តំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់ភ្នំ៥៣ ដែលស្ថិតនៅលើភ្នំព្រឹក ជាប់នឹងព្រំដែនកម្ពុជា ថៃ បានកំពុងមានការទាក់ទាញពីភ្ញៀវទេសចរជាតិ អន្តរជាតិ ទៅលេងកម្សាន្ត មិនថាថ្ងៃធម្មតា ថ្ងៃបុណ្យទាន និងថ្ងៃឈប់សម្រាកផ្សេងៗនោះទេ។
តំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់ភ្នំ៥៣ កំពុងមានការទាក់ទាញភ្ញៀវទេសចរយ៉ាងខ្លាំង។
លោក ម៉ី សឹង ពលរដ្ឋរស់នៅភូមិជាប់នឹងតំបន់ទឹកធ្លាក់ភ្នំ៥៣ បានប្រាប់ឲ្យដឹងថា ពីមុនទឹកធ្លាក់ភ្នំ៥៣ សម្បូរសត្វស្វា គ្មានមនុស្សរស់នៅទេ ហើយផ្លូវពិបាកធ្វើដំណើរ។ នៅជិតតំបន់នេះ ក៏មានគេធ្វើចម្ការដាំដំណាំផ្សេងៗ ហើយទើបបានធ្វើផ្លូវចូលស្រួលជាងមុន និងចាប់ពីឆ្នាំ២០១៩ ក៏មានខាងឯកជនបានមករៀបចំបន្ថែម ក៏មានមនុស្សមកលេងទឹក ឬរូងភ្នំជាបន្តបន្ទាប់។ ពេលចាប់ផ្ដើមរៀបចំកែលម្អ មានមនុស្សមកលេងកាន់តែច្រើននោះ ពលរដ្ឋនៅតំបន់នេះ ក៏បានចាប់ផ្ដើមមានរបរលក់ដូរជាហូរហែរ បង្កើនជាប្រាក់ចំណូលប្រចាំថ្ងៃ សម្រាប់ផ្គត់ផ្គង់គ្រួសារផងដែរ។ លោក ម៉ី សឹង បានស្នើសុំឲ្យអាជ្ញាធរខេត្ត ជួយធ្វើផ្លូវចូលទៅទឹកធ្លាក់ភ្នំ៥៣នេះ ឲ្យបានស្រួល ដើម្បីកាន់តែទាក់ទាញភ្ញៀវទេសចរកាន់តែខ្លាំងថែមទៀត។
តំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់ភ្នំ៥៣។
លោក គឹម សុភ័ណ ប្រធានស្តីទីមន្ទីរវប្បធម៌និងវិចិត្រសិល្បខេត្តបាត់ដំបង បានប្រាប់ឲ្យដឹងថា ទឹកធ្លាក់ភ្នំ៥៣នេះ មិនមែនត្រឹមតែជាតំបន់ទេសចរណ៍ធម្មជាតិនោះទេ គឺមានពាក់ព័ន្ធនឹងតំបន់ប្រវត្តិសាស្ត្រផងដែរ ព្រោះនៅពេលប្រជាពលរដ្ឋកាយដី ដើម្បីរៀបចំកែលម្អទីតាំងនេះ ក៏បានជួបប្រទះឧបករណ៍បុរាណៗមួយចំនួន ដែលអាចមានអាយុកាលចាប់ពី ៥០០ទៅ៧០០ឆ្នាំ មុន គ្រឹស្តសករាជ ប៉ុន្តែមិនទាន់ដឹងថា ជាកន្លែងមនុស្សរស់នៅ ឬកន្លែងកប់សពរបស់មនុស្សបុរាណនោះទេ។
លោក គឹម សុភ័ណ បានបញ្ជាក់ថា ជាជំហានបន្ទាប់ មន្ត្រីជំនាញអាចនឹងមានការស្រាវជ្រាវ ឬធ្វើកំណាយនៅទីតាំងនេះ ប៉ុន្តែក៏អនុញ្ញាតឲ្យធ្វើជាទីតាំងរមណីយដ្ឋានបានភ្ញៀវទេសចរមកលេងកម្សាន្ត ហើយជំរុញដល់វិស័យឯកជន កំពុងកែលម្អរៀបចំទីតាំងនេះ ឲ្យមានធ្វើកន្លែងដាក់នូវឧបករណ៍ ដែលរកឃើញឲ្យបានសមរម្យ ដើម្បីឲ្យអ្នកមកលេងបានឃើញ និងទុកជាភស្តុតាងផងដែរ។
គួរបញ្ជាក់ថា នៅស្រុកភ្នំព្រឹក ក៏មានតំបន់ទេសចរណ៍ជាច្រើនកន្លែងទៀត និងមានភ្នំជាទីតាំងប្រវត្តិសាស្ត្រ ក៏មានច្រើន ដូចភ្នំព្រឹក ភ្នំបារាំងធ្លាក់ និងភ្នំហុងទឹង ជាដើម ៕
(ប្រភពព័ត៌មាន: cen.com.khmer)
មតិពីមិត្តអ្នកអាន