដ៏ស្រស់ស្អាតដ៏អាថ៍កំបាំងនាកណ្តាលព្រៃនៅកម្ពុជា

11:35 | 07/07/2020 (សរុបដោយ ហេង វុធ្ធី)

ប្រាសាទបេងមាលាឬបឹងមាលាគឺជាប្រាសាទមួយដ៏ល្បីសម្រាប់ទេសចរណ៍គ្រប់ជាតិសាសន៍ ដែលចូលមកទស្សនាតំបន់រមណីយដ្ឋានអង្គរ ដោយសារតែសម្រស់ដ៏ស្រស់ស្អាត និងរចនាបទដ៏អស្ចារ្យ ជាពិសេសនោះគឺថ្មប្រាសាទដែលរុំព័ទ្ធដោយស្លែទឹកពណ៌ខៀវ បានធ្វើអោយលេចបរិវេណប្រាសាទទាំងមូលប្រៀបបាននឹងឋានមួយទៀតពីភពផែនដី។

ទិដ្ឋភាពនៃប្រាសាទបេងមាលា

ប្រាសាទនេះ​មានលក្ខណៈស្រដៀងនឹងប្រាសាទអង្គរវត្ត និង​ត្រូវបាន​ស្ថាបនា​ឡើង​​ដោយព្រះបាទសូរ្យវរ្ម័នទី២ ដែរ។ ប្រាសាទនេះមានគូទឹកដ៏ធំមានប្រវែង ១២០០ x ៩០០​ម៉ែត្រ។ ប្រសាទបេងមាលាត្រូវបានសាងសង់នៅចុងសតវត្សរ៍ទី ១១​និង​ដើមសតវត្សរ៍ទី១២ លើផៃ្ទដី​ទំហំ ១៤ហិកតា ដើម្បីឧទ្ទិសថ្វាយដល់ព្រះអាទិទេពក្នុងព្រហ្មញ្ញសាសនា និកាយវិស្ណុនិយម។ ដោយហេតុថាទ្រង់ទ្រាយប្រាសាទនេះប្រហាក់ប្រហែលប្រាសាទអង្គរវត្តនោះ ដូចេ្នះ​រាល់​វត្ថុបំណង និងស្ថាបត្យកម្មក៏ត្រូវមានលក្ខណៈដូចគ្នា​។ ប្រាសាទអង្គរវត្តដែលប្រវត្តិសាស្រ្តចារទុកថាជាស្នាព្រះហស្តរបស់ព្រះបាទសូរ្យវរ្ម័នទី២នោះ សាងឡើង​ដើម្បី​ឧទ្ធិសថ្វាយ​ព្រះវិស្ណុ​ដោយ​មាន​កសិណទឹក (គូទឹក )ព័ទ្ធជុំវិញរាប់គីឡូម៉ែត្រខណ្ឌទីតាំងប្រាសាទ ឲ្យក្លាយជាកោះ​មួយនោះដូចេ្នះប្រាសាទបេងមាលាក៏ត្រូវតែមានន័យដូចគ្នាដែរ។

ទិដ្ឋភាពនៃប្រាសាទបេងមាលា

បា្រសាទបេងមាលាស្ថាបនាឡើងអំពីថ្មភក់ និងថ្មបាយកៀ្រមដែលមានទ្រង់ទ្រាយ​ប្រហាក់ប្រហែលប្រាសាទអង្គរវត្តហើយដែលបុរាណវិទូមួយចំនួនយល់ថា ប្រាសាទបេងមាលាជាប្លង់មេឬថា បុព្វបុរសខែ្មរ ចាប់កសាងប្រាសាទនេះសិនមុននឹង ឈានទៅកសាងប្រាសាទអង្គរវត្តដ៏ល្បីល្បាញដោយមើលតាមគំរូដើម។ អ្វីដែលស្ថាបត្យករខែ្មរជំនាន់នោះធ្វើ​ដោយ​ខានមិនបានគឺការជីក​កសិណទឹកនៅជុំវិញប្រាសាទ​ដើម្បីយកអាចម៍ដីទៅចាក់គ្រឹះ​ប្រាសាទការពារកុំឲ្យបាក់ស្រុត ក៏ដូចជាការយក​ទឹកសម្រាប់​ប្រើប្រាស់ ផងទន្ទឹមនោះ​កសិណទឹកមួយៗ​បានក្លាយទៅជា​និមិត្តរូប​នៃ​សមុទ្រទឹកដោះ និវេសនដ្ឋានព្រះអាទិទេពក្នុងព្រហ្មញ្ញសាសនា។

តាម​លោក ឈាន រដ្ឋា គម្រោង​នេះ នឹង​អាច​ប្រើពេល​ដល់​ទៅមួយ​ឆ្នាំកន្លះ ហើយ​ផ្តោត​សំខាន់ លើផ្លូវ​ចូល​ខាងកើត​មុនគេ​។ លោក រដ្ឋា ពន្យល់ថា ប្រាសាទខ្មែរ​ជាទូទៅ ផ្លូវ​ចូល​បែរ​ទៅ​ទិសខាងកើត ហើយ​ចេញ​ទៅវិញ​នៅ​ទិស​ខាងលិច​។ ប៉ុន្តែ​នៅ​បេង​មាលា សព្វថ្ងៃ​កំពុង​ប្រើប្រាស់​ទិស​ខាងត្បូង​សម្រាប់​ចូល និង​ចេញ​ទៅវិញ​នៅ​ទិស​ខាងត្បូង ឬ​ខាងលិច​។ ដូច្នេះ​ដើម្បី​ឲ្យ​ទិសដៅ​ទស្សនា​ស្របទៅនឹង​គោល​គំនិត​របស់​ដូនតា​អ្នក​សាងសង់​ប្រាសាទ គម្រោង​សិក្សា​ជួសជុល​នេះ ផ្តោតលើ​ផ្លូវ​ចូល​ខាងកើត​មុនគេ​។​

ទិដ្ឋភាពនៅជំវិញប្រាសាទបេងមាលា

ក្នុង​រដូវវស្សា នៅ​ប្រាសាទបេង​មាលា​បាន​ទឹក​ដក់​ច្រើន​កន្លែង ដូច្នេះ​នៅ​ឆ្នាំ​២០១០ អាជ្ញាធរ​ជាតិ​អប្សរា បានធ្វើ​កំណាយ​មួយកន្លែង និង​បាន​រកឃើញ​ប្រព័ន្ធ​លូ​នៅតាម​សងខាង​ថែវ ហើយ​នៅ​ថ្ងៃ​អនាគត ​គេ​អាច​ស្ដារ​ប្រព័ន្ធ​លូ​នេះ ដើម្បី​ប្រើប្រាស់​ឡើងវិញ​ផងដែរ​។​ ​នៅ​ឆ្នាំ​២០១៦ បានធ្វើ​កំណាយ​ម្តងទៀត​នៅ​ផ្នែក​ខាងជើង ដើម្បី​ដឹង​ពីស​ភាព​គ្រឹះ​នៅ​ផ្លូវ​ចូល ព្រោះ​នៅលើ​ផ្លូវ​នោះ​មានការ​ស្រុត​។ ជា​លទ្ធភាព​រកឃើញថា ប្រព័ន្ធ​បង្ហូរទឹក​នៅ​ចំណុច​នោះ បាន​ស្ទះ​រាប់សិប​ឆ្នាំ​មកហើយ ទើប​ធ្វើ​ឲ្យ​មានទឹក​ដក់ ខូច​ថ្ម គ្រឹះ​ពុកផុយ ស្រុតចុះ បូកផ្សំ​នឹង​ឬ​ស​ដើមឈើ​ចាក់​ជ្រែក ធ្វើ​ឲ្យ​សភាព​គ្រឹះ​​ប្រែប្រួល និង​បង្ក​ឲ្យ​បង្កាន់ដៃ​នាគ​ដួល​រំលំ​ជាដើម​។​

ទិដ្ឋភាពនៃប្រាសាទបេងមាលា

​ប្រាសាទបេង​មាលា មិនបាន​បន្សល់ទុក​នូវ​សិលាចារឹក ដែល​បញ្ជាក់​ពី​កាលបរិច្ឆេទ​ឆ្នាំ​សាងសង់​នោះទេ ទើប​វា​នៅតែ​ជា​ចម្ងល់​សម្រាប់​អ្នក​បុរាណវិទ្យា ថា​តើ​រវាង​ប្រាសាទអង្គរវត្ត និង​ប្រាសាទបេង​មាលា​មួយណា​សាងសង់​មុន​។ ភាពដូចគ្នា​នៃ​ប្រាសាទ​នេះ គឺ​ទាក់ទង​នឹង​រចនាប័ទ្ម ក្បាច់ចម្លាក់ ដែល​ស្រដៀង​គ្នាច្រើន ចំណែក​បច្ចេកទេស​សំណង់​ខ្លះ​មាន​ដូច និង​ខុសគ្នា​ផងដែរ​។ ដោយឡែក​ភាពខុសគ្នា គឺ​ប្រាសាទអង្គរវត្ត​ជា​ប្រាសាទ​ពីរ៉ាមីត ឬ​ហៅ​ប្រាសាទភ្នំ ចំណែក​បេង​មាលា សង់​នៅលើ​ដី​រាបស្មើ​។​

ផ្លូវចូលក្នុងប្រាសាទបេងមាលា

ទោះ​រង​ការខូចខាត និង​ដួល​រំលំ​ច្រើន​ក៏ពិតមែន ប៉ុន្តែ​ប្រាសាទបេង​មាលា បាន​ទាក់ទាញ​ភ្នែក ភ្ញៀវទេសចរ​ជាច្រើន​ឲ្យ​មក​ទស្សនា ជាពិសេស​ដើមឈើមានម្លប់​ត្រឈឹងត្រឈៃ និង​មាន ​ឬ​ស​ឈើ​ធំៗ ចាក់​ជ្រែក​ថ្ម​ប្រាសាទ​ដ៏​ទាក់ទាញ មិន​ខុស​អ្វី​ពី​ប្រាសាទតាព្រហ្ម​នោះដែរ​។ តាម​របាយការណ៍ ចំនួន​ភ្ញៀវទេសចរ​ដែល​មក​ទស្ស​នា​នៅ​ប្រាសាទបេង​មាលា ក្នុង​ខែ​ខ្សត់​ភ្ញៀវ មាន​​​ប្រមាណ ​១​ម៉ឺន​នាក់​ក្នុង​មួយខែ ហើយ​ក្នុង​ខែ​សម្បូរ​ភ្ញៀវ មាន​​ជាង ៣​ម៉ឺន​នាក់ ក្នុងនោះ​៩៥ភាគរយ ជា​ទេសចរ​​​​ចិន​។​

​សម្រាប់​ការងារ​ជួសជុល តាម​ការវាយតម្លៃ​រប​ស់​អ្នកជំនាញ គេ​អាច​ប្រើពេល​ដល់​ទៅ​៣០​ឆ្នាំ​។ លោក ឈាន រដ្ឋា បាន​បញ្ជាក់ថា ដើម្បី​ដឹង​ច្បាស់​ពី​រយៈពេល គេ​អាច​សាកល្បង​ជួសជុល​នៅ ចំណុច​ណាមួយ ទើប​អាច​ដឹង​ចំនួន​ឆ្នាំ​ក្នុង​ការជួសជុល​ប្រាសាទ​ទាំងមូល​។ លោក​បន្ថែមថា មាន​ជម្រើស​ចំនួន​២ ដែល​កំពុង​ខ្វែងគំនិត​គ្នា​លើ​ការងារ​ជួសជុល​នេះ​។ ទី​១ ការជួសជុល​ត្រូវ​កាប់​ដើមឈើ និង​រុក្ខជាតិ​ចេញពី​ប្រាសាទ​ដើម្បី​ងាយស្រួល​ក្នុងការ​ដំឡើង​ថ្ម និង​រៀប​ថ្ម​ប្រាសាទ និង​ជម្រើស​ទី​២ ត្រូវ​រក្សាទុក​ដើមឈើ​នៅ​ចំណុច​ខ្លះ ដើម្បី​រក្សា​សោ​ភ័​ណភាព ប៉ុន្តែ​លោក រដ្ឋា បារម្ភ​ថា វា​នឹង​មិនអាច​រក្សា​និរន្តរភាព​ប្រាសាទ​បានយូរ​នោះឡើយ​៕

(សរុបដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: ThmeyThmey.com និង hahaflipflop)

(សរុបដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម