Trending now

ប្រទេសកម្ពុជាប្រញាប់ត្រៀមរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ ២០២៣ (SEA GAMES 2023)

18:15 | 08/08/2020 (ប្រែសម្រួលដោយ ហេង វុធ្ធី)

យុគសម័យ - នារសៀលថ្ងៃទី ៧ ខែសីហា នៅរាជធានីភ្នំពេញប្រទេសកម្ពុជាបានរៀបចំពិធីប្រកាស ស្លាកសញ្ញា និមិត្តសញ្ញារូបសត្វតំណាង និងបាវចនា (ឬពាក្យស្លោក) និងពិធីរាប់ថយក្រោយ ១០០០ ថ្ងៃ ឆ្ពោះទៅការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និង អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ (SEA GAMES-ASEAN PARA GAMES 2023) ដែលជា ព្រឹត្តិការណ៍កីឡាធំបំផុតនៅក្នុងតំបន់ ត្រូវបានរៀបចំឡើងដោយប្រទេសនេះ។

ទិដ្ឋភាពទូទៅនៃពិធីនេះ

គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) បានប្រារព្ធពិធីប្រកាសពានរង្វាន់ជូនជ័យលាភីស្លាកសញ្ញា និមិត្តសញ្ញារូបសត្វតំណាង និងការរាប់ថយក្រោយ ១០០០ថ្ងៃ ឆ្ពោះទៅស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដោយពិធីដ៏ធំនេះត្រូវបានប្រារព្ធធ្វើឡើង នៅល្ងាចថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC។

ឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOC បានថ្លែងថា ស្លាកសញ្ញា និមិត្តសញ្ញារូបសត្វតំណាង និងបាវចនា (ឬពាក្យស្លោក) បានឆ្លងកាត់ការពិភាក្សាជាច្រើនលើករបស់គណៈអចិន្ត្រៃយ៍ CAMSOC ហើយសម្រេចបានកាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងកិច្ចប្រជុំធំប្រចាំឆមាសទី១នូវជ័យលាភីស្នាដៃ ដែលម្ចាស់ជ័យលាភីទាំងពីររូបទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ក្នុងម្នាក់ៗ ២០លានរៀល នាពេលនេះ។ ឯកឧត្តមបណ្ឌិត ថោង ខុន បានពន្យល់នៃបាវចនា ឬពាក្យស្លោក នៃស៊ីហ្គេម ឆ្នាំ២០២៣ គឺ «កីឡារស់ក្នុងសន្តិភាព-SPORT LIVE IN PEACE» ដែលមានអត្ថន័យយ៉ាងជ្រាលជ្រៅនៃគុណតម្លៃដ៏ធំធេងនៃសន្តិភាព ហើយខ្លឹមសារនៃស្លាកសញ្ញា និមិត្តសញ្ញាបានបង្កប់ដោយអត្ថន័យ អត្ថរូបចំពោះថាមពលនៃវប្បធម៌ អរិយធម៌ អត្តសញ្ញាណជាតិដ៏ត្រចះត្រចង់របស់ខ្មែរគ្រប់ជំនាន់។

នៅក្នុងរូបនាគព័ន្ធបានបង្ហាញនូវស្មារតីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការនៃបណ្តាប្រទេសក្នុងអាស៊ីអាគ្នេយ៍ ដែលជា សមាជិកស៊ីហ្គេម។ រីឯរូបតំណាង (Mascot) ជាសុភាទន្សាយញីឈ្មោល ដែលមានឈ្មោះថា បុរី និងរំដួល ដែលតួអង្គ តំណាងទាំងពីរបង្ហាញនូវស្នាមញញឹមរួសរាយរាក់ទាក់ស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូជាភ្ញៀវស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ សម្លៀកបំពាក់នៃរូបនិមិត្តសញ្ញា គឺជាកីឡាករ កីឡាការិនីគុនល្បុក្កតោ ដែលជាប្រភេទកីឡាអត្តសញ្ញាណជាតិ ដោយកំពុងស្នើសុំចុះបញ្ជីសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។

សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថា ថ្ងៃនេះគឺជាកំណត់ត្រាប្រវត្តិសាស្ត្រថ្មីមួយទៀត ដែល CAMSOC បានរៀបចំពិធីរាប់ថយក្រោយ ១០០០ថ្ងៃ ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣។ សម្តេចពិជ័យសេនាបានបញ្ជាក់ថា យើងនៅសល់តែ១០០០ថ្ងៃតែ ប៉ុណ្ណោះ ដែលកម្ពុជាកំពុងរៀបចំនូវដំណើរការជាបន្តបន្ទាប់ឆ្ពោះទៅ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ ១០០០ថ្ងៃ គឺជាពេលវេលាដ៏មានតម្លៃបំផុត ក្នុងការត្រៀមខ្លួនរបស់គណៈកម្មការជំនាញ និងភាគីពាក់ព័ន្ធ។

CAMSOC កំពុងធ្វើ ដំណើរដោយស្វាហាប់ ក្នុងការបង្កើនគុណភាពបច្ចេកទេសឱ្យទទួលបានជោគជ័យជាប្រវត្តិសាស្ត្រ ក្នុងឋានៈជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ ដើម្បីជំរុញល្បឿនការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទូទាំងប្រទេស សម្តេចពិជ័យសេនាបានស្នើអភិបាលរាជធានី ខេត្តទាំងអស់ ដែលជាអនុប្រធាន CAMSOC ស្តីពីការចូលរួមការពារកម្មសិទ្ធិបញ្ញា ស្លាកសញ្ញា និមិត្តសញ្ញារូបសត្វតំណាង ដែលជាទ្រពសម្បត្តិរបស់ CAMSOC ដែលមិនអាចឱ្យជនណា ឬក្រុមណាមួយអាចយកទៅប្រើប្រាស់ ដោយគ្មានការអនុញ្ញាតនោះឡើយ។

សូមបញ្ជាក់ថា ដំណើរឆ្ពោះទៅរៀបចំ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដោយចាប់រាប់ពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ តទៅរហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ដែលជាថ្ងៃពិធីបើកជាផ្លូវការ មានចំនួន១០០០ថ្ងៃគត់៕

(ប្រែសម្រួលដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: nhandan.com.vn)

(ប្រែសម្រួលដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

របាយការណ៍ UPR វដ្តទី ៤ របស់វៀតណាមធានាគោលការណ៍តម្លាភាព កិច្ចសហប្រតិបត្តិការការសន្ទនាជាក់ស្ដែងនិងការស្ថាបនា
ទីក្រុងហូជីមិញ​​ - ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-ថៃ
សមាគមនារីវៀតណាមនៅហុងគ្រីមានបំណងប្រារព្ធខួបលើកទី ២០ របស់ខ្លួន
ពិព័រណ៍សៀវភៅអនឡាញបម្រើប្រជាជនវៀតណាមនៅបរទេស
UNDP ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ជួយ​វៀតណាម​ក្នុង​ការ​ជំរុញ​ការ​ប្រែ​ក្លាយ​បៃតង​ក្នុង​វិស័យ​ទេសចរណ៍