Trending now

តើ​អ្នក​យល់​ដឹង​អ្វី​ខ្លះ​ពី​«ផ្ការំដួល»​ដែល​ជា​ផ្កា​តំណាង​ជាតិ​ខ្មែរ?

13:47 | 24/02/2021

ការ​សម្រេចយក​រំដួល​ជា​ផ្កា​និមិត្តរូប​របស់ជាតិ​នេះ ក៏​ដោយសារតែ​ផ្ការំដួល​មាន​ក្លិន​ក្រអូប​ឈ្ងុយ​​ឈ្ងប់ គួរ​ជាទី​ទាក់ទាញ និង​ផ្តល់នូវ​អត្ថប្រយោជន៍​ច្រើន ​នៅក្នុង​សង្គម​ខ្មែរ​។

ការ​សម្រេចយក​រំដួល​ជា​ផ្កា​និមិត្តរូប​របស់ជាតិ​នេះ ក៏​ដោយសារតែ​ផ្ការំដួល​មាន​ក្លិន​ក្រអូប​ឈ្ងុយ​​ឈ្ងប់ គួរ​ជាទី​ទាក់ទាញ និង​ផ្តល់នូវ​អត្ថប្រយោជន៍​ច្រើន ​នៅក្នុង​សង្គម​ខ្មែរ​។

ផ្ការំដួល មានដុះនៅតាមសួនច្បារ ក្នុងក្រុងធំមួយចំនួន នៅក្នុងប្រទេសកម្ពុជា។ កម្ពុជា ​បានកំណត់​យក​រំដួល​ធ្វើជា​ផ្កា​តំណាង​អត្តសញ្ញាណ​របស់​ជាតិ​តាម​ព្រះរាជ​ក្រឹត្យ​​ចុះ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០០៥​។ ការ​សម្រេចយក​រំដួល​ជា​ផ្កា​និមិត្តរូប​របស់ជាតិ​នេះ ក៏​ដោយសារតែ​ផ្ការំដួល​មាន​ក្លិន​ក្រអូប​ឈ្ងុយ​​ឈ្ងប់ គួរ​ជាទី​ទាក់ទាញ និង​ផ្តល់នូវ​អត្ថប្រយោជន៍​ច្រើន ​នៅក្នុង​សង្គម​ខ្មែរ​។ អាស្រ័យគុណប្រយោជន៍ទាំងនេះ ទើប​ក្រសួង​កសិកម្ម​កំណត់​យក​ផ្កា​រំដួល ធ្វើជាតំណាងឱ្យវិស័យកសិកម្ម ផងដែរ។

ចំណាត់ថ្នាក់​ជីវសាស្ត្រ​របស់​រំដួល ​គឺ​ស្ថិតក្នុង​លំដាប់ Magnoliales អំបូរ Annonaceae ពពួក Mitrella និង​ឋិត​ក្នុង​ប្រភេទ M.mesnyi​។​ ​រំដួល ​គឺជា​រុក្ខជាតិ​ ដែល​ឃើញ​មាន​ដុះ​លូតលាស់​ដោយ​ធម្មជាតិ​ស្ទើរ​គ្រប់​ទីកន្លែង​នៅក្នុង​ប្រទេស​កម្ពុជា។ ផ្ការំដួល» មានពណ៌លឿង ស ក្រ​ហម មាន​ក្លិន​សាយឆ្ងាយ ដែលចាស់បុរាណ ​តែង​ប្រៀបទៅ​នឹងក្លិនស្រីក្រមុំ។ ផ្ការំដួល ដុះចេញពីខ្នែងមែក មានពីរស្រទាប់ និង ៦ ត្របក រៀបគ្នា​ជា​ពីរ​ស្រទាប់ មានបីត្របក មានក្លិនក្រអូបឈ្ងុយឈ្ងប់ រីកនៅពេលល្ងាច និងសាយក្លិនក្រអូបតាម​ខ្យល់​បានឆ្ងាយ។

ផ្ការំដួល មានដើមឈរ បែកមែកសាខា មានកម្ពស់ពី ៣ ទៅ ១៥ម៉ែត្រ។ សំបកដើមពណ៌ត្នោត រលោងរាបស្មើ តែមែកគ្រើមៗ មានស្លឹកទោលរៀង រលោង ស្រួចចុង និងពណ៌បៃតងចាស់។ ស្លឹកផ្នែកខាងក្រោម មានពណ៌បៃតងខ្ចី ចេញផ្កា តាមខ្នែងស្លឹកនិងតាមចុង មែក មាន​ពណ៌​លឿង​ក្លិន​ក្រអូប។ រំដួល ចាប់ផ្តើមផ្កាពីខែធ្នូដល់​ខែមីនា ផ្លែមានពណ៌បៃតងខ្ចី មូលតូចរលោង មានគ្រាប់ ១ ឬ២គ្រាប់ ផ្លែ​ជាកញ្ចុំ ពេលទុំមានពណ៌ខ្មៅ មាន​រស​ជាតិជូរអែម។

ខ្មែរ​​ពី​បុរាណ ​បាន​និយម​ប្រើប្រាស់ ផ្ការំដួល ធ្វើជា​​គ្រឿងផ្សំ​ផលិត​ ជា​ក្រមួន​លាប​មាត់​របស់​នារី​ ព្រោះ​តែក្លិនរបស់​វា​ក្រអូប​ឈ្ងុយ ខុសប្លែក​ពី​ផ្កា​ដទៃ​។ ទន្ទឹម​នោះ រំដួលមានគុណ​ប្រយោជន៍​ខាង​ឱសថ​ ​ក្នុងការ​កែរោគ ​ដូចជា សំ​បក​អាច​ឆ្នៃ​ធ្វើជា​ឱសថ​សម្រាប់​ព្យាបាល​អាកា​រៈ​ក្តៅខ្លួន ផ្កា​អាច​យកទៅ​ធ្វើជា​ថ្នាំ​បំបាត់​អាកា​រៈ​វិលមុខ ខ្យល់គរ ជា​ឱសថ​ជំនួយ​បេះដូង ជំនួយ​ឈាម​។ កេសរ​របស់​រំដួល​ អាច​ផ្សំ​ជា​ឱសថ​ជំនួយ​កម្លាំង ជំនួយ​ឈាម និង​ជួយ​បំបាត់​អាកា​រៈ​វិលមុខ និង​ខ្យល់គរ។

«ផ្ការំដួល»

ភាពខុសគ្នារវាងរំដួល និងផ្កាក្រវ៉ាន់

១- ផ្ការំដួល មានដើមធំៗត្រឈឹងត្រឈៃ ស្លឹកស្តើងតូចៗគ្មានរោមទេ ចំណែក ផ្កាតូចៗ ត្របកស្តើងៗ មានក្លិនក្រអូបឈួល ច្រើនរីកចោលក្លិន នៅពេលព្រលប់។ ពេលផ្ការីក គឺរីកតែត្របកក្រៅ ចំណែកត្របកខាងក្នុង មានកម្រាស់ក្រាស់ ហើយនៅអោបក្រសោបជាប់គ្នាជានិច្ច មិន​អាច​មើល​ឃើញបណ្ដូល​ទេ។ វាជារុក្ខជាតិ ដែល​ប្រជាជន​ខ្មែរ​យើង​និយម ​យកមក​ដាំ​លម្អ​​នៅតាម​គេហដ្ឋាន និង​សួន​សាធារណៈ​។

២- ផ្កាក្រវាន់ មានដើមទាបៗ ដុះជាគុម្ពោត ច្រើនដុះក្បែរមាត់ទឹក បឹងបួរ អូរ ស្ទឹង ឬជ្រោះ មានស្លឹកធំក្រាស់ៗ មានរោមក្រហមក្រមៅ។ ចំណែក​ផ្កា​វិញ មាន​ត្របក​ក្រាស់ ពេលរីក គឺត្របករបើកឡើងទាំងពីរជាន់ អាចឲ្យយើងមើលឃើញបណ្តូល ក្នុងយ៉ាងងាយ។ ចំណែកក្លិនវិញ មាន​លក្ខណៈ​ក្រអូប​ប្រហើរស្រាលៗ មិន​ឈួល​ខ្លាំង​ពេកទេ ហើយច្រើនរីកនៅពេលព្រឹក ចូលក្លិនក្រអូប ពេញមួយថ្ងៃ។

សូរនៃពាក្យ រំដួល

ពីបុរាណមក ​ខ្មែរ​យើងតែងប្រៀប​ប្រដូច​ ស្រី​ក្រមុំ​ ទៅនឹង​ផ្ការំដួល ក៏​ព្រោះតែ​ផ្ការំដួល​ មាន​សម្រស់ស្អាត​និង​មាន​ក្លិនពិដោរ​ក្រអូប​ឈ្ងុយ​ឈ្ងប់ គួរ​ជាទីទាក់ទាញ​ពីសាធារណៈជន​ទូទៅ​។ ក្រៅពី​ប្រដូច​ផ្ការំដួល​ទៅនឹង​នារី​ខ្មែរ​ តាមរយៈ​ក្លិនក្រអូប​នោះ ផ្ការំដួល ​ក៏ត្រូវ​ក្រុមអ្នក​កវីនិពន្ធ​ខ្មែរ លើក​យក​​ទៅធ្វើ​អត្ថាធិប្បាយ​រៀបរាប់​ពី​រូបសម្រស់​ តួអង្គ​ដែលល្អគន់ ធៀប​និង​សម្រស់​ផ្ការំដួល​ នៅក្នុងអត្ថន័យ​នៃ​បទ​ចម្រៀង កំណាព្យ និងប្រលោម​លោក​ ​ផងដែរ​។

ក្នុង​វិស័យ​កសិកម្ម​ ពូជស្រូវផ្ការំដួល ​គឺជាពូជស្រូវក្រអូប ដែលមានអង្ករវែងរលូន បាយទន់មានរសជាតិក្រអូបឆ្ងាញ់ និង​ចាត់​ទុក​ជាប្រភេទ ស្រូវ​ក្រអូប​លេខ១ សម្រាប់បម្រើ​ការ​នាំចេញផង។ ពូជស្រូវនេះ ត្រូវបានផ្សព្វផ្សាយ ជំរុញឲ្យកសិករខ្មែរប្រើប្រាស់ ដោយវិទ្យាស្ថានស្រាវជ្រាវ​និង​អភិវឌ្ឍកសិកម្មកម្ពុជា របស់ក្រសួងកសិកម្ម តាំងតែ​ឆ្នាំ ១៩៩៩ ។ បច្ចុប្បន្ន ពូជផ្ការំដួលបាននិងកំពុងពេញនិយមក្នុងចំណោមប្រជាកសិករ នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជានិង​មានតម្លៃខ្ពស់នៅលើទីផ្សារជាតិ និងអន្តរជាតិ ៕

(ប្រភពព័ត៌មាន: Cambonomist)

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់