Trending now

ទេសភាពភូមិកំពង់ភ្លុក នារដូវវស្សាពិតជាប្លែក មើលហើយចង់ទៅលេងភ្លាម

05:33 | 05/04/2020

យុគសម័យ - នៅរដូវវស្សា កំពង់ភ្លុកមានទិដ្ឋភាពថ្មីមួយទៀត ដែលមានទេសភាពស្រស់ត្រកាល ដែលភ្ញៀវទេសចរមិនគួរមើលរំលងឡើយ ។ កំពង់​ភ្លុក ​ជា​ភូមិ​ធម្មជាតិ ​ដែល​​ប្រជាជន​សាង​សង​ផ្ទះ​នៅ​លើ​ផ្ទៃ​ទឹក​នៃ​បឹង​ទន្លេសាប​ក្នុង​ខេត្តសៀមរាប​ នា​រដូវវស្សាផ្ទៃ​ទឹកបាន​ឡើង​ប៉ប្រះ​នឹង​ដើម​រាំង​ ព្រម​ជាមួយ​ផ្ទះសម្បែង​របស់​ប្រជាជន បង្កើតបានជា​ទេសភាព​ថ្មី​មួយទៀត ​ដែល​ខុសពី​រដូវប្រាំង លំនៅឋាន ​ដែលមាន​សសរ​ខ្ពស់ៗ​ផុត​​ពី​ដី​ ដែល​ជាទី​ចាប់អារម្មណ៍​របស់​ភ្ញៀវ​ទេសចរ​ចង់​មក​ទស្សនា​ទីនេះ​កាន់​ច្រើនឡើងៗ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។​

តំបន់​កំពង់ភ្លុក​ ស្ថិតនៅក្នុង​ទឹកដី ភូមិ​កំពង់​ភ្លុក ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង មាន​ចម្ងាយ​ប្រមាណជា ១៩ គីឡូម៉ែត្រ​ពី​ទីរួមខេត្តសៀមរាប ដោយ​យើង​អាច​ជិះ​កាណូត​ទៅតាម​ដងស្ទឹងរ​លួស ​ឬ​ ទៅតាម​កំពង់​ថ្កូវ​ក៏បាន​ ។

កំពង់​ភ្លុក​បណ្តែត​ខ្លួន​នៅលើ​ដី​កោះ​ចោល​សម្រស់​យ៉ាង​ឆើតឆាយ​មាន​ផ្ទៃទឹក​ព័ទ្ធជុំវិញ ​នៅពេល​យើង​ធ្វើដំណើរ​ទៅដល់​ភូមិឋាន​នេះ​ភ្លាមនោះ យើង​នឹង​បានឃើញ​ទូក​តូចៗ​ដែល​អម​ដោយ​ប្រជា​សហគមន៍ និង កាណូត​ទេសចរណ៍​ចត​តម្រៀប​គ្នា​ជា​ជួរៗ​នៅក្បែរ​គ្នា រង់ចាំ​ទទួលភ្ញៀវ​ ។

ប្រសិនបើ​លោកអ្នក​ក្រឡេកមើល​ទៅលើ​ផ្ទៃ​បឹងវិញ​នឹង​​ឃើញ​មានទេសភាព​ស្រស់បំព្រង​ ​រំលេច​ដោយ​លំនៅឋាន សាលារៀន វត្ត​អារាម រួមទាំង កសិដ្ឋានចិញ្ចឹម​ត្រី កសិដ្ឋានក្រពើ​ជាដើម​ ។

ការធ្វើដំណើរ​ទៅកាន់​កំពង់​ភ្លុក ​គឺជា​គោលដៅ​ទស្សនាចរណ៍​មួយ ​ដែល​មិនគួរអាក់ខាន ព្រោះ​នៅ​ទីនោះ​ភ្ញៀវទេសចរជាតិ និង ​អន្តរជាតិ​អាច​ទស្សនា​បានជា​មួយ​ផ្ទាំងទស្សនីយភាព​ប្លែកៗ​នៃ​សម្រស់​ធម្មជាតិ​ និង​ អាច​ស្វែងយល់​ពី​ជីវភាព​រស់នៅ ប្រពៃណី​ទំនៀមទម្លាប់ ក៏ដូចជា​ការប្រកបរបរ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​របស់ពលរដ្ឋ​យើង​បាន​យ៉ាង​ជក់ចិត្ត ។

ប្រជាជននៅទីនោះ រក​ទទួលទាន​ដោយ​អាស្រ័យ​លើ​ការធ្វើ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ប្រមាណ​ជា​ ៩០ ភាគរយ សល់​ពីនោះ​ប្រកប​របរ​ផ្សេងៗ​ ។

ភូមិ​កំពង់​ភ្លុក ​ត្រូវបាន​អ្នកដំណើរ ជាពិសេសជនបរទេស​ដែល​ធ្វើដំណើរ​ដោយ​កាណូត​ឆ្លងកាត់​ទីនេះ​ហាក់​ជាប់ចិត្ត​ក្រៃលែង​ទៅនឹង​បរិយាកាស​ដ៏​ត្រជាក់​បរិសុទ្ធ ​នៅលើ​ផ្ទៃ​ទឹក​ដ៏​ថ្លាយង់ ​ឃើញ​មានសំណង់ផ្ទះ​បណ្តែត​ទឹក ព្រៃ​ដើមរាំលិច​ទឹក​លាតសន្ធឹង​ឆ្ងាយ​ដាច់កន្ទុយភ្នែក​នោះ​ ក៏​នៅមាន​ហ្វូង​សត្វ​ស្លាប​ជាច្រើន​ប្រភេទ​ដូចជា​ទា​ទឹក ក្អែកទឹក ប្រវឹក ស្មោញ​ជាដើម​ហោះហើរ​រក​ចំណី​នៅលើផ្ទៃ​ទឹក​ដងស្ទឹង​ ។

សព្វថ្ងៃ ​កំពង់​ភ្លុក​បានក្លាយ​ទៅជា​កន្លែង ​ដែលមាន​ការទាក់ទាញ​បំផុត​ពី​សំណាក់​ភ្ញៀវទេសចរ​ ពិសេស​គឺ​ភ្លៀវ​ទេសចរ​​បរទេស​ដែល​ពួកគេ​បាន​ទស្សនា​ម្តង​ហើយ​ ចង់ទៅ​ទស្សនា​ម្តងទៀត​ ។


(ប្រភពព័ត៌មាន: popular.com.kh)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន