Trending now

ណូរីភ្នំបាណន់ខេត្តបាត់ដំបង ទាក់ទាញភ្ញៀវទេសចរភ្លូកទឹកភ្លូកដី

05:08 | 26/04/2020 (សរុបដោយ ហេង វុធ្ធ)

ណូរី ឬ គេហៅជាភាសាអង់គ្លេសថា «Bamboo Train» នៅភ្នំបាណន់ ខេត្តបាត់ដំបង កំពុងមានប្រជាប្រិយភាពកាន់តែខ្លាំងឡើង ខណៈយានជំនិះដែលបន្សល់ទុកតាំងពីសម័យអាណានិគមបារាំងមួយនេះ ត្រូវបានអភិរក្សឡើងវិញ និង ប្រើប្រាស់សម្រាប់ដឹកទេសចរទស្សនា កម្សាន្ដទេសភាពនៅជុំវិញភ្នំបាណន់។

ភ្ញៀវទេសចរ​ឡើង​ជិះ​ណូរី នៅ​ម្ដុំ​ចំណត​អូរដំបង​ត្រង់​កន្លែង​លក់​ភេសជ្ជៈ និង​វត្ថុអនុស្សាវរីយ៍។

ការ​ផ្សព្វផ្សាយ​ច្រើន​ពី​ដំណើរ​កម្សាន្ត​ជិះ​រនាប​ឫស្សី​លើ​ផ្លូវដែក​ដែល​គេ​ស្គាល់​ថា «ណូរី» បាន​ធ្វើ​ឲ្យ​យានជំនិះ​កែច្នៃ​មួយ​នេះ​រឹតតែ​ទាក់ទាញ​អ្នកទេសចរ​ខ្មែរ និង​អន្តរជាតិ ឲ្យ​រួសរាន់​មក​សាកល្បង​ដោយសារ​តែ​វា​អាច​នឹង​បាត់បង់​នា​អនាគត​ពេល​គម្រោង​ជួសជួល​ផ្លូវរថភ្លើង​ទៅ​ដល់​ទី​នោះ។

ណូរី ដែលមានកង់ដែកចំនួនបួន និង មានរូបរាងដូចគ្រែឫស្សី ត្រូវបានបង្កើតឡើងនៅសម័យអាណានិយមបារាំង សម្រាប់ជិះត្រួតពិនិត្យផ្លូវដែក ដើម្បីសុវត្ថិភាពអ្នកជិះរថភ្លើង។ នេះបើតាម លោក ក្រម សារឿយ ដោយបន្តបញ្ជាក់ថា ការរត់ណូរីនៅភ្នំបាណន់ បានប្រមូលអ្នកបើកណូរីជំនាញពីមុនៗ ដែលគេមិនឲ្យពួកគាត់បើកនៅផ្លូវដែកធំ(ភ្នំពេញ-ប៉ោយប៉ែត-ប្រទេសថៃ) ដើម្បីផ្តល់ការងារដល់ពួកគេផង និង រក្សាសុវត្ថិភាពដល់អ្នកដំណើរផង។

នារសៀល​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍ មុន​មនុស្សម្នា​ចម្រុះ​ជាតិសាសន៍​កំពុង​ឈរ​ត្រៀបត្រា​ពេញ​ស្ថានីយ​រថភ្លើង​ចាស់​នៅ​ឃុំ​អូរដំបង១ ស្រុក​សង្កែ ខេត្ត​បាត់ដំបង។ ក្រោយពី​ទិញ​សំបុត្រ​តម្លៃ​៥​ដុល្លារ​ក្នុង​ម្នាក់ សន្ដិសុខ​យាម​នៅ​ទី​នោះ​ពីរ​នាក់​បាន​ជួយ​រៀបចំ​ឲ្យ​ភ្ញៀវ​ឡើង​អង្គុយ ខណៈ​អ្នក​ខ្លះ​បាន​សំកុក​ចាំ​ជាស្រេច​នៅលើ​រនាប​ឫស្សី​បណ្តុំ​លើ​របារ​កង់ដែក និង​បំពាក់​ដោយ​ម៉ាស៊ីន​កែច្នៃ​នៅ​ខាង​ក្រោយ។ តម្លៃ​ ៥ ​ដុល្លារ​សម្រាប់​ភ្ញៀវ​ខ្មែរ និង​បរទេស​នេះ​គិត​ចាប់ពី​ចំណុច​រ៉ាអូរដំបង ទៅ​រ៉ាអូរស្រឡៅ​ជា​គោលដៅ​ឈប់។

ភ្ញៀវទេសចរ​ឡើង​ជិះ​ណូរី នៅ​ម្ដុំ​ចំណត​អូរដំបង​ត្រង់​កន្លែង​លក់​ភេសជ្ជៈ និង​វត្ថុអនុស្សាវរីយ៍។

លោក ងួន អាយុ​៥៣ រស់​នៅ​ឃុំ​អូរដំបង​នេះ​អស់​រយៈពេល​ជាង​២០​ឆ្នាំ កំពុង​តែ​រីករាយ​នឹង​រដូវកាល​ធាតុអាកាស​ល្អ​សម្បូរ​ភ្ញៀវទេសចរ ដែល​ភាគច្រើន​ជា​ខ្មែរ និង​ប្រជាជន​អាស៊ី​។

និយាយ​បណ្តើរ ដៃ​បញ្ជាយាន​បណ្ដើរ បុរស​ដែល​ប្រកបរបរ​បើក​ណូរី​ជាច្រើន​ឆ្នាំ​នៅ​ស្ថានីយ​រថភ្លើង​ចាស់​រូប​នេះ រៀបរាប់​ថា៖ «​ខែ​មករា​នេះ​គឺ​ខ្ញុំ​ដឹក​ភ្ញៀវ​បាន​ពីរ​បី​ជើង​ដែរ​ក្នុង​មួយ​ថ្ងៃ ដោយសារ​តែ​ខែ​នេះ​គឺ​សម្បូរ​ភ្ញៀវ​មក​លេង​។ ណា​មួយ​វា​ងាយស្រួល​ក្នុង​ការ​ជិះ​មើល​ទេសភាព​តាម​វាលស្រែ»។

ទោះជា​យ៉ាង​ណា​ក្ដី ការ​ជិះ​រនាប​ឫស្សី​លើ​ផ្លូវដែក​មិនមែន​ថា​គ្មាន​ឧបសគ្គ​នោះ​ទេ។ ការ​រំខាន​តិចតួច​ដូច​ជា ត្រូវ​សត្វល្អិត​ខាំ ប៉ះពារ​មែក​រុក្ខជាតិ និង​រលាក់​ញ័រញាក់​ប្រាណ ដែល​ទេសចរ​គួរ​ប្រុងប្រយ័ត្ន​ដោយ​ខ្លួនឯង។

ភ្ញៀវទេសចរ​ឡើង​ជិះ​ណូរី នៅ​ម្ដុំ​ចំណត​អូរដំបង​ត្រង់​កន្លែង​លក់​ភេសជ្ជៈ និង​វត្ថុអនុស្សាវរីយ៍។

ជាមួយ​នឹង​សំឡេងដាច់ៗ​ព្រោះ​ដំណើរ​ណូរី​បរ​ទៅ​មុខ​រដិបរដុប​នោះ លោក ងួន រំឭក​ទៀត​ថា៖ «ពេល​ខ្លះ​ភ្ញៀវបរទេស​ក្មេងៗ​ត្រូវ​ស្រាំងទិច ឃ្មុំទិច ហើយ​អង្គុយ​យំ​ក៏​មាន។ ពេល​ខ្លះ​ទៅ​ពួកគេ​អង្គុយ​មិន​ប្រយ័ត្ន​ក៏​បុក​មែកឈើ​ត្រូវ​តិចតួច​ដែរ​»។

ម៉្យាងវិញ​ទៀត ពេល​ណូរី​ពីរ ឬ​ច្រើន​ធ្វើ​ដំណើរ​បញ្ច្រាស​ទិស​គ្នា ហើយ​ជួប​គ្នា​កណ្ដាល​ផ្លូវ​នោះ អ្នក​បើក​នៅ​ទិស​ម្ខាង​ដែល​មាន​ចំនួន​មនុស្ស​ជិះ​តិច​ជាង ត្រូវ​ចុះ​ពី​ណូរី ហើយ​លើក​យាន​នេះ​អែប​ទៅ​ម្ខាង​ផ្លូវ ដើម្បី​ឲ្យ​អ្នក​បើក​នៅ​ទិស​ម្ខាង​ទៀត​បន្ត​ដំណើរ​បាន។ ទន្ទឹម​នឹង​សាទរ​វត្តមាន​ភ្ញៀវ​ច្រើន​នា​រដូវកាល​នេះ លោក ងួន ក៏​ត្អូញ​ផង​ដែរ​ថា ចំនួន​ណូរី​ច្រើន​នាំឲ្យ​ចំណូល​កាន់តែ​បែកខ្ញែក។

លោក​និយាយ​ថា៖ «សព្វថ្ងៃ​ការ​បើក​ណូរី​គឺ​មិន​សូវ​បាន​ដឹក​ភ្ញៀវ​ច្រើន​ទេ ពីព្រោះ​មាន​អ្នក​បើក​ច្រើន​ហើយ​ក្នុង​ការ​ដឹក​ភ្ញៀវ​មួយ​ជើង​គឺ​បាន​ត្រឹមតែ​៧០០០​រៀល​ប៉ុណ្ណោះ ដោយ​យើង​បែងចែក​ជាមួយ​ខាង​សមាគមន៍។ ខ្ញុំ​រក​បាន​តែ​ភ្ញៀវ​ណា​ដែល​គាត់​មាន​ទឹកចិត្ត​ឲ្យ​លុយ​ធីប អ៊ីចឹង​ទៅ​វា​បាន​ទប់ទល់​គ្នា​ខ្លះ​សម្រាប់​ចិញ្ចឹម​ជីវិត​រាល់ថ្ងៃ»​។

អង្គុយលើណូរីក្នុងទឹកមុខសប្បាយរីករាយ បុរសជាតិជនជាតិអង់គ្លេសម្នាក់ បានប្រាប់សារព័ត៌មាន ខេមបូណូមីសថា៖ «ខ្ញុំមិនដែលបានស្គាល់ណូរីនោះទេ។ ខ្ញុំមានគម្រោងរៀនពីវា។ ខ្ញុំបានស្គាល់វា និងបានមកទីនេះ តាមរយៈបណ្តាញហ្វេសប៊ុក។ ខ្ញុំមានអារម្មណ៍ថា វាពិតជាអស្ចារ្យណាស់»។

ភ្ញៀវមានអារម្មណ៍ប្លែកៗនៅពេលជិះណូរី

ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន វៀតណាមកន្លងទៅថ្មីៗនេះ មានភ្ញៀវទេសចរជាតិ និង អន្តរជាតិយ៉ាងច្រើនកុះករ បានសម្រុកទៅលេងនៅភ្នំបាណន់ខេត្តបាត់ដំបង ដែលជាទីកន្លែងមានណូរីបើកបរដឹកភ្ញៀវទេសចរទស្សនាកម្សាន្ដទេសភាពជុំវិញភ្នំបាណន់។

លោក ក្រម សារឿយ នគរបាលចរាចរណ៍នៅភ្នំបាណន់ បានឲ្យដឹងថា ភ្ញៀវបរទេស គេចាប់អារម្មណ៍ណូរីខ្លាំងណាស់ ព្រោះ ស្រុកគេមិនមានណូរីឡើយ។ លើសពីនេះ នៅកម្ពុជា មានណូរី ដែលមានលក្ខណៈប្លែកត្រង់ថា ធ្វើពីឫស្សី មានកង់តូចៗ និង ប្រើម៉ាស៊ីនធម្មតា។

ភ្ញៀវមានអារម្មណ៍ប្លែកៗនៅពេលជិះណូរី

លោករៀបរាប់ថា៖ «ភ្នំបាណន់ជាកន្លែងមានសក្តានុពលទេសចរណ៍ ព្រោះ នៅទីនេះ មានប្រាសាទបាណន់ដ៏ចំណាស់ និង អាចជិះណូរីទស្សនាទេសភាព ដូចជា ព្រៃភ្នំ ចម្ការដំឡូង ចេក និងចម្ការស្វាយជាដើម ហើយតម្លៃសំបុត្រ គឺ១ម៉ឺនរៀលសម្រាប់ជនជាតិខ្មែរ តែក្មេងៗអត់គិតលុយទេ។ បើបរទេស យើងគិត២ម៉ឺនរៀលក្នុងម្នាក់»។

លោកបន្តថា៖ «នៅថ្ងៃអនាគត ទីនេះ នឹងមានអាងហែលទឹក កញ្ចុះ និងមានរីស៊តផងដែរ ព្រោះ ភ្នំបាណន់ជាការវិនិយោគរបស់ក្រុមហ៊ុនឯកជនសហការជាមួយរដ្ឋ។ សព្វថ្ងៃ រមណីយដ្ឋាននេះ បានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ពលរដ្ឋ ជាពិសេស បានផ្តល់ការងារដល់កម្មករជិត ១០០ នាក់»៕

(សរុបដោយ ហេង វុធ្ធ)

(សរុបដោយ ហេង វុធ្ធ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ