Trending now

ទស្សនា​ប្រាសាទ​ចតុមុខ ព្រះពុទ្ធ​បដិមា​ទ្រង់​ឈរ​ទល់​ខ្នង បង្ហាញ​ពី​ព្រហ្មវិហារ​ធម៌​ទាំង ៤

08:07 | 01/11/2019 (ហេង វុធ្ធី)

កម្ទេច​ថ្ម​គូប​តូច​ធំ ដួល​រាយ​ប៉ាយ​ពាស​ពេញ​ដី​ ដែល​មនុស្ស​ម្នា​ជា​ច្រើន​​ធ្លាប់​ដើរ​ជាន់​ ដោយ​មិន​បាន​ចាប់​អារម្មណ៍​នោះ រាល់​ថ្ម​នីមួយៗ​សុទ្ធ​តែជា​​វត្ថុ​សក្ការ​បូជា​របស់​ពុទ្ធ​សាសនិក​បាន​ប្រែ​ក្លាយ​ជា​វិមាន​ប្រាសាទ​ពុទ្ធ​បដិមា​ដ៏​អស្ចារ្យ​ និង​ទាក់​ចិត្ដ​ភ្ញៀវ​ទេសចរ​ ក្រោយ​កិច្ចការ​ជួសជុល​ដំឡើង​​តួ​ប្រាសាទ​ចតុមុខ​ត្រូវ​បាន​បញ្ចប់​ទាំង​ស្រុង​។

ព្រះពុទ្ធបដិមា​ទល់​ខ្នង​​​គ្នា មាន​កម្ពស់​ប្រមាណ ១០ ម៉ែត្រ​ (postkhmer.com)

ប្រាសាទ​ព្រះ​ពុទ្ធ​ ៤ អង្គ​ទ្រង់​ឈរ​ទល់​ខ្នង​គ្នា​បែរ​ទៅ​ទិស​ធំ​ទាំង ៤ ត្រូវ​បាន​ចាត់​ទុក​ជា​ប្រាសាទ​ដ៏​កម្រ​ ដែល​ស្ថិត​នៅ​ក្រុម​ប្រាសាទ​បាកាន ​(​ព្រះ​ខ័ន​​កំពង់​ស្វាយ​)​ ចន្លោះ​សតវត្សរ៍​ទី ១១ និង​ ១៤ ដោយ​កសាង​ឡើង​សម្រាប់​ឧទ្ទិស​ដល់​ព្រះពុទ្ធ​សាសនា​។

យោង​តាម​របាយការណ៍​ ​អគ្គនាយកដ្ឋាន​បេតិកភណ្ឌ​ នាយកដ្ឋាន​គាំពារ និង​អភិរក្ស​សំណង់​បុរាណ របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ បាន​ឲ្យ​ដឹង​ថា​ ប្រាសាទ​ចតុមុខ​បាន​ដួលរលំ​​អស់​ពាក់​កណ្ដាល​តាំង​ពី​យូរ​ណាស់​មក​ហើយ ដោយ​នៅ​សេសសល់​ត្រឹម​ចង្កេះ​ចុះ​ក្រោម​ប៉ុណ្ណោះ​។

ព្រះពុទ្ធបដិមាទ្រង់ឈរ​ទល់ខ្នង​ នៃ​ប្រាសាទ​ ចតុមុខ ​ (postkhmer.com)

នៅ​តាម​ជញ្ជាំង​ និង​ផ្នែក​ខាង​ក្នុង​មាន​ដើម​ឈើ និង​ឫស​ឈើ​ដុះ​ញែក​ជញ្ជាំង​កាន់​តែ​ខ្លាំង​ ដែល​ធ្វើ​ឲ្យ​តួ​ប្រាសាទ​ប្រឈម​ការ​បាក់​បែក​ទាំង​ស្រុង​។ ចំណែក​ឯ​ព្រះ​សិរ​របស់​ព្រះពុទ្ធ​បដិមា​​បាន​ធ្លាក់​រាយ​ប៉ាយ​លើ​ដី និង​រមែង​ត្រូវ​បាន​ភ្ញៀវ​ដើរ​ជាន់​។

របាយការណ៍​បាន​បន្ដ​ថា​ លោក​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន សែន បាន​អនុញ្ញាត​ឲ្យ​លោកស្រី ម៉ែន សំអន​ ដឹកនាំ​ការ​ជួសជុល​ប្រាសាទ​ដ៏​កម្រ​នេះ​ ដើម្បី​លើក​ស្ទួយ​ពុទ្ធ​សាសនា​ ជា​សាសនា​របស់​រដ្ឋ​ និង​លើក​តម្លៃ​ផ្នែក​វប្បធម៌​ឲ្យ​កាន់​តែ​ទូលំទូលាយ​។ ពិធី​​អភិសេក​ប្រាសាទ​ចតុមុខ ​ត្រូវ​បាន​ធ្វើ​ឡើង​កាល​​ពី​​ខែ មីនា ឆ្នាំ ២០១៨។

ប្រាសាទ​ចតុមុខ​ជា​​​ប្រាសាទ​ដ៏​កម្រ

លោក ធុយ ចាន់ធួន បាន​និយាយ​ឯកភាព​នឹង​សំណេរ​បរិយាយ​លើ​ក្ដារ​ព័ត៌មាន​​នៃ​​គម្រោង​អភិរក្ស និង​ជួសជុល​ប្រាសាទ​ចតុមុខ​ស្ដីពី​ភាព​វិសេស​របស់​​ប្រាសាទ​ក្នុង​ក្រុម​ប្រាសាទ​ព្រះខ័ន​កំពង់​ស្វាយ​មួយ​នេះ​​ថា​៖ «​ខ្ញុំ​ដូច​ជា​មិន​ឃើញ​មាន​ប្រាសាទ​ណា​ផ្សេង​ ដែល​​កសាង​ឡើង​ជា​ទម្រង់​ព្រះ​ពុទ្ធ​ទ្រង់​ឈរ​ទល់​ខ្នង​​គ្នា​ ៤ អង្គ ​បែប​នេះ​នោះ​ទេ​។ វា​ជា​រឿង​ល្អ​មួយ​ចំពោះ​លក្ខណ​ពិសេស​បែប​នេះ​»។

ព្រះពុទ្ធបដិមាទ្រង់ឈរ​ទល់ខ្នង​ នៃ​ប្រាសាទ​ ចតុមុខ (postkhmer.com)


សាស្ដ្រាចារ្យ​​បុរាណ​វិទ្យា​​រូប​នេះ បាន​​​ឲ្យ​ដឹង​​​ថា​ ​ប្រាសាទ​ចតុមុខ​ត្រូវ​បាន​កសាង​ឡើង​ក្នុង​ទសវត្សរ៍​ទី ១២ នៃ​​រជ្ជកាល​ព្រះ​បាទ​​ជ័យវរ្ម័ន​ទី ៧ ដែល​ពេល​នោះ ព្រះ​អង្គ​​​បាន​ដឹកនាំ​កងទ័ព​ទៅ​ទី​នោះ ​ដើម្បី​​ត្រៀម​កម្លាំង​ផ្ដួល​រលំ​កង​ទ័ព​ចម្ប៉ា។

ប្រាសាទ​ចតុមុខ​ ស្ថិត​ក្នុង​ក្រុម​ប្រាសាទ​បាកាន (ព្រះ​ខ័ន​​កំពង់​ស្វាយ) ដែល​មាន​រចនាប័ទ្ម​ដូច​អង្គរវត្ដ ដូច​បេង​មាលា​ជា​អតីត​រាជធានី​ដ៏​ធំ​បំផុត​នៅ​កម្ពុជា ដែល​មាន​ទំហំ ៥ គីឡូម៉ែត្រ ៤​ ជ្រុង​។

វិសាលភាព​ធំធេង​នៃ​បណ្ដុំ​ប្រាសាទ ​ត្រូវ​បាន​លោក​​អះអាង​ថា​៖ «សួរ​ថា ទីក្រុង​ស្រុក​ខ្មែរ​បុរាណ តើ​ក្រុង​​ដែល​ធំ​​ជាង​គេ​ វា​មិនមែន​ក្រុង​លង្វែក​ មិន​មែន​ក្រុង​ឧដុង្គ​ មិន​មែន​ក្រុង​អង្គរ ឬ​យសោធរបុរៈ​ទេ តែ​ជា​ទីក្រុង​បាកាន​កំពង់​ស្វាយ​។ អតីត​រាជធានី​នេះ​ជា​ទីតាំង​បង្កើត​កងទ័ព​របស់​រាជា​​​ជ័យវរ្ម័ន​ទី ៧។ ​យើង​​បាន​ឃើញ​ភ័ស្ដុតាង​ច្រើន​ពី​ការ​​ផលិត​ដែក​សម្រាប់​បង្កើត​ជា​អាវុធ​ស្ថិត​នៅ​ជុំវិញ​ប្រាង្គ​ប្រាសាទ​បាកាន​កំពង់​ស្វាយ​»៕

ព្រះពុទ្ធ​ទាំង ៤ ​តំណាង​ឲ្យ​ព្រហ្ម​វិហារធម៌​មាន​ មេត្តា ករុណា មុទិតា និង​ឧបេក្ខា​​ (postkhmer.com)

(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: postkhmer.com)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

របាយការណ៍ UPR វដ្តទី ៤ របស់វៀតណាមធានាគោលការណ៍តម្លាភាព កិច្ចសហប្រតិបត្តិការការសន្ទនាជាក់ស្ដែងនិងការស្ថាបនា
ទីក្រុងហូជីមិញ​​ - ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-ថៃ
សមាគមនារីវៀតណាមនៅហុងគ្រីមានបំណងប្រារព្ធខួបលើកទី ២០ របស់ខ្លួន
ពិព័រណ៍សៀវភៅអនឡាញបម្រើប្រជាជនវៀតណាមនៅបរទេស
UNDP ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ជួយ​វៀតណាម​ក្នុង​ការ​ជំរុញ​ការ​ប្រែ​ក្លាយ​បៃតង​ក្នុង​វិស័យ​ទេសចរណ៍