Trending now

ប្រាសាទតាព្រហ្ម ជាប្រាសាទដើមឈើដ៏ទាក់ទាញក្នុងឧទ្យានអង្គរ

14:35 | 05/04/2020

យុគសម័យ - ប្រាសាទតាព្រហ្មត្រូវបានគេស្គាល់ច្រើនថាជាប្រាសាទដើមឈើ ស្ថិតនៅក្នុងព្រៃ មានកសិណទឹកព័ទ្ធជុំវិញពីរជាន់។ ប្រាសាទនេះមានទីតាំងស្ថិតនៅវង់តូច ទៅតាមផ្លូវទ្វារជ័យ បន្ទាប់ពីប្រាសាទតាកែវប្រហែល១គីឡូម៉ែត្រ ហើយមានកំពែងជាប់នឹងកំពែងប្រាសាទបន្ទាយក្តីប៉ែកពាយ័ព្យ។

ប្រាសាទតាព្រហ្មកសាងឡើងក្នុងឆ្នាំ១១៨៦ ដោយព្រះបាទ ជ័យវរ្ម័នទី៧ គោរពដល់ព្រះពុទ្ធសាសនាមហាយាន ហើយបើតាមសិលាចារឹកនៃប្រាសាទនេះ គឺដើម្បីឧទ្ទិសដល់គុណព្រះមា តារបស់ព្រះអង្គ ក្រោមរូបភាពប្រាជ្ញាបារមីតា។

បើតាមឮអ្នកស្រុកហៅប្រាសាទនេះ ជួនថា «តាព្រហ្ម» ជួនថា «បន្ទាយតាព្រហ្ម»។ ការហៅថា «បន្ទាយតាព្រហ្ម» គឺសំដៅទៅលើប្រាសាទនេះមានកំពែងព័ទ្ធជុំវិញ។ រីឯការហៅថា «តាព្រហ្ម» ជាឈ្មោះដែលនិយមហៅឥឡូវ ហើយតាមការយល់របស់អ្នកស្រុក គឺសំដៅលើតាព្រហ្មដែលមានមុខបួន។ ប៉ុន្តែទោះជាយ៉ាងណា ក៏ប្រាសាទនេះមានឈ្មោះដើមជាភាសាសំស្ក្រឹតមួយដែរថា រាជវិហារ។

បច្ចុប្បន្នប្រាសាទដែលមានអាយុកាលជាង៩០០ឆ្នាំក្នុងរមណីយដ្ឋានអង្គរមួយនេះ បានទាក់ទាញបេះដូងភ្ញៀវជាតិ និងអន្តរជាតិឱ្យស្ងើចសរសើរមិនដាច់ពីមាត់ថាជាប្រាសាទដ៏អស្ចារ្យដែលមានដើមឈើធំៗដុះខាងក្នុងនិងលើកំពូលប្រាសាទ ចាក់ឫសស្អេកស្កះចូលក្នុងគ្រឹះនិងជ្រៀតចូលតាមជញ្ជាំងគួរឱ្យទស្សនា។ លើសពីនោះទៀត ប្រាសាទក៏មានក្បាច់ក្បូរចម្លាក់ដ៏ល្អវិចិត្រផងដែរ។ មួយថ្ងៃៗមានភ្ញៀវចូលទស្សនាប្រាសាទមួយនេះ ចន្លោះពី៦០០០ ទៅ៧០០០នាក់។

ឆ្លងតាមអាយុកាល គ្រោះធម្មជាតិ និងសង្គ្រាមផងនោះ បានធ្វើឱ្យប្រាសាទនេះរងនូវការខូចខាតដោយអន្លើ តែអាជ្ញាធរជាតិអប្សរាក៏បានសហការជាមួយក្រុមការងារស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) ជួសជុលប្រាសាទតាព្រហ្មនេះឡើងនៅខែកុម្ភៈ ឆ្នាំ២០០៤ រហូតដល់បច្ចុប្បន្ន ដើម្បីលើកតម្លៃយថាភាព បុរាណភាព និងការអភិរក្សលក្ខណៈចម្រុះដ៏ល្អឯកនៃដើមឈើ និងសំណង់ថ្មនៅក្នុងប្រាសាទ ព្រមទាំងកេរតំណែលនេះជូនមនុស្សជំនាន់ក្រោយ៕


(ប្រភពព័ត៌មាន: apsaraauthority.gov.kh)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ