នៅខេត្តពោធិ៍សាត់មានរមណីយដ្ឋានទេសចរណ៍ជាច្រើនកន្លែង ទាំងរមណីយដ្ឋានធម្មជាតិ រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ និងរមណីយដ្ឋានកែច្នៃជាដើម ដែលប្រជាពលរដ្ឋក្នុងខេត្តក៏ដូចភ្ញៀវទេសចរពីទីជិតឆ្ងាយ តែងតែមកលេងកម្សាន្ដក្នុងពេលឈប់សម្រាកពីការងារ និងបុណ្យទាន ផ្សេងៗ ។
តំបន់ភ្នំដ៏ស្រស់ត្រកាលនៅស្រុកក្រគរ
លោកអេង គន្ធា អគ្គនាយករងអគ្គិសនីកម្ពុជា និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្ដៀង បានរកឃើញតំបន់ភ្នំមួយអាចរៀបចំធ្វើជាកន្លែងទេសចរណ៍ស្ថិតនៅភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ចម្ងាយប្រមាណ០៨គីឡូម៉ែត្រពីផ្លូវជាតិលេខ៥ ។
ដោយមានការចង្អុលបង្ហាញពីលោកកែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងលោកម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ កាលពីពេល ថ្មីៗកន្លងមកលោកអេង គន្ធា បានដឹកនាំក្រុមការងារ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋក្នុងតំបន់ និងកម្មករ កម្មការិនីមួយចំនួន ទៅលេងនៅតំបន់នោះ ដើម្បីពិនិត្យមើលទីតាំង និងស្រូបយកខ្យល់បរិសុទ្ធ ។
តំបន់ភ្នំដ៏ស្រស់ត្រកាលនៅស្រុកក្រគរ
នៅលើខ្នងភ្នំមានស្នាមព្រះបាតព្រះពុទ្ធអង្គមានផ្ទាំងថ្មតូចធំដូចក្បាច់ចម្លាក់ តម្រៀបកល់លើគ្នា ខ្លះចេញជារូបសត្វដំរី សត្វអណ្ដើក សត្វភេ សត្វក្រពើ ព្រមទាំងមានល្អាងរូងថ្មជាច្រើនកន្លែងទៀត ។ លោកអេង គន្ធា ឲ្យដឹងថា លោកគ្រោងបង្កើតរមណីយដ្ឋាននេះដោយដាក់ឈ្មោះថា «រមណីយដ្ឋានភ្នំនាគស» ដើម្បីបានជាកន្លែងសម្រាប់ប្រជាពលរដ្ឋទៅលេងកម្សាន្ត។ សព្វថ្ងៃនេះរាជរដ្ឋាភិបាលកំពុងពង្រីកវិស័យទេសចរណ៍ អេកូទេសចរណ៍ និងទេសចរណ៍សហគមន៍ ហើយកន្លែងនេះអាចកំណត់បានថា ជាទេសចរណ៍បែបលក្ខណៈគ្រួសារ ។
តំបន់ភ្នំដ៏ស្រស់ត្រកាលនៅស្រុកក្រគរ
ប្រភពដដែលបន្តទៀតថា តាមការណែនាំរបស់លោកកែវ រតនៈ និងលោកម៉ៅ ធនិន ចង់ឲ្យដីនៅតាមតំបន់ជើងភ្នំ ប្រជាពលរដ្ឋដាំដំណាំព័ទ្ធជុំវិញដូចជា ល្ហុង ចេក ពុទ្រា ផ្កា និងដំណាំ ផ្សេងៗទៀត ដើម្បីផ្គត់ផ្គង់ទៅលក់នៅទីផ្សារដោយមិនប្រើជីគីមី ។ ទី១ដើម្បីការពារបរិស្ថាន និងព្រៃឈើ ទី២ភ្នំនេះជាតំបន់ជម្រកសត្វក្ងោកដែលតែងតែហើរចុះមកលេងនៅពេលព្រឹកព្រលឹម និងពេលថ្ងៃរៀបលិច ។ ក្រៅពីសត្វក្ងោកក៏នៅមានសត្វឃ្មុំ និងសត្វព្រៃដទៃទៀត ដូច្នេះចង់ការពារធនធានធម្មជាតិទាំងអស់នេះឲ្យនៅគង់វង្ស ព្រោះសព្វថ្ងៃនេះមានការលុកលុយក្នុងការកាប់ឆ្ការព្រៃខ្លាំងណាស់ ។
តំបន់ភ្នំដ៏ស្រស់ត្រកាលនៅស្រុកក្រគរ
លោកអេង គន្ធា អំពាវនាវដល់ព្រះសង្ឃ និងគ្រហស្ត រួមគ្នាថែរក្សាសម្បត្តិធនធានធម្មជាតិដែលមាននៅទីនេះឲ្យបានគង់វង្ស ដើម្បីបង្កើតជារមណីយដ្ឋានធម្មជាតិដ៏ស្រស់ស្អាត និងស្រូបយកខ្យល់បរិសុទ្ធ សម្រាប់ភ្ញៀវទេសចរទៅលេងកម្សាន្ត ៕
(សរុបដោយ ហេង វុធ្ធី)
មតិពីមិត្តអ្នកអាន